ចង់ឲ្យកូនៗធំឡើងមានសមត្ថភាពខ្ពស់និងមានអនាគតភ្លឺស្វាង? គន្លឺះមួយនេះអាចជួយអ្នកបាន!
Connect with us

គ្រួសារ & ស្នេហា

ចង់ឲ្យកូនៗធំឡើងមានសមត្ថភាពខ្ពស់និងមានអនាគតភ្លឺស្វាង? គន្លឺះមួយនេះអាចជួយអ្នកបាន!

ឪពុកម្ដាយពីមុនតែងតែគិតថា ដើម្បីទទួលបានការងារល្អ កូនៗគួរតែចូលរៀនថ្នាក់ចំណេះដឹងទូទៅពី ទី ១ ដល់ទី ១២ ហើយបន្ដការសិក្សានៅថ្នាក់សកលវិទ្យាល័យ ព្រមទាំងរៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ យ៉ាងណាក្ដី ទីផ្សារការងារកាន់តែមានការប្រកួតប្រជែង ហើយបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងផងដែរ។

ត្រឹមតែសញ្ញាប័ត្រមួយសន្លឹកប្រហែលជាមិនគ្រប់គ្រាន់ក្នុងការស្វែងរកការងារល្អមួយ នាពេលអនាគតនោះទេ។ ដូច្នេះហើយ ឪពុកម្ដាយក្នុងពេលបច្ចុប្បន្ននេះត្រូវលត់ពត់ដំកូនៗ តាំងពីតូចទៅ ដើម្បីឲ្យកូនធំឡើងក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់។ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថា តើឪពុកម្ដាយត្រូវធ្វើបែបណា?

ចម្លើយដ៏សាមញ្ញមួយគឺ អនុញ្ញាតឲ្យកូនលេងឲ្យបានច្រើន

ឪពុកម្ដាយជាច្រើនតែងហាមឃាត់កូនៗមិនឲ្យលេងច្រើនហើយត្រូវខិតខំធ្វើកិច្ចការសាលា។ ប៉ុន្ដែអនាគតនឹងត្រូវគ្របដណ្ដប់ដោយបច្ចេកវិទ្យាដំណើរការស្វ័យប្រវត្តិ ដូច្នេះហើយ ការងារនាពេលអនាគតនឹងទាមទារឲ្យមនុស្សមានគំនិតច្នៃប្រឌិត មានបញ្ញាខាងផ្នែកសតិអារម្មណ៍ និងចេះដោះស្រាយបញ្ហា។ ហើយការលេងកំសាន្ដរបស់កុមារនឹងជួយឲ្យពួកគេធ្វើការវិវត្តជំនាញទាំងនេះ។

ឧទាហរណ៍ ការលេងធ្វើជាវីរៈបុរសនឹងជួយពួកគេឲ្យមានភាពជាអ្នកដឹកនាំ។ ការលេងជាមួយតុក្កតាធ្វើឲ្យពួកគេចេះធ្វើការរៀបចំ។ ការលេងបង្កើតបន្ទាយរឺធ្វើផ្ទះជួយឲ្យពួកគេមានគំនិតច្នៃប្រឌិត។

សកម្មភាពលេងកំសាន្ដទាំងនេះធ្វើឲ្យកូនយល់កាន់តែច្បាស់ពីពិភពលោកនេះ ហើយនាពេលអនាគត ពួកគេអាចក្លាយជាបុគ្គលដែលមានសមត្ថភាពក្នុងការដឹកនាំ ការបង្កើតអ្វីដែលថ្មី រឺសមត្ថភាពផ្សេងៗទៀតដែលមិនអាចជំនួសបានដោយបច្ចេកវិទ្យា។ ហើយភាពជោគជ័យទាំងនេះអាចកើតចេញពីកិច្ចការដ៏សាមញ្ញមួួយគឺ ការលេងកំសាន្ដក្នុងកុមារភាព៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ ជឿទេថា! កូនក្មេងដែលចេះកុហកតាំងពីនៅតូច អាចនឹងក្លាយទៅជាមនុស្សឆ្លាតវៃទៅវិញ!

តើវាល្អ ឬមិនល្អក្នុងការនិយាយកុហក?

សម្រាប់បរិបទសង្គមសព្វថ្ងៃ គ្មាននរណាម្នាក់ដែលចូលចិត្ត ឬចង់ស្តាប់នូវពាក្យកុហក ភូតភរពីនរណាម្នាក់នោះទេ។ ការកុហកគឺជាការបោកប្រាស់នូវទំនុកចិត្ត និងព្រមទាំងបំផ្លាញនូវសេចក្តីថ្លៃថ្នូររបស់ខ្លួនផងដែរ។ 

យ៉ាងណាមិញ ការកុហកអាចមានច្រើនរូបភាព ហើយរូបភាពនីមួយៗនៃការកុហកផ្តល់នូវផលប៉ះពាល់ផ្សេងៗគ្នា។ ជាក់ស្តែងអ្នកដែលកុហក មិនប្រាកដថាសុទ្ធតែជាមនុស្សអាក្រក់នោះទេ ហើយយើងក៏មិនអាចប្រកែកបានដែរថាមនុស្សមួយចំនួនពូកែកុហក រហូតដល់គ្មាននរណាម្នាក់អាចចាប់កំហុសគាត់ ហើយជឿគាត់យ៉ាងស៊ប់ផងដែរ។

សមត្ថភាពក្នុងការកុហកអាចជាសញ្ញានៃភាពជោគជ័យ

សម្រាប់ឳពុកម្តាយក្មេងតូចៗ តែងតែស្អប់នៅពេលដឹងថាកូនរបស់ខ្លួន ចាប់ផ្តើមចេះកុហក ហើយតែងតែព្យាយាមទូន្មានយ៉ាងណាកុំឱ្យកូនរបស់ខ្លួនកុហកពេលក្រោយៗទៀត។ ប៉ុន្តែសម្រាប់ការរកឃើញថ្មីមួយនៃវិទ្យាស្ថាន Institute of Child Study នៅក្នុង University of Toronto បានបង្ហាញថា កូនក្មេងតូចៗដែលមានសមត្ថភាពអាចកុហកបានជោគជ័យ អាចនឹងមានភាពជោគជ័យនៅពេលដែលគេធំឡើង។

  • តើហេតុអ្វីបានគេលើកឡើងដូចនេះ? 

ជាក់ស្តែង គេអាចនិយាយបានថាការកុហក មិនថាមានគោលបំណងល្អ ឬអាក្រក់ សុទ្ធតែបញ្ជាក់ពីភាពឆ្លាតវៃ ដែលវាក៏ទាមទារឱ្យមានការហ្វឹកហាត់ជាប្រចាំ ដូចទៅនឹងជំនាញដទៃទៀតដែរ ដើម្បីធ្វើឱ្យជំនាញរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត នៅពេលដែលកុមារកុហក គឺគេកំពុងតែហ្វឹកហាត់មុខងារនៃខួរក្បាលរបស់ខ្លួន ដែលអាចធ្វើការបត់បែន កែប្រែនូវពត៌មានដែលគេដឹង និងបញ្ចេញ​មកវិញនូវពត៌មានកុហកដែលគេផ្តល់ឱ្យអ្នកដទៃវិញ។

សម្រាប់ការសិក្សាប្រៀបធៀបមួយចំនួន បង្ហាញថាកូនក្មេងដែលមានសមត្ថភាពកុហកបានដោយមានប្រសិទ្ធិភាព អាចនឹងមានអាជីពក្នុងវិស័យនយោបាយ ឬវិស័យធនាគារ ដោយសារភាពបត់បែនរបស់គេក្នុងការផ្តល់ពត៌មានដែលគេចង់ផ្តល់ឱ្យទៅអ្នកដទៃ។ 

ការកុហកជារឿងដ៏ធម្មតានៃសង្គមមនុស្ស

  • តើអ្នកគិតយ៉ាងណាដែរ ចំពោះការកុហក?

មនុស្សជាច្រើន តែងមានគំនិតអវិជ្ជមាននៅពេលលឺពាក្យថាកុហក ប៉ុន្តែតើពួកគេជាមនុស្សស្មោះត្រង់ និងមិនដែលកុហកសោះរឺ? តាមពិតទៅ ការកុហកជារឿងដែលសាមញ្ញទៅហើយក្នុងសង្គម។ នរណាក៏សុទ្ធតែធ្លាប់កុហកដែរ ហើយការកុហកនីមួយៗ ក៏មានលក្ខណៈខុសៗគ្នាដែរ។ ជាក់ស្តែងការកុហកមួយចំនួន មានគោលបំណងមិនល្អ ចង់បោកប្រាស់ក្នុងន័យមិនល្អ ចង់កេងចំណេញលើអ្នកដទៃ ដែលសុទ្ធជាអ្វីដែលមនុស្សគ្រប់គ្នាស្អប់នោះ ប៉ុន្តែផ្ទុយទៅវិញយើងគ្រប់គ្នាសុទ្ធតែធ្លាប់កុហកក្នុងស្ថានភាពមួយចំនួន ដើម្បីគ្រាន់តែធ្វើឱ្យគេមានអារម្មណ៏ល្អ ឬដើម្បីគ្រាន់តែមិនចង់ឱ្យអ្នកដទៃពិបាកចិត្ត ឬដើម្បីគ្រាន់តែលាក់បាំងអ្វីដែលគេគិតថាគេមិនចាំបាច់ត្រូវឱ្យអ្នកដទៃដឹងជាដើម។ ឧទាហរណ៏ នៅពេលដែលមិត្តភក្តិហៅអ្នកទៅដើរលេង ប៉ុន្តែអ្នករវល់មិនអាចទៅបាន ដូចនេះអ្នកគ្រាន់តែបង្កើតការកុហកដើម្បីអាចដោះសារដោយមិនចាំបាច់បដិសេធដោយផ្ទាល់ប៉ុណ្ណោះ។ 

តើមាននរណាម្នាក់ដែលអាចរស់នៅដោយមិនមានការកុហក?

ជាក់ស្តែង បើអ្នកចំណាំចាំរាប់ខ្លួនឯងវិញ តើមួយថ្ងៃអ្នកអាចនឹងកុហកម្តង ពីរដង ឬក៏ច្រើនដង អ្នកប្រាកដជារាប់បានមិនតិចនោះទេ។ វាអាស្រ័យទៅនឹងកាលៈទេសៈជាក់ស្តែង ហើយគ្មាននរណាម្នាក់ដែលចៀសផុតត្រូវនិយាយកុហកនោះទេ។ ពេលខ្លះនៅពេលកំពុងតែនិយាយកុហក យើងខ្លួនឯងក៏ពិបាកនឹងទទួលស្គាល់ថាខ្លួនឯងកំពុងនិយាយកុហកនោះដែរ ជាពិសេសនៅពេលដែលការកុហកនោះអាចនឹងធ្វើឱ្យអ្នកបានប្រយោជន៏មកវិញអ្វីមួយ។ ភាពល្អ ស្មោះត្រង់ ភាពបោកប្រាស់ សុទ្ធតែជាអ្វីដែលពិបាកនឹងកំណត់ជាក់ស្តែង ជាមួយនឹងសកម្មភាពរបស់យើងម្នាក់ៗក្នុងសង្គមទាំងមូល។ ដូចនេះ គ្មានអ្វីដែលល្អជាងព្យាយាមកុំធ្វើការកុហកក្នុងស្ថានការណ៏មួយដែលបោកប្រាស់ ធ្វើឱ្យអ្នកដទៃប៉ះពាល់ឱ្យសោះ ប៉ុន្តែផ្ទុយទៅវិញសម្រាប់ករណីមួយចំនួន ការកុហកគឺជារឿងដែលសាមញ្ញ និងធម្មតាដែលយើងម្នាក់ៗនឹងត្រូវប្រឈម ហើយធ្វើការសម្រេចចិត្តថាតើគួរនិយាយកុហក ឬអត់ ហើយបើគួរកុហក គួរធ្វើវាត្រឹមកម្រិតណា។ 

យ៉ាងណាក៏ដោយ ការសិក្សានេះមិនមានបំណងចង់ឱ្យនរណាម្នាក់ព្យាយាមកុហកនោះទេ ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថាការកុហកមិនសុទ្ធតែមិនល្អនោះទេ ហើយអ្នកដែលពូកែកុហកក៏អាចក្លាយជាអ្នកជោគជ័យផងដែរ។ ហើយសម្រាប់កុមារតូចៗវិញ សមត្ថភាពនេះគួរជាអ្វីដែលពួកគេត្រូវពង្រឹងដោយខ្លួនឯង ដោយសារវាជាលំហាត់ប្រាជ្ញា និងខួរក្បាលដ៏ពិសេស និងដ៏ជាក់ស្តែងសម្រាប់ពួកគេ ប៉ុន្តែពួកគេគួរត្រូវយល់ដឹងផងដែរអំពីផលប៉ះពាល់ និងឥទ្ធិពលរបស់ពាក្យកុហកនោះផងដែរ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម