អ្វី​ទៅជា​ជំងឺ​រលាក​ក្រពេញ​អា​មី​ដា​ស​?
Connect with us

សុខភាព & សម្រស់

អ្វី​ទៅជា​ជំងឺ​រលាក​ក្រពេញ​អា​មី​ដា​ស​?

ផ្លូវ​ទៅ​ក្នុង​បំពង់ករ​ខាងក្រោយ​គឺ​មាន​ក្រពេញ​ពីរ​នៅ​អម​សងខាង ដែល​វា​មាន​ឈ្មោះ​ថា ក្រពេញ​អា​មី​ដាស​។ វា​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ដើម្បី​កុំឲ្យ​មាន​ជំងឺ​ក្នុង​ខ្លួន​។ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ប្រព័ន្ធ​ការពារ​ខ្លួន​មួយ​នេះ​មាន​ការបង្ក​រោគ​?

ការងារ​របស់​ក្រពេញ​អា​មី​ដាស​គឺ​ជួយ​ប្រឆាំង​មេរោគ​ដែល​ចូល​ក្នុង​មាត់ ឬ​ច្រមុះ មុន​ពេល​វា​បង្ក​រោគ​នៅក្នុង​រាងកាយ​យើង​។ ជាធម្មតា ក្រពេញ​អា​មី​ដា​សគឺ​ធ្វើ​ការងារ​របស់​វា​បាន​ល្អ​ណាស់​។ ប៉ុន្តែ​ពេលខ្លះ បាក់តេរី ឬ​វីរុស​ចូលទៅ​ក្នុង​ក្រពេញ​នេះ និង​បង្ក​រោគ​នៅលើ​វា​បាន​ដែរ រហូតដល់​ទៅ​ជា​ការ​រលាក​។ 

​តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​ខ្ញុំ​មានការ​រលាក​ក្រពេញ​អា​មី​ដាស​ទៅ​?
​បើសិនជា​ក្រពេញ​អា​មី​ដាសរ​លាក បំពង់ករ​ច្រើនតែ​ឈឺចាប់ និង​ពិបាក​លេប​អាហារ ផឹកទឹក ឬ​ញ៉ាំ​អាហារ​។ អ្នក​ក៏​ប្រហែល​ជា​ក្តៅខ្លួន​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​អា​ការៈផ្សេងៗ​ទៀត​ដែល​បាក់តេរី ឬ​វីរុស​កំពុងតែ​បង្ក​រោគ​នៅក្នុង​ក្រពេញ​អា​មី​ដា​ស​៖
•​    ​ក្រពេញ​ឡើង​ក្រហម​
•​    ​មាន​ស្នាម​ពណ៌​លឿង ឬ​ស​គ្រប​ពីលើ​ក្រពេញ​នេះ​
•​    ​ក្រពេញ​ទៅជា​ហើម​នៅក្នុង​ក​
•​    ​ដង្ហើម​មាន​ក្លិនស្អុយ​

តើ​គ្រូពេទ្យ​នឹង​ធ្វើ​អ្វី​ខ្លះ​ទៅ​លើ​ករណី​ជំងឺ​នេះ​?
​គ្រូពេទ្យ​នឹង​សួរ​អ្នក​អំពីរ​អារម្មណ៍​ដែល​អ្នក​មាន​ក្នុង​បំពង់ករ និង​ពិនិត្យមើល​ក្រពេញ​នេះ​ដោយផ្ទាល់​តែម្តង​។ គាត់​ប្រហែលជា​នឹង​ប្រើប្រាស់​ឈឺ​ដើម្បី​សង្កត់​អណ្តាត​មើ​ក្រពេញ​នេះ​។ 

​គ្រូពេទ្យ​ក៏​ប្រហែល​ជា​ពិនិត្យ​នៅ​ក្នុង​ច្រមុះ និង​ត្រចៀក ស្តាប់​សួត ស្ទាប់​ក និង​រក​មើល​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការបង្ក​រោគ​។ បាក់តេរី និង​វីរុស​សុទ្ធតែ​អាច​បង្ក​ការ​រលាក​ក្រពេញ​អា​មី​ដា​សបាន​ទាំងអស់​។ ដើម្បី​ដឹង​ថា វា​ជា​ការបង្ក​រោគ​ដោយ​បាក់តេរី គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធី​គៀរ​ក្នុង​បំពង់​ក​ដើម្បី​យក​វា​ទៅ​បណ្តុះ​មេរោគ​។ បើសិន​ជា​លទ្ធផល​បង្ហា​ញ​ថា​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី អ្នក​ត្រូវ​តែ​ព្យាបាល​ជាមួយនឹង​ថ្នាំ​ផ្សះ​។ 

តើ​ការ​រលាក​ក្រពេញ​អា​មី​ដាស​ព្យាបាល​ដូច​ម្តេចទៅ​?
​បើសិនជា​ការ​រលាក​ក្រពេញ​អា​មី​ដាស​បង្កឡើង​ដោយ​បាក់តេរី គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ផ្សះ​ដើម្បី​សម្លាប់​វា​។ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ប្រើ​ឲ្យ​គ្រប់​ចំនួន​ទោះបីជា​ប្រើ​ហើយ​មាន​អារម្មណ៍​ធូរស្រាល​រយៈពេល​ពីរ​បី​ថ្ងៃ​ហើយ​ក៏​ដោយ​។ 

​បើសិនជា​ការ​រលាក​ក្រពេញ​អា​មី​ដាស​បង្កឡើង​ដោយ​វីរុស ការប្រើ​ថ្នាំ​ផ្សះ​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ ហើយ​រាងកាយ​អ្នក​ក៏​អាច​យកឈ្នះ​ការបង្ក​រោគ​ដោយ​ខ្លួនឯង​បាន​ដែរ​។ 

​ពេលខ្លះ ក្មេង​អាច​នឹង​ត្រូវ​ការវះកាត់​ក្រពេញ​អា​មី​ដាស​នេះ​ចោល​ទៀត ប៉ុន្តែ​ករណី​នេះ​ធ្វើឡើង​បាន​លុះត្រា​ការបង្ក​រោគ​មាន​ច្រើន ឬ​វា​មាន​ទំហំ​ធំ​រហូត​ដល់​ពិបាក​ដល់​ការដកដង្ហើម​នៅពេល​យប់​។ 

​បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​ក្រពេញ​អា​មី​ដា​ស ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ​៖
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
•​    ​បើសិនជា​ឈឺ​ពេល​លេប​អាហារ ចូរ​ញ៉ាំ​អាហារ​ទន់ៗ​ដូចជា​ស៊ុប​ជាដើម​
•​    ​ញ៉ាំ​អាហារ​មួយៗ​រហូតដល់​មាន​អារម្មណ៍ល្អ​ឡើងវិញ​
•​    ​លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាតល្អ និង​ញឹកញាប់​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម