កូនខ្មែរប៉ុន្មាននាក់ដឹង? ប្រវត្តិប្រាក់ឌួង និងប្រាក់ស្នូក ឬប្រាក់ណែនដែលជាមូលហេតុនៃការវាយបែកបន្ទាយលង្វែក!
Connect with us

គួរដឹង

កូនខ្មែរប៉ុន្មាននាក់ដឹង? ប្រវត្តិប្រាក់ឌួង និងប្រាក់ស្នូក ឬប្រាក់ណែនដែលជាមូលហេតុនៃការវាយបែកបន្ទាយលង្វែក!

តើប្រាក់ឌួងជាប្រាក់របស់ប្រទេសណា ហើយមានចាយតាំងពីសម័យណា?

«ប្រាក់ឌួង ជារូបិយប័ណ្ណរបស់សៀម ដែលនិយមផលិតឡើងសំរាប់ដោះដូរទំនិញគ្នាតាំងចុងសម័យសុខោទ័យ ប្រហែលជាចុងគ.ស សតវត្សទី១៤ ដោយមានការប្រើប្រាស់ជាង៦០០ ឆ្នាំមកហើយ ហើយប្រាក់ប្រភេទនេះពួកអុឺរ៉ុបហៅថា Bullet Coin ។»

គួររំលឹកឡើងវិញ ពួកសៀម លាវ និងយួនជាអំបូរមនុស្សដែលនិយាយភាសាតៃ (សៀម និងលាវមានប្រភពមកពីខាងជើងចិនជាប់ព្រំប្រទល់ម៉ុងហ្គោល ឯចំណែកយួនជាអំបូរតៃដែលចេញពីខេត្តគួងសុីភាគខាងត្បូងចិន ហើយរស់នៅតាមជ្រលងភ្នំ និងដងទន្លេក្រហម គឺតំបន់ជុំវិញហាណូយ និងហាឡុងសព្វថ្ងៃ) មុននេះពួកតៃមារដ្ឋដែលជានគរតូចមួយនៅភាគខាងជើងខ្មែរហៅថា «អាណាចក្រណាន់ចៅ» ។

ពួកនេះបានសម្រុកចូលមកស្រុកខ្មែរយ៉ាងគំហុគក្នុងឆ្នាំគ.ស១២៥៣ ដល់ ១២៥៦ ក្រោយពីការវាតទីទឹកដីរបស់ចក្រភពម៉ុងហ្គោលក្នុងរាជ្យ «ព្រះចៅអធិរាជ គូប្លៃ ខាន់» ហើយអាណាចក្រណាន់ចៅត្រូវបានធ្វើសញ្ជ័យកម្មជាចក្រភពម៉ុងហ្គោល ។ ពួកតៃបានជញ្ជូនកូននាំចៅមកតាំងទីលំនៅតាមដងទន្លេនានាក្នុងចក្រភពខ្មែរភាគខាងជើង ។

មួយក្រុមដែលដឹកនាំដោយ ឃុនបាងក្លាងហាវ បានចុះមកនៅក្នុងខេត្តសុខោទ័យ ស្រីសជ្ជនាល័យ និងដែលមានពួកនេះមករកសុីមុនស្រាប់ផងក្នុងខេត្តស្រីអយុធ្យា ពួកនេះក៏បានក្លាយជារដ្ឋសៀមក្រោយមក ឯមួយក្រុមទៀតដឹកនាំដោយសុវណ្ណខាំពង្សបានមកតាំងទីលំនៅក្នុងដងទន្លេមេគង្គខាងលើក្នុងខេត្តមឿងសួគ៌ ឬក្រោយមកជាហ្លួងព្រះបាង ដែលបានក្លាយជា អាណាចក្រលានដំរី និងនគរលាវក្រោយមកទៀត ។

ពួកតៃដើមឡើយជាទាហានសុីឈ្នួល និងជាជាងដែកផលិតអាវុធឲ្យរដ្ឋការខ្មែរ ។ ពួកនេះបាននាំយកការផលិតដុំលោហៈប្រាក់សំរាប់ដោះដូរទំនិញគ្នាពីប្រទេសចិន ដោយហៅថាប្រាក់ឌួង (ស្រុកចិនជាប្រាក់ស្នូក ឬប្រាក់សៃសុី) មកប្រើប្រាស់ក្នុងតំបន់ដែលមានពួកគេរស់នៅ ។

ក្នុងសម័យអាណាចក្រសុខោទ័យប្រាក់ឌួង ត្រូវបានផលិតដោយសេរីជាឯកជន ដោយកំណត់ទំងន់ ១៥ក្រាម ក្នុងមួយឯកតា ។ លុះក្រោយមកក្នុងសម័យអាណាចក្រស្រីអយុធ្យាដែលមានសេដ្ឋកិច្ចរីកចំរើន រដ្ឋការបានហាមមិនឲ្យផលិតប្រាក់ឌួងជាឯកជន រដ្ឋការជាអ្នកផលិតដោយកំណត់បោះត្រា២ គឺត្រាប្រចាំនគរមួយ និងត្រាប្រចាំរជ្ជកាលមួយ ។

ប្រាក់ឌួងត្រូវបាននិយមប្រើប្រាស់ក្នុងតំបន់យ៉ាងកុះករក្នុងសម័យពាក់កណ្តាលក្រុងស្រីអយុធ្យា សតវត្សទី១៦ ហើយបន្តប្រើប្រាស់រហូតមកដល់សម័យរតនៈកោសិណក្នុងរជ្ជកាលរាមាទី៤ ។ ដោយការផលិតដោយដៃមិនបានច្រើន សមស្រមទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ រាមាទី៤ បានបញ្ជាឲ្យបោះពុម្ភប្រាក់កាក់ដូចពួកអុឺរ៉ុបបន្ថែមទៀត ។ ប្រាក់ឌួងត្រូវបានឈប់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ តុលា ១៩០៣ និងត្រូវបានជំនួសវិញដោយ «ប្រាក់កាក់» ។

តើប្រាក់ឌួងមានការប្រើប្រាស់ក្នុងស្រុកខ្មែរនៅសម័យណា?

នៅស្រុកខ្មែរយើងមិនសូវមានឯកសារណាមួយបានបញ្ជាក់ថាការធ្វើពាណិជ្ជកម្ម និងការដោះដូរទំនិញនៅសម័យបុរាណបានប្រើប្រាស់រូបិយប័ណ្ណអ្វីទេ មានឯកសារជាច្រើនបានបញ្ជាក់ថាខ្មែរច្រើនតែដោះដូរផលិតក្នុងស្រុកជាមួយ និងផលិតផ្សេងរបស់ឈ្មួញពីក្រៅស្រុក ។ លុះដល់ជំនាន់ស្តេចកនក៏បានផលិតប្រាក់ស្លឹងសំរាប់ធ្វើការដោះដូរទំនិញជាមួយពាណិជ្ជករក្រៅស្រុក ប៉ុន្តែលុះអស់រាជ្យស្តេចកនទៅក៏ឈប់ឲ្យចាយប្រាក់ស្លឹង ទៅយកការចាយវាយដោយប្រើប្រាក់ឌួងរបស់សៀមវិញក្នុងរាជ្យព្រះបាទអង្គច័ន្ទរាជា ។

«មានន័យថាប្រាក់ឌួងសៀមបានមានឥទ្ធិពលលើពាណិជ្ជកម្មខ្មែរតាំងតែដើមសម័យលង្វែក ប្រហែលជាឆ្នាំគ.ស ១៥៣០»

ប្រភព៖ ឃុនបរមវិសេសៈ ហ្លួងរតនៈសម្បត្តិ

មតិយោបល់

ពេញនិយម