ហេតុអ្វីបានជាអ្នកដែលជោគជ័យក្នុងការសិក្សាមិនតែងតែជោគជ័យក្នុងឆាកជីវិត?
Connect with us

បែបផែនជីវិត

ហេតុអ្វីបានជាអ្នកដែលជោគជ័យក្នុងការសិក្សាមិនតែងតែជោគជ័យក្នុងឆាកជីវិត?

ឪពុកម្ដាយជាច្រើនតែងប្រាប់ទៅកូនៗថា បើសិនជាកូនចង់មានភាពជោគជ័យ កូនត្រូវខិតខំរៀនសូត្រឲ្យទទួលបានចំណាត់ថ្នាក់ល្អ។ តើមនុស្សប៉ុន្មាននាក់ដែលទទួលបានលេខ ១ ហើយធំឡើងក្លាយជាមនុស្សជោគជ័យ? កុមារដែលតែងទៅរៀនទាន់ម៉ោង ធ្វើគ្រប់កិច្ចការដែលគ្រូដាក់ឲ្យ ហើយតែងទទួលបានលទ្ធផលល្អនោះ អាចបែរជាកំពុងតែធ្វើការងារដែលពួកគេមិនចូលចិត្តទៅវិញ បើទោះបីជាពួកគេអាចរកលុយបានច្រើន។

តើនេះបណ្ដាលមកពីអ្វី?

ជាទូទៅដើម្បីទទួលបានជោគជ័យនៅសាលារៀន អ្នកត្រូវស្ដាប់បង្គាប់ ហើយលទ្ធផលការសិក្សាគឺស្ថិតនៅលើថាតើអ្នកធ្វើបានដូចការរំពឹងទុករបស់គ្រូដែររឺទេ។ ហើយជំនួសឱ្យការពន្យល់សិស្សពីមូលហេតុដែលពួកគេគួរធ្វើអ្វីមួយ គ្រូបង្រៀន (ឬប្រព័ន្ធសាលារៀន) តែងបង្ខំសិស្សឱ្យអនុវត្តតាមច្បាប់វិន័យ ជាហេតុធ្វើឲ្យពួកគេបាត់បង់ការផ្ដួចផ្ដើមគំនិតនិងការគិតពិចារណា។ ហើយជីវិតមិនដំណើរការដូចនេះទេ។ ដើម្បីជោគជ័យក្នុងជីវិត អ្នកត្រូវមានគំនិតប្លែកខុសពីអ្វីដែលអ្នកដទៃទៀតកំពុងធ្វើ។ លើសពីនេះទៅទៀត នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ មានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវគិតគូរ មិនមែនមានត្រឹមតែមុខវិជ្ជាសាលានោះទេឧទាហរណ៍ការរស់នៅដោយពោរពេញដោយសុភមង្គល របៀបរក្សាទំនាក់ទំនងឲ្យល្អ របៀបធ្វើការឲ្យឆ្លាត និងការដឹកនាំជីវិតប្រកបដោយអត្ថន័យ។

បុគ្គលដែលធ្វើមិនបានល្អនៅក្នុងសាលា មិនប្រាកដថាពួកគេនឹងបរាជ័យក្នុងជីវិតនោះទេ។ ជាក់ស្ដែង បុគ្គលល្បីល្បាញជាច្រើនដូចជា Steve Jobs, Richard Branson, Oprah Winfrey និង Jim Carey ជាដើមបានបោះបង់ការសិក្សាចោល រឺមិនទទួលបានលទ្ធផលល្អក្នុងសាលារៀន។ យ៉ាងណាក្ដី នេះមិនមែនមានន័យថា​ អ្នកគួរតែឈប់ខិតខំប្រឹងប្រែងរៀនសូត្រនោះដែរ។

ជីវិតគឺជាមេរៀនដ៏វែងឆ្ងាយមួយ ដូច្នេះហើយ អ្នកមិនអាចកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ដោយមើលតែផ្នែកមួយនៃជីវិតនោះទេ។ប្រសិនបើអ្នកបានបញ្ចប់ការសិក្សារួចហើយ ចូរបន្ដសិក្សាពីមេរៀនក្នុងជីវិតនានា ព្រោះអ្វីដែលអ្នកបានរៀននៅសាលានឹងមិនគ្រប់គ្រាន់ឲ្យអ្នកដឹកនាំជីវិតដ៏អស្ចារ្យមួយនោះទេ។

ប្រសិនបើអ្នកកំពុងនៅរៀន មិនថាលទ្ធផលល្អឬអាក្រក់ ចូរកុំគិតពីវាខ្លាំងពេក។ អ្នកត្រូវចងចាំថា ភាពជោគជ័យមិនសុទ្ធតែមកពីការទទួលបានពិន្ទុខ្ពស់ រឺក៏ការដែលត្រូវធ្វើតាមគេគ្រប់យ៉ាងនោះទេ តែអ្នកត្រូវចេះគិតពិចារណានិងថ្លឹងថ្លែងឲ្យបានសព្វជ្រុងជ្រោយ មុនពេលធ្វើការសម្រេចចិត្ត។

បើអ្នកជាមាតាឬបិតា ចូរកុំផ្ដោតលើតែចំណាត់ថ្នាក់ដែលកូនៗ ទទួលបាននោះទេ។ ព្យាយាមស្វែងរកសក្ដានុពលនិងទេពកោសល្យរបស់ពួកគេនោះ ទើបអាចកសាងទំនុកចិត្តរបស់ពួកគេនិងនាំពួកគេដើរទៅរកគោលដៅជីវិតនិងភាពជោគជ័យបាន៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង?

រឿងរ៉ាវម្យ៉ាងរបស់ឪពុកម្តាយជនជាតិជប៉ុន ដែលធ្វើអោយឪពុកម្តាយជនជាតិដទៃទៀត នាំគ្នាស្ងើចសរសើរ និងហួសចិត្តគ្រប់គ្នា ព្រោះតែពួកគេមិនចង់ជឿថា ជនជាតិជប៉ុននេះបណ្តោយកូនរបស់ខ្លួនដែលមានអាយុមិនទាន់ដល់១០ឆ្នាំផង អោយធ្វើដំណើរទៅសាលារៀន និងត្រលប់មកផ្ទះវិញដោយខ្លួនឯង។

ប៉ុន្តែ តើហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង? ខាងក្រោមនេះគឺជាហេតុផលធំៗដែលជម្រុញអោយពួកគេសម្រេចចិត្តហ៊ានបណ្តោយបែបនេះ៖

១. សន្តិសុខល្អ

សន្តិសុខនៅប្រទេសជប៉ុន ត្រូវបានគេចាត់ទុកជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងការរស់នៅ និងដើរហើរ ពោលអ្នកមិនចាំបាច់បារម្មណ៍បញ្ហាចាប់ជម្រិត ឆក់ប្លន់ រឺយ៉ាងណានោះទេ។ នៅតាមដងផ្លូវតូចធំសុទ្ធតែបំពាក់អោយប្រព័ន្ធកាម៉េរាសុវត្ថិភាព និងប៉ូលីសដើម្បីយាមអង្កត។ ដូច្នេះហើយទើបឪពុកម្តាយជប៉ុនហ៊ានបណ្តោយអោយកូនរបស់ខ្លួនទៅណាមកណាតែឯង។

២. ប្រជាជនចេះជួយគ្នា

ការបណ្តោយអោយកូនក្មេងធ្វើដំណើរតែម្នាក់ឯងអាចជារឿងមានគ្រោះថ្នាក់ ព្រោះតែពួកគេងាយស្រួលវវ្វេងផ្លូវ។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន ប្រជាជនពួកគេមានការជួយគ្នាសម្បើមណាស់ ពោលគឺប្រសិនជាពួកគេឃើញមានក្មេងណាដើរម្នាក់ឯងដូចជាវវ្វេងផ្លូវ ពួកគេនឹងរាយការណ៍ដល់សមត្ថភាពភ្លាមៗ។

៣. ប្រព័ន្ធយាន្តគមនាគមន៍មានគ្រប់គ្រាន់

ប្រព័ន្ធបណ្តាញគមនាគមន៍របស់ប្រទេសជប៉ុន គឺមានភាពជឿនលឿនបំផុត ដូច្នេះហើយក្មេងទាំងនោះអាចធ្វើដំណើរតាមវាជាទម្លាប់ប្រចាំថ្ងៃ ដោយមិនខ្លាចវវ្វេងនៅក្នុងការរកយាន្តជំនិះអ្វីធ្វើដំណើរនោះទេ។

៤. គ្មានជម្រើស

ការដែលឪពុកម្តាយជប៉ុនសម្រេចចិត្តធ្វើបែបនេះផងនោះ គឺដោយសារតែពួកគេពុំមានជម្រើស។ ការងារពួកគេច្រើនរាប់មិនអស់ ដែលមិនអាចអោយពួកគេចំនាយពេលទៅជូនកូនរបស់ខ្លួនទៅសាលា និងមកផ្ទះនោះទេ។ ដូច្នេះចង់រឺមិនចង់ ពួកគេត្រូវតែធ្វើបែបនេះ៕

មតិយោបល់

ពេញនិយម