ស្មាតហ្វូនអាចជាមូលហេតុពីក្រោយបញ្ហាផ្លូវចិត្តរបស់យុវជនមួយចំនួន
Connect with us

គួរដឹង

ស្មាតហ្វូនអាចជាមូលហេតុពីក្រោយបញ្ហាផ្លូវចិត្តរបស់យុវជនមួយចំនួន

ភាពជឿនលឿនរបស់បច្ចេកវិទ្យាបានធ្វើឲ្យការរស់នៅរបស់មនុស្សភាគច្រើនមានភាពប្រសើរឡើង។ ការប្រាស័យទាក់ទងគ្នា ការដឹកជញ្ជូន ការធ្វើដំណើរ ការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាជាច្រើនទៀតកាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស។ យ៉ាងណាក្ដី បច្ចេកវិទ្យាក៏បាននាំមកនូវផលអវិជ្ជមានជាច្រើនផងដែរ​ ឧទាហរណ៍មនុស្សបាត់បង់ការទំនាក់ទំនងរឺការជជែកគ្នាលេង។ ជាក់ស្ដែង ឧបករណ៍អេឡិចត្រូនិច ជាពិសេសទូរស័ព្ទ ត្រូវបានរកឃើញថា វាកំពុងតែធ្វើឲ្យយុវជនប្រឈមមុខទៅនឹងបញ្ហាផ្លូវចិត្ត។

នៅក្នុងចន្លោះឆ្នាំ ២០១០ ទៅឆ្នាំ ២០១៥ ការស្ទាបស្ទង់មតិថ្នាក់ជាតិមួយក្នុងប្រទេសសហរដ្ឋអាមេរិចបានបង្ហាញឲ្យឃើញថា អត្រាយុវជនដែលមានអារម្មណ៍ថាខ្លួនឯងឥតបានការនិងជីវិតគ្មានន័យ (រោគសញ្ញានៃជម្ងឺបាក់ទឹកចិត្ត) បានកើនឡើងដល់ទៅ ៣៣ ភាគរយ។ លើសពីនេះទៅទៀត អត្រាប៉ុនប៉ងធ្វើអត្តឃាតនៃយុវជនបានកើនឡើង ២៣ ភាគរយ ហើយអ្វីដែលចោទជាបញ្ហានោះគឺ អត្រាអត្តឃាតនៃមនុស្សក្នុងចន្លោះពី ១៣ ទៅ ១៨ ឆ្នាំនោះបានកើនឡើងដល់ទៅ ៣១ ភាគរយ។ ទាំងនេះបណ្ដាលមកពីកត្តាដ៏សំខាន់មួយគឺ ស្មាតហ្វូន។

ការស្រាវជ្រាវនោះបានរកឃើញថា យុវជនដែលចំណាយពេលអនឡាញចាប់ពី ៥ ម៉ោងក្នុងមួយថ្ងៃអាចនឹងជួបបញ្ហាផ្លូវចិត្ត​ ជាងអ្នកដែលចំណាយពេលត្រឹមមួយម៉ោង រហូតដល់ ៧១ ភាគរយ។ ជំនួសឲ្យការនិយាយទល់មុខគ្នា ពួកគេបែរជាជជែកគ្នាតាមប្រព័ន្ធបណ្ដាញសង្គម។ ការបាត់បង់នូវទំនាក់ទំនងក្នុងសង្គមពិតប្រាកដនេះធ្វើឲ្យពួកគេមានអារម្មណ៍ថាឯកា ហើយវាជាមូលហេតុចំបងមួយដែលនាំឲ្យពួកគេមានបញ្ហាផ្លូវចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ ការលេងទូរស័ព្ទធ្វើឲ្យពួកគេគេងមិនបានគ្រប់គ្រាន់ ហើយការគេងមិនគ្រប់គ្រាន់នេះក៏ជាកត្តាមួយអាចនាំឲ្យមានជម្ងឺបាក់ទឹកចិត្តផងដែរ ក្រៅពីកត្តាគ្រួសារ កត្តាតពូជ និងការគម្រាមកំហែងនានា។

ដូច្នេះហើយ ប្រសិនបើអ្នកគិតថា អ្នកអាចនឹងកំពុងមានរោគសញ្ញានៃជម្ងឺបាក់ចិត្ត អ្នកអាចសាកល្បងកាត់បន្ថយពេលលេងហ្វេសប៊ុក រឺបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗត្រឹមតែ ២ ម៉ោងក្នុងមួយថ្ងៃ រឺតិចជាងនេះ ហើយ​ធ្វើការសង្កេតមើលថាតើអ្នកមានអារម្មណ៍ប្រសើរឡើងដែររឺទេ៕

ប្រភព៖​ WEF

អត្ថបទល្អផ្សេងទៀត៖ បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ!

មានមនុស្សមិនតិចទេដែលបានដឹង ជម្ងឺបាក់ទឹកចិត្តគឺចាជម្ងឺដ៏សាហាវបំផុត ព្រោះការខុសពីជម្ងឺដទៃដែលសុទ្ធតែមានថ្នាំព្យាបាល ជម្ងឺបាក់ទឹកចិត្តគឺមិនអាចមានថ្នាំអ្វីមកព្យាបាលអោយជាដាច់ ក្រៅពីខ្លួនឯងជួយខ្លួនឯងនោះទេ។


ប្រសិនជាអ្នកស្កាល់នរណាម្នាក់ដែលមានជម្ងឺនេះ អ្នកត្រូវតែយកចិត្តទុកដាក់ជាមួយពាក្យសម្តីដែលអ្នកប្រើទៅកាន់គេបន្តិច ព្រោះថាពួកគេអាចនឹងរងគ្រោះយ៉ាងខ្លាំងជាមួយនឹងពាក្យសម្តីរបស់អ្នកប្រសិនជាអ្នកនិយាយទាំងមិនបានចាប់អារម្មណ៍។

បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ៖

១. កុំនិយាយថា “អ្នកមានបញ្ហានេះមិនមែនធ្ងន់ធ្ងរទេ ព្រោះនៅមានមនុស្សជាច្រើនទៀតដែលមានបញ្ហានេះ ហើយធ្ងន់ធ្ងរជាងអ្នកទៅទៀត”។ គួរនិយាយថា “អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេដែលមានបញ្ហានេះ ហើយខ្ញុំនៅនឹងទីនោះចាំជួយ ប្រសិនជាអ្នកត្រូវការជំនួយ”។

២. កុំនិយាយថា “គ្មានភាពយុត្តិធម៌នោះទេនៅក្នុងពិភពលោកនេះ ដូច្នេះកុំព្យាយាមចង់បានវា” ប៉ុន្តែត្រូវនិយាយថា “អ្នកសំខាន់សម្រាប់ខ្ញុំ និងមនុស្សនៅជុំវិញខ្លួន”។

៣. កុំនិយាយថា “ឈប់ពិបាកចិត្តទៅ” ព្រោះវាមិនអាចជួយអ្វីបាននោះឡើយ ប៉ុន្តែអ្នកគួរតែនិយាយថា “ចង់យំ រឺស្រែក បង្ហាញវាអោយអស់មក ព្រោះខ្ញុំនៅទីនេះហើយ”។

៤. កុំនិយាយថា “មួយថ្ងៃៗឃើញតែពិបាកចិត្តមិនស្រាកស្រាន្ត” ប៉ុន្តែអ្នកត្រូវនិយាយថា “ខ្ញុំជឿថាបញ្ហានេះគឺពិតជាមានមែន ប៉ុន្តែនេះមិនបានន័យថាអ្នកជាមនុស្សឆ្កួតទេ ព្រោះខ្ញុំដឹងថាអ្នកមានបញ្ហាច្រើនណាស់ដែលអ្នកពិបាកនឹងនិយាយចេញមកក្រៅ។ ប៉ុន្តែតើអ្នកអាចនិយាយប្រាប់ខ្ញុំបានទេ ក្រែងលោហ៍មានអ្វីដែលខ្ញុំអាចជួយបាន?”

គួរបញ្ជាក់ផងដែរថា ពាក្យសម្តីដែលអ្នកនិយាយរួចហើយ អ្នកប្រហែលជាមិនចាំវានោះទេ ព្រោះសម្រាប់អ្នកដែលស្តាប់វិញ វាអាចដក់ជាប់នៅក្នុងខួរក្បាលគេរហូត កុំថាឡើយពួកគេមានជម្ងឺបាក់ទឹកចិត្ត ដូច្នេះប្រសិនជាអ្នកពិតជាចង់ជួយពួកគេមែននោះ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើពាក្យដែលអ្នកនិយាយអោយបានខ្ពស់បំផុត៕

មតិយោបល់

ពេញនិយម