មេរៀនដ៏សំខាន់មួយអំពីសុច្ចរិតភាពដែលនាយកប្រតិបត្តិម្នាក់បានបង្រៀនដល់បុគ្គលិករបស់គាត់
Connect with us

បែបផែនជីវិត

មេរៀនដ៏សំខាន់មួយអំពីសុច្ចរិតភាពដែលនាយកប្រតិបត្តិម្នាក់បានបង្រៀនដល់បុគ្គលិករបស់គាត់

ដោយអាយុកាន់តែច្រើន នាយកប្រតិបត្តិដ៏ជោគជ័័យម្នាក់បានសម្រេចចិត្តធ្វើការជ្រើសរើសអ្នកបន្ដវេន ដោយគាត់មិនលើកកូនរបស់ខ្លួនឡើងនោះទេ។ ក្នុងការជ្រើសរើសនេះ លោកបានកោះហៅអ្នកគ្រប់គ្រងវ័យក្មេងទាំងអស់នៅក្នុងក្រុមហ៊ុន ហើយលោកបានឲ្យពួកគេនូវគ្រាប់ពូជដ៏ពិសេសម្នាក់មួយ ដោយលោកបានឲ្យពួកគេយកវាទៅដាំ ហើយមួយឆ្នាំក្រោយត្រូវយកសមិទ្ធិផលដែលពួកគេទទួលបានយកមកឲ្យគាត់មើល។

ពួកគេក៏បានខិតខំស្រោចទឹក ថែរក្សាវារៀងៗខ្លួន។ បន្ទាប់ពីបានរយៈពេល ៣ សប្ដាហ៍ ពួកគេបានចាប់ផ្ដើមនិយាយអំពីដើមឈើដែលខ្លួនដាំបាន។ ដោយឡែក អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកទាំងនោះមិនមានអ្វីអួតនឹងគេ បានត្រឹមតែនៅស្ងៀមដោយសារតែគ្រាប់ពូជរបស់គេមិនចេញផ្លែផ្កាទាល់តែសោះ មិនថាគាត់និងប្រពន្ធខិតខំស្រោចទឹកវាយ៉ាងណានោះទេ។

រយៈពេលមួយឆ្នាំបានកន្លងផុតទៅ អ្នកគ្រប់គ្រងវ័យក្មេងរបស់ក្រុមហ៊ុននោះបាននាំយករុក្ខជាតិរបស់ពួកគេទៅឱ្យនាយកប្រតិបត្តិ​​ដើម្បីត្រួតពិនិត្យ។ ដោយឡែក អ្នកគ្រប់គ្រងវ័យក្មេងម្នាក់នោះមិនចង់ទៅប្រឈមមុខជាមួួយនឹងនាយកប្រតិបត្តិជាមួយផើងផ្កាទទេរបស់គាត់នោះទេ ដោយសារវាជារឿងដ៏អាម៉ាស់មួយនៅពេលអ្នកគ្រប់គ្រងដទៃសុទ្ធតែដាំបានរុក្ខជាតិលូតលាស់ធំល្អ។ ដូច្នេះហើយ គាត់បានត្រឹមតែឈរពួនពីក្រោយអ្នកដទៃប៉ុណ្ណោះ។

នៅពេលដែលនាយកធំមកដល់ គាត់ក៏បានដើរមើល ហើយនិយាយថា ម្នាក់ក្នុងចំណោមពួកគេនឹងឡើងតំណែងជំនួសគាត់ ហើយគាត់ក៏បានចង្អុលទៅអ្នកគ្រប់គ្រងដែលកាន់ថូផ្កាទទេ។ ម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើល ហើយនាយកប្រតិបត្តិនោះក៏បានប្រាប់ថា កាលពីឆ្នាំមុននោះ គាត់បានឲ្យអ្នកទាំងអស់គ្នានូវគ្រាប់ពួជដែលងាប់ ហើយវាមិនអាចលូតលាស់បាននោះទេ ប៉ុន្ដែមានតែបុរសម្នាក់នេះទេដែលមានភាពស្មោះត្រង់និងភាពក្លាហានពិតប្រាកដ។

ប្រសិនបើអ្នកដាំភាពទៀងត្រង់ អ្នកនឹងទទួលបានការទុកចិត្ត៕

ប្រភព៖ mesmerizing words

អត្ថបទល្អផ្សេងទៀត៖ ចង់ដឹងអ្នកជាអ្នកដឹកនាំល្អឬអត់ មើលសិនថាអ្នកមានចំនុចទាំង៦នេះរឺទេ?

នៅក្នុងការដឹកនាំ នរណាៗក៏អាចធ្វើបានដែរ ព្រោះកាលណាដែលអ្នកមានអ្នកនៅពីក្រោមបង្គាប់ អ្នកត្រូវបានគេចាត់ទុកជាអ្នកដឹកនាំទៅហើយ ប៉ុន្តែការដឹកនាំល្អ រឺអ្នកដឹកនាំល្អ មិនមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

ចង់ដឹងថាអ្នកជាអ្នកដឹកនាំល្អរឺក៏អត់ អ្នកត្រូវមើលសិនថាអ្នកមានចំនុចទាំង៦ខាងក្រោមនេះហើយរឺនៅ? ចំនុចទាំងនេះមានដូចជា៖

១. ធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ

សម្រាប់អ្នកដឹកនាំដ៏ល្អម្នាក់ ពួកគេតែងតែជាមនុស្សខ្លាំងខាងការធ្វើការវិនិច្ឆ័យសម្រេចចិត្តលើការងារអ្វីមួយ។ មិនថាការសម្រេចរបស់គេត្រូវរឺក៏ខុស ពួកគេតែងតែមានគម្រោងផ្សេងទៀត ដើម្បីទុកទប់ប្រសិនជាមានបញ្ហាអ្វីកើតឡើងមកបន្ទាប់ពីពួកគេធ្វើការសម្រេចចិត្តខុសហើយ។

២. ទំនាក់ទំនងល្អ

មិនថាទំនាក់ទំនងជាមួយអ្នកដែលនៅក្រោមបង្គាប់ រឺអ្នកដែលពួកគេជួបជារៀងរាល់ថ្ងៃនោះទេ ពួកគេតែងតែមានទំនាក់ទំនងល្អជានិច្ច។ មេដឹកនាំដែលជោគជ័យគឺជាមនុស្សដែលអាចចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទគ្រប់កាលះទេសះ ព្រោះពួកគេច្រើនយកប្រយោជន៍ធំជាងការចងសត្រូវ។

៣. ធ្វើអោយអ្នកដទៃគិត ជាជាងប្រាប់អ្នកដទៃ

ការដឹកនាំ និងការបញ្ជាគឺខុសគ្នា។ នៅអ្នកបញ្ជានឹងប្រាប់អ្នកនៅក្រោមបង្គាប់គេថាគួរធ្វើអ្វីខ្លះ ខណះដែលអ្នកដឹកនាំល្អនឹងធ្វើអោយអ្នកនៅក្រោមបង្គាប់របស់ពួកគេចេះគិតថាតើពួកគេគួរតែធ្វើអ្វី និងមិនគួរធ្វើអ្វី។ ការធ្វើអោយអ្នកដទៃចេះគិតគូរច្បាស់លាស់ មិនត្រឹមតែអាចបង្រៀនអោយអ្នកដទៃជោគជ័យនោះទេ ប៉ុន្តែគេក៏អាចសន្សំពេលនោះទៅធ្វើការងារផ្សេងៗអោយរីកចម្រើនដល់ខ្លួនគេដែរ។

៤. ចេះលើកទឹកចិត្ត និងសរសើរ

មេដឹកនាំដ៏ល្អម្នាក់ គឺជាមនុស្សដែលដឹងត្រូវខុស ល្អអាក្រក់ និងមានការយកយល់ច្រើន។ ដូច្នេះពួកគេតែងតែមានការសរសើរអ្នកក្រោមបង្គាប់នៅពេលដែលពួកគេធ្វើត្រូវ ខណះដែលបង្រៀននិងពន្យល់នៅពេលដែលពួកគេធ្វើខុស។

៥. មិនលម្អៀង មើលតែរឿងមួយជ្រុង

ធ្វើជាអ្នកដឹកនាំម្នាក់ វាជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចេះថ្លឹងថ្លែង មិនលម្អៀងទៅខាងណា។ ជួនកាលអ្វីដែលពួកគេបានលឺ និងឃើញមិនដូចអ្វីដែលពិតជាកើតមានឡើងនោះឡើយ ដូច្នេះហើយអ្នកដឹកនាំល្អរមែងសិក្សាយ៉ាងច្បាស់មុននឹងធ្វើការវិនិច្ឆ័យ រឺសម្រេចចិត្តទៅលើរឿងអ្វីមួយ។

៦. មានទំនួលខុសត្រូវ

មិនមែនដោយសារតែអ្នកជាអ្នកដឹកនាំ ហើយអ្នកមិនចេះខុសទោះបីជាអ្នកធ្វើរឿងអ្វីនោះទេ។ អ្នកដឹកនាំល្អ គួរតែជាមនុស្សម្នាក់ដែលធ្វើជាគម្រូដល់មនុស្សរាល់គ្នាក្នុងការចាប់ផ្តើមអនុវត្តអ្វីមួយ។ ក្រៅពីនេះទៀត ពួកគេក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ទៅលើខ្លួនគេ និងមនុស្សជុំវិញខ្លួនដែលនៅក្រោមបង្គាប់ផងដែរ៕

មតិយោបល់

ពេញនិយម