Stephen Hawking ទៅចាកចោលយើងមែន តែទស្សនៈល្អៗទាំង ១៣ នេះធ្វើឱ្យយើងស្រណោះគាត់ណាស់!
Connect with us

គួរដឹង

Stephen Hawking ទៅចាកចោលយើងមែន តែទស្សនៈល្អៗទាំង ១៣ នេះធ្វើឱ្យយើងស្រណោះគាត់ណាស់!

លោក​ Stephen Hawking ជា​រូប​វិទូ​សញ្ជាតិ​អង់គ្លេស លោកជា​តារា​វិទូ និង​ជា​អ្នក​ប្រាជ្ញ​គណិត​វិជ្ជា​ដ៏​ល្បី​ល្បាញបន្ទាប់ពី លោក Albert Einstein​។ លោកក៏បានបន្សល់នូវស្នាដៃ សមទ្ធផលជាច្រើនសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់​ពួក​អ្នកសិក្សាស្រាវជ្រាវនូវវិទ្យាសាស្ត្រ។ នៅក្នុងនោះផងដែរ លោកក៏មាននូវគំនិត ទស្សនៈជាច្រើនសម្រាប់ឱ្យមនុស្សយើងគិត​ពិចារណាបានវែងឆ្ងាយ ដើម្បអភិវឌ្ឍផ្នែកគំនិតបន្ថែមទៀត។

ខាងក្រោមនេះ គឺជាកម្រនៃទស្សនៈរបស់លោក កាលពីគាត់នៅមានជីវិតនៅឡើយ៖ 

១. «ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់ ​ដែល​បច្ចុប្បន្ន​នេះ​យើង​មិន​អើពើ​នឹង​​រឿង​រ៉ាវ​ដូច​ជា​​រូបវិទ្យា, លំហអាកាស, ចក្រវាល, ទស្សនវិជ្ជា​​​ពី​ការ​កកើត​នៃ​មនុស្ស​, គោល​បំណង​របស់​ពួក​យើង និងគោលដៅ​ចុង​ក្រោយ​របស់​​ពួក​យើង។ ពិភព​លោក​ខាង​ក្រៅ​មាន​រឿង​ប្លែក​ៗ​ជា​ច្រើន​ទៀត។ សូមយកចិត្តទុកដាក់​ខ្លះ​ទៅ!» ។

​​២. «គោល​បំណង​របស់​ខ្ញុំ ​គឺ​សាមញ្ញណាស់។ គឺ​ចង់​ស្វែងយល់​ពី​ចក្រវាល​ទាំង​មូល​ឲ្យ​បាន​ច្បាស់ ហេតុអ្វី​បាន​ជា​វា​បែប​នេះ និងហេតុអ្វី​មាន​ជា​មនុស្ស​កកើត​ឡើង» ។

៣. «ទី១ ត្រូវ​ងើយ​មើល​មេឃ​ មិន​ត្រូវ​​អោន​​ក្បាល​ចុះ​ក្រោម​នោះ​ទេ។ ទី២ មិន​ត្រូវ​បោះបង់​ការងារ​ចោល។ ព្រោះការងារ​​ផ្ដល់​ឲ្យ​អ្នក​នូវ​អត្ថន័យ​​ជីវិត និង​គោល​បំណង ហើយ​ជីវិត​ទទេ​ស្អាត​បើ​គ្មាន​ការងារ។ ទី៣ ប្រសិន​បើ​អ្នក​មាន​សំណាង​ជួប​ស្នេហ៍ ត្រូវ​ចង​ចាំ​វា និង​មិន​ត្រូវ​​បោះបង់​វា​ចោល​នោះ​ទេ» ។

៤. «ច្បាប់​មូលដ្ឋាន​នៃ​ចក្រវាល​ គឺ​មិន​មាន​អ្វី​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ល្អ​ឥត​ខ្ចោះ​មិន​មាន​នោះ​ទេ…ប្រសិន​បើ​មិន​មាន​ភាព​ មិន​ល្អ​ឥត​ខ្ចោះ នោះ​ក៏​មិន​មាន​វត្តមាន​ខ្ញុំ​ និង​អ្នក​ដែរ»។

៥. «មនុស្ស​ដែល​​មាន​អំនួត ​​​នឹង​​ប្រាជ្ញា​របស់​ខ្លួន​ ជា​ជន​បរាជ័យ»។

៦. «ក្ដី​សង្ឃឹម​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​ដល់​សូន្យ​នៅ​វ័យ​ ២១ ឆ្នាំ។ អ្វី​ៗគ្រប់​យ៉ាង​ដែល​កើត​មាន​ចាប់​តាំង​​ពី​ពេល​នោះ ​គឺ​ជា​​អំណោយ»។

៧. «មនុស្ស​ស្ងប់​ស្ងាត់​ មាន​​គំនិត​ច្រើន​បំផុត»។

៨. «យើង​គ្រាន់​តែ​ជាពូជ​ស្វា ​ដែល​រីក​លូតលាស់​លឿននៅ​លើ​ភព​មួយប៉ុណ្ណោះ។ ប៉ុន្តែ ​យើង​អាច​ស្វែង​យល់​ពី​ចក្រវាល វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​យើង​មាន​លក្ខណៈ​ពិសេស» ។

៩. «ជីវិត​ច្បាស់​ជា​​មាន​ពោរពេញ​ដោយ​ក្ដី​ទុក្ខ ប្រសិន​បើ​គ្មាន​​ភាព​សប្បាយ​រីករាយ​ទេ​នោះ» ។

១០. «ជា​ច្រើន​លាន​ឆ្នាំ មនុស្ស​លោក​រស់​នៅ​ដូច​ជា​សត្វ។ ប៉ុន្តែ​ មាន​រឿង​បាន​កើត​ឡើង ដែល​​​​​បញ្ចេញ​ថាមពល​នៃ​ការ​គិត​របស់​មនុស្ស។ យើង​បាន​រៀន​និយាយ​ និង​រៀន​ស្ដាប់។ ការ​និយាយ​ស្ដី​ ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​នៃ​គំនិត អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​បង្កើត​អ្វី​ដែល​មិន​អាច​ទៅ​រួច។ សមិទ្ធផល​ទាំង​ឡាយ​​របស់​មនុស្ស​ជាតិ គឺ​បាន​មក​ដោយ​សារ​​ការ​ជជែក​គ្នា​​​ ហើយ​ភាព​បរាជ័យ​ទាំង​ឡាយ​ដោយ​សារ​ការ​មិន​ជជែក​គ្នា។ វា​មិន​គួរ​បែប​នេះ​ទេ។ ក្ដី​សង្ឃឹម​ដ៏​ធំ​ធេង​របស់​ពួក​យើង​ អាច​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​អនាគត។ ជា​មួយ​បច្ចេកវិទ្យា​​ ដែល​យើង​អាច​ប្រើ​ប្រាស់​បាន​តាម​ចិត្ត ភាព​អាច​ទៅ​រួច​គឺ​គ្មាន​ព្រំ​ដែន​នោះ​ទេ។ អ្វី​ដែល​​យើង​ត្រូវ​ធ្វើ​ គឺ​ត្រូវ​ប្រាកដ​ថា​យើង​ចេះ​​ជជែក​គ្នា» ។

១១. «ភាព​វ័យ​ឆ្លាត​ គឺ​សមត្ថភាព​ដែល​អាច​សម្រប​ខ្លួន​​​តាមការ​ផ្លាស់​ប្ដូរ» ។

១២. «ជន​រងគ្រោះ​អាច​មាន​សិទ្ធ​បញ្ចប់​ជីវិត​ខ្លួន​ ប្រសិន​បើ​ជា​បំណង​របស់​គេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​អាច​ជា​កំហុស​ដ៏​ធំ​មួយ។ ទោះ​បី​ជា​ជីវិត​​អ្នក​ប្រហែល​ជា​មិន​​​ល្អ​​​ក្ដី​ ​នៅ​តែ​មាន​រឿង​​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ និង​ទទួល​បាន​​ជោគជ័យ​ពី​វា។ ដរាប​ណា​នៅ​មាន​ជីវិត ក្ដី​សង្ឃឹម​នៅ​តែ​មាន» ។

១៣. «ខ្ញុំ​ជឿ​ថា​ ការ​បក​ស្រាយ​ដ៏​សាមញ្ញ ​គឺ​ព្រះ​មិន​មាន​ពិត​នោះ​ទេ។ មិន​មាន​នរណា​ម្នាក់​ដែល​បាន​បង្កើត​ចក្រវាល​ និង​​មិន​មាន​នរណា​កំណត់​ជោគ​វាសនា​របស់​យើង​នោះ​ទេ។ វា​នាំ​​​ឲ្យ​ខ្ញុំ​​យល់​ដឹង​ថា​ ប្រហែល​ជា​មិន​មាន​ឋានសួគ៌​ ហើយ​ក៏​មិន​មាន​ជីវិត​ក្រោយ​ពេល​ស្លាប់​ទៅ​ដែរ។ យើង​មិន​មាន​ជីវិត​មួយ​នេះ​ ដើម្បី​ដឹង​គុណ​ចំពោះ​នឹង​​ចក្រវាល​ ហើយ​ចំពោះ​​ចំណុច​នេះ ​គឺ​ខ្ញុំ​ពិត​ជា​​ដឹង​គុណ​ចក្រវាល​ណាស់» ។​​​

បន្ទាប់ពីប្រិយមិត្តអ្នកអាន បានអាននូវទស្សនៈផ្សេងៗរបស់គាត់ខាងលើនេះ ឃើញថាគាត់ជាមនុស្សដែលមានការព្យាយាមខ្ពស់ មានចំណេះដឹងពិតប្រាកដជាមូលដ្ឋាន និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺគាត់មិនអស់សង្ឃឹមនឹងជីវិត​របស់គាត់ទេ ទោះបីធ្លាក់ខ្លួនឈឺ ដោយជំងឺរុករានក្នុងរាងកាយយ៉ាងណា ក៏លោកនៅតែបន្តការងាររហូតបានសម្រេច ថែមទាំង​កសាងកេរ្តិ៍ឲ្យល្បីល្បាញគួរជាទីមោទនបំផុត។ ដូច្នេះអ្នកទាំងអស់គ្នា ក៏កុំអស់សង្ឃឹម ទោះបីពេលនេះអ្នកមិនទាន់​ជោគ​ជ័យក្តី ក៏ត្រូវ​តែខំប្រឹងបន្ថែមទៀត​ បន្តក្តីស្រមៃរបស់ខ្លួនដើម្បីស្គាល់រសនៃជីវិតពិតប្រាកដ។

គួបញ្ជាក់ផងដែរថា លោក​ Stephen Hawking ដែលជាអ្នក​ប្រាជ្ញ​រូបវិទ្យា លោកបានទទួលមរណៈភាព កាលពី​ថ្ងៃ​ពុធ ទី14 ខែមី​ ​ម្សិលមិញ​នេះ​ ក្នុងអាយុ​ ៧៦ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានបរទេស (BBC) ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម