តើ​ម្រេញគង្វាល ជំនាងផ្ទះ និង​ព្រះ​ភូមិ គឺជា​អ្វី ? ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ? តើ​ជំនឿ​ទាំងអស់នោះ​កើតមាន​តាំងពី​ពេលណា ?
Connect with us

គួរដឹង

តើ​ម្រេញគង្វាល ជំនាងផ្ទះ និង​ព្រះ​ភូមិ គឺជា​អ្វី ? ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ? តើ​ជំនឿ​ទាំងអស់នោះ​កើតមាន​តាំងពី​ពេលណា ?

ទាក់ទង​ទៅនឹង​ជំនឿ​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ រហូតមកដល់​ពេលបច្ចុប្បន្ន ប្រជាជន​ខ្មែរ​យើង​មួយចំនួន​ហាក់បី​ជា មិនសូវមាន​ការចាប់​អារម្មណ៍ ជឿ​ច្រើន​ដូច​មុន​ឡើយ ទាំងនេះ​ក៏​ដោយសារតែ​បច្ចេកវិទ្យា​ទំនើប​មាន​ភាពជឿនលឿន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​យល់ឃើញថា ជំនឿ​មួយចំនួន​គ្រាន់តែ​ជាការ​លើកឡើង​បោកប្រាស់ ឬ​កាឡៃ​តែប៉ុណ្ណោះ ។ ដើម្បី​ជាការ​រំលឹក​ឡើងវិញ​ខ្លះៗ ក្រុមការងារ​អង្រុត​បានធ្វើការ​ស្រាវជ្រាវ​ចងក្រង​ជា​បទពិសោធន៍​ទាក់ទង​ទៅនឹង​រឿង «​ម្រេញគង្វាល ជំនាងផ្ទះ និង​ព្រះ​ភូមិ​» ដើម្បី​ចែកជូន​មិត្ត​អ្នកអាន ប៉ុន្តែ តើ​វា​គួរ​ជឿ ឬ​មិនគួរ​ជឿ គឺ​ទៅតាម​ជំនឿ​របស់​អស់លោក​-​អ្នក​ខ្លួនឯង​ទេ ។​

​ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម​នោះ ជា​វិញ្ញាណ​សក្តិ​សិទ្ធិ​ទាំងឡាយ នៅក្នុង​ជំនឿ​អ្នកតា ឬ​ជំនឿ​វិញ្ញាណ​និយម ដែលមាន​អាយុកាល​ជា​យូរអង្វែង​មកហើយ នៅក្នុង​ទឹកដី​ខ្មែរ សម័យ​ព្រា​ហ្ម​ញ្ញ​សាសនា មុន​ពុទ្ធសាសនា ។ ហើយក៏​នៅមាន​ឥទ្ធិពល បន្ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ នៅក្នុង​ទឹកដី​អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេស​នៅ​លាវ ថៃ និង​ប្រទេស​ខ្មែរ​ជាដើម ។ នៅក្នុង​ជំនឿ​វិញ្ញាណ​និយម ព្រះ​ភូមិ (​អ្នករក្សា​ដី​ភូមិ​ចំការ​ដំណាំ​) ជំនាងផ្ទះ (​អ្នករក្សា​ការពារ​លំនៅស្ថាន​) ម្រេញគង្វាល (​អ្នករក្សា​កុមារ និង​ជន​ដែល​មិន​អាចជួយ​រក្សា​ខ្លួនឯង​បាន ដូចជា​អ្នក​ពិការ​និង​ចាស់ជរា​) ។​

– ព្រះ​ភូមិ ៖ យើង​ក៏​សង្កេតឃើញ​វត្ត​មាននៅ​គ្រប់​ផ្ទះ​ខ្មែរ​ទាំងអស់ មាន​ព្រះ​ភូមិ​មួយ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ឬ​គ្រឿង​ស្ថិតក្នុង​បរិវេណ​ទីធ្លា​ខាងមុខផ្ទះ ឬ​នៅក្បែរ​ផ្ទះ ។ នេះ​គឺជា​រាន​ព្រះ​ភូមិ​ដែលជា​វិញ្ញាណ ឬ​ព្រលឹង​ដូនតា​ថែរក្សា​ទីតាំង ឬ​កន្លែង​រស់នៅ​របស់​កូនចៅ ។ ចាស់ទុំ​បាន​ឲ្យ​ដឹងថា ព្រះ​ភូមិ ត្រូវ​ប្រជានុរាស្ត្រ​ខ្មែរ​ឲ្យ​តម្លៃ​យ៉ាងខ្ពស់ ហើយ​ទង្វើ​នេះ​បណ្តាលមកពី​សម្បត្តិ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​ភូមិ គឺជា​អ្នកមាន​បារមី​ខ្លាំងក្លា​ណាស់ កាលពី​នៅរស់ ដោយ​ក្រោយពី​ទទួលមរណៈភាព ក៏បាន​ទៅជា​ព្រះ​ភូមិ ប្រយោជន៍ និង​បីបាច់​ថែរក្សា​កូនចៅ ក្នុង​លោក​យើង​នេះ​។​

​បើតាម​អ្នកស្រុក អ្នកភូមិ ជួនកាល​អ្នកស្រុក​និង​ភូមិ​ទាំងនោះ អាច​នឹងធ្វើ​ឲ្យ​គេ​ដឹងថា មាន​អ្វី​កើតឡើង​ថែមទៀត​ផង ។ ជានិច្ចកាល ព្រះ​ភូមិ​ដែលជា​ប្រភេទ​វិញ្ញាណ​ដូនតា​នោះ មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងសង្គម​ខ្មែរ ដោយ​ផ្សាយ​នូវ​ការគោរព​កោតខ្លាច ។ ដូច្នេះហើយ​បាន​ភ្ញៀវ​ដែល​ចូល​ផ្ទះ​នីមួយៗ ត្រូវ​ដើរកាត់​រាន​ព្រះ​ភូមិ​ជាទូទៅ​ដោយ​ដៃ​បក់ ឬក៏​អុជ​ធូប​ទាន សូម​សេចក្តី​អនុញ្ញាត​ជាដើម ជា​សញ្ញា​នៃ​ភារកិច្ច​ដ៏​ជ្រាលជ្រៅ ។ ដូច្នេះ​ជុំវិញ​ករណី​សារសំខាន់​របស់​ព្រះ​ភូមិ​នេះ ទោះបី​មាន​ប្រភព​ខុសប្លែកគ្នា​បន្តិច និង​ម្នាង​ផ្ទះ​ក៏ដោយ ក៏​យើង​អាច​និយាយបានថា ព្រះ​ភូមិ គឺជា​ព្រលឹង​ដូនតា​រក្សា​ភូមិ​-​ស្រុក ផ្ទះសម្បែង​មិន​ឲ្យ​ពួក​ព្រាយ​បិសាច ឬ​ចោរ​ចូល​ឆាឆៅ​ក្នុងផ្ទះ​សម្បែង​របស់​ពួកគេ​ដែលជា​កូនចៅ ។​

– ជំនាងផ្ទះ ឬ​ម្នាង​ផ្ទះ ៖ ទំនៀម​ទំលាប់​មួយ​ជា​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា គឺ​ជំនឿ​លើ​ជំនាងផ្ទះ ដែល​ប្រហែលជា​ស្លាកស្នាម​គ្រប់គ្រង​តាមបែប​មាតា​ធិបតេយ្យ ។ ម្ល៉ោះហើយ​ជនជាតិខ្មែរ​ជឿថា ផ្ទះ​នីមួយ​សុទ្ធសឹង​តែមាន​ម្នាង​ផ្ទះ នៅតាម​ថែរក្សា​ជានិច្ចកាល ។ ខ្មែរ​ជឿថា ផ្ទះ​ថ្មី​ដែល​ទើបនឹង​សាងសង់​រួច គឺមាន​ទេវតា​ផ្ទះ​មក​តាម​ថែរក្សា ។ ជំនាងផ្ទះ ជួយ​រក្សា​មិន​គ្រាន់តែ​កំណប់ទ្រព្យ​មាសប្រាក់​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ​ទេ ថែមទាំង​ទប់ទល់​ការពារ និង​ខ្មោច​បិសាច មិន​ឲ្យ​មក​បៀតបៀន​ម្ចាស់ផ្ទះ​ផង ។ ព្រោះថា ជំនាងផ្ទះ គឺជា​ប្រភព​ខ្មោច ឬ​ជា​វិញ្ញាណ​មាន​រិ​ទ្ធា​នុ​ភាព ជាង​ខ្មោច​បិសាច​ផ្សេងៗ​ឯទៀត ហើយ​សាង​តែ​អំពើ​ល្អ​ក្នុង​ជាតិ​មុន ។ លក្ខណៈ​សំគាល់​មួយទៀត គឺ​ជំនាងផ្ទះ ស្លៀកពាក់​ស្អាតបាត មាន​រូបរាង​ប្រៀប​ដូច​ទេវតា ប្រកបដោយ​សីលធម៌​ខ្ពស់​ផង ។ ជា​ឧទាហរណ៍​ជាក់ស្តែង ទោះបី​ម្ចាស់ផ្ទះ​ណាមួយ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ដោយ​ប្រកា​ណាមួយ​ក៏ដោយ តែ​ម្នាង​ផ្ទះ​មិន​បោះបង់​ផ្ទះ​នេះ​ជាដាច់ខាត ហើយ​រង់ចាំ​ដោយ​បន្ត​ថែរក្សា​រហូតដល់​ពេល​មាន​ម្ចាស់ផ្ទះ​ថ្មី មក​រួមរស់​ជាមួយ​មនុស្ស​តទៅទៀត ។​

– ម្រេញគង្វាល ៖ ម្រេញគង្វាល​ដែលជា​ប្រភេទ​ខ្មោច ដែលមាន​រូបរាង​តូច​ដូច​កូនក្មេង ចូលចិត្ត​ស្លៀកពាក់​ក្រហម ហើយ​រួមរស់​ជាមួយ​មនុស្ស​នៅតាម​ផ្ទះ ។​
​តួនាទី​រក្សា​ម្ចាស់ផ្ទះ កុំ​ឲ្យ​ចោរលួច​ប្លន់ ឬ​ជនពាល​មក​បៀតបៀន ធ្វើទុក្ខបុកម្នេញ​ឡើយ ។ វត្តមាន​របស់​ម្រេញគង្វាល​អាច គូសបញ្ជាក់​តាមរយៈ​រាន​មួយ ធ្វើ​អំពី​ឈើ​កូន​ផ្ទះ ឬ​ក​ញ្ជ្រែ​ង​មួយ ដែលមាន​ព្យួរ​ឯកសណ្ឋាន​មួយឈុត​ពណ៌​ក្រហម ។ ខ្មោច​ប្រភេទ​នេះ ចូលចិត្ត​ស្ករ​គ្រាប់​ណាស់ ដូច្នេះហើយ​បានជា​រៀងរាល់ថ្ងៃ នៅពេល​ល្ងាច ម្ចាស់ផ្ទះ​រមែងតែ​ដាក់​ស្ករ​គ្រាប់​នៅ​ក​ញ្ជ្រែ​ង ព្រមទាំង​ទឹក​ផឹក​យ៉ាង​ទៀងទាត់ នៅលើ​រាន​របស់​ពួកគេ ព្រោះ​កុំ​ឲ្យ​ឆាឆៅ នៅពេល​ស្រេកឃ្លាន ។ ម្យ៉ាងវិញទៀត អ្នកស្រុក​ជឿថា ពួក​ម្រេញគង្វាល​រាល់​យប់ តែងតែ​ចេញមក​លេង ល្បែង​ខ្លា​ធ្លាក់​អណ្តូង ហើយ​ទន្ទឹម​នឹម​នេះ រូបគេ​ក៏​ចូលចិត្ត​ពង្វក់​ក្មេងៗ ឲ្យ​លេង​ជាមួយ​វា​ដែរ ។ ដោយសារ​បានទទួល​ចំណីអាហារ​ទៀងទាត់ ពពួក​ខ្មោច​ម្រេញគង្វាល មាន​ទឹកចិត្ត​ស្រឡាញ់​បីបាច់​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់ ដោយ​ភក្តីភាព​ជាទីបំផុត ជាហេតុ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​របស់ខ្លួន​រកស៊ី​មានបាន​ដូច​ក្តី​ប្រាថ្នា​។​
​ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ?

​ពាក្យ​ថា​ខ្មែរ​ត្រូវបាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។ លោក​សាស្ត្រាចារ្យ កេង វ៉ាន់​សាក់ និង​លោក ឈឹម ក្រ​សេម ហាក់​យល់ស្រប​គ្នា​ថា សង្គម​ខ្មែរ​ក្នុងសម័យ​បុព្វកាល​គឺជា​សង្គម​មាតា​ធិបតេយ្យ គឺ​យក​ស្ដ្រី​ជាធំ ។ អ្វីៗ​ដែលជា​ការគោរព​អ្វី​ដែលជា​ទីពឹង និង​អ្វីៗ​ដែល​ជាធំ​ខ្មែរ​ហៅថា “​មេ​” គឺ​សំដៅទៅ​ស្ដ្រីភេទ​ដូចជា​មេដៃ មេជើង និង​មេដឹកនាំ មេដំបូល​ផ្ទះ​ជាដើម ។ នេះ​ជាការ​លើកតម្កើង​ស្ដ្រី​ដែលមាន​ជាប់​មក​រហូតដល់​សព្វ​ថ្ងៃ​ដែល​ខ្មែរ នៅ​ប្រើ ដូចជា ម្ដាយ​ឪពុក និង​ជីដូន​ជីតា គឺ​សុទ្ធតែ​ដាក់​ស្ដ្រី​មុន​ទាំងអស់​ទោះ​ក្នុងការ​ធ្វើដំណើរ​ស្ដ្រី​ត្រូវ​ដើរ​មុន ឬ​ប្ដី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា “​ខ្មែរ​” គឺ​មកពី​ផ្សំ​អក្សរ “​ក​” បញ្ចូល​គ្នា​នឹង​ពាក្យ​មួយ​គឺ «​ក​+​មេ​» ។ ព្យញ្ជនៈ “​ក​” កាលណា​ដាក់​នៅមុខ​ពាក្យ​ណាមួយ​នឹងធ្វើ​ឲ្យ​ពាក្យ​ទាំងនោះ​កាន់តែ​មានន័យ​រន្ថាន់​ឡើង ។ ពាក្យ​ថា ក មេ មានន័យថា​មេ​ដ៏​អស្ចារ្យ មេ​ដ៏​រុងរឿង ។ ការហៅ​ប្រទេស​នេះ​ឈ្មោះ ក មេ រហូត​ក្លាយជា ក្មេរ ទៅជា ក្មែរ ឬ ខ្មែរ រហូតដល់​បច្ចុប្បន្ននេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ​ដែលមាន​អក្សរ “​ក​” ពីមុខ ដូចជា កូរទឹក បើ​ថែម “​ក​” ពីមុខ​វា​ទៅជា កកូរ​ទឹក កកាយ​ដី គឺមាន​ន័យ​ស្ទួន ។​

​ទាក់ទង​រវាង​ស្ដ្រីជាតិ​ដែលជា​អ្នក​ម្នាង​ផ្ទះ​ខ្មែរ​នោះ នៅមាន​អំណះអំណាង​ជាច្រើន​ទៀត​ដែល​នឹង​បកស្រាយ​តាម​លំដាប់លំដោយ​ដែលមាន​ន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ ដែល​ជនជាតិខ្មែរ​គួរតែ​ស្វែងយល់ និង​គួរ​ដឹង ។ តាម​ការស្រាវជ្រាវ​រប​ស់លោក ហ្សា​ក់ ណេ​ពត ដែលជា​ជនជាតិ​បារាំង បាន​បញ្ជាក់ថា ផ្ទះ​គឺជា​កម្មសិទ្ធិ​របស់​ស្ដ្រី​គឺ​ខុសគ្នា​ពី​វត្ដ​ជា​កម្មសិទ្ធិ​របស់​បុរស​ភេទ គ្រាន់តែ​វត្ដ​ហាមឃាត់​ផ្នែក​ភេទ​ប៉ុណ្ណោះ ។​
​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​ក្ដី​ក្រោយពេល​រៀបការ​បុរស ត្រូវ​ទៅ​នៅផ្ទះ​ខាង​ស្រី បុរស​ត្រូវ​ដេក​នៅ​ខាងស្ដាំ​ភរិយា​ខ្លួន​គឺ​ក្នុងនាម​ជា​អ្នកបម្រើ ឬ​អ្នកកន្ដៀត ។ នៅក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​រួមភេទ​ដើម្បី​បង្កើតកូន ។ ប្រសិនបើ​ប្រសូត​បានកូន​ប្រុស​គឺ​គេ​ប្រដូច​កូន​នោះ​ទៅនឹង​ឪពុក ប្រសិនបើ​គ្រួសារ​នោះ​លែងលះគ្នា គឺ​កូនប្រុស​បាន​ទៅ​ឪពុក​កូនស្រី​បានមក​ម្ដាយ ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណ​ក៏មាន ។ មិនយូរប៉ុន្មាន​ទៅនេះ​នារី​ខ្មែរ​ក្រោយពី​ពេលចេញ​ម្លប់ ឪពុកម្ដាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុលបង្ហាញ​ដីស្រែ​ចម្ការ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់ឱ្យ​នាង​ក្រោយពេល​រៀបការ ។ នៅ​ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​រលៀប្អៀរ ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ គឺ​មុនពេល​រៀបការ​ភាគី​បុរស​ត្រូវ​សន្យាថា នឹង​សង់​ផ្ទះមួយ​ឱ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀបការ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ដ្រី​នោះ ទោះបី​បែកបាក់​គ្នា​ក៏ដោយ​ភាគី​បុរស​ពុំ​អាច​ទាមទារ​យក​វិញ​បានទេ ។​

​ស្ដ្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅថា “​មេ​ខ្លូត​” គឺ​ស្ដ្រី​ដ៏​ឧ​ត្ដុង​ឧត្ដម​ប្រកបដោយ​ឥស្សរភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើពាក្យ​ថា​ខ្លូត ចំពោះតែ​ត្រសក់​ត្រឡាច ដែល​ត្រ​លុក​ត្រ​លន់​ល្អ​គួរឱ្យ​ស្រឡាញ់​ពេញចិត្ដ​គ្រប់គ្នា ។ នៅក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ ពិសេស​នៅតាម​ជនបទ​គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់ដូច​ជាមាន​បម្រាម​រឹង និង​អាថ៌កំបាំង នោះ​គឺ​ល្វែង​ដែលជា​កម្មសិទ្ធិ​របស់​ស្ដ្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្ស​ស្រី​គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្ដី ។​
​សរុបសេចក្ដី​មក អាទិភាព​នៃ​ការថែរក្សា និង​បង្កើត​សេចក្ដី​សុភមង្គល​ក្នុង​គេហដ្ឋាន​ខ្មែរ គឺជា​ស្ដ្រីជាតិ​ដែល​យើង​ហៅថា “​អ្នក​ម្នាង​ផ្ទះ​” ។ ពាក្យ​ថា​អ្នក​ម្នាង​ផ្ទះ​គឺ​សំដៅលើ​ស្ដ្រីភេទ​ក្នុង​ត្រកូល​ឧត្ដម ឬ​ស្ដេច ។ ការ​ហៅថា ជី​នាង​ផ្ទះ ឬ ជំនាងផ្ទះ គឺ​ពុំ​មានន័យ​អ្វី​ទេ ឬ​បែរជា​មានន័យ​ផ្សេង​ទៅវិញ ។ ទោះ​ក្នុង​សង្គមមនុស្ស​ក្ដី ប្រសិនបើ​ហៅ​ឈ្មោះ ឬ​សរសេរ​ឈ្មោះ​របស់​នរណាម្នាក់​ខុស ហើយ​ត្រូវបាន​ផ្ញើ​ទៅឱ្យ​ម្ចាស់​ឈ្មោះ​នោះ គេ​ឃើញថា​ខុស​ឈ្មោះ គេ​ប្រកាន់​ណាស់ ដោយ​គេ​យល់ថា​រាប់អាន​ម្ដេច​កើត​សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ។​

ប្រភព : ខ្មែរអប្សរា

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.