ដំណឹងពី​ភពអេលៀន នឹងរឹតតែ​ច្បាស់លាស់ខ្លាំង ក្រោយ​ការបាញ់បង្ហោះកែវយឺតអវកាស James Webb…
Connect with us

គួរដឹង

ដំណឹងពី​ភពអេលៀន នឹងរឹតតែ​ច្បាស់លាស់ខ្លាំង ក្រោយ​ការបាញ់បង្ហោះកែវយឺតអវកាស James Webb…

(អាមេរិក)៖ ពិតប្រាកដ​ណាស់ ជីវិតក្រៅភព ឬជីវិតអេលៀន​នៅភពផ្សេង ក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងនេះ គឺជាក្តីចម្ងល់ជាប់​ជានិច្ចសម្រាប់មនុស្ស​ជាច្រើន ដែលរស់នៅ​លើ​ភពផែនដី ហើយអ្វីដែលនាំ​ឲ្យពួកគេជឿថា មានអេលៀន​យ៉ាងពិត​ប្រាកដ​នោះ គឺយោងទៅ​ការសិក្សាកន្លងមក អំពីភព​ទាំង ៨ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ និងការរកឃើញ​ភពរាប់ពាន់ទៀត នៅប្រព័ន្ធព្រះអាទិត្យ​ផ្សេងពីយើង ដែលខ្លះមានគន្លង​ត្រឹមត្រូវ​ដូចភពផែនដី។ នេះបើតាមការ​ដកស្រង់​ទិន្ន័យពី Space.com និង វែបសាយ​អង្គការ NASA នា​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

បងប្អូនជាច្រើន​ប្រាកដជាមានក្តីសង្ឃឹម ប៉ុន្តែបងប្អូនមួយ​ចំនួនទៀត នៅតែគិតថា ជីវិតអេលៀន គឺជាការ​បោកប្រាស។ ពិតប្រាកដ​ណាស់ បងប្អូនតែងមាន​អំណះណាង​ប្រកប​ដោយភាពត្រឹមត្រូវ​រៀងៗខ្លួន ហើយសម្រាប់​រូបភាពជីវិតអេលៀន ឬថាសហោះ​កន្លង​មកនោះ គឺអាចនិយាយ​បានថា គ្រាន់តែជាការសន្និដ្ឋាន​ប៉ុណ្ណោះ ដោយអង្គការ​អវកាស និងវិទ្យាសាស្ត្រធំៗ​នៅលើសកលលោក​ ដូចជា NASA, ESA, រុស្ស៊ី, ឥណ្ឌា, ជប៉ុន ឬក៏ចិននោះ មិនដែលបាន​អះអាងថា មានជីវិតអេលៀន​ធ្លាប់មកផែនដី ឬកំពុងលាក់ខ្លួន​​ពួនអាត្មា ពីក្រសែភ្នែកយើងនោះឡើយ តែពួកគេ​ជឿជាក់ថា ចក្រវាឡដ៏ធំធេង​បែបនេះ ពិតជាមិនអាចទៅរួចទេ ដែល​ភពផែនដី​មានជីវិត​រស់នៅ​តែឯងនោះ។

ហេតុដូច្នេះហើយ​ទើបកែវយឺត​អវកាស និងតេឡេស្កូបលើ​ផែនដីជាច្រើន ត្រូវបានផលិត​ឡើង ដើម្បីបំពេញ​បេសកកម្ម ស្វែងរកជីវិត​ផ្សេងៗ និងសិក្សាអំពី​កំណកំណើត នៃចក្រវាឡ ហើយចម្លើយ​ថា មាន ឬមិនមាននោះ គឺពេលវេលា​ជាអ្នកបកស្រាយ ដោយយើងពិបាកនឹង​កំណត់ ឲ្យបានជាក់លាក់ណាស់។

តួយ៉ាងកែវយឺត​អវកាសប្រចាំប្រវត្តិសាស្ត្រ​មនុស្សជាតិ គឺ Kepler ពិតជាវត្ថុ​ដ៏អស្ចារ្យមួយ ដែលមនុស្សជាអ្នក​បង្កើតឡើង សម្រាប់សំឡឹង​មើលទៅរកអ្វី ដែលភ្នែកទទេ​របស់​មនុស្ស​​មិនអាចមើល​​ឃើញនោះឡោះយ។ Kepler ពិតជាអស្ចារ្យ​មែនហើយ ប៉ុន្តែវាដឹងត្រឹមតែ​​គន្លងនៃភព និងទំហំនៃភពដែល​វាបានអង្កេត​ឃើញប៉ុណ្ណោះ ដោយវាមិន​អាចរុករាន ឲ្យបានដឹងអ្វីបន្ថែមពី​នេះទៀត​ឡើយ។

ហេតុដូច្នេះ​ហើយទើប ១០ឆ្នាំក្រោយ​មកទៀត គឺឆ្នាំ២០១៩ ខាងមុខនេះ កែវយឺត​អវកាស​ James Webb នឹងត្រូវដង្ហែក្បួន​ដ៏ធំមហិមាមិន​ធ្លាប់មាន ឡើងទៅកាន់​ទីអវកាស ដើម្បីជួយជ្រោមជ្រែង​រាមច្បងរបស់ នោះគឺ Kepler។ និយាយឲ្យ​ចំទៅ Kepler ដើរតួជាអ្នករក​មើលភព និងស្វែងយល់លក្ខណៈ​នៃគន្លងភពនោះ គោចរជុំវិញ​ផ្កាយរបស់វា ហើយបន្ទាប់​មកទៀត James Webb ក៏មានតួនាទី​គណនាថា តើភពដែល​អាចមាន​ជីវិត​​នោះ ផ្សំឡើងពី​បរិយាកាស​អ្វី (មានសារធាតុ ឬឧស្ម័នអ្វីខ្លះ នៅក្នុង​បរិយាកាស​របស់វា)។

ជាក់ស្តែង​ការយល់ដឹងបរិយាកាស​ខាងក្រៅនៃភពមួយ ពិតជាសំខាន់​ខ្លាំងណាស់ ព្រោះថាវា នឹងអាចបញ្ជាក់ឲ្យ​យើងដឹងថា ភពនោះអាចមាន​ជីវិតរស់នៅ ឬអត់ ឬមួយក៏អាច​និយាយថា វាស្វាគមន៍​ជីវិតដែរ ឬអត់។ ឧទាហរណ៍ថា ភពមួយ​ត្រូវបាន​ James Webb អង្កេតដឹងថា មានឧស្ម័នគ្របដណ្តប់​ក្នុងបរិយាកាស​ស្រដៀងនឹងផែនដី ដូចជាមាន​អាសូត អុកស៊ីសែន ឬកាបូនឌីអុកស៊ីត និងកំហាប់បរិយាកាស​ប្រហែលគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រ​ប្រាកដជា…!!! បងប្អូនក៏ប្រាកដ​ជាមានប្រតិកម្មបែបនេះ​ដែរ។

គួរបញ្ជាក់​តាមអង្គការ NASA ឲ្យដឹងថា ដើម្បីឲ្យបាន​ដឹងថា ភពមួយមាន​បរិយាកាស​ដែលអាចទ្រទ្រង់​ជីវិត បាន ឬក៏អត់នោះ James Webb នឹង​បង្កើនរលកសញ្ញា​របស់ខ្លួន​ ជះទៅលើភពគោលដៅ ហើយវានឹងបានដឹងថា តើភពនោះ​មានទឹក មេតាន កាប៊ូម៉ូណូអុកស៊ី ឬក៏ឌីអុកស៊ីត និងអុកស៊ីសែន ដែរឬទេ។ បន្ទាប់មក​ទៀត ក្រុមអ្នក​វិទ្យាសាស្ត្រ នឹងគណនា​អំពីទំហំភព, គន្លងគោចររបស់វាពីផ្កាយរបស់វា និងរយៈពេល​នៃការគោចរផងដែរ ដើម្បីសរុបថា ជីវិតអាចកើតមាន​នៅលើវា ឬទេ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម