រូបថតថ្មី​មកដល់​ហើយ! យានអវកាស Juno ផ្តិតបានទិដ្ឋភាពព្យុះចម្លែក នៅលើភព​ព្រហស្បតិ៍ (រូបភាពខាងក្នុង)
Connect with us

ថ្មីៗ

រូបថតថ្មី​មកដល់​ហើយ! យានអវកាស Juno ផ្តិតបានទិដ្ឋភាពព្យុះចម្លែក នៅលើភព​ព្រហស្បតិ៍ (រូបភាពខាងក្នុង)

(អាមេរិក)៖ អង្គការ NASA បញ្ចេញរូបភាពថ្មី​មួយផ្សេងទៀត នៃព្យុះដ៏​ខ្មួលខ្មាញ់​​នៅលើភព​ព្រហស្បតិ៍ (Jupiter) ដែល​ត្រូវបាន​កែ​​ច្នៃ​​បន្ថែម​​ពណ៌តាមបែបធម្មជាតិ ឲ្យ​មាន​ពណ៌ក្រហម​ប្លែកអស្ចារ្យ​មែនទែន។ នេះបើតាម​ការដកស្រង់​ការផ្សាយ ចេញពីវែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

យានអវកាស Juno របស់ទីភ្នាក់ងារ​អវកាស NASA បានផ្តិតយករូបដើមខាងលើនេះ កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងអំឡុងនៃ​​ការហោះឆ្វែលកៀក (Flyby) របស់វា​លើកទី ១១ ជុំវិញភព​ឧស្ម័នយក្សនេះ។ នាពេល​នោះ យាន Juno បានស្ថិត​នៅចម្ងាយ ​១២,១៩៥គីឡូ​ម៉ែត្រ ​នៅលើដុំពពក​ផ្នែកខាងលើ​​របស់ Jupiter។

គួរជម្រាបថា បេសកកម្ម Juno ដែលបានចំណាយ​ថវិកាអស់ប្រមាណ ១.១ពាន់លាន​ដុល្លារ ត្រូវបានបាញ់​បង្ហោះកាលពី​ខែសីហា ឆ្នាំ២០១១ និងបានមកដល់​ភពព្រហស្បតិ៍នៅ​ខែកក្កដា ឆ្នាំ២០១៦។

ចំណុចសំខាន់៖ បេសកកម្មរបស់ Juno គឺសិក្សាអំពីផ្ទៃស្រទាប់លើ និងចលនានៃព្យុះ​របស់ភពព្រហស្បតិ៍ ដែលជាភពទី ៥ នៃប្រព័ន្ធព្រះអាទិត្យ និងមានព្រះច័ន្ទយក្សចំនួន ៤ គោចរជុំវិញវា ដូចជា Ganymede, Calisto, Io និង Europa ដែលល្បីល្បាញបំផុត និងអាចបង្កប់ជីវិតអេលៀននៅក្រោមស្រទាប់ទឹកកក​របស់វាផងដែរ។

យាន Juno គ្រោងស្ថិត​នៅភពព្រហស្បតិ៍ គំរប់​រយៈពេល ២០ខែ គិតចាប់តាំងពី​ខែកក្កដា ឆ្នាំ២០១៦ ដោយនៅចុង​បញ្ចប់ ​វានឹងទម្លាក់ខ្លួនចូលទៅក្នុង​ផ្ទៃភពព្រហស្បតិ៍ ប៉ុន្តែមិនមែន​មានទិសដៅ​កម្ទេចឲ្យ​សាបសូន្យដូចយន​​ Cassini នៅភពសៅរ៍នោះឡើយ ដោយ Juno ទម្លាក់ខ្លួន​ចូលភព​ព្រហស្បតិ៍នេះ គឺដើម្បីសិក្សាតំណាក់កាលចុងក្រោយ អំពីអ្វីដែលមាន​នៅក្នុង​ពពកដ៏​ខ្មួលខ្មាញ់​ នៃភពឧស្ម័នយក្សនេះ ដែលគ្មាន​នរណាធ្លាប់បាន​ដឹងនោះឡើយ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម