ទង្វើ ៥ យ៉ាងនៃអ្នកមានជម្ងឺបាក់ទឹកចិត្តតែព្យាយាមលាក់បាំង
Connect with us

គួរដឹង

ទង្វើ ៥ យ៉ាងនៃអ្នកមានជម្ងឺបាក់ទឹកចិត្តតែព្យាយាមលាក់បាំង

បើទោះបីជាការយល់ដឹងទាក់ទងទៅនឹងជម្ងឺបាក់ទឹកចិត្តមានការកើនឡើងក្ដី មនុស្សភាគច្រើននៅតែមានការយល់ច្រឡំ រឺក៏មើលរំលងបញ្ហាផ្លូវចិត្តនិងរោគសញ្ញានៃជម្ងឺមួយនេះ។ មនុស្សមួយចំនួនព្យាយាមលាក់បាំងបញ្ហារបស់ពួកគេពីមនុស្សជុំវិញខ្លួន ដោយពួកគេចង់ឲ្យអ្នកដទៃឃើញពីការលំបាករបស់ពួកគេនោះឡើយ ហើយការលាក់បាំងនេះអាចធ្វើឲ្យបញ្ហារបស់ពួកគេកាន់តែមានសភាពអាក្រក់ឡើង។ ប៉ុន្ដែតើយើងអាចមើលដឹងនិងជួយដោយរបៀបណា ប្រសិនបើពួកគេមិនបង្ហាញឲ្យដឹងពីបញ្ហារបស់គេបែបនេះ? ខាងក្រោមនេះជាទង្វើមួយចំនួនដែលអ្នកមានជម្ងឺបាក់ទឹកចិត្តហើយព្យាយាមលាក់បាំងតែងធ្វើ។

១. ពួកគេមើលទៅដូចជាហត់ រឺតែងនិយាយថាពួកគេហត់នឿយ៖ វាជារោគសញ្ញាមួយដែលពិបាកក្នុងការលាក់បាំងចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ដោយសារវាជារឿយៗតែងធ្វើឲ្យមានការប៉ះពាល់ដល់ការងារនិងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេប្រហែលជាគេងបានច្រើន ប៉ុន្ដែនៅពេលភ្ញាក់ឡើងជារៀងរាល់ព្រឹក ពួកគេហាក់ដូចជាគេងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ លើសពីនេះ ពួកគេអាចនឹងបន្ទោសខ្លួនឯងដោយគិតថាវាជាភាពខ្ជិលឬកំហុសផ្ទាល់ខ្លួនមួយចំនួន ដែលបណ្តាលឱ្យពួកគេមានថាមពលទាប។

២. ពួកគេឆាប់ខឹង៖ មនុស្សដែលមានជម្ងឺផ្លូវចិត្តជាទូទៅមានសភាពស្ងប់ស្ងាត់ មិនសូវនិយាយស្ដីនោះទេ។ ដោយឡែក ចំពោះមនុស្សដែលមានបញ្ហានេះហើយតែព្យាយាមលាក់បាំងនោះ ពួកគេអាចនឹងឆាប់ខឹងសម្បាយ៉ាងងាយ​ ដោយសារបញ្ហាទាំងផ្លូវកាយនិងផ្លូវចិត្តអាចធ្វើឲ្យពួកគេមិនអាចទប់អារម្មណ៍បាន។

៣. ពួកគេលែងធ្វើអ្វីដែលពួកគេធ្លាប់ចូលចិត្ត៖ បញ្ហាបាក់ទឹកចិត្តជាការហត់នឿយផ្លូវចិត្ត ប្រៀបដូចជាការហត់នឿយផ្លូវកាយដែរ ដែលធ្វើឲ្យមនុស្សលែងមានចំណាប់អារម្មណ៍លើអ្វីដែលពួកគេធ្លាប់តែស្រលាញ់និងចូលចិត្តធ្វើពីមុន។

៤. ទម្លាប់បរិភោគប្រែជាខុសប្លែកពីធម្មតា៖ ទម្លាប់នៃការញ៉ាំមិនធម្មតាជាទូទៅកើតមានដោយសារមូលហេតុពីរយ៉ាងគឺ កង្វះការថែទាំខ្លួនឯង និងការជួបប្រទះបញ្ហា។ ការញ៉ាំតិចតួចពេកឬច្រើនពេកសុទ្ធតែជាសញ្ញាទូទៅនៃជម្ងឺបាក់ទឹកចិត្ត។ ការញ៉ាំច្រើនខុសធម្មតាគឺដោយសារតែការញ៉ាំជាប្រភពនៃសុភមង្គលរបស់ពួកគេ ខណៈពេលដែលការញ៉ាំតិចពេកកើតឡើងដោយសារតែបញ្ហាបាក់ទឹកចិត្តធ្វើឲ្យពួកគេបាត់បង់ចំណង់អាហារ។

៥. ពួកគេហាក់ដូចជាគ្មានអារម្មណ៍អ្វីទាំងអស់៖ ការយល់ច្រឡំដ៏ធំមួយនៃជម្ងឺបាក់ទឹកចិត្តនោះគឺជាភាពក្រៀមក្រំ។ ផ្ទុយទៅវិញ មនុស្សដែលមានបញ្ហានេះភាគច្រើនមិនមានអារម្មណ៍អ្វីទាំងអស់ រឺក៏មានតិចតួច។ នេះគឺជាហេតុដែលមនុស្សមានជម្ងឺបាក់ទឹកចិត្តហាក់ដូចជាមិនមានភាពរីករាយរឺកង្វល់អ្វីទាល់តែសោះ៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ!

មានមនុស្សមិនតិចទេដែលបានដឹង ជម្ងឺបាក់ទឹកចិត្តគឺចាជម្ងឺដ៏សាហាវបំផុត ព្រោះការខុសពីជម្ងឺដទៃដែលសុទ្ធតែមានថ្នាំព្យាបាល ជម្ងឺបាក់ទឹកចិត្តគឺមិនអាចមានថ្នាំអ្វីមកព្យាបាលអោយជាដាច់ ក្រៅពីខ្លួនឯងជួយខ្លួនឯងនោះទេ។


ប្រសិនជាអ្នកស្កាល់នរណាម្នាក់ដែលមានជម្ងឺនេះ អ្នកត្រូវតែយកចិត្តទុកដាក់ជាមួយពាក្យសម្តីដែលអ្នកប្រើទៅកាន់គេបន្តិច ព្រោះថាពួកគេអាចនឹងរងគ្រោះយ៉ាងខ្លាំងជាមួយនឹងពាក្យសម្តីរបស់អ្នកប្រសិនជាអ្នកនិយាយទាំងមិនបានចាប់អារម្មណ៍។

បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ៖

១. កុំនិយាយថា “អ្នកមានបញ្ហានេះមិនមែនធ្ងន់ធ្ងរទេ ព្រោះនៅមានមនុស្សជាច្រើនទៀតដែលមានបញ្ហានេះ ហើយធ្ងន់ធ្ងរជាងអ្នកទៅទៀត”។ គួរនិយាយថា “អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេដែលមានបញ្ហានេះ ហើយខ្ញុំនៅនឹងទីនោះចាំជួយ ប្រសិនជាអ្នកត្រូវការជំនួយ”។

២. កុំនិយាយថា “គ្មានភាពយុត្តិធម៌នោះទេនៅក្នុងពិភពលោកនេះ ដូច្នេះកុំព្យាយាមចង់បានវា” ប៉ុន្តែត្រូវនិយាយថា “អ្នកសំខាន់សម្រាប់ខ្ញុំ និងមនុស្សនៅជុំវិញខ្លួន”។

៣. កុំនិយាយថា “ឈប់ពិបាកចិត្តទៅ” ព្រោះវាមិនអាចជួយអ្វីបាននោះឡើយ ប៉ុន្តែអ្នកគួរតែនិយាយថា “ចង់យំ រឺស្រែក បង្ហាញវាអោយអស់មក ព្រោះខ្ញុំនៅទីនេះហើយ”។

៤. កុំនិយាយថា “មួយថ្ងៃៗឃើញតែពិបាកចិត្តមិនស្រាកស្រាន្ត” ប៉ុន្តែអ្នកត្រូវនិយាយថា “ខ្ញុំជឿថាបញ្ហានេះគឺពិតជាមានមែន ប៉ុន្តែនេះមិនបានន័យថាអ្នកជាមនុស្សឆ្កួតទេ ព្រោះខ្ញុំដឹងថាអ្នកមានបញ្ហាច្រើនណាស់ដែលអ្នកពិបាកនឹងនិយាយចេញមកក្រៅ។ ប៉ុន្តែតើអ្នកអាចនិយាយប្រាប់ខ្ញុំបានទេ ក្រែងលោហ៍មានអ្វីដែលខ្ញុំអាចជួយបាន?”

គួរបញ្ជាក់ផងដែរថា ពាក្យសម្តីដែលអ្នកនិយាយរួចហើយ អ្នកប្រហែលជាមិនចាំវានោះទេ ព្រោះសម្រាប់អ្នកដែលស្តាប់វិញ វាអាចដក់ជាប់នៅក្នុងខួរក្បាលគេរហូត កុំថាឡើយពួកគេមានជម្ងឺបាក់ទឹកចិត្ត ដូច្នេះប្រសិនជាអ្នកពិតជាចង់ជួយពួកគេមែននោះ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើពាក្យដែលអ្នកនិយាយអោយបានខ្ពស់បំផុត៕

មតិយោបល់

ពេញនិយម