តើ​សិលាចារឹក​ខ្មែរ ឬ អក្សរ​ថ្មី​មាន​ប្រភព​មកពីណា ជា​អក្ស​មន្តអាគម ឬ​ជា​អក្សរ​ខ្មែរ ឬ​ឥណ្ឌា
Connect with us

គួរដឹង

តើ​សិលាចារឹក​ខ្មែរ ឬ អក្សរ​ថ្មី​មាន​ប្រភព​មកពីណា ជា​អក្ស​មន្តអាគម ឬ​ជា​អក្សរ​ខ្មែរ ឬ​ឥណ្ឌា

១

ថ្ងៃនេះ ខ្ញុំ​សូម​ចែករំលែក​ចំណេះដឹង​មួយ​ចំណុច​តូច ទាក់ទង​ទៅនឹង​វិជ្ជា​សិលាចារឹក​ខ្មែរ​។​

​វិជ្ជា​សិលាចារឹក​ខ្មែរ​កើតមក​មាន​អាយុ​ជាង ១០០​ឆ្នាំ​មកហើយ​។ បើទោះបីជា​ការសិក្សា​ផ្នែក​នេះ​មាន​រយៈកាល​យូរ​មកហើយ​ក៏ដោយ ក៏​វិជ្ជា​នេះ​មិនទាន់​ផ្សាយ​ទូលាយ​នៅឡើយ​ទេ គឺមាន​ត្រឹម​កម្រិត​អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និង​អ្នកសិក្សា​ប៉ុណ្ណោះ​។ ការសិក្សា​នេះ​គឺជា​ការសិក្សា​ទៅតាម​លក្ខណៈ​វិទ្យាសាស្ត្រ មិនមែនជា​ការស្រមើស្រមៃ ដេក​យល់សប្ដិ ឬ​តាម​មន្តអាគម​ប្រមើល៍មើល អី​នោះទេ​។​

​មនុស្ស​ភាគច្រើន​យល់​បែប​ខុស​ផ្សេងៗ​គ្នា​ថា​៖

១-​មានតែ​អ្នកចេះ​មន្ដអាគម​ទេ​ដែល​ចេះ​អាន​និង​យល់​ន័យ​សិលាចារឹក​ឬ​អក្សរ​ថ្ម​នេះ​
២-​មានតែ​សង្ឃ​ដូចជា​ចៅអធិការ​ឬ​សម្ដេច​សង្ឃរាជ ជួន ណាត ទេ​ដែល​ចេះ​អាន
៣-​មានតែ​អ្នកប្រាជ្ញ​បារាំង​ទេ​ដែល​ចេះ​អាន​។

​ចំណុច​ខាងលើនេះ មិនទាន់​ត្រឹមត្រូវ​ទាំងស្រុង​ទេ​។ ចំណុច​ទី​១ គឺជា​ចំណុច​ខុស​ពេញទំហឹង​។ ចំណុច​ទី​២ គឺ​ប្រសិនបើ​សង្ឃ​ដែល​មិន​ធ្លាប់​សិក្សា​វិជ្ជា​នេះ គឺ​អាន​មិនបាន​ដដែល​។ ឯ​សម្ដេច​សង្ឃ ជួន ណាត លោក​ពិតជា​ចេះ​វិជ្ជា​សិលាចារឹក​នេះ​ប្រាកដ​មែន​។ ចំណុច​ទី​៣ គឺជា​ចំណុច​មិនទាន់​ត្រូវ ព្រោះថា​បើទោះបីជា​វិជ្ជា​នេះ​សិក្សា​ដោយ​ក្រុម​ជាតិ​បារាំង​ក៏ពិតមែន ក៏​ក្រោយមក​មាន​អ្នកប្រាជ្ញ​ខ្មែរ​ជាច្រើន​ដែល​ចេះ​វិជ្ជា​នេះ ហើយ​បច្ចុប្បន្ន​ក៏មាន​សាលា​ពីរ​ធំៗ​ដែល​បណ្ដុះបណ្ដាល​វិជ្ជា​នេះ​ដល់​កូន​ខ្មែរ​ផងដែរ​។ ដូច្នេះ កូន​ខ្មែរ​ទាំងឡាយ​គួរស្វែងយល់​បន្ថែម​ពី​ចំណុច​ទាំងនេះ​។​

​អ្នកចេះ​អាន​សិលាចារឹក​ទាំងឡាយ និយាយថា “​អាន​សេចក្ដី​ប្រែ​សិលាចារឹក​ឆ្ងាញ់​យ៉ាងណា ក៏​ឆ្ងាញ់​មិន​ស្មើនឹង​អាន ប្រែ និង​យល់​សេចក្ដី​ដោយផ្ទាល់​ខ្លួ​នឯង​ឡើយ​”​។ ​តើ​រៀន​វិជ្ជា​នេះ​បាន​ដោយ​របៀប​ណា​?

​មុននឹង​ឆ្លើយ ពួកយើង​សូមបញ្ជាក់ថា ពួកយើង​ពុំមែន​ជា​អ្នក​បង្រៀន​ឬ​ចេះ​វិជ្ជា​នេះ​ជ្រាលជ្រៅ​ទេ គ្រាន់តែ​ចែករំលែក​ព័ត៌មាន​ប៉ុណ្ណោះ​។​

​លោកអ្នក​អាច​ចុះឈ្មោះ​ចូលរៀន​មុខវិជ្ជា​ដូចជា បុរាណវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា​នៅ​សាកលវិទ្យាល័យ​ធំៗ​ពីរ​នៅ​ភ្នំពេញ ឬក៏​អាច​ស្វែងយល់​វិជ្ជា​នេះ​តាមរយៈ​សៀវភៅ​ពីរ​ក្បាល​គឺ​៖

១. វង់ សុធា​រ៉ា​, ២០១០, សិលាចារឹក​នៃ​ប្រទេស​កម្ពុជា សម័យមុន​អង្គរ ១, គ្រឹះស្ថានបោះពុម្ពផ្សាយ​អង្គរ​។​
២. អាំង ជូ​លាន​, ២០១៣, មូលដ្ឋាន​រៀន​ខ្មែរ​បុរាណ​, យ​សោធរ​។​
៣. មាន​សៀវភៅ​ជាច្រើន​ទៀត ខ្ញុំ​ដាក់​រូបភាព​នៅ​ខាងក្រោម ភ្ជាប់​មក​ជាមួយនេះ​។​
​លោកអ្នក​អាច​ស្វែងរក​នៅលើ​ទីផ្សារ​បាន ដើម្បី​ស្វែងយល់បាន​កាន់តែច្រើន​ពី​ភាសា​ខ្មែរ​បុរាណ​ឬ​សិលាចារឹក​។​
​សូម​វិជ្ជា​នេះ​បាន​រីកចម្រើន​រុងរឿង !..

ប្រភព៖ ខ្មែរអប្សរា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម