តើការច្រណែនអ្នកដទៃជះឥទ្ធិពលអវិជ្ជមានដល់អ្នកយ៉ាងណាខ្លះ?
Connect with us

បែបផែនជីវិត

តើការច្រណែនអ្នកដទៃជះឥទ្ធិពលអវិជ្ជមានដល់អ្នកយ៉ាងណាខ្លះ?

នៅក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលពោរពេញទៅដោយការប្រកួតប្រជែង មនុស្សអាចនឹងមានអារម្មណ៍ច្រណែនអ្នកដទៃ នៅពេលដែលឃើញអ្នកដទៃរៀនពូកែជាង មានការងារល្អនិងរកប្រាក់ចំណូលបានច្រើនជាង មានការរីកចម្រើនលឿនជាង រឺមានអ្វីផ្សេងៗទៀតដែលល្អជាងខ្លួន។ ការច្រណែនគឺជារឿងដ៏សាមញ្ញមួួយ​ ដោយសារតែមនុស្សជាទូទៅតែងធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដែលនៅជុំវិញខ្លួន។ បើទោះបីវាអាចជាសារជាតិរបស់មនុស្ស ការច្រណែនអ្នកដទៃនេះបានត្រឹមតែបំផ្លាញខ្លួនរបស់អ្នកតែប៉ុណ្ណោះ។

ការច្រណែនអាចធ្វើឲ្យអ្នកបាត់បង់សមត្ថភាពក្នុងការគិតនិងការខិតខំប្រឹងប្រែង។ អ្នកអាចនឹងមើលមិនឃើញពីការ​វិវត្តរបស់ខ្លួនឯង ដោយសារគោលដៅរបស់អ្នកគឺធ្វើឲ្យបានដូចគេ។​ ដូច្នេះហើយ អ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តដោយងាយ នៅពេលដែលអ្នកគិតថាខ្លួនមិនមានការរីកចម្រើន ហើយមិនអាចឈានដល់កម្រិតអ្នកដទៃបាន។

លើសពីនេះ ការច្រណែនរបស់អ្នកធ្វើឲ្យអ្នកមើលមិនឃើញពីចំណុចខ្លាំងរបស់ខ្លួនឯង ហើយក៏មិនអាចមើលឃើញពីចំណុចខ្សោយរបស់អ្នកដទៃផងដែរ។ អ្វីដែលអ្នកតែងតែគិតគឺ អ្នកមិនខ្លាំងដូចគេ។មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលតែងខ្វល់ខ្វាយជាមួួយនឹងភាពជោគជ័យរបស់អ្នកដទៃ គឺមិនអាចមើលដឹងពីសក្ដានុពលរបស់ខ្លួនឡើយ។ បើទោះបីជាគេអាចសម្រេចបានអ្វីមួយ គេនៅតែគិតថា វាគ្មានអ្វីអស្ចារ្យនោះទេ បើប្រៀបជាមួយអ្នកដទៃ។ ហេតុដូចនេះហើយ មនុស្សដែលមានភាពច្រណែនអ្នកជុំវិញខ្លួននឹងមិនមានអារម្មណ៍ពេញចិត្តជាមួយនឹងជីវិតរបស់ខ្លួនឯងឡើយ។

ប៉ុន្ដែជាការពិតណាស់ គ្មាននរណាម្នាក់ដែលពូកែដាច់គេនោះទេ។ វាជារឿងធម្មតាដែលតែងតែមានអ្នកឆ្លាតជាងយើង ពូកែជាងយើង រឺល្អជាងយើង។ អ្នកដែលតែងច្រណែនអ្នកដទៃនឹងមិនចេះស្កប់ស្កល់នោះឡើយ ហើយអ្នកត្រូវតែចងចាំថា មានតែការជំរុញលើកទឹកចិត្តចេញពីខ្លួនឯងតែងនាំមកនូវលទ្ធផលល្អប្រសើរ ជាជាងការខិតខំដោយសារតែច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ។

តើយើងគួរធ្វើបែបណាដើម្បីបញ្ឈប់ការច្រណែននេះ?

ជាជាងការផ្ដោតអារម្មណ៍ទៅលើភាពជោគជ័យរបស់អ្នកដទៃ អ្នកគួរសួរខ្លួនឯងថា “តើអ្វីជាគោលដៅក្នុងជីវិតរបស់អ្នកពិតប្រាកដ?”។ អ្នកត្រូវចងចាំថា មនុស្សម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន ហើយភាពជោគជ័យគឺស្ថិតនៅលើខ្លួនអ្នកថា អ្នកឲ្យនិយមន័យវាបែបណា។ ចូររស់នៅជីវិតរបស់អ្នកផ្ទាល់ ហើយកុំបណ្ដោយឲ្យការភាពជោគជ័យរបស់អ្នកដទៃបំផ្លាញគោលដៅនិងសុភមង្គលរបស់អ្នក៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ បើមិត្តភក្តិអ្នកមាន ៧ ចំណុចនេះបញ្ជាក់ថាគេកំពុងច្រណែនឈ្នានីសនឹងអ្នកហើយ

មិត្តភក្តិ គឺជាអ្នកដែលយើងម្នាក់ៗអាចរួមសុខ រួមទុក្ខ និងចែករំលែកភាពសប្បាយរីករាយ ភាពសោកសៅជាមួយគ្នាបាន។ មិត្តភក្តិ គឺអាចជាមនុស្សដែលយល់ពីអ្នក ជាងនរណាៗ ទាំងអស់ ប៉ុន្តែក៏មិនប្រាកដថាគ្រប់មិត្តភក្តិរបស់យើងម្នាក់ៗ សុទ្ធតែល្អដូចអ្វីដែលយើងគិតនោះទេ។ ខាងក្រោមនេះ ជាចំណុច ៧ យ៉ាង ដែលអាចបញ្ជាក់ពីភាពច្រណែនឈ្នានីស ដែលមិត្តភក្តិរបស់អ្នកអាចនឹងមាន អាចនឹងកំពុងតែគិតមកលើរូបអ្នក៖ 

១. ពួកគេចង់ឃើញអ្នកបរាជ័យ ប៉ុន្តែសម្តែងចេញថាចង់ឃើញអ្នកជោគជ័យ

ក្នុងចំណោមមិត្តភក្តិទាំងអស់ មិត្តភក្តិប្រភេទនេះ តែងតែធ្វើល្អ ហើយបង្ហាញថាចង់ឃើញនូវជោគជ័យរបស់អ្នក ប៉ុន្តែតាមពិតទៅ ពួកគេមិនត្រឹមតែមិនជួយជ្រោមជ្រែងអ្នកឱ្យបានជោគជ័យនោះទេ ពួកគេថែមទាំងមានគំនិតអាក្រក់ ចង់ឃើញអ្នកបរាជ័យ។ ពួកគេអាចនឹងធ្វើអ្វីៗ ដើម្បីឱ្យអ្នកបរាជ័យផងដែរ។

២​. ពួកគេមិនទុកចិត្តនូវទង្វើល្អរបស់អ្នក

“ស៊ីលៀស រអៀសខ្លួន” ជាអ្វីដែលអាចប្រៀបធៀបទៅនឹងស្ថានការណ៏នេះបាន។ ដោយសារពួកគេមិនមានទឹកចិត្តស្មោះចំពោះអ្នក ដូចនេះនៅពេលដែលអ្នកធ្វើអំពើល្អ ក្នុងនាមជាមិត្តភក្តិល្អជាមួយគេ គេនឹងមិនទុកចិត្ត ហើយព្យាយាមចាប់កំហុសរបស់អ្នកគ្រប់ពេល។

៣. ពួកគេមានអារម្មណ៏មិនល្អ អារម្មណ៏ចាញ់ប្រៀប នៅពេលដែលអ្នកនៅក្បែរ

អាចជាអ្វីដែលធ្វើឱ្យពួកគេមានទឹកចិត្តច្រណែន គឺដោយសារពួកគេមានអារម្មណ៏ថាអ្នកកំពុងតែដណ្តើមអ្វីម្យ៉ាង មានអារម្មណ៏ថាពួកគេចាញ់ប្រៀបអ្នក នៅពេលដែលមានអ្នកនៅក្បែរ។ ខុសពីអារម្មណ៏មិត្តភាព ពួកគេរមែងគិតថាអ្នកជាគូសត្រូវទៅវិញ។

៤. ពួកគេព្យាយាមធ្វើឱ្យបានល្អជាងអ្នក

ពិតមែនថាមនុស្សម្នាក់ៗ តែងចង់ទទួលបានលទ្ធផលល្អ មិនថាកំពុងធ្វើអ្វីនោះទេ។ ប៉ុន្តែពួកគេ មិនមែនគ្រាន់តែចង់ជោគជ័យសម្រាប់ខ្លួនឯងនោះទេ អ្វីដែលពួកគេខំប្រឹងសម្រេចឱ្យបាននោះ គឺធ្វើយ៉ាងណាឱ្យពួកគេល្អជាងអ្នក ជោគជ័យលើសអ្នកតែប៉ុណ្ណោះ។

៥. ពួកគេមិនដែលពេញចិត្តនឹងអ្វីដែលខ្លួនមាននោះទេ

ថ្វីបើគេជោគជ័យដល់កម្រិតណាក៏ដោយ អ្វីដែលធ្វើឱ្យគេនៅតែមិនសប្បាយចិត្ត មិនស្កប់ស្កល់គឺភាពជោគជ័យរបស់អ្នក។ 

៦. ពួកគេមិនដែលឱ្យតម្លៃលើការជួយរបស់អ្នកនោះទេ

មិនថាអ្នកព្យាយាមយ៉ាងណា ដើម្បីជួយគេ ដើម្បីជម្រុញឱ្យគេបានជោគជ័យនោះទេ គេនឹងមិនឱ្យតម្លៃទៅលើអ្វីដែលអ្នកបានជួយគេនោះទេ ដោយសារគេមិនបានឱ្យតម្លៃទៅលើមិត្តភាពរបស់អ្នក។

៧. ពួកគេអាចជាមិត្តភក្តិជិតស្និទ្ធ ឬអាចជាមិត្តភក្តិល្អបំផុតរបស់អ្នក

អ្នកប្រហែលជាមិននឹកស្មានដល់ឡើយ ថាអ្នកដែលច្រណែន ស្អប់អ្នកជាងគេបង្អស់នោះ អាចជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នក៕

 

មតិយោបល់

ពេញនិយម