ហេតុផល​ដែល​ធ្វើឲ្យ​ខួ​រក្បាលគិត​អ្វី​មិនសូវ​ចេញ​
Connect with us

សុខភាព & សម្រស់

ហេតុផល​ដែល​ធ្វើឲ្យ​ខួ​រក្បាលគិត​អ្វី​មិនសូវ​ចេញ​

​អារម្មណ៍​ថា​ខួរក្បាល​គិត​អ្វី​មិន​សូវ​ចេញ​អាច​ហៅ​ម្យ៉ាងទៀត​ថា Brain Fog ។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​រោគសញ្ញា​ដែល​អាច​បញ្ជាក់​អំពី​សមត្ថភាព​នៃ​ការគិតបាន​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​វង្វេងវង្វាន់ ឬ​មិន​អាច​គិត​អ្វី​បានល្អ ឬ​ពិបាក​ផ្ចង់អារម្មណ៍​ទៅលើ​អ្វី​ដែល​អ្នក​គិត​ណាស់​។ តើ​វា​អាច​បណ្តាលមកពី​មូលហេតុ​អ្វី​ខ្លះ​ទៅ​?

​ការ​មាន​ផ្ទៃពោះ​

​ស្ត្រី​ភាគច្រើន​យល់ថា វា​គឺជា​រឿង​ដែល​ពិបាក​ក្នុង​ការចងចាំ​រឿង​ជាច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការ​ដែល​ពរ​ពោះ​អាច​ផ្លាស់ប្តូរ​ដល់​រាងកាយ​តាមរបៀប​ជាច្រើន ហើយ​សារធាតុ​គីមី​ដែល​បាន​បញ្ចេញ​ដើម្បី​ការពារ និង​ផ្តល់​ជីវជាតិ​ដល់​កូន​ក៏​ប្រហែល​ជា​ធ្វើឲ្យមាន​បញ្ហា​ដល់​ការចង​ចាំបា​ន​ដែរ​។ 

ការ​លេបថ្នាំ​

​ថ្នាំ​មួយចំនួន​ទាំង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា និង​មាន​វេជ្ជបញ្ជា អាច​ធ្វើឲ្យ​ខួរក្បា​លគិត​អ្វី​មិនសូវ​ចេញ​ដែរ​។ បើសិន​ជា​អ្នក​លេបថ្នាំ ហើយ​សម្គាល់​ឃើញថា ការគិត​អ្នក​មិន​ច្បាស់លាស់​ដូច​ដែល​អាច​ធ្វើ​កាលពី​មុន ឬ​ស្រាប់តែ​មិន​អាច​ចងចាំ​អ្វី​បាន​សោះ​នោះ យក​ល្អ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ទៅ​។ ចូរ​ប្រាកដថា អ្នក​ឲ្យ​គាត់​ដឹង​នូវ​ថ្នាំ​ទាំងអស់​ដែល​អ្នក​កំពុង​តែ​ប្រើ​ផង​។ 

​ការព្យាបាល​ជំងឺ​មហារីក​

​ថ្នាំ​ព្យាបាល​ជំងឺមហារីក អាច​នាំឲ្យមាន​បញ្ហា​មួយ​ឈ្មោះថា Chemo Brain​។ អ្នក​ប្រហែលជា​មាន​បញ្ហា​ក្នុង​ការចងចាំ និយាយ​ឲ្យ​ច្បាស់​អំពី​ឈ្មោះ ថ្ងៃ​ខែ ពិបាក​ធ្វើ​ការងារ​ដែល​ច្រើន​ចូលគ្នា ឬ​ត្រូវការ​ពេល​កាន់តែ​យូរ​ក្នុង​ការបញ្ចប់​ការងារ​អ្វីមួយ​។ រឿង​នេះ​ច្រើនតែ​បាត់​ទៅ​វិញ​យ៉ាង​លឿន ប៉ុន្តែ​អ្នកខ្លះ​អាច​មាន​ការប៉ះពាល់​រយៈ​ពេល​វែង​ដែរ​ក្រោយពី​ព្យាបាល​រួច​។ 

ការ​រ៉ាំ​ង​រដូវ​

​ស្ត្រី​ច្រើន​តែ​យល់​ថា​ពិបាក​ក្នុង​ការរៀន ឬ​ចង​ចាំ​នូវ​រឿង​ទាំងឡាយ​នៅ​ពេល​ពួកគេ​ឈានដល់​ចំណុច​មួយ​នេះ​ក្នុង​ជិវិត​។ រឿង​នេះ​កើតឡើង​ប្រហែលជា​មួយ​ឆ្នាំ​ក្រោយ​ពី​រដូវ​ចុងក្រោយ​របស់​ពួកគេ​បានបញ្ចប់ ដែល​ច្រើនតែ​កើតឡើង​នៅ​អាយុ ៥០​ឆ្នាំ​។ ជាមួយគ្នា​នឹង​ការគិត​អ្វី​មិនសូវ​ចេញ ពួកគេ​ក៏​អាច​មាន​អាការៈ​ក្តៅ​ពេញខ្លួន និង​ការប្រែប្រួល​រាងកាយ​ផ្សេងៗ​ទៀត​។ ថ្នាំ​អ័រម៉ូន និង​ថ្នាំ​ផ្សេងៗ​ទៀត​ប្រហែលជា​ជួយ​ដល់​រឿង​នេះ​បាន​។ 

​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​

​ជាមួយ​នឹង​ជំងឺ​មួយ​នេះ រាងកាយ និង​ចិត្តគំនិត​គឺ​អស់កម្លាំង​រយៈពេល​វែង​តែម្តង​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​វង្វេងវង្វាន់ ភ្លេច​ភ្លាំង និង​មិន​អាច​ផ្តោតអារម្មណ៍​លើ​អ្វី​មួយ​បាន​។ មិនមាន​អ្វី​ដែល​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ឡើយ ប៉ុន្តែ​ការប្រើ​ថ្នាំ ការ​ហាត់ប្រាណ និង​ការប្រឹក្សា​ប្រហែលជា​អាច​ជួយ​ដោះស្រាយបាន​។ 

​ការបាក់​ទឹកចិត្ត​

​អ្នក​ប្រហែលជា​មិន​ចងចាំ​រឿង​ជាច្រើន ឬ​មិន​អាច​គិត​ថា​ចង់​ដោះស្រាយ​បញ្ហា​បាន​ដោយ​ងាយ​ឡើយ​។ វា​ពិបាក​នឹង​ដឹង​ថា វា​គឺជា​ទំនាក់ទំនង​ជាមួយនឹង​ការ​អស់កម្លាំង និង​ការលើកទឹកចិត្ត​ដែល​កើត​ជាមួយនឹង​ការបាក់​ទឹកចិត្ត ឬ​តើ​ការបាក់​ទឹកចិត្ត​ប៉ះពាល់​ដល់​ខួរក្បាល​ដែល​ធ្វើឲ្យ​ពិបាកគិតឬ​គិត​មិនសូវ​ចេញ​ឡើយ​។ ការព្យាបាល​សម្រាប់​ការបាក់​ទឹកចិត្ត​មានដូចជា ការ​លេបថ្នាំ និង​ការប្រឹក្សា​យោបល់​។ 

​ការ​គេង​

​អ្នក​ប្រហែលជា​ត្រូវការ​គេង​ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​ធ្វើការ​បាន​កាន់តែ​ស្រួល ប៉ុន្តែ​ការ​ដែល​គេង​ច្រើនពេក​អាច​ធ្វើឲ្យ​មាន​អារម្មណ៍​ច្រឡំបល់​បាន​។ យក​ល្អ​គួរតែ​គេង​ពី ៧ ទៅ​៩​ម៉ោង​ទៅ​បាន​ហើយ​។ ដើម្បី​ការ​គេង​នៅពេល​យប់​មាន​ភាព​កាន់តែ​ស្រួល យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​ក្រោយពី​បាយ​រួច និង​ព្យាយាម​ដាក់​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​ឆ្ងាយ​ពី​កន្លែង​គេង​ផង​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម