តើ​អាំង​ស៊ុយ​លីន​គឺជា​អ្វី ?
Connect with us

សុខភាព & សម្រស់

តើ​អាំង​ស៊ុយ​លីន​គឺជា​អ្វី ?

អាំង​ស៊ុយ​លីន គឺជា​ប្រភេទ​អរ​ម៉ូ​ន​ម្យ៉ាង​។ វា​ជួយ​ធ្វើអោយ កោសិកា​របស់​រាងកាយ​យើង ធ្វើការ​បឺត ស្រូប​យក​ជាតិ​គ្លុយកូស ចេញពី​ក្នុង​ឈាម​។ ជាតិ​គ្លុយកូស ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ថ្លើម និង សាច់ដុំ ក្នុង​ទម្រង់​ជាគ្លី​កូ​ហ្សែ​ន ហើយ​វា​បាន​ជួយ​បញ្ឈប់​រាងកាយ ពី​ការប្រើប្រាស់​ខ្លាញ់ ជា​ប្រភព​នៃ​ថាមពល ។​

នៅពេលណា ដែល​មាន​កម្រិត​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​តិចតួច​បំផុត នៅក្នុង​ឈាម ឬ មិន​មាន​ទាល់តែ សោះ នោះ​ជាតិ​គ្លុយកូស នឹង​មិន​ត្រូវ​បាន​ទៅ​ដល់ កោសិកា​រាងកាយ​ភាគច្រើន​នោះ​ទេ​។ នៅពេលដែល បញ្ហា​នេះ​កើតមាន នោះ​រាងកាយ​យើង នឹង​ធ្វើ​ការប្រើប្រាស់​ខ្លាញ់ ជា​ប្រភព​នៃ​ថាមពល​។ អរ​ម៉ូ​ន​អាំង ស៊ុយ​លីន ក៏​ធ្វើ​ការគ្រប់គ្រង​ផងដែរ នូវ​សញ្ញា​ទៅកាន់ ប្រព័ន្ធ​រាងកាយ​ផ្នែក​ផ្សេងៗ​ទៀត មានដូចជា អា​មី ណូ​អាស៊ីត ដែល​ត្រូវបាន​យកចេញ ដោយ​កោសិកា​របស់​រាងកាយ​។ កម្រិត​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន នៅក្នុង ប្រភេទ​សត្វ​ទាំងអស់​គឺ មិន​មាន​កម្រិត​ដូចគ្នា​ទាំងស្រុង​នោះ​ទេ គឺ​កម្រិត​ថាមពល​របស់​វា មាន​ភាពខុសៗ គ្នា ។​

អាំង​ស៊ុយ​មួយ​ប្រភេទ​ដែលមាន នៅក្នុង​សត្វ​ជ្រូក ត្រូវបាន​គេ​ហៅថា Porcine insulin គឺជា​ប្រភេទ អាំង​ស៊ុយ​លីន​ម្យ៉ាង ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង ទៅ​នឹង​អាំង​ស៊ុយ​លីន​របស់​មនុស្ស​។ មនុស្ស អាច​ទទួលយក អាំង​ស៊ុយ​លីន​ពី​សត្វ​បាន​។

ស្ថានភាព​របស់​លំពែង​

លំពែង​គឺជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មាន​ទីតាំង​ស្ថិត នៅ​ផ្នែក​ខាងលើ​នៃ​ពោះ និង ផ្តេក កាត់​តាម​រាងកាយ​របស់​អ្នក ត្រង់​កន្លែង​ដែល​ឆ្អឹងជំនី ជួប​គ្នា​នៅ​ផ្នែក​ខាងក្រោម​។ វា​មាន​រាង​ដូច​ជា ស្លឹក ឈើ និង មាន​ប្រវែង​ប្រហែលជា ១៥​សង់ទីម៉ែត្រ​។ ផ្នែក​ខាង​ចុង​ដែល​មាន​លក្ខណៈ​ទូលាយ ត្រូវបាន​គេ ហៅថា ក្បាល ហើយ​ផ្នែក​ខាង​ដែល​រាង​តូចចង្អៀត ត្រូវបាន​គេ​ហៅ​ថា​កន្ទុយ និង ផ្នែក​កណ្តាល​របស់​វា ត្រូវបាន​គេ ហៅថា ដងខ្លួន​។​

លំពែង​មាន​មុខងារ​សំខាន់ៗ​ពីរ​យ៉ាង​

•​    ​វា​បង្កើត​នូវ​ទឹក​លំពែង សម្រាប់​ជួយ​រំលាយ​អាហារ​។​
•​    ​វា​បង្កើត​នូវ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន និង អរ​ម៉ូ​ន​សម្រាប់​ជួយ​ដល់​ការរំលាយ​អាហារ​ដទៃៗ​ទៀត ។​

លំពែង​អង់​ដូ​គ្រីន គឺជា​ផ្នែក​មួយ​នៃ​លំពែង ដែល​វា​នាទី​ផលិត​នូវ អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន និង អរ​ម៉ូ​ន ដទៃទៀត​។  លំពែងអ៊ិច​សូគ្រីន គឺជា​ផ្នែក​មួយ​នៃ​លំពែង ដែល​មាន​នាទី​ផលិត​នូវ រស​ទឹក​សម្រាប់​រំលាយ អាហារ​។ អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន ត្រូវបាន​ផលិត​នៅក្នុង លំពែង ។ នៅពេល​ដែល​ប្រូតេអ៊ីន​ត្រូវបាន រំលាយ នោះ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​នឹង​ត្រូវ​បាន​បញ្ចេញ​។ អាំង​ស៊ុយ​លីន ក៏​ត្រូវ​បាន​បញ្ចេញ​ផងដែរ នៅពេលដែល គ្លុយកូស មាន​វត្តមាន​នៅក្នុង​ឈាម​។ បន្ទាប់​ពី​អ្នក​បាន​ទទួលទាន នូវ​អាហារ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត នោះ កម្រិត​ជាតិ​គ្លុយកូស​នៅក្នុង​ឈាម នឹង​ត្រូវ​បាន​កើនឡើង ។​

អាំង​ស៊ុយ​លីន អាច​ធ្វើអោយ​គ្លុយកូស​ចូលទៅក្នុង កោសិកា​របស់​រាងកាយ​បាន ។ ប្រសិនបើ​ពួកវា មិន​មាន​ជាតិ​គ្លុយកូស​នោះទេ នោះ​កោសិកា​ទាំងនេះ នឹង​មិន​អាច​មាន​ដំណើ​រការ​បាន​ដូច​ធម្មតា​ទេ ។ ហើយ​បើ​មិន​មាន​អាំង​ស៊ុយ​លីន​ទេ ជាតិ​គ្លុយកូស​នេះ ក៏​មិន​អាច​ចូលទៅ​ក្នុង​កោសិកា​បានដែរ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម