អ្វីទៅជាជំងឺ​រលាក​ខ្នែងពោះវៀន​?
Connect with us

សុខភាព & សម្រស់

អ្វីទៅជាជំងឺ​រលាក​ខ្នែងពោះវៀន​?

ការ​រលាក​ខ្នែងពោះវៀន គឺជា​មូលហេតុ​មួយ​ដែល​បណ្តាលអោយមាន ការឈឺចាប់​នៅក្នុង​ពោះ​យ៉ាងធ្ងន់ធ្ងរ ។ វា​កើត​មាន នៅពេល​ដែល​ខ្នែងពោះវៀន  ដែល​វា​ជា​ផ្នែក​មួយ​នៃ​ពោះវៀន​ធំ ក្លាយទៅជា​រលាក និង មាន​ការចំលង​​រោគ ។​

ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​តែងតែ​កើតមាន​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ១០ ទៅ ៣០ ឆ្នាំ ទោះបីជា​វា​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ក៏ដោយ​។

រោគសញ្ញា​ទូទៅ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​រួមមាន​ដូចជា ៖

– ឈឺចាប់​នៅត្រង់​ពោះ​។ ការឈឺចាប់​នេះ អាច​ចាប់​កើតមាន​នៅ​ជុំវិញ​ផ្ចិត ។​
– ការឈឺចាប់​នៅត្រង់​ពោះ ដែល​ចាប់ឈឺ​ខ្លាំង​ឡើង និង រាល​ដល់​ផ្នែក​ខាងក្រោម​ផ្ចិត ទៅកាន់​ផ្នែក​ខាង​ក្រោម​ស្តាំ​នៃ​ពោះ ។​
– មានការ​ឈឺចាប់​មិន​ព្រម​បាត់ និង កាន់តែ​មាន​សភាព​អាក្រក់​ឡើងៗ នៅពេល​ដែល​អ្នក​ធ្វើ​ចលនា​, ដើរ​​ឬ ក្អក ។​
– ឈឺចាប់​នៅ​ផ្នែក​ណាមួយ​នៃ​ពោះ ឬ នៅ​ចំហៀង​ពោះ​។​
– ចង្អោ​រ​, ក្អួត និង មាន​អារម្មណ៍​ថា​មិន​ចង់​បរិភោគ​អ្វី​ទាល់តែ​សោះ ។​
– មានការ​ទល់លាមក​, ឈឺ​ចង្កេះ និង មាន​គ្រុនក្តៅ​បន្តិចបន្តួច ។​
– មាន​អារម្មណ៍​ជាទូទៅ​ថា​ខ្លួន​មាន​ជំងឺ និង មាន​ការឈឺចាប់​ដែល​ពិបាក​នឹង​បរិយាយ​។​

ប្រសិនបើ​ខ្នែងពោះវៀន​ដែល​មាន​ការ​រលាក មិន​ត្រូវ​បាន​វះកាត់​យក​ចេញ​នោះទេ និង ការ​ចំលងរោគ​មាន​សភាព​កាន់តែ​អាក្រក់ ជញ្ជាំង​របស់​ខ្នែងពោះវៀន​អាច​នឹង​ធ្លាយ​រហែក​។ នៅពេល​នោះ​វា អាច​ធ្វើអោយ​ការចំលង​​រោគ​រាលដាល​ទៅ​កាន់ តំបន់​ក្នុង​ពោះ  ដែល​វា​នឹង​បណ្តាល​អោយ​មាន​ការ​រលា​ក​ស្រោមពោះ ។ ការ​រលាក​ស្រោម​​ពោះ​គឺជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ ដែល​ជា​កម្រ វា​អាច​នាំអោយ​មាន​សេចក្តីស្លាប់ ។​
 
​រោគសញ្ញា​

   រោគសញ្ញា​សំខាន់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការឈឺចាប់​នៅត្រង់​ពោះ ។ ការឈឺចាប់​នេះ​អាច​អោយ​អ្នក​មាន​អារម្មណ៍​ដូចជា មិន​មាន​ការ​រលាយ​អាហារ ឬ ក៏​ហាក់ដូចជា អ្នក​ត្រូវការ​ធ្វើ​ចលនា​ពោះវៀន ឬ បញ្ចេញ​ខ្យល់​។​​មាន​អ្នកជំងឺ​ភាគច្រើន មាន​អារម្មណ៍​ឈឺចាប់​ដំបូង នៅ​ជិត​ផ្ចិត​។​បន្ទាប់មក​ទៀត​វា​ធ្វើដំណើរ​ទៅកាន់​ផ្នែក​ខាងក្រោម​ស្តាំ​នៃ​ពោះ ។

   ប៉ុន្តែ​ការឈឺចាប់​នេះ អាច​ស្ថិត​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពោះ ឬ ស្ថិតនៅ​ផ្នែក​ចំហៀង​នៃ​ពោះ​របស់​អ្នក​។​​ការឈឺចាប់​នេះ នឹង​មាន​សភាព​កាន់តែ​អាក្រក់ ប្រសិនបើ​អ្នក​ធ្វើ​ចលនា ,​ដើរ  ឬ ក្អក​។ អ្នក​ក៏​អាចមាន គ្រុ​នក្តៅ ឬ​មាន​អារម្មណ៍​ថា ឈឺក្រពះ​ផងដែរ ។​

    មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ និយាយថា ការឈឺចាប់​នេះ​គឺ​ពិបាក​នឹង​បរិយាយ​ណាស់​។​​វា អាច​មិន​មាន​អារម្មណ៍​ថា​ឈឺចាប់​ដូច​អ្វី ដែល​អ្នក​ធ្លាប់​ឈឺ​ពីមុនមក​នោះទេ​។ វា​ក៏​អាច​ថែមទាំង មិន​មាន​ការឈឺ​​ចាប់​ខ្លាំង​នោះទេ ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ថា​មាន​អ្វី​ខុស​ប្រក្រតី​កើតឡើង​ចំពោះ​អ្នក ។ ប្រសិនបើ​អ្នក​​មាន​ការឈឺចាប់​នៅក្នុង​ពោះ​ក្នុង​កំរិត​មធ្យម ហើយ​វា​មិន​បាន​ថមថយ​ទាល់តែសោះ បន្ទាប់​ពី​រយៈពេល ៤​ម៉ោង​សូម​​ហៅ​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ​របស់​អ្នក ។ ហើយ​ប្រសិនបើ​អ្នក មាន​ការឈឺចាប់​នៅក្នុង​ពោះ​ធ្ងន់ធ្ងរ   អ្នក​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​អោយបាន​ឆាប់រហ័ស ។​

​អ្នក​ប្រហែលជា​អាច​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ប្រសិនបើ ៖

·         អ្នក​មាន​ការឈឺចាប់​នៅក្នុង​ពោះ​របស់​អ្នក​។ ការឈឺចាប់​នេះ អាច​ចាប់ផ្តើម​នៅ​ជុំវិញ​ផ្ចិត​។​
·         ការឈឺចាប់​នៅក្នុង​ពោះ​អាច​ខ្លាំង​ជាង​មុន និង ធ្វើដំណើរ​ទៅកាន់​ផ្នែក​ខាងក្រោម​នៃ​ផ្ចិត​របស់​អ្នក​ចំហៀង​ខាងស្តាំ (​នៅ​មួយ​ភាគ​បួន​នៃ​ពោះ​ផ្នែក​ខាងក្រោម​ស្តាំ ) ។ នេះ​គឺជា​កន្លែង​ដែល​តែងតែ​កើតមាន  នូវ​អារម្មណ៍ ឈឺចាប់​នៅពេល​ដែល​អ្នកមាន​ជំងឺ​រលាក​ខ្នែងពោះវៀន ។​
·         ការឈឺចាប់​នេះ គឺ​មិន​បាត់​ទៅ​ណា​នោះ​ទេ ហើយ​វា​នឹង​មាន​សភាព​កាន់តែ​អាក្រក់​នៅពេល​ដែល​អ្នក ធ្វើ​​ចលនា​, ដើរ ឬ ក្អក ។​
·         អ្នក​មាន​ការឈឺចាប់​នៅ​ផ្នែក​ណាមួយ​នៃ​ពោះ ឬ នៅ​ចំហៀង​ពោះ​របស់​អ្នក ។​
·         អ្នក​មាន​អារម្មណ៍​ចង្អោ​រ ឬ ក្អួត​មកពីរ​បី​ដង ។ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា មិន​ចង់​បរិភោគ​អ្វី​ទាល់តែសោះ​។​
·         អ្នក​មាន​ការ​ទល់លាមក​, ឈឺ​ចង្កេះ​, គ្រុនក្តៅ​បន្តិចបន្តួច ឬ ហើម​ពោះ ។​

     ​មាន​អ្នកជំងឺ​ខ្លះ មិន​មាន​រោគសញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ទេ​។ មនុស្ស​វ័យចាស់​, កុមារ​ដែល​មាន​​អាយុ​តិចជាង​ពីរ​ឆ្នាំ និង ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មិន​មាន​ការឈឺ​ចាប់   នៅត្រង់​ចំនុច​ផ្នែក​ខាងក្រោម​ស្តាំ​នៃ​ពោះ​របស់​ពួកគេ​ទេ​។ មាន​អ្នកជំងឺ​ផ្សេងទៀត មាន​អារម្មណ៍​ថា​ឈឺចាប់ នៅ​ចំហៀង​នៃ​ពោះ ដោយសារ​តែ​ខ្នែងពោះវៀន​​របស់​ពួកគេ  ស្ថិតនៅ​ក្នុង​ស្ថានភាព​ផ្សេងគ្នា​ខុស​ពី​ស​ភាពប្រក្រតី ។   
    ការឈឺចាប់​នៅក្នុង​ពោះ គឺជា​រឿង​មួយ​ដែល​តែងតែ​កើតមាន​។ វា​ក៏​មាន​រោគសញ្ញា​ផ្សេង​ជាច្រើន​ទៀត​ដែលមាន​​លក្ខណៈ​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​ផងដែរ ។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​នេះ អាច​ក្លាយទៅជា​​មាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ដ៏​ខ្លី សូម​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ​ជាបន្ទាន់ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ណាមួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ​។

    ការព្យាបាល​នឹងមាន ភាពងាយស្រួល​ជាង ប្រសិនបើ​វា​ពុំ​មាន​ការ​ធ្លាយ​រហែក ។​​ចំពោះ​មនុស្ស​ភាគច្រើន     ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ គឺ​មិន​មាន​ការ​ធ្លាយរ​ហែក​នោះទេ   រហូត​ដល់​ពួកគេ​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ២៤​ម៉ោង ។​
 
​ការព្យាបាល​

   ការព្យាបាល​តែមួយគត់​សំរាប់​ជំងឺ​រលាក​ខ្នែង​ពោះវៀន គឺ​ការ​វះកាត់​យក​ខ្នែងពោះវៀន​ដែល​រលាក​នេះ​ចេញ ។​​គោលដៅ​ចំបង​នោះ​គឺ ដើម្បី​យក​ខ្នែងពោះវៀន​នេះ​ចេញ មុន​ពេល​វា​មាន​ការ​ធ្លាយ​បែក និង បាចសាច​ការចំលង​រោគ​នៅក្នុង​ពោះ (​ដែលនាំអោយ​មាន​ការ​រ​លាក​ស្រោមពោះ​) ។​
   ប្រសិនបើ​គ្រូពេទ្យ​មិន​ប្រាកដ​ថា​អ្នក​មាន​ជំងឺ​នេះ​ឬ​ទេ អ្នក​អាច​នឹង​ត្រូវ​រង់ចាំ​ក្នុង​រយៈពេល​ជាច្រើន​ម៉ោង នៅ​ឯ​ផ្ទះ​​ឬ នៅក្នុង​មន្ទីរពេទ្យ មុនពេល​ធ្វើ​ការសំរេច​ចិត្ត​ទទួលយក​ការវះកាត់ ។​គ្រូពេទ្យ   អាច​នឹង​អោយ​អ្នក​ត្រលប់​ទៅផ្ទះ​និង អោយ​អ្នក​ត្រលប់​មក​វិញ​នៅ​ក្នុង រយៈពេល ៦ ទៅ ៨​ម៉ោង​ដើម្បី​ធ្វើការ​ពិនិត្យ​សារ​ឡើងវិញ ។​

    ការ​វះកាត់​យក​ខ្នែងពោះវៀន​ចេញ អាច​ធ្វើទៅបាន​ដោយ​វិធី​ណា​មួយ​ក្នុងចំណោម​វិធី​ពីរ​យ៉ាង​គឺ ៖
​    ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ថត​ឆ្លុះ​ពោះ ( laparoscopic) ឬ តាម​វិធី​វះកាត់​តាមបែប​បុរាណ​។​
    អ្នកជំនាញ​មិន​បាន យល់​ស្រប​ថា​វិធី​ណា​ល្អ​ជាងគេ​នោះ​ទេ ។ វា​ជារឿយៗ គឺ​វា​អាស្រ័យ​ទៅលើ​អ្វី    ដែល​គ្រូពេទ្យ​ជំនាញ​វះកាត់​របស់​អ្នក​ចូលចិត្ត​ជាង​។​

    ​ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ថត​ឆ្លុះ គឺ​ប្រើ​នូវ​វិធី​វះកាត់ ២​ទៅ ៣​ឆ្នូត ឯ ការវះកាត់​បើក​ពោះ​តាមបែប​បុរាណ​គឺ​ប្រើ​​ស្នាម​វះ​ធំ​តែ​មួយគត់​។ អ្នកជំងឺ​ភាគច្រើន​មាន​អារម្មណ៍​ថា​បាន​ធូរស្រាល​ភ្លាមៗ បន្ទាប់​ពី​ទទួលបាន​ការវះកាត់​រួច​។​ហើយ​មាន​អ្នកជំងឺ​ខ្លះ អាច​ថែមទាំង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ។​
    ប្រសិនបើ​ខ្នែងពោះវៀន​របស់​អ្នក​ត្រូវបាន​ធ្លាយ​បែក រួច​វា​មាន​ការ​ចំលងរោគ​នៅក្នុង​ពោះ​របស់​អ្នក អ្នក​អាច​នឹង​​ត្រូវ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​រយៈពេល​យូរ​ជាង​នេះ ។ ការព្យាបាល​របស់​អ្នក ក៏​រួម​មាន​បញ្ចូល​ផងដែរ​នូវ​ការ​​ចាក់​សេរ៉ូម និង ប្រើ​នូវ​ថ្នាំ​ផ្សះ​។ ការវះកាត់​សំរាប់​ខ្នែងពោះវៀន​ដែល​ធ្លាយ​បែក អាច​នឹង​មាន​ភាពស្មុគស្មាញ ។​

​ប្រសិនបើ​អ្នក​មាន​ខ្នែងពោះវៀន​ដែល​ធ្លាយ​បែក អ្នក​វិទ្យុ​ព្យាបាល អាច​នឹង​ដាក់​បំពង់   ទៅក្នុង​ពោះ​របស់​អ្នក​ដើម្បី​​ជួយ​យក​ចេញ​នូវ​ការ​ចំលងរោគ​មួយចំនួន មុន​ពេល​អ្នក​ទទួល​នូវ​ការ​វះកាត់​យក​វា​ចេញ ។ នៅក្នុង​ករណី​នេះ ខ្នែង​ពោះវៀន​នឹង ត្រូវបាន​យកចេញ​ក្នុង​រយៈពេល ២​ទៅ​៣​សប្តាហ៍​ក្រោយមកទៀត ។ បន្ទាប់​ពី​អ្នក​បាន​យក​ខ្នែង​ពោះ​វៀន​នេះ​ចេញ​មក​ហើយ គ្រូពេទ្យ​អាច​នឹង​ទុក​អោយ​ស្នាម​វះ​នេះ​ចំហ ដើម្បី​អោយ​វា​ជា​សះ​ពី​ផ្នែក​ខាងក្នុង ចេញមក​ក្រៅ​វិញ ។ អ្នក​ក៏​អាច ត្រូវបាន​ដាក់​បំពង់​បង្ហូរ​ជាមួយនឹង​មុខរបួស ដើម្បី​បង្ហូរ​យក​មេរោគ​ចេញមកក្រៅ ។​

   អ្នក​ក៏​អាច​នឹង​ត្រូវ សម្រាក​ក្នុង​មន្ទីរពេទ្យ​យូរ​ជាង​នេះ ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព   ដែល​អាច​កា្លយទៅជា​អាក្រក់​ជាង​មុន បន្ទាប់​ពី​ការវះកាត់​រួច ។​
     ពេលខ្លះ​វេជ្ជបណ្ឌិត​នឹង ណែនាំ​អ្នក​អោយ​ទទួលយក​ការវះកាត់ ទោះ​ជា​ពួកគេ​មិន​ប្រាកដ​ថា​អ្នក​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​ឬទេ​។ ការវះកាត់​អាច​លុបចោល​នូវ​ឱកាស ដែល​ខ្នែងពោះវៀន​អាច​មាន​ការ​ធ្លាយ​បែក ។​ប្រសិន​​បើ​អ្នក​ទទួល​ការវះកាត់ ហើយ​ឃើញ​ថា ខ្នែងពោះ វៀន​ របស់​អ្នក មាន​សភាព​ធម្មតា​ក៏ដោយ ក៏​វា​នៅតែ​ត្រូវបាន​គេ​យកចេញ ដូច្នេះ​វា​នឹង​មិន​បណ្តាល ​អោយ​អ្នក​មាន​បញ្ហា​អ្វី​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ។​
 
ស្ថានភាព​ជំងឺ​ផ្សេងទៀត ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​រលាក​ខ្នែងពោះវៀន​

     ការឈឺចាប់​នៅ​ផ្នែក​មួយ​ភាគ​បួន ផ្នែក​ខាងក្រោម​ស្តាំ​នៃ​ពោះ ជារឿយៗ​តែងតែ​បង្ហាញ​ប្រាប់​ពី ជំងឺ​រលាក​ខ្នែង​ពោះវៀន​។ ប៉ុន្តែ​ស្ថានភាព​ផ្សេងទៀត អាច​បណ្តាលអោយ​អ្នក​មាន​ការឈឺចាប់​នៅ​ត្រង់​តំបន់​នេះ​ផង​ដែរ​។​

​ពួក​វា​រួម​មាន ៖

– ការ​រលាក​ស្រទាប់​ខាងក្នុង​របស់​ក្រពះ និង ពោះវៀន ( ការ​រលាក​ក្រពះ​ស្រួចស្រាវ acute gastroenteritis)
– ការ​រលាក lymph node នៅក្នុង​ក្រពះ ( mesenteric adenitis) .
– ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក ( Pelvic inflammatory disease) .
– កូនក្រៅស្បូន ( Ectopic pregnancey).
– ជំងឺ​ដុំ​នៅ​អូវែ ( Ovarian cyst)   ឬ ការ​រមួល​អូវែ ( Ovarian torsion )
– ជំងឺ​រលាក​ពោះវៀនតូច និង ធំ​រុំ​ា​រ៉ៃ (Crohn’s disease)
– Diverticulitis
– ការ​រលាក​ថង់​នៃ​ជាលិកា​របស់​ចុង​ពោះវៀន​តូច និង​ការ​លៀន​ចេញ​នូវ​ពោះវៀន​តូច  ((Meckel’s diverticulum).
– ការ​រាំងស្ទះ​ចលនា​ពោះវៀន (Bowel obstruction)
– ជំងឺមហារីក (Cancer )
– ជំងឺ​គ្រួស​ក្នុង​តម្រងនោម ( Kidney stones)
– ការ​ចំលងរោគ​តាម​បំពង់​នោម​(Urinary tract infection) រួម​មាន​ការ​ចំលងរោគ​នៅក្នុង​តម្រងនោម​
(Kidney infection) ផងដែរ ។​

ផ្តល់សិទ្ធិដោយ : សុខភាព

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង