ព្រឹត្តិការណ៍ដ៏សំខាន់នាសម័យលង្វែកដែលកូនខ្មែរគួរដឹង! រជ្ជកាលព្រះបាទចន្ទរាជា (១៥១៦ – ១៥៦៦)
Connect with us

គួរដឹង

ព្រឹត្តិការណ៍ដ៏សំខាន់នាសម័យលង្វែកដែលកូនខ្មែរគួរដឹង! រជ្ជកាលព្រះបាទចន្ទរាជា (១៥១៦ – ១៥៦៦)

ប្រទេសកម្ពុជា បានធ្លាក់ចុះខ្សោយបន្តិចម្តងៗ នៅពីសម័យដ៏រុងរឿងនៃមហានគរ ដែលឡើងដល់កម្រិតកំពូលនៃអាណាចក្រខ្មែរ​ ដែលបាន ព្រះបាទជ័យវរ្ម័នទី៧ ជាវីរក្សត្រដ៏ល្បីល្បាញ ឈ្លាសវៃក្នុងការដឹកនាំនគរ និងគោលនយោបាយ ធ្វើឲ្យសម័យសម័យអង្គររីកសាយភាយពាសពេញពិភពលោក។ ប៉ុន្តែតក្រោយមកទៀត ប្រទេសកម្ពុជាយើង (នគរខ្មែរ) ត្រូវបានហួង​ហែង​គ្នា​ បង្កសង្គ្រាមសុីវិលឥតឈប់ឈរធ្វើឲ្យចុះខ្សោយ និងមិនអាចអភិវឌ្ឍន៍បាន។

ព្រះបាទចន្ទរាជា ឬព្រះអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងងឱកាស ដែលស្ដេចកនបានធ្វើគុតព្រះបាទស្រីសុគន្ធបទ នៅបន្ទាយឯស្ទឹងសែនក្នុងគ.ស ១៥១២។​  ព្រះអង្គចន្ទរាជា កំពុងគង់នៅក្រុងអយុធ្យាស្រុក (សៀម)​ឯនោះ។ នៅពេលដែលបានទទួលដំណឹងនេះភ្លាមៗថា ព្រះបិតាព្រះបាទសុគន្ធបទ ត្រូវចូលទិវង្គតដោយសារតែ​ស្តេចកន​ធ្វើឃាត ព្រះអង្គក៏ប្រញាប់រកមធ្យោបាយដើម្បីរំដោះរាជបល្ល័ង្កមកវិញ។

ក្នុងអំឡុងពេលធ្វើសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏យល់ព្រមសំណើរនេះ ហើយបាន​​ឡើងគ្រងរាជ្យបណ្តោះអាសន្នសិន។ ទ្រង់មានព្រះនាមសម្រាប់ជារាជវង្សថា “ព្រះបរមរាជាចន្ទរាជា” សោយរាជ្យ​នៅ​គ.ស ១៥១៦។

រហូតដល់ គ.ស ១៥២៦ ព្រះអង្គក៏ទទួលបានជោគជ័យទាំងស្រុងលើស្តេចកន (ស្តេចជ្រែករាជ្យ) ហើយបានចាប់ស្ដេចកន ប្រហារជីវិតចោលនៅមុខប្រជារាស្ត្រ។ ចាប់ពី គ.ស ១៥២៧ ព្រះបាទចន្ទរាជា ទ្រង់បានឲ្យគេសាងសង់បន្ទាយ​លង្វែកដ៏រឹងមាំ ដើម្បីការពារសត្រូវ។ នៅ គ.ស ១៥២៩ ព្រះអង្គទ្រង់បានយាងទៅគង់នៅឯបន្ទាយលង្វែកនោះ ហើយ​លង្វែក​ក៏ក្លាយជារាជធានីខ្មែរថ្មី រហូតដល់ចុងសតវត្សរ៍ទី១៦។

តួអង្គសម្តែងជាហ្លួងព្រះស្តេចកន នៅចំកណ្តាល នៅចុងឆ្នាំ ២០១៧ (តំណាង)

ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សរ៍ទី១៦ ព្រោះថាព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យាឯណោះ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី អ្នកចេះដឹងជាច្រើន ដើម្បីឲ្យចងក្រងគម្ពីរ និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រមកទល់នឹងសព្វថ្ងៃ។ ក៏ប៉ុន្តែជាអកុសលរបស់រាស្ត្រ​ខ្មែរ នៅគ.ស ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានយាងចូលទិវង្គតនៅក្រុងលង្វែកនោះ។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃនេះ។

ព្រះបាទបរមរាជា (១៥៦៦ – ១៥៧៦)

ព្រះបាទបរមរាជា ជាបុត្រទី២ របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ មកវិញ ដែលសៀមបានលួចយកទៅ។ នៅ គ.ស ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខែត្រ នគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះវិញ។

នៅ គ.ស ១៥៧៤ ដោយសារទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខែត្រ នគររាជសីមា ចន្ទបុរី និង បស្ចិមបុរី មក​ឲ្យព្រះមហាក្សត្រខ្មែរវិញ។ នៅ គ.ស ១៥៧៦ ព្រះបាទបរមរាជា ក៏បានទ្រង់ក៏បានយាងចូលទិវង្គត​ទៀត។ ដោយបុត្រាច្បងរបស់ទ្រង់ ព្រះនាមថា ព្រះបាទសត្ថាទី១ ជាអ្នកស្នងរាជ្យបន្ត។
 

ព្រះបាទសត្ថាទី១ (១៥៧៦ – ១៥៨៦)

ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជា ត្រូវបានឡើងសោយរាជសម្បត្តិបន្តជំនួសព្រះបិតា ព្រះបាទបមរាជា។ ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គបានធ្វើជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិ​ពល​យ៉ាងខ្លាំង និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីតំបន់អាស៊ីអាគ្នេយ៍។ នៅ គ.ស ១៥៨៦ ព្រះបាទ​សត្ថា​ទី១​​ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១ ដើម្បីឲ្យស្នងរាជ្យបន្ត។

ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣)

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិបន្ត ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សាប៉ុណ្ណោះ។ ឯបុត្រាទី២ ព្រះនាមពញាតន់ មានព្រះជន្មាយុ ៦ ព្រះវស្សា មានមុខងារជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។

ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រ​គ្មានជំនឿ និងគោរពព្រះមហាក្សត្រ​វ័យក្មេងនេះទេ​ ព្រះព្រះ​អង្គ​គ្មានព្រះរាជតម្រិះអ្វីបន្តិចសោះ (ទ្រង់នៅវ័យក្មេង) ធ្វើឲ្យប្រទេសជិតខាង មានឱកាសក្នុងការជ្រៀតជ្រែក ជាពិសេសគឺប្រទេសសៀម (ថៃ) បានលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសារ។ ហើយទីបំផុតសៀម ក៏វាយបែកបន្ទាយលង្វែក និងទទួលជោគជ័យទាំងស្រុង នៅ គ.ស ១៥៩៣។

តាមការសង្កេត និងស្រាវជ្រាវរបស់ខ្ញុំ ការឡើងស្តេចវ័យក្មេងឲ្យឡើងគ្រងរាជ្យសម្បត្តិ គឺជារឿងគ្រោះថ្នាក់ដ៏ធំនៃប្រទេសជាតិ​ និងជាគ្រោះអាសន្នរបស់រាស្ត្រទាំងនគរ។ មូលហេតុមកអាចមកពីព្រះអង្គខ្វះសិទ្ធិអំណាចក្នុងការគ្រប់គ្រង គ្មានរាជតម្រិះ​លើ​កិច្ចនគរ ។ល។ ហើយនេះគឺមិនមែនជាលើកទីមួយទេ ដែលប្រទេសនានាជួបប្រទះនូវបញ្ហាជម្លោះនយោបាយក្នុងរាជវង្សានុ​វង្ស ជាពិសេសការលើកបណ្តប់ស្តេចវ័យក្មេងឲ្យឡើងសោយរាជ្យ ដែលបើកឱកាសឲ្យពួក​មន្ត្រីអាក្រក់ដណ្តើមអំណាចពីព្រះ​អង្គវ័យក្មេង និងធ្វើឲ្យប្រទេសជាជួបនូវអស្ថេរភាព។ ក្នុងប្រវត្តិសាស្ត្រ​យើងតែឃើញជារឿយៗផងដែរ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម