មិននឹកស្មានសោះថាប្រទេសមួយនេះជាប្រទេសដែលខ្ជះខ្ជាយអាហារតិចជាងគេបំផុតក្នុងពិភពលោក
Connect with us

ទាក់ទាញ

មិននឹកស្មានសោះថាប្រទេសមួយនេះជាប្រទេសដែលខ្ជះខ្ជាយអាហារតិចជាងគេបំផុតក្នុងពិភពលោក

ពិភពលោកអាចជាកន្លែងដែលពោរពេញទៅដោយភាពអយុត្តិធម៌។ ខណៈពេលមនុស្សមួយចំនួនមិនមានម្ហូបអាហារទទួលទានគ្រប់គ្រាន់ មនុស្សមួយចំនួនទៀតបែរជាញ៉ាំអាហារយ៉ាងខ្ជះខ្ជាយ។ ដោយមើលឃើញពីបញ្ហានេះ ប្រទេសបារាំងក៏បានចាត់វិធានការណ៍ចំពោះផ្សារទំនើប ដោយហាមមិនឲ្យអ្នកលក់ទាំងអស់បោះចោលម្ហូបដែលនៅសល់នោះទេ។

ម្ហូបដែលនៅសល់ហើយនៅល្អអាចញ៉ាំបានត្រូវយកទៅបរិច្ចាគឲ្យសមាគមសប្បុរសធម៌ ហើយកាកសំណល់ដទៃក៏មិនត្រូវទុកចោលអត់ប្រយោជន៍ផងដែរ។ វាត្រូវតែក្លាយជាចំណីរបស់សត្វ។

មុនពេលរដ្ឋាភិបាលបានធ្វើការហាមឃាត់ ម្ហូបអាហារ ៧,១ លានតោនត្រូវបានបោះចោលជារៀងរាល់ឆ្នាំ។ ប្រមាណ ២ ភាគ ៣ នៃចំនួននេះគឺចេញពីអ្នកប្រើប្រាស់ទូទៅ ១៥ ភាគរយចេញពីភោជនីយដ្ឋាន ហើយ ១១ ភាគរយចេញពីហាងលក់ទំនិញ។

ហាងទំនិញណាដែលបោះចោលម្ហូបអាហារញ៉ាំបាននឹងត្រូវទទួលពិន័យធ្ងន់ធ្ងរ​។ ជារៀងរាល់ឆ្នាំ មានតែ ១.៨ ភាគរយនៃផលិតផលម្ហូបអាហារប៉ុណ្ណោះដែលបានក្លាយជាកាកសំណល់។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសបារាំងខ្ជះខ្ជាយអាហារតិចជាងបណ្ដាប្រទេសនានាក្នុងពិភពលោក ហើយវាបានជំរុញប្រទេសដទៃ ជាពិសេសប្រទេសក្នុងសហភាពអឺរ៉ុបក្នុងការបង្កើតច្បាប់នេះ។

ដឹងទេថា ជារៀងរាល់ឆ្នាំ ម្ហូបអាហារប្រមាណ ១,៣ ពាន់លានតោនត្រូវបានខ្ជះខ្ជាយនៅជុំវិញពិភពលោក? អ្នកអាចគិតពីទម្លាប់នៃការញ៉ាំរបស់អ្នកសារជាថ្មីបាន!

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ រឿងជីវិតដែលអ្នកអាចរៀនបានពីរដ្ឋមន្ត្រីបារាំងស្រីវ័យក្មេងជាងគេម្នាក់នេះ!

វិធីម្យ៉ាងដើម្បីជួយអោយមនុស្សម្នាក់អាចមានកម្លាំងចិត្តឆ្ពោះទៅរកភាពជោគជ័យគឺតាមរយះការរៀនសូត្រពីខ្សែជីវិតរបស់បុគ្គលដទៃទៀត។ ថ្ងៃនេះ Anarchak ដូចជាសព្វដង បាននឹងនាំយកខ្សែជីវិតតស៊ូរបស់មនុស្សម្នាក់មកចែកជូនប្រិយមិត្តទាំងអស់គ្នាដើម្បីអាន និងពិចារណាទាំងអស់គ្នា។

មនុស្សស្រីម្នាក់មានឈ្មោះថា Najat Vallaud-Belkacem ដែលឆ្នាំនេះគាត់មានអាយុ 40ឆ្នាំ។ ប្រហែលជាមានមនុស្សតិចណាស់ស្គាល់ថាគាត់ម្នាក់នេះគឺជានរណា ប៉ុន្តែថ្វីត្បិតតែកេរ្តិ័របស់គាត់មិនល្បីសព្វសាយដូចជាបុគ្គលជោគជ័យ រឺមហាសេដ្ឋីមួយចំនួនក៏ពិតមែន រឿងរ៉ាវជីវិតរបស់គាត់គឺពោរពេញទៅដោយការតស៊ូមិនចាញ់ពួកគេទាំងនោះប៉ុន្មានឡើយ។

កើតមកនៅក្នុងគ្រួសារមួយនៅក្នុងប្រទេសម៉ូរ៉ូកូ ដែលមានជីវភាពមានព្រឹកខ្វះល្ងាចមានល្ងាចខ្វះព្រឹក ការងារប្រចាំថ្ងៃរបស់គាត់គឺដើរឃ្វាលជៀម និងដងទឹកចេញពីអណ្តូងដើម្បីប្រើប្រាស់នៅក្នុងខ្វះព្រោះតែផ្ទះគាត់ពុំមានទឹកស្អាតប្រើប្រាស់ដូចផ្ទះអ្នកដទៃ។ ដោយសារតែមើលទៅ ជីវភាពនៅទីនោះនឹងមិនមានថ្ងៃល្អប្រសើរនោះទេ គ្រួសាររបស់គាត់ក៏បានសម្រេចចិត្តចំនាកស្រុកទៅរស់នៅប្រទេសបារាំង ដោយសង្ឃឹមថាពួកគេនឹងអាចមានជីវិតល្អប្រសើរនៅលើទឹកដីប្រទេសអ្នកមានមួយនេះ។

ប៉ុន្តែនៅទីនោះ គ្រួសាររបស់គាត់ត្រូវបានជួបប្រទះទៅដោយបញ្ហារើសអើងពីអ្នកដទៃព្រោះតែគាត់ពុំមានប្រាក់ និងជាអ្នកចំណូលស្រុកថ្មីផង។ ពេលដែលគាត់ទៅរៀន មិត្តរួមថ្នាក់ជាច្រើនបានសើចចម្អកគាត់ ដោយនិយាយថាគាត់ជាសត្វចម្លែក។ តាំងពីពេលនោះមក គាត់ចាប់ផ្តើមមានគំនិតមួយងើបប្រឆាំងនឹងការរើសអើងរបស់អ្នកដទៃ។

គាត់បានព្យាយាមរៀនសូត្រយ៉ាងខ្លាំង ដើម្បីអោយខ្លួនអាចមានសមត្ថភាពគ្រប់គ្រាន់នៅពេលអនាគត។ ពេលដែលបញ្ចប់ការសិក្សា គាត់បានចូលធ្វើជាអ្នកនយោបាយ ដែលគាត់ទាមទារដើម្បីអោយមានភាពស្មើរគ្នាដើម្បីប្រជាជននៅក្នុងប្រទេសមិនថាប្រជាជនដើម រឺអ្នកចំនូលស្រុកថ្មីឡើយ។ គាត់ធ្វើការខណះដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាក ដោយសារតែគាត់មិនចង់អោយនរណាម្នាក់ឆ្លងកាត់បទពិសោធន៍ជូរចត់ដែលគាត់បានជួបប្រទះនោះទេ។

ថ្វីត្បិតតែគាត់ព្យាយាមដើម្បីផលប្រយោជន៍នៃភាពស្មើគ្នារបស់មនុស្សគ្រប់គ្នាពិតមែន គាត់នៅតែត្រូវបានអ្នកនយោបាយផ្សេងៗរិះគុន ដោយនិយាយថាគាត់គឺជាបញ្ហានៃសង្គមមួយ។ ហេតុផលគឺដោយសារតែគាត់គឺជាអ្នកចំនូលស្រុកទេ ហើយម្យ៉ាងទៀតគាត់កាន់សាសនាអ៊ីស្លាមទៀត។ ប៉ុន្តែឧបសគ្គទាំងនេះពុំបានបញ្ឈប់គាត់ពីការបំពេញបំណងរបស់គាត់ឡើយ។ នៅពេលនេះ គាត់បានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំនៅប្រទេសបារាំង ហើយក៏ជារដ្ឋមន្រ្តីស្រីដែលមានអាយុក្មេងជាងគេបំផុតម្នាក់ផងដែរ។ ទ្រឹស្តីមួយរបស់គាត់គឺ “មានតែមនុស្សឆ្កួតដែលគិតថាខ្លួនឯងអាចផ្លាស់ប្តូរពិភពលោកទេ គឺជាមនុស្សដែលធ្វើការផ្លាស់ប្តូរពិភពលោកនោះ”៕

មតិយោបល់

ពេញនិយម