រោគសញ្ញា​ទាំង ១០​របស់​ជំងឺ​រលាក​សន្លាក់ Rheumatic ដែល​អ្នក​ត្រូវ​តែ​ដឹង​
Connect with us

សុខភាព & សម្រស់

រោគសញ្ញា​ទាំង ១០​របស់​ជំងឺ​រលាក​សន្លាក់ Rheumatic ដែល​អ្នក​ត្រូវ​តែ​ដឹង​

ការឈឺចាប់​ខ្លាំង និង​ការ​ហើម​សន្លាក់​គឺជា​ចំនុច​សម្គាល់​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ Rheumatic ប៉ុន្តែ​អ្នក​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ មិនមែន​ចាំមើល​តែ​រោគសញ្ញា​តែមួយ​មុខ​នេះ​នោះ​ទេ​។

វេជ្ជបណ្ឌិត​ឯកទេស​ខាង​ជំងឺ​រលាក​សន្លាក់ Rheumatic  ចូអាន បា​តុ​ន (Joan Bathon)   និយាយថា “​នេះ​គឺជា​ដំណើរការ​របស់​ជំងឺ​មួយ មិនមែន​គ្រាន់តែ​ជា​រឿង​កើតឡើង​ក្នុង​សន្លាក់​ទេ​។ វា​អាច​កើត​ក្នុង​ជាលិកា​រ ដើម្បី​បង្ក​ជាការ​រលាក​បាន​”​។

មនុស្ស​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ធ្ងន់ធ្ងរ ទំនងជា​មាន​ផលវិបាក​របស់​វា​ច្រើន ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​លើ​មនុស្ស​ដែល​មាន​ជំងឺ​នេះ​ស្រាលៗ​ដែរ​។

នេះ​គឺជា​រោគសញ្ញា​ទាំង ១០​របស់​ជំងឺ​រលាក​សន្លាក់ Rheumatic ដែល​អ្នកជំងឺ​គួរតែ​ដឹង​។

១, ពិបាក​ដកដង្ហើម ឬ​ឈឺ​ដើមទ្រូង 

ដោយសារតែ​ជំងឺ​រលាក​សន្លាក់ Rheumatic ប៉ះពាល់​ទៅលើ​សរសៃឈាម និង​សាច់ដុំ​បេះ​ដូង​បាន ធ្វើអោយ​អ្នកជំងឺ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​អាការៈ​គាំងបេះដូង និង​ខ្សោយបេះដូង​។

វេជ្ជបណ្ឌិត​ឯកទេស​ខាង​ជំងឺ​រលាក​សន្លាក់ Rheumatic  ប្រៀ​ន មេនឌេល (Brain Mandell, MD, PhD) មក​ពី​មជ្ឈមណ្ឌល Cleveland Clinic’s Arthritis and Musculoskeletal Center និយាយថា “​ការ​ឈឺទ្រូង ឬ​ពិបាក​ដកដង្ហើម​គឺជា​បញ្ហា​ដ៏​ធំ​មួយ​”​។​
ប្រសិនបើ​អ្នក​ថប់ដង្ហើម​លឿន​ពេក នោះ​អ្នក​ក៏​អាច​មាន​ជំងឺ​សួត​បានដែរ ដែល​សួត​នោះ​អាច​ទៅ​ជា​រលាក ឬ​មាន​សន្លាក​។

ចូរ​ស្វែងរក​ការព្យាបាល​អោយបាន​លឿន​ប្រសិនបើ​អ្នក​មាន​បញ្ហា​អស់ទាំង​នេះ ទោះបីជា​អ្នក​ពុំ​ធ្លាប់​មាន​ជំងឺ​បេះដូង ឬ​សួត​ពីមុន​មក​ក៏​ដោយ​។

២, ស្ពឹក ឬ​ឈឺ​ឆៀបៗ 

ការ​រលាក​សន្លាក់​ប្រភេទ Rheumatic អាច​បណ្តាល​អោយ​ជាលិកា​ត​ភ្ជាប់​គ្នា​ក្នុង​ប្រអប់ដៃ ឬ​ប្រអប់ជើង​រលាក និង​សង្កត់​ទៅលើ​សរសៃប្រសាទ ដែល​ជាហេតុ​ធ្វើអោយ​ស្ពឹក និង​ឈឺ​ឆៀបៗ​បាន​។ ដូច្នេះ​អ្នក​ប្រហែល​ជា​ធ្លាប់មាន​អាការៈ​ខ្សោយ ឬ​ខូច​សរសៃប្រសាទ​ហើយ​។

ការ​ហើម​ប្រភេទ​នេះ​អាច​កើតមានឡើង​ក្នុង​ជាលិកា​ទាំងអស់​ក្នុង​រាងកាយ ប៉ុន្តែ​កន្លែង​ដែល​កើតមាន​ច្រើន​បំផុត​នោះ​គឺ​ជុំវិញ​ម្រាមដៃ ដែលនាំអោយ​មាន​ជំងឺ​ម្យ៉ាង​ឈ្មោះថា Carpal Tunnel Syndrome​។

ប្រសិនបើ​អ្នក​ធ្លាប់មាន​បញ្ហា​ស្ពឹក ឈឺ​ឆៀបៗ អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​ជំងឺ​រលាក​សន្លាក់ Rheumatic ឬ​គ្រូពេទ្យ​អោយបាន​ឆាប់​តាម​តែ​អាច​ធ្វើបាន​ដើម្បី​កំណត់​រក​មូលហេតុ​។

៣, មិន​អាច​ធ្វើ​ចលនា ឬ​លើក​ដៃ ឬ​ជើង​ឡើង​រួច 

ការ​ដែល​មិន​អាច​ធ្វើ​ចលនា ឬ​លើក​ដៃ ឬ​ប្រអប់ជើង​រួច​បែបនេះ វា​គឺជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​។ អ្វី​ដែល​កម្រ​គឺជា​ការខូចខាត​លើ​សរសៃប្រសាទ​សម្រាប់​បញ្ជា​លើ​សាច់ដុំ​។ វេជ្ជបណ្ឌិត បា​តុ​ន និយាយថា “​វា​ទំនងជា​មាន​អាការៈ​គាំងបេះដូង​ទៀត​”​។

ចូរ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​នៅពេល​មាន​សញ្ញា​បែបនេះ​។ វេជ្ជបណ្ឌិត បា​តុ​និយាយថា មិន​ត្រូវ​រងចាំ​តទៅទៀត​ទេ​ព្រោះ​វា​នឹង​អាច​អោយ​អ្នក​ស្លាប់​មួយ​ចំហៀង​ខ្លួន​បាន​។

៤, មាន​កន្ទួល​ជុំវិញ​ចុង​ម្រាមដៃ 

កន្ទួល​ក្រហមៗ ឬ​ខ្មៅៗ​នៅ​ជុំវិញ​ក្រចកដៃ​មានន័យថា ជាលិកា​ក្នុង​តំបន់​អស់ទាំង​នេះ​បាន​ស្លាប់​ដោយសារតែ​ការ​រលាក​សរសៃឈាមរ​បស់​វា​។ ទោះបីជា​រឿងនេះ​មិនសូវ​ជា​កើត​មាន​ក៏​ដោយ ក៏​ការ​មាន​កន្ទួល​អាច​ជា​សញ្ញា​មួយ​ប្រាប់​អំពី​ទម្រង់​នៃ​ការ​រលាក​ធ្ងន់ធ្ងរ​ដែរ​។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ អ្នក​ប្រហែលជា​ត្រូវ​កាត់​ម្រាមដៃ ឬ​ម្រាមជើង​នោះ​ចោល​។

៥, ក្រហម​ភ្នែក ឬ​រលាក​ភ្នែក 

សរសៃឈាម​ក្នុង​ភ្នែក​គឺជា​គោលដៅ​មួយ​ផ្សេង​ទៀត​របស់​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic នេះ ជាពិសេស​មនុស្ស​ដែល​មាន​អាការៈ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​មាន​អារម្មណ៍​ថា​ស្រទាប់​ខាង​ក្រៅ​របស់​ភ្នែក​ស្ងួត ឬ​រលាក ថ្នាំ​បន្តក់​ភ្នែក​អាច​ព្យាបាល​បញ្ហា​នេះ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការឈឺចាប់​ធ្ងន់ធ្ងរ​ភ្លាមៗ និង​ក្រហម​ភ្នែក​ភ្លាមៗ​មានន័យ​ថា ផ្នែក​ជ្រៅៗ​របស់​ភ្នែកមាន​បញ្ហា​ហើយ​។ នោះ​គឺជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​ប្រសិនបើ​វា​កើត​ឡើង​បែប​នេះ​មែន​។

៦, មិន​ស្រួល​ក្នុង​ពោះ 

ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ Nonsteroidal Anti-inflammatory Drug (NSAID) ដូចជា​ពពួក Ibuprofen ឬ Naproxen ដើម្បី​ព្យាបាល​អាការៈរលាក​សន្លាក់​ប្រភេទ Rheumatic នោះ​អ្នកនឹង​ប្រឈម​នឹង​ការ​ឈឺក្រពះ​ហើយ ព្រោះថ្នាំ​ទាំងនេះ​អាច​បណ្តាល​អោយ​ដំបៅ​ក្រពះ និង​ហូរឈាម​ក្នុង​ក្រពះ​ទៀតផង​។ នៅពេល​ប្រើ​ថ្នាំ NSAID ចូរ​ប្រាប់​គ្រូពេទ្យ​អំពី​ការ​ឈឺក្រពះ ការបត់​ជើង​មាន​ពណ៌​ខ្មៅ ឬ​ឈាម ឬ​ក្អួតចង្អោរ​ដែល​អ្នកមាន​។

៧, ក្តៅខ្លួន​ខ្លាំង ឬ​មាន​សញ្ញា​នៃ​ការបង្ក​រោគ​ផ្សេងៗ​ទៀត 

បញ្ហា​ផ្សេង​មួយទៀត​ពី​ការព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic គឺ​ការឆ្លង​ជំងឺ​ដែល​ទាក់ទង​នឹង​ការប្រើ​ថ្នាំ Cimzia, Enbrel, Humira, Remicade, និង Simponi​។ វេជ្ជបណ្ឌិត បា​តុ​ន​និយាយថា ភាគច្រើន​សញ្ញា​ដែល​ប្រាប់ថា​មាន​ការបង្ក​រោគ​នោះ​គឺ ក្តៅខ្លួន​ខ្លាំង ៣៧ ទៅ​៣៨ C ។ ចំណែក​អ្នក​ផ្សេង​ទៀត​បែរ​ជា​ក្អក​ដោយ​មិន​ដឹង​មូលហេតុ ក្តៅ ក្រហម ហើម ឬ​ឈឺ​ស្បែក​ខ្លាំង​ខុស​ពី​ធម្មតា​។​
ប្រភេទ​នៃ​ការបង្ក​រោគ​មួយ​នេះ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស និង​ពិបាក​ក្នុង​ការគ្រប់គ្រង​ចាប់តាំងពី​អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic នេះ​មាន​បញ្ហា​លើ​ប្រព័ន្ធ​ភាពស៊ាំ​របស់គេ​។ ប្រសិនបើ​អ្នក​សង្ស័យថា​មាន​ការបង្ក​រោគ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម ទោះបីជា​កំពុង​មាន​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ក៏ដោយ​។

៨, មាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន 

រោគសញ្ញា​ដែល​គ្រាន់តែ​អោយ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន​ក៏​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​បានដែរ ដូច្នេះ​មិន​ត្រូវ​បណ្តែតបណ្តោយ​អោយ​វា​កើតមាន​បែប​នេះ​រហូត​ទេ​។ អ្វី​ដែល​ពិសេស ចំពោះ​ការ​អស់កម្លាំង បែកញើស​ពេសល​យប់ ស្រក​ទម្ងន់​ភ្លាមៗ អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ ក្តៅខ្លួន​ស្ទិញៗ អាច​មានន័យ​ថា​ដល់ពេល​ដែល​ត្រូវ​វាយតម្លៃ​លើ​ការព្យាបាល​របស់​អ្នក​ម្តងទៀត​ហើយ​។​
ចូរ​ប្រាកដថា​អ្នក​បាន​ពិភាក្សា​លើ​រោគសញ្ញា​ទាំងនេះ​ប្រាប់​គ្រូពេទ្យ​ហើយ​។

៩, បាក់ឆ្អឹង 

មនុស្ស​ម្នាក់​បាក់ឆ្អឹង​ដោយសារតែ​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ប្រហែល​ជា​កើតឡើង​ដោយសារ​តែ​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​មនុស្ស​ស្រី​។ ដោយសារ​តែ​ធម្មជាតិ​នៃ​ការ​រលាក​របស់​វា ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic អាច​បណ្តាល​អោយ​បាត់បង់​កំហាប់​ឆ្អឹង​បាន​។ ការ​ប្រឈម​នឹង​ការ​បាក់ឆ្អឹង​អាច​មាន​សភាព​លឿន​ដូច​ជា​កំជ្រួច​បាន​ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ Prednisone ។​
អ្នកជំងឺ​រលាក​សន្លាក់ Rheumatic គួរតែ​ធ្វើការ​ថ្លឹង​ឆ្អឹង​រក​មើល​ជំងឺ​ពុក​ឆ្អឹង​អោយ​ឆាប់​ក្រោយ​ពី​ដឹង​ថា​មាន​ជំងឺ​នេះ ហើយ​ពួកគេគ៏​ត្រូវ​បន្ថែម​នូវ​ការ​ហាត់ប្រា​ណ និង​របប​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​កាលស្យូម និង​វីតាមីន D​។

១០, មាន​ស្នាម​ជាំ​ភ្លាមៗ 
ប្រសិនបើ​អ្នក​ស្រាប់តែ​ឃើញ​មាន​ស្នាម​ជាំ​ភ្លាមៗ អ្នក​ប្រហែលជា​មាន​ផលវិបាក​នៃ​ជំងឺ​រលាក​សន្លាក់ Rheumatic ហើយ ដែល​មក​ពី​ចំនួន​ផ្លាកែ​ត​ក្នុងឈាម​ថយចុះ​។ នេះ​អាច​ដោយសារតែ​ការព្យាបាល​របស់​អ្នក ឬ​ជំងឺ​ខ្លួនឯង​។ ចូរ​ប្រាកដថា អ្នក​បាន​ទៅ​ជួប​គ្រួ​ពេទ្យ​បាន​ឆាប់ ដូច្នេះ​អាច​អោយ​ដឹង​ពី​ចំនួន​ផ្លាកែ​ត​ក្នុង​ឈាម​ហើយ​។ នៅពេល​ចំនួន​ផ្លាកែ​ត​ក្នុង​ឈាមចុះ​ទាប​ខ្លាំង មានន័យ​ថា​អ្នក​ប្រឈម​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​ជាំ​ស្បែក និង​ហូរ​ឈាម​ខ្លាំង​។

ផ្តល់សិទ្ធិដោយ : សុខភាព

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង