នេះហើយប្រវត្តិដ៏អស្ចារ្យរបស់ល្បែងអុកខ្មែរ «ចត្រង្គ» ដែលពុំសូវមានអ្នកដឹង!
Connect with us

គួរដឹង

នេះហើយប្រវត្តិដ៏អស្ចារ្យរបស់ល្បែងអុកខ្មែរ «ចត្រង្គ» ដែលពុំសូវមានអ្នកដឹង!

ការដុសខាតគំនិត និងធ្វើឱ្យខួរក្បាលរបស់មនុស្សមានភាពឆ្លាតវៃ រហ័សរហួនជាមុន ភាគច្រើនមនុស្សយើងជំនាន់មុនបានជ្រើសរើសយក «ល្បែងអុក» ឬ ហៅម្យ៉ាងទៀតថា «ចត្រង្គ» ដែលបន្តរហូតដល់ពេលចប្ចុប្បន្ន។ ចង់ដឹងថាល្បែងអុកនេះ មានប្រវត្តិ និងដើមកំណើតមកទាំងពីពេលណា? សូមអានអត្ថបទខាងក្រោមដូចតទៅ៖

«អុក ឬ ចត្រង្គ» ជាល្បែងកម្សាន្តមួយប្រភេទ ដែលពេញនិយមនៅក្នុង​​ប្រទេស​កម្ពុជា​រហូតសព្វថ្ងៃ។ ល្បែងមួយប្រភេទនេះបានចាប់កំណើតឡើង នៅក្នុងសម័យអង្គរ នាឆ្នាំ៨០០ នៃគ្រឹស្ត​សករាជ។ ប្រជាជនខ្មែរយើងនិយមចូលចិត្តលេងអុកនេះខ្លាំង​ណាស់ ព្រោះថាការលេងអុកនេះ គឺ​មិន​ខុស​ពី​យុទ្ធសាស្រ្តក្នុងការរៀបចំក្បួនទ័ព ក្នុងការធ្វើសឹក​សង្រ្គាមនោះឡើយ។ ល្បែង​អុក​​​នេះ យើងអាច​​លេង​​ដោយមនុស្ស​២​នាក់ ឬដោយមនុស្ស ២ក្រុម ដែលធ្វើ​ឲ្យ​ការ​លេង​​​កាន់​តែជក់ចិត្ត និងអស្ចារ្យ។

ល្បែងប្រភេទនេះ គឺជាល្បែងកម្សាន្តមួយប្រភេទដែលធ្វើឲ្យមនុស្សមានការឈ្លាសវៃជាងមុន ព្រោះត្រូវរៀបចំក្បួនប្រយុទ្ធ​នឹង​សត្រូវ វាយប្រហារ រត់គេច និងការការពារជាដើម។ ភាគច្រើនអ្នកដែលនិយមចូលចិត្តលេងល្បែងអុកនេះ តែងតែជាកងទ័ព មេទ័ព (ពីបុរាណ) ព្រោះវាស្រដៀងគ្នានឹងការរៀបចំការប្រយុទ្ធលើសមរភូមិដែរ។

អ្វីដែលពិសេសជាងនេះ គឺបានធ្វើឲ្យមនុស្សប្រើខួរក្បាលគិតបានច្រើន លើការដើរម្តងៗដោយប្រុងប្រយ័ត្ន និងត្រូវវាយសត្រូវនៅ​ពេល​ណា ទើបអាចទទួលយកជ័យជម្នះបាន។ ដូច្នេះ អ្នកដែលមានប្រាជ្ញាអន់ជាងសត្រូវ អ្នកនោះនឹងត្រូវចាញ់ក្នុងល្បែងមួយ​នេះពុំខាន។

នៅតាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ​មួយចំនួន ក៏មានតឹកតាងបញ្ជាក់ពីល្បែងអុកនេះដែរ។ ដូចជា​នៅ​ ប្រាសាទ​បាពួន អង្គរវត្ត​ បាយ័ននិង​ ព្រះខ័ន​ នា​តំបន់​សៀមរាប​អង្គរ​ ដែលយើងមើល​ឃើញ​មាន​ចម្លាក់​មនុស្ស​អង្គុយ​លេង​ល្បែង​ចត្រង្គ ឬ​អុក ដោយ​មាន​វត្តមាន​របស់​អ្នក​មើល​ជា​ច្រើន​នាក់ នៅ​ជុំវិញ​គូបដិបក្ខ។​ ​

ពាក្យ “​ចត្រង្គ”​ មកពី​ពាក្យ​សំស្ក្រឹត មាន​ន័យ​ដូចគ្នា​នឹង​ពាក្យ​ខ្មែរថា​ “អុក”។ ពាក្យ​ចត្រង្គ ដែល​បាន​ឲ្យ​កំណើត​មកជា​ពាក្យ​​អុករបស់ខ្មែរ​បច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ព​ទាំង៤គឺ ​«ទ័ព​សេះ,​ ទ័ពដំរី​, ទ័ពថ្មើរជើង និង​ជើង​ទឹក» ហើយ​អាច​​ជា​សញ្ញា​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា វា​ជា​ការរៀបចំ​ទ័ព​ទាំង៤ប្រភេទ​ខាងលើ​នេះ ដែល​ជា​កាតព្វកិច្ច​របស់​មេទ័ព​ផងដែរ ។ រីឯ​ពាក្យ​អុក​វិញ ដែលជាពាក្យ​ខ្មែរ​សុទ្ធសាធ មានន័យថា «ដាក់​កូនអុក​នៅត្រង់​ក្រឡា​សម្លាប់ដោយ​ធ្ងន់​ដៃ ហើយ​ថែមទាំង​ប្រាប់​ដៃគូ​ឲ្យដឹង​ខ្លួន​ថាខ្លួន​កំពុង​អុក​ផង»។​ ​ ​​ម្យ៉ាងវិញទៀត យើង​ក៏​អាចសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា ដូនតា​ខ្មែរ​បាន​និយម​ល្បែង​ចត្រង្គ​ ឬ​អុក​នេះ តាំងពី​បុរាណកាល​មកម៉េ្លះ នេះ​បើ​យោង​លើ​រូបចម្លាក់​តាម​ប្រាង្គ​ប្រាសាទបុរាណ​នា​សម័យអង្គរ។​

តាម​ការស្រាវជ្រាវ​របស់​យើង ថ្វី​ត្បិត​តែ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​វត្តមាន​របស់​ល្បែង​ចត្រង្គ​នេះនា​សម័យ​បុរេ​អង្គរ​ក្ដី ក៏ប៉ុន្ដែ​​យើង​យល់បានថា ល្បែង​ដ៏​ឧត្តុង្គឧត្តម​នេះ ត្រូវបាន​នាំ​ចូល​មក​ជ្រោយ​សុវណ្ណ​ភូមិ ឬ​សុវណ្ណ​ទ្វីប​ដោយ​ជនជាតិ​ឥណ្ឌា នា​ដើម​ស​.​វ​ទី​១ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ។ ល្បែង​ឥណ្ឌា​នេះ​ ​បាន​ទៅដល់​ប្រទេស​ពែ​ស្ស៍ ហើយក៏​បាន​បន្ដដំណើរ​ទៅ​កាន់​ប្រទេស​​​អឺរ៉ុប​ខាងលិច និង​ប្រទេស​រុស្សី​ផងដែរ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម ចាប់តាំងពី​សតវត្ស​ទី៩។ ល្បែង​ចត្រង្គ​ខ្មែរ​ក៏​ដូចជា ឥណ្ឌា​ដែរ គឺមាន ៦៤ ក្រឡា ហើយ​ចែកចេញជា​កូន​ខុន​(​ស្ដេច​), កូន​នាង​(​អគ្គមហេសី​), កូន​សេះ​(​មេទ័ព​), និង​កូនគោល​(​ទ័ព​ស្រួច​) ហើយ​កូន​ទូក និង​ត្រី​ (​សេនា​)។​ ​ ​ជាក់ស្ដែង​នៅក្នុង​រឿង​មហា​ភារត​ឥណ្ឌា យើង​បានឃើញ​មានការ​ពិពណ៌នា​អំពី ការ​ភ្នាល់​លេងអុក​រវាង​ក្រុម​បាណ​វៈ និង​កៅរ​វៈ។ យ៉ាងណាមិញ យើង​ក៏​បាន​ដឹង​ដែរ​ថា ព្រះ​គ្រិស្ណៈ ក៏​បាន​លេងល្បែង​ចត្រង្គ​ជាមួយ​ព្រះ​នាង រ​ធា ផងដែរ ដោយល្បែងនោះមាន ៦៤ក្រឡា​ ដូច​ល្បែង​អុក​សព្វថ្ងៃនេះដែរ។​

ចំណុច​សំខាន់​នៃ​ទេវ​កថា​នេះ ​ត្រូវបាន​ឆ្លាក់​នៅតាម​ប្រាង្គ​ប្រាសាទ​សិលា​ខ្មែរ ហើយមាន​ការ​ភ្នាល់​ដាក់​ នគរ ប្រពន្ធ កូន ដោយ​ការ​លេងអុក ដែលជា​មូលហេតុ​នៃ​សង្គ្រាម​ស៊ីសាច់ហុតឈាម​គ្នាផង។ ក្នុង​រឿង​រាមកេរ្ដិ៍​ខ្មែរ យើង​ក៏​ឃើញ​មេទ័ព​ស្វា គឺ​សត្វហនុមាន​លេង​អុកចត្រង្គ​បណ្ដើរ លើកជើង​ទទួល​ថ្ម​បណ្ដើរ រួច​បោះ​ទៅ​ក្នុង​ទឹក​មហាសមុទ្រ ដើម្បី​ធ្វើ​ជា​ស្ពាន​ទៅ​កាន់​កោះ​លង្កា។​

ក្នុង​​រឿងកាកី ដែល​ជា​ស្នា​ព្រះ​ហត្ថ​របស់ ​ព្រះបាទ​អង្គឌួង ក៏យើង​​ឃើញ​មានលេង​ល្បែង​អុក​ដែរ។ ស្ដេច​គ្រុឌ​ប្រែ​ក្រឡាជា​កម្លោះ ​មក​លេងអុក​ជា​មួយ​ព្រះបាទ​ព្រហ្ម​ទ​ត្ត រួចហើយ​ក៏​ឆក់​យក​នាង​កាកី​ហោះ​បាត់ទៅ។ នេះ​ឥត​និយាយ​ដល់​រឿង​ធ​ញ្ជ័​យ ដែល​លេងអុក​ផង។ ដូចនេះ ការ​លេងអុក​នៅ​ប្រទេស​ខ្មែរ​មាន​អត្ថន័យ​ដូចគ្នា នឹង​ការ​លេងអុក​នៅ​ប្រទេស​ឥណ្ឌា និង​បាន​ប្រសូត្រ​ចេញពី​ប្រភព​តែមួយ។​

ដោយ​ភាព​វិសេសវិសាល​នេះហើយ ទើប​មាន​ការឲ្យ​ន័យថា “ល្បែង​អុកចត្រង្គ”​ ​ពី​ដើម​ពិតជា​សំដៅ​ដល់​ការរៀបចំ​ទ័ព​ទាំង៤ ឲ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ មុនពេល​ចេញ​ទៅ​ច្បាំង​នៅ​សមរភូមិ។ បានសេចក្ដីថា ល្បែង​អុកចត្រង្គ​នេះ ជា​ល្បែង​ដ៏​ថ្លៃថ្លា​បំផុត ព្រោះ​ផ្ដល់នូវ​បច្ចេកទេស និង​យុទ្ធសាស្ត្រ​លេង​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ និង​សក្ដានុពល​ខាង​ផ្លូវចិត្ត ឬ​បញ្ញា​ញាណ និង​ផ្លូវកាយ។ ដៃគូ​ដែល​លេងមួយនេះសុទ្ធតែអ្នក​ខ្លាំងពូកែ ពោល​គឺ​ពោរពេញ​ទៅ​ដោយ​ស្នៀត​ខុសប្លែក​ពី​គ្នា ហើយ​នៅ​ទីបញ្ចប់​អាចធ្វើឲ្យ​គូបដិបក្ខ​ទ័លច្រក ហើយ​ស្លាប់​តែម្ដង ដោយ​ការវិភាគ​ស្ថានភាព​យ៉ាងស៊ីជម្រៅ ដូចជា តើ​ត្រូវ​ដកថយ សម្ងំយកកម្លាំង ត្រូវការពារ ឬក៏​វាយលុក​ទៅមុខ ដើម្បីយកឈ្នះលើសត្រូវរបស់ខ្លួន៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម