ទាំងនេះហើយជាសម្ដីដែលអ្នកគួរនិយាយទៅកាន់កូនៗជារៀងរាល់ថ្ងៃ
Connect with us

គ្រួសារ & ស្នេហា

ទាំងនេះហើយជាសម្ដីដែលអ្នកគួរនិយាយទៅកាន់កូនៗជារៀងរាល់ថ្ងៃ

ក្នុងនាមជាឪពុកម្ដាយដែលតែងរវល់ជាមួយការងារ មិនថាការងារផ្ទះរឺការងារនៅកន្លែងធ្វើការ អ្នកអាចនឹងមានការធ្វេសប្រហែសក្នុងការមើលថែទាំកូនៗរបស់លោកអ្នក។ បើទោះបីជាពួកគេនៅក្មេងវ័យក៏ដោយ កុមារភាពរបស់ពួកគេក៏អាចជួបប្រទះរឿងរ៉ាវជាច្រើនដូចជា ការរងសម្ពាធពីមិត្តភក្ដិ ការបាក់ទឹកចិត្តរឺខ្វះកម្លាំងចិត្ត រឺទទួលរងការវាយប្រហារផ្សេងៗ។ ប៉ុន្ដែពាក្យសម្ដីមួយចំនួនរបស់អ្នកអាចធ្វើឲ្យជីវិតកូនៗរបស់អ្នកប្រែជាស្រស់បំព្រង ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរតែនិយាយទៅកាន់ពួកគេជារៀងរាល់ថ្ងៃ។

១. កូនជាក្មេងឆ្លាតម្នាក់៖ ក្មេងដែលមានអារម្មណ៍ថា ខ្លួនមិនសូវឆ្លាតដូចអ្នកដទៃ នឹងចុះចាញ់ទាំងពួកគេមិនទាន់បានព្យាយាមទៅទៀត ដោយពួកគេនឹងលើកឡើងថាពួកមិនឆ្លាតគ្រប់គ្រាន់នោះទេ ។ ដូច្នេះ ដើម្បីបញ្ចៀសភាពចាញ់ប្រៀបអ្នកដទៃនេះ អ្នកគួរធ្វើការសរសើរពីសមត្ថភាពរបស់ពួកគេ ជាជាងការនិយាយបង្អាប់បន្ថែម។

២. កូនប្រាកដជាអាចធ្វើបាន៖ កុមារមួយចំនួនអាចគិតថា ពួកគេមិនអាចធ្វើការកិច្ចការអ្វីមួយបាន ដូចជាការងារសាលាជាដើម។ ហេតុដូចនេះហើយ ឪពុកម្ដាយគួរលើកទឹកចិត្តកូនថា ពួកគេពិតជាអាចធ្វើអ្វីមួយបានដោយជោគជ័យ។ នេះក៏អាចធ្វើឲ្យកូនធំឡើងក្លាយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងម្នាក់ផងដែរ។

៣. ចូរកូនកុំបោះបង់អី៖ ភាពអត់ធ្មត់របស់កុមារនៅមានកម្រិតច្រើន ជាហេតុធ្វើឲ្យពួកគេងាយនឹងបោះបង់អ្វីមួយ នៅពេលដែលពួកគេជួបប្រទះបញ្ហាលំបាក។ ដូច្នេះហើយ អ្នកគួរប្រាប់ពួកគេឲ្យដឹងពីសារៈសំខាន់នៃភាពតស៊ូ ដើម្បីជាការជំរុញលើកទឹកចិត្តឲ្យពួកគេមានការខិតខំនិងអត់ធ្មត់ខ្ពស់។

៤. កូនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន៖ ការបង្រៀនឲ្យកូនចេះធ្វើការសម្រេចចិត្តខ្លួនឯង អាចធ្វើឲ្យពួកគេក្លាយជាមនុស្សដែលឯករាជ្យនិងមានជំហររ៉ឹងប៉ឹងម្នាក់។ យ៉ាងណាក្ដី អ្នកមិនអាចបណ្ដោយតាមចិត្តគេគ្រប់យ៉ាងនោះទេ ដោយហេតុថា ពួកគេត្រូវដឹងថា អ្វីៗគ្រប់យ៉ាងមិនសុទ្ធបានដូចតាមបំណងនោះទេ។

៥. ប៉ាម៉ាក់ចង់ដឹងបន្ថែមទៀត៖ ឪពុកម្ដាយជាច្រើនតែងប្រាប់ឲ្យកូនឈប់និយាយឥតប្រយោជន៍ទៀត នៅពេលដែលពួកគេកំពុងរវល់ធ្វើអ្វីមួយ។ ការធ្វើបែបនេះអាចឲ្យក្មេងមានអារម្មណ៍ថា ឪពុកម្ដាយមិនដែលខ្វល់រឺយកចិត្តទុកដាក់លើពួកគេនោះទេ។ ជាក់ស្ដែង វាមិនចំណាយពេលច្រើនណាស់ណានោះទេ ដោយគ្រាន់តែស្ដាប់អ្វីដែលកូនចង់និយាយ។

៦. ប៉ាម៉ាក់តែងតែនៅទីនេះ រាល់ពេលដែលកូនត្រូវការ៖ ការខ្វះកម្លាំងចិត្តអាចនាំឲ្យពួកគេមានបញ្ហាផ្លូវចិត្តបាន។ ដូច្នេះហើយ អ្នកគួរតែរំលឹកពួកគេឲ្យបានដឹងថា ពួកគេមិនឯកានោះទេ​ ហើយអ្នកតែងតែនៅក្បែរជួយគាំទ្រពួកគេជានិច្ច​ មិនថានៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

៧. កូនត្រូវធ្វើជាមនុស្សល្អម្នាក់៖ ការបណ្ដុះតម្លៃនៃភាពសប្បុរសធម៌ ស្លូតបូត ទៀងត្រង់ពីកុមារភាពនឹងធ្វើឲ្យកូនធំឡើងក្លាយជាមនុស្សល្អម្នាក់ ដែលទទួលបានការស្រលាញ់រាប់អានពីមនុស្សនៅជុំវិញខ្លួន។

បើទោះបីវាគ្រាន់តែជាទង្វើតិចតួចក្ដី វាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិតនិងជីវិតរស់នៅរបស់កូនៗ។ ហេតុដូចនេះហើយ អ្នកមិនគួរមើលរំលងវានោះទេ ហើយអ្នកគួរឆ្លៀតពេលបន្ដិចបន្ដួចដើម្បីនិយាយសម្ដីទាំងនេះទៅកាន់កូនៗជាប្រចាំ៕

អត្ថបទល្អផ្សេងទៀត៖ សម្ដីទាំង ៩ ដែលអ្នកមិនគួរនិយាយទៅកាន់ឪពុកម្ដាយ

មនុស្សពីរនាក់ដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្សសឹងតែគ្រប់គ្នាគឺជាលោកឪពុកនិងអ្នកម្ដាយ។ ពួកគាត់ជាអ្នកដែលមានគុណធំជាងគេគ្មានអ្វីអាចប្រៀបផ្ទឹមបាន ជាអ្នកដែលតស៊ូទ្រាំលំបាកនិងព្រមលះបង់អ្វីគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់យើង ជាអ្នកដែលបានបីបាច់ចិញ្ចឹមយើងតាំងពីតូចរហូតដល់ធំប៉ុននេះ និងជាអ្នកដែលតែងនៅក្បែរនិងផ្ដល់កំលាំងចិត្តដល់យើងមិនថានៅក្នុងស្ថានភាពបែបណា។ ក្នុងនាមជាកូន តើយើងបានធ្វើអ្វីខ្លះ ជាការតបស្នងសងគុណដល់ពួកគាត់វិញ? ខណៈពេលកូនៗមួយចំនួនបានមើលថែរក្សាឪពុកម្ដាយរបស់ពួកគេយ៉ាងដិតដល់ មានមនុស្សមួយចំនួនទៀតបានត្រឹមធ្វើឲ្យឪពុកម្ដាយមានការព្រួយបារម្ភនិងពិបាកចិត្ត។ បើទោះបីជានៅពេលនេះ យើងមិនអាចធ្វើអ្វីច្រើនដើម្បីពួកគាត់​ ប៉ុន្ដែយ៉ាងហោចណាស់ យើងមិនគួរធ្វើឲ្យពួកគាត់ឈឺចាប់ដោយសារតែការប្រើពាក្យសម្ដីដូចខាងក្រោមឡើយ។

១. ចាំខ្ញុំធ្វើខ្លួនឯង!៖ ប្រាកដណាស់ អ្នកអាចធ្វើអ្វីមួយដោយខ្លួនឯងបាន តែជាជាងការនិយាយបែបនេះ អ្នកគួរប្រាប់ពួកគាត់ថា “ម៉ាក់ប៉ាកុំបារម្ភអី! កូនអាចធ្វើខ្លួនឯងបាន!”។

២. វាជាជីវិតរបស់ខ្ញុំ! ខ្ញុំចង់ធ្វើអ្វីជារឿងរបស់ខ្ញុំ!៖ នៅពេលដែលគាត់លឺបែបនេះ គាត់អាចអារម្មណ៍អាក់អន់ចិត្ត។ ដូច្នេះហើយ អ្នកគួរតែប្រាប់ពួកគាត់ថា អ្នកចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯង។

៣. ប៉ាម៉ាក់មិនយល់នោះទេ!៖ ពួកគាត់មានវ័យចាស់ជាងយើង និងមានបទពិសោធន៍ជីវិតច្រើនជាងយើង ដូច្នេះអ្នកមិនគួរនិយាយបែបនេះនោះទេ។ ហើយបើទោះជាមានរឿងខ្លះគាត់ប្រហែលជាមិនយល់ ជាជាងការនិយាយដូច្នោះ អ្នកគួរតែប្រាប់ រឺពន្យល់គាត់ឲ្យបានយល់។

៤. ប៉ាម៉ាក់មិនដែលជឿទុកចិត្តខ្ញុំទេ!៖ បើទោះបីវាជាយ៉ាងណាក៏ដោយ អ្នកគួរជៀសវាងប្រើសម្ដីបែបនេះទៅកាន់ពួកគាត់។ ដោយឡែក អ្នកគួរខិតខំប្រឹងប្រែងបន្ដ ដើម្បីឲ្យពួកគាត់ឃើញពីសមត្ថភាពរបស់អ្នក ហើយអ្នកអាចជំនួសដោយការ​និយាយថា “កូនចង់ឲ្យប៉ាម៉ាក់មានមោទនភាពចំពោះកូន”។

៥. សម័យនឹងហើយ គ្មានពីណាស្លៀកពាក់ចឹងទៀតទេ!៖ ការតែងខ្លួនរបស់ពួកគាត់អាចនឹងមានភាពចាស់គំរិល ប៉ុន្ដែអ្នកដាច់ខាតមិនត្រូវនិយាយបែបនេះឡើយ។ អ្នកអាចបបួលគាត់ដើរផ្សារជាមួយគ្នា ហើយទិញសម្លៀកបំពាក់ដែលល្អស្អាតជូនពួកគាត់។

៦. ខ្ញុំធំហើយ! មិនចាំបាច់បារម្ភច្រើនពេកនោះទេ!៖ ឪពុកម្ដាយតែងតែចង់ឲ្យកូនមានសុខភាពល្អនិងមានសុវត្ថិភាពរាល់ពេលទៅណាមកណា ហើយការបារម្ភនេះក៏កើតចេញពីសេចក្ដីស្រលាញ់របស់ពួកគាត់ផងដែរ។ តើការបារម្ភទាំងនោះពិតជារំខានអ្នកខ្លាំងណាស់រឺ? តើគាត់ខុសមែនទេ ដែលគ្រាន់តែបារម្ភពីអ្នក? អ្នកប្រហែលជាធំដឹងក្ដីមែន តែអ្នកមិនគួរនិយាយបែបនោះឡើយ។​ អ្នកអាចប្រាប់ពួកគាត់តាមសម្រួលថា អ្នកបានរៀនពីជីវិតច្រើនណាស់ ហើយពួកគាត់អាចទុកចិត្តលើអ្នកបាន។

៧. ខ្ញុំរវល់ណាស់ គ្មានពេលនិយាយច្រើនទេ!៖ អ្នកអាចមានភាពមមាញឹកនឹងការងារ ប៉ុន្ដែអ្នកផ្ដោតអារម្មណ៍នៅលើការងារតែម្យ៉ាង ហើយគ្មានពេលសូម្បីតែពីរបីនាទីសម្រាប់គ្រួសារនោះឡើយ។ មិនថារវល់ខ្លាំងប៉ុនណា អ្នកមិនត្រូវប្រើសម្ដីបែបនេះឡើយ។ អ្នកអាចប្រាប់ពួកគាត់ថា អ្នកនឹងតេទៅបន្ដិចទៀតនេះ បន្ទាប់ពីទំនេរដៃ។

៨. ឥឡូវវាមិនដូចកាលពីមុនទៀតទេ!៖ ការប្រែប្រួលដោយសារតែពេលវេលាជារឿងពិត ប៉ុន្ដែការនិយាយត្រង់ៗបែបនោះអាចនឹងធ្វើឲ្យពួកគាត់មានអារម្មណ៍មិនល្អ។ ដូចនេះហើយ អ្នកអាចនិយាយទៅកាន់ពួកគាត់ថា “ប៉ាម៉ាក់ពិតជានិយាយត្រូវណាស់ ប៉ុន្ដែឥឡូវវាមានការផ្លាស់ប្ដូរហើយ”។

៩. ពួកខ្ញុំមិនអាចទៅលេងប៉ាម៉ាក់បានទេ!៖ ជីវិតគ្រួសារផ្ទាល់ខ្លួននិងការងារអាចនឹងធ្វើឲ្យអ្នកមានការរវល់ខ្លាំង​ តែអ្នកមិនគួរប្រាប់ពួកគាត់បែបនេះឡើយ។ ជាជាងការនិយាយថាអ្នកនឹងមិនអាចទៅលេងពួកគាត់បាន អ្នកអាចសួរគាត់ថា “តើប៉ាម៉ាក់នឹងមកលេងកូននៅចុងសប្ដារហ៍នេះទេ? ចៅៗនឹកលោកយាយលោកតាណាស់”៕

មតិយោបល់

ពេញនិយម