ប្រវត្តិរបស់ម្ចាស់ពានរង្វាន់​អូស្ការ​ជនជាតិខ្មែរ ក្នុង​ឆ្នាំ​១៩៨៥ ក្នុងរឿង «វាលពិឃាត» ដ៏ល្បីល្បាញ (ភាគ១)
Connect with us

គួរដឹង

ប្រវត្តិរបស់ម្ចាស់ពានរង្វាន់​អូស្ការ​ជនជាតិខ្មែរ ក្នុង​ឆ្នាំ​១៩៨៥ ក្នុងរឿង «វាលពិឃាត» ដ៏ល្បីល្បាញ (ភាគ១)

បើនិយាយអំពីសម័យខ្មៅងងឹងតវិញ (ខ្មែរក្រហម) គ្មានពលរដ្ឋខ្មែរណាដែរលមិនស្គាល់សម័យនោះទេ ព្រោះបានសម្លាប់ជីវិតប្រជាពលរដ្ឋរាប់លាននាក់ និងធ្វើទុក្ខបុកម្នេញដល់ផ្លូវចិត្តយ៉ាងខ្លាំងដល់សព្វថ្ងៃ សម្រាប់អ្នកដែលបានធ្លាប់ឆ្លងកាត់។ 

រឿង “​វាលពិឃាត​” តួអង្គដ៏​សម្រាំង​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូដ (ប្រទេស​អាមេរិក) ស្តីអំពី​ទិដ្ឋភាព​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៧៥ និង​ជីវភាព​ដ៏​លំបាក​វេទនា​របស់​ប្រ​ជា​ជន​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (២២ មីនា ១៩៤០ – ២៥ កុម្ភៈ ១៩៩៦) ឬ​ហៅ​យ៉ាង​ខ្លី​ថា “ហាំង ង៉ោ” ជាកូនចៅចិនស្រុក​ខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត (The Killing Fields) ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន លោក ឌិត ប្រន

លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្ដែង។ ម្តាយ​របស់​គាត់ ​គឺ​ជា​ជនជាតិខ្មែរ​ មាន​​ឪពុកជាជន​ជាតិ​ចិនតឺជីវ​។ លោក​ហាំង ង៉ោ ​និង ​ហា​រ៉ូ​ល​រ៉ូសេល (Harold Russell)​ គឺ​ជា​តារា​សម្តែង​មិន​មាន​ជំនាញ​ពីរ​នាក់​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ក្នុង​ផ្នែក​សម្ដែង។

ជីវិត​ក្រោម​របប​ខ្មែរ​ក្រហម

លោក ​ហាំង ង៉ោ​​ បានមានស្រុកកំណើតនៅ​សំរោង​យ៉ោង ខេត្តតាកែវ ប្រទេស​​កម្ពុជា។ ​ហាំង ង៉ោ ​​ទទួល​ការ​បណ្តុះបណ្តាល​ជា​គ្រូពេទ្យ​វះកាត់​​និង​ជំនាញរោគ​ស្ត្រី​។ លោក​បាន​ចុះអនុ​វត្ត​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៧៥ នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ដ​ណ្តើ​ម​បាន​អំណាច ​ហើយ​បាន​ប្រកាស​ថា​​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

គាត់​ត្រូវ​បង្ខំ​ចិត្ត​លាក់​បាំង​ប្រវត្តិ​សិក្សា ជំនាញ​វេជ្ជសាស្ត្រ ហើយ​សូម្បី​តែ​ការ​ពាក់​វ៉ែនតា​ក៏​គាត់​ត្រូវ​លាក់គេ​ដែរ ដើម្បី​ជៀសវាង​ពី​ការ​រង្គាស​ចិត្ត និង​ចង​សត្រូវ​របស់​របប​ថ្មី​ទៅ​លើ​អ្នក​ជំនាញ និង​បញ្ញវន្ត។ គាត់​ត្រូវ​បាន​ជន្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ រួម​ជា​មួយ​​ប្រជាជាន​ជាង​ពីរ​លាន​នាក់ផ្សេង​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​សង្គម “ឆ្នាំ​សូន្យ” របស់​ខ្មែរ​ក្រហម។ លោក ​ហាំង ង៉ោ ក៏​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរុំ​មួយ​ជាមួយ​ប្រពន្ធ​របស់​គាត់ គឺ​លោក​ស្រី ម៉ី ហួយ ដែល​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​ការ​សម្រាល​កូន។

បើ​ទោះ​បី​ជាគាត់​មាន​ជំនាញ​​រោគ​ស្ត្រី​ គាត់​នៅ​តែ​​មិន​អាច​ព្យាបាល​ប្រពន្ធ​របស់​គាត់ ​ដែល​តម្រូវ​ឱ្យ​មាន​ការវះកាត់​ផ្នែក​ណាមួយ​ទេ ព្រោះ​គាត់​គិត​ថា​​អាច​នឹងមាន​ផល​ប៉ះពាល់​ចំពោះ​ខ្លួន​ឯង ​និង​ប្រពន្ធ​របស់​គាត់ (ក៏​ដូច​ជា​កូន​របស់​គាត់​) ហើយ​អាច​នឹង​ត្រូវ​គេ​សម្លាប់​ថែម​ទៀត។ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ១៩៧៩ លោក​ហាំង ង៉ោ ​បាន​ធ្វើ​ការ​ជា​គ្រូ​ពេទ្យ​មួយ​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចាក​ចេញ​ជាមួយ​នឹង​ក្មួយ​ស្រី​របស់គាត់​​ទៅ​​សហរដ្ឋ​អាមេរិក​កាល​នៅ​ថ្ងៃ ៣០ ខែ​សីហា ​ឆ្នាំ១៩៨០។  នៅ​អាមេរិក លោក​ហាំង ង៉ោ មិន​អាច​បន្ត​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​របស់​គាត់​បាន​ទេហើយ​គាត់​ក៏​មិន​បាន​រៀបការ​ជា​ថ្មី​ទៀត​ដែរ។

នៅ​ឆ្នាំ១៩៨៨ លោក​បាន​សរសេរសៀវភៅ​មួយ​ដោយ​ដាក់​ចំណងជើង​ថា “​ហាំង ង៉ោ៖ ដំណើរ​ផ្សងព្រេង​នៃ​ជនជាតិ​ខ្មែរ​ម្នាក់” (Haing Ngor: A Cambodian Odyssey) ដែល​ពណ៌នា​អំពី​ជីវិត​របស់​គាត់​ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ការ​រៀបរៀង​លើក​ទីពីរ​នៃ​រឿង ការ​រួច​ជីវិត​ក្នុង​វាល​ពិឃាដ លោក Roger Warner ដែល​ជា​សហ​អ្នក​និពន្ធ​នឹង​លោក​​ហាំង ង៉ោ បាន​បន្ថែម​សេចក្ដី​បញ្ចប់​ដោយ​រៀបរាប់​ដំណើរ​ជីវិត​របស់​​ ហាំង ង៉ោ ក្រោយ​ឈ្នះ​ពាន​រង្វាន់។

លោកហាំ​ង​ ង៉ោ​​ បាន​បង្កើត​មូលនិធិ​មួយ ​នៅ​ឆ្នាំ​១៩៩៧ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ប្រទេស​កម្ពុជា។ ក្នុង​ការ​រួម​ចំណែក​ផ្នែក​​​មនុស្សធម៌។ លោកបាន​សាងសង់​សាលា​បឋម​សិក្សា​មួយ និង​បើក​ដំណើរ​ការ​រោង​អារ​ឈើ​តូច​មួយ ដើម្បី​ផ្ដល់​ការងារ​និង​ចំណូល​ដល់​គ្រួសារ​នៅ​មូលដ្ឋាន។ ក្មួយ​ស្រី​របស់​លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngor Sophia Demetri) ជា​អ្នក​ផ្ដល់​សាក្សី​​មួយ​រូប​នៅ​សវនាការ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លោក ហាំង ង៉ោ។ បច្ចុប្បន្ន​នាង​ គឺ​ជា​ប្រធាន​មូលនិធិមួយនេះផងដែរ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម