ព្រះបាទ​រាមា​ជើងព្រៃ ដែលមាន​ប្រវត្តិសាស្ត្រ​ទាក់ទង​ទុំ​ទាវ​ល្បី វាយ​ដណ្ដើមយក​ក្រុង​លង្វែក​ពី​សៀម​មកវិញ​
Connect with us

គួរដឹង

ព្រះបាទ​រាមា​ជើងព្រៃ ដែលមាន​ប្រវត្តិសាស្ត្រ​ទាក់ទង​ទុំ​ទាវ​ល្បី វាយ​ដណ្ដើមយក​ក្រុង​លង្វែក​ពី​សៀម​មកវិញ​

ប្រទេស​សៀម បាន​ប្រើល្បិច​បាច​ប្រាក់ដួង​ចូលក្នុង​ព្រៃ​ឫស្សី​នៃ​បន្ទាយលង្វែក ដើម្បី​ខ្ចីដៃ​ខ្មែរ​អោយ​កាប់បំផ្លាញ​ព្រៃ​ឫស្សី ដើម្បី រើសយក​ប្រាក់ដួង​នោះ​។ ដោយសារ​មូលហេតុ​នេះហើយ ទើប​សៀម​អាច​វាយលុក​ចូល​បន្ទាយលង្វែក​បាន នៅ​គ្រិស្ដសករាជ ១៥៩៣​។ ក៏ប៉ុន្តែ សៀម​កាន់កាប់​បន្ទាយ​នេះ​បាន​ប្រហែល​មួយឆ្នាំ​ប៉ុណ្ណោះ​។ ក្រោម​ការដឹកនាំ​របស់ ព្រះបាទ​រាមា​ជើងព្រៃ ខ្មែរ​ក៏​វាយ​ដណ្ដើម​បន្ទាយលង្វែក​មកវិញ​បាន​នៅ​ឆ្នាំ​១៥៩៤​។​

ព្រះបាទ​រាមា​ជើងព្រៃ (​ឆ្នាំ​១៥៩៤-​ឆ្នាំ​១៥៩៦)

​ព្រះ​ចៅ​ន​រេ​ន​សូរ​ស្ដេច​សៀម ក្រោយពី​បាន​ជ័យជម្នះ​លើ​ខ្មែរ​ហើយ ក៏​ទ្រង់​តែងតាំង​មហាមន្ត្រី​សៀម និង​ពលទាហាន ២​ពាន់ នាក់ អោយនៅ​ក្នុងស្រុក​ឧដុង្គ ដើម្បី​ត្រួតត្រា​កិច្ចការ​ប្រទេស​ខ្មែរ​។ ឯ​ព្រះអង្គ​ទ្រង់​នាំ​រេហ៍ពល​យាង​ត្រឡប់​ទៅ​ក្រុង​ឰ​យុ​ធ្យា វិញ​។ ពេលនោះ សម្ដេចព្រះ​រាមា​ធិបតី​អុង​នៅ​ខេត្ត​ជើងព្រៃ ដែល​អ្នកផង​និយម​ហៅថា ព្រះបាទ​រាមា​ជើងព្រៃ ដែលជា​ព្រះ​ញាតិ​របស់​ព្រះ​ម​ហិ​ន្ទរា​ជា​ព្រះ​ស​ត្ថា ទ្រង់​បាន​កេណ្ឌ​ទ័ព​ទៅ​វាយ​កម្ចាត់​ពួក​សៀម នៅ​ឧដុង្គ​នោះ​អោយ​បរាជ័យ ហើយ​ដកទ័ព​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​ក្នុង​ឆ្នាំ​១៥៩៤ នៃ​គ្រិស្ដសករាជ​។ បន្ទាប់មក ព្រះអង្គ​ក៏​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​រាជធានី​ស្រី​សន្ធរ ដោយមាន​ព្រះនាម​ក្នុង​រាជ្យ​ថា​ព្រះ​រាមា​ធិបតី​បរម​រាជា​ធិ​រាជ​។​

ព្រះ​រាមា​ធិបតី​ព្រះរាម​ជើងព្រៃ ទ្រង់​គ្រងរាជ្យ​បានតែ​បី​ឆ្នាំ​ប៉ុណ្ណោះ​។ ក្នុង​ខែមករា ឆ្នាំ​១៥៩៦ លោក វេ​ឡូ​សូ ជា​ប្អូនថ្លៃ​ព្រះ ស​ត្ថា និង​ស្ម័គ្រ​បក្ខពួក ដែល​ឯកសារ​ខ្លះ​ថា​បាន​ទៅ​ស្រុកកំណើត តែ​ឯកសារ​ខ្លះ​ថា ត្រូវបាន​ព្រះ​ម​ហិ​ន្ទរា​ជា​ព្រះ​ស​ត្ថា បញ្ជា​អោយទៅ​សុំ​ជំនួយ​ពី​លោក​ទេសាភិបាល​អេ​ស្ប៉ា​ញ៉ុ​ល នៅ​ហ្វីលីពីន បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​នាំ​ទាំង​កម្លាំង​ទ័ព​ជំនួយ​មួយចំនួន​មក​ផង​។ ពេលមកដល់ វេ​ឡូ​សូ ដឹងថា ក្រុង​លង្វែក បាន​ត្រូវ​វាយ​បែក​ដោយ​ទ័ព​សៀម រួចទៅហើយ ហើយ​ព្រះ​ម​ហិ​ន្ទរា​ជា​ព្រះ​ស​ត្ថា​និង​ព្រះ​ញាតិវង្ស​មួយចំនួន ទ្រង់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​លាវ ហើយ​មាន​ព្រះរាជា​ថ្មី​គឺ​ព្រះ​រាមា​ជើងព្រៃ បាន​ឡើង​សោយរាជ្យ​នៅ​ប្រទេស​ខ្មែរ ដូច្នោះ​ក៏​មានការ​អាក់អន់ស្រពន់ចិត្ត​ជាខ្លាំង​។ គាប់​ជួន​ជា​ខែមេសា នៃ​ឆ្នាំ​នោះ​មាន​ជម្លោះ​រវាង​ពួក​ឈ្មួញ​ចិន និង​ពួក​ទាហានជើងទឹក​អេ​ស្ប៉ា​ញ៉ុ​ល​បានកើត​ឡើង ហើយ​ដែល​បានធ្វើអោយ​ឈ្មួញ​ចិន ប្រមាណ​១០០​នាក់​ស្លាប់ រួច​ទំនិញ​ទាំងអស់​របស់​ចិន ត្រូវ​រឹបអូស​នោះ​លោក វេ​ឡូ​សូ បាន​សុំ​អនុញ្ញាត​ពី​ព្រះ​រាមា​ជើងព្រៃ​ដើម្បី ចូលគាល់ ហើយ​ស្រាយ​បំភ្លឺ​ព្រះអង្គ​អំពី​បុព្វ​ហេតុដែល​កើតមាន​នោះ​។ ប៉ុន្តែ​ព្រះ​រាមា​ជើងព្រៃ ទ្រង់​បានដាក់​លក្ខខណ្ឌ​ថា​ទាល់ តែ​ពួក​អេ​ស្ប៉ា​ញ៉ុ​ល សង​ទំនិញ​ទាំងអស់​ទៅ​ពួក​ចិន​សិន ទើប​ព្រះអង្គ​អនុញ្ញាតអោយ​ចូលជួប​បាន​។ ដោយហេតុ​នោះ​លោក វេ​ឡូ​សូ និង​លោក រ្វីស បានសម្រេច​ចិត្ត​ប្រើ​កម្លាំង​ទ័ព ដើម្បី​វាយលុក​ព្រះរាជវាំង​ស្រី​សន្ធរ ហើយ​ធ្វើ​គត់​ព្រះ​រាមា​ជើងព្រៃ ក្នុង​ឆ្នាំ​នោះ​ទៅ​។​

​ឯកសារ​ខ្លះទៀត​ដូច​ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា កាលបើ​ត្រឡប់​មកដល់​ប្រទេស​ខ្មែរ​វិញ​ហើយ ដឹងថា ព្រះ​ម​ហិ​ន្ទរា​ជា​ព្រះ​ស​ត្ថា និង​ព្រះ​ញាតិវង្ស​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​ខេត្តស្ទឹងត្រែង ហើយ​មាន​ស្ដេច​ថ្មី គឺ​ព្រះ​រាមា​ជើងព្រៃ ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​ស្រី​សន្ធរ ដូច្នោះ​លោក​វេ​ឡូ​សូ និង​ស្ម័គ្រ​បក្ខពួក បានធ្វើ​ឧបាយកល​ជា​សុំ​ចូលគាល់​ព្រះ​រាមា​ជើងព្រៃ ដោយ​នាំយក​កាំភ្លើង​វែង​មួយចំនួន និង​កាំភ្លើងខ្លី​ក្រំមាស​យ៉ាង​ល្អ ដែល​ខ្លួន​ទើបនឹង​បានមក​យកទៅ​ថ្វាយ​ព្រះអង្គ​ដើម្បី​សុំ ជ្រក​ក្រោម​បុណ្យ​បារមី​។ ព្រះ​រាមា​ធិបតី​ព្រះ​រាមា​ជើងព្រៃ មិនបាន​ជ្រាប​ពី​ឧបាយកល​នេះ​ក៏​ទ្រង់​អនុញ្ញាតអោយ​ចូលគាល់​តា​ម​សំណើ​។ លោក វេ​ឡូ​សូ យក​កាំភ្លើង​វែង​របស់ខ្លួន ២៤​ដើម​ដាក់​ក្នុង​ហិប អោយ​ទាហាន​អេ​ស្ប៉ា​ញ៉ុ​ល សែង​ជា ១២​ស្នែង​ចូលទៅ ហើយ​កាំភ្លើងខ្លី​ក្រំមាស​នោះ លោក វេ​ឡូ​សូ កាន់​ចូលទៅ​ដោយ​ខ្លួនឯង​។​ដល់​មុខ​ព្រះភ័ក្ត្រ​ព្រះរាជា​ហើយ ក៏​លុតជង្គង់​ថ្វាយ​កាំភ្លើង​ក្រំមាស​នោះ ដោយ​ហុច​ខាង​ស្វៃ​កាំភ្លើង​ទៅមុន​។ លុះ​ព្រះរាជា​លូក​ព្រះហស្ដ​មក​ទទួលយក​កាំភ្លើង​នោះ​វេ​ឡូ​សូ ក៏​ក្រឡាស់​ថ្វាយ​ខាង​ត្រែ​កាំភ្លើង​រួច​គាស់​កៃ គ្រាប់កាំភ្លើង​ផ្ទុះឡើង​ត្រូវ​ព្រះ​រាមា​ជើងព្រៃ​សុគត​ទៅ​។​

​គួរ​បញ្ជាក់ថា ព្រះ​រាមា​ជើងព្រៃ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៥៩៤ ហើយ​ទ្រង់​បាន​សុគត​ដោយ​គ្រាប់កាំភ្លើង​របស់​អេ​ស្ប៉ា​ញ៉ុ​ល​នៅ​ឆ្នាំ​១៥៩៦ នៃ​គ្រិស្ដសករាជ នៅ​រាជធានី​ស្រី​សន្ធរ​៕

ប្រភព: ខ្មែរអប្សរា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម