រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ឥណ្តូនេស៊ីត្រូវបានគេចាត់ទុកជារដ្ឋមន្ត្រីល្អបំផុតលើពិភពលោកដោយសារតែទង្វើមួយនឹងស្មានមិនដល់
Connect with us

ពួកគេជានរណា

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ឥណ្តូនេស៊ីត្រូវបានគេចាត់ទុកជារដ្ឋមន្ត្រីល្អបំផុតលើពិភពលោកដោយសារតែទង្វើមួយនឹងស្មានមិនដល់

ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលប្រទេសនីមួយៗបានព្យាយាមបង្កើតគោលនយោយបាយជាច្រើន ដើម្បីធ្វើយ៉ាងណាអោយប្រទេសរបស់ខ្លួនមានការអភិវឌ្ឍន៍ ដោយក្នុងនោះរដ្ឋមន្ត្រីតាមក្រសួងនានាដែលនៅក្នុងប្រទេសទាំងនោះ សុទ្ធតែជាកាណុងមុខដើម្បីបំពេញផែនការទាំងអស់នេះអោយបានជោគជ័យ។

តួយ៉ាងដូចជារដ្ឋមន្ត្រីប្រទេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ស្រី មូយ៉ានី អ៊ីដ្រាវាឌី ម្នាក់នេះអញ្ចឹងដែរ។ គាត់ត្រូវបានគេឧទ្ទេសនាមអោយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលមានសមត្ថភាពការងារល្អជាងគេបំផុតលើពិភពលោក បន្ទាប់ពីលោកស្រីចូលបម្រើក្នុងតំណែងនោះមិនទាន់បាន២ឆ្នាំស្រួលបួលនោះ។

ការតែងតាំងឧទ្ទេសនាមនេះត្រូវបានធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅក្នុងឳកាសនៃកិច្ចប្រជុំរដ្ឋាភិបាលពិភពលោកលើកទី៦។ ជារដ្ឋមន្រ្តីដែលទទួលខុសត្រូវខាងផ្នែកហិរញ្ញវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះ លោកស្រី លោកស្រីបានបំពេញស្នាដៃល្អជាច្រើនដែលមិនគួរអោយជឿ។

៤០%នៃភាពក្រីក្រត្រូវបានកាត់បន្ថយ ខណះដែលបំណុលរដ្ឋប្រមាណជា ៥០%ទៀតត្រូវបានបង់អស់ ក្រោមការដឹកនាំរបស់លោកស្រី។ ក្រៅពីនោះ ស្តង់ដាររស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ ខណះពេលដែលអំពើពុករលួយ ត្រូវបានជំនួសមកវិញនូវតម្លាភាពក្នុងជួររដ្ឋាភិបាល ជាពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។

អ្វីដែលគួរអោយកត់សម្គាល់លើសពីស្នាដៃទាំងនេះទៀតនោះ គឺលោកស្រី ជារដ្ឋមន្ត្រីស្រីម្នាក់ក្នុងចំនោមរដ្ឋមន្ត្រីស្រីតិចបំផុតនៅលើពិភពលោក ដែលបានទទួលតំណែងខ្ពស់បែបនេះ ព្រោះភាគច្រើននៃអ្នកកាន់តំនែងសុទ្ធតែជាមនុស្សប្រុស។ ដូច្នេះហើយសមិទ្ធិផលរបស់លោកស្រីក៏អាចបង្ហាញថា មនុស្សស្រីក៏មានសមត្ថភាពបំពេញការងារបានខ្លាំង និងមានប្រសិទ្ធិភាពដូចមនុស្សប្រុសដែរ៕

អត្ថបទល្អផ្សេងទៀត៖ រឿងជីវិតដែលអ្នកអាចរៀនបានពីរដ្ឋមន្ត្រីបារាំងស្រីវ័យក្មេងជាងគេម្នាក់នេះ!

វិធីម្យ៉ាងដើម្បីជួយអោយមនុស្សម្នាក់អាចមានកម្លាំងចិត្តឆ្ពោះទៅរកភាពជោគជ័យគឺតាមរយះការរៀនសូត្រពីខ្សែជីវិតរបស់បុគ្គលដទៃទៀត។ ថ្ងៃនេះ Anarchak ដូចជាសព្វដង បាននឹងនាំយកខ្សែជីវិតតស៊ូរបស់មនុស្សម្នាក់មកចែកជូនប្រិយមិត្តទាំងអស់គ្នាដើម្បីអាន និងពិចារណាទាំងអស់គ្នា។

មនុស្សស្រីម្នាក់មានឈ្មោះថា Najat Vallaud-Belkacem ដែលឆ្នាំនេះគាត់មានអាយុ 40ឆ្នាំ។ ប្រហែលជាមានមនុស្សតិចណាស់ស្គាល់ថាគាត់ម្នាក់នេះគឺជានរណា ប៉ុន្តែថ្វីត្បិតតែកេរ្តិ័របស់គាត់មិនល្បីសព្វសាយដូចជាបុគ្គលជោគជ័យ រឺមហាសេដ្ឋីមួយចំនួនក៏ពិតមែន រឿងរ៉ាវជីវិតរបស់គាត់គឺពោរពេញទៅដោយការតស៊ូមិនចាញ់ពួកគេទាំងនោះប៉ុន្មានឡើយ។

កើតមកនៅក្នុងគ្រួសារមួយនៅក្នុងប្រទេសម៉ូរ៉ូកូ ដែលមានជីវភាពមានព្រឹកខ្វះល្ងាចមានល្ងាចខ្វះព្រឹក ការងារប្រចាំថ្ងៃរបស់គាត់គឺដើរឃ្វាលជៀម និងដងទឹកចេញពីអណ្តូងដើម្បីប្រើប្រាស់នៅក្នុងខ្វះព្រោះតែផ្ទះគាត់ពុំមានទឹកស្អាតប្រើប្រាស់ដូចផ្ទះអ្នកដទៃ។ ដោយសារតែមើលទៅ ជីវភាពនៅទីនោះនឹងមិនមានថ្ងៃល្អប្រសើរនោះទេ គ្រួសាររបស់គាត់ក៏បានសម្រេចចិត្តចំនាកស្រុកទៅរស់នៅប្រទេសបារាំង ដោយសង្ឃឹមថាពួកគេនឹងអាចមានជីវិតល្អប្រសើរនៅលើទឹកដីប្រទេសអ្នកមានមួយនេះ។

ប៉ុន្តែនៅទីនោះ គ្រួសាររបស់គាត់ត្រូវបានជួបប្រទះទៅដោយបញ្ហារើសអើងពីអ្នកដទៃព្រោះតែគាត់ពុំមានប្រាក់ និងជាអ្នកចំណូលស្រុកថ្មីផង។ ពេលដែលគាត់ទៅរៀន មិត្តរួមថ្នាក់ជាច្រើនបានសើចចម្អកគាត់ ដោយនិយាយថាគាត់ជាសត្វចម្លែក។ តាំងពីពេលនោះមក គាត់ចាប់ផ្តើមមានគំនិតមួយងើបប្រឆាំងនឹងការរើសអើងរបស់អ្នកដទៃ។

គាត់បានព្យាយាមរៀនសូត្រយ៉ាងខ្លាំង ដើម្បីអោយខ្លួនអាចមានសមត្ថភាពគ្រប់គ្រាន់នៅពេលអនាគត។ ពេលដែលបញ្ចប់ការសិក្សា គាត់បានចូលធ្វើជាអ្នកនយោបាយ ដែលគាត់ទាមទារដើម្បីអោយមានភាពស្មើរគ្នាដើម្បីប្រជាជននៅក្នុងប្រទេសមិនថាប្រជាជនដើម រឺអ្នកចំនូលស្រុកថ្មីឡើយ។ គាត់ធ្វើការខណះដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាក ដោយសារតែគាត់មិនចង់អោយនរណាម្នាក់ឆ្លងកាត់បទពិសោធន៍ជូរចត់ដែលគាត់បានជួបប្រទះនោះទេ។

ថ្វីត្បិតតែគាត់ព្យាយាមដើម្បីផលប្រយោជន៍នៃភាពស្មើគ្នារបស់មនុស្សគ្រប់គ្នាពិតមែន គាត់នៅតែត្រូវបានអ្នកនយោបាយផ្សេងៗរិះគុន ដោយនិយាយថាគាត់គឺជាបញ្ហានៃសង្គមមួយ។ ហេតុផលគឺដោយសារតែគាត់គឺជាអ្នកចំនូលស្រុកទេ ហើយម្យ៉ាងទៀតគាត់កាន់សាសនាអ៊ីស្លាមទៀត។ ប៉ុន្តែឧបសគ្គទាំងនេះពុំបានបញ្ឈប់គាត់ពីការបំពេញបំណងរបស់គាត់ឡើយ។ នៅពេលនេះ គាត់បានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំនៅប្រទេសបារាំង ហើយក៏ជារដ្ឋមន្រ្តីស្រីដែលមានអាយុក្មេងជាងគេបំផុតម្នាក់ផងដែរ។ ទ្រឹស្តីមួយរបស់គាត់គឺ “មានតែមនុស្សឆ្កួតដែលគិតថាខ្លួនឯងអាចផ្លាស់ប្តូរពិភពលោកទេ គឺជាមនុស្សដែលធ្វើការផ្លាស់ប្តូរពិភពលោកនោះ”៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម