​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ!
Connect with us

គួរដឹង

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ!

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។

ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

ព្រះបាទ​សូរ្យវរ្ម័នទី២ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាមមួយក្នុងទំព័រប្រវត្តិសាស្ត្រ។

មុន​ពេល​ដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នោះ ប្រទេស​កម្ពុជា មាន​ព្រះរាជា​ពីរ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​តែ​មួយ។ មួយ​អង្គ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​ព្រះនាម​ថា “ព្រះបាទ​នឫទិន្ទ្រវរ្ម័ន” ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ ព្រះបាទ​ហស៌វរ្ម័នទី៣។ មួយ​ព្រះអង្គ​ទៀត​ព្រះនាម “ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១” ដែល​ទ្រង់​សោយរាជ្យ​បន្ត​ពី​ព្រះរៀម​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ នៅ​រាជធានី​មហិធរៈបុរៈ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១០៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ឆ្នាំ​១១១២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមនិស្កលបទ។

អ្នក​ដែល​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដើម្បី​ដណ្ដើម​រាជ្យ​នោះ គឺ​ ព្រះបាទ​សូរ្យវរ្ម័នទី២ ដែល​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​នោះ​ឯង។ ដំបូងឡើង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ព្រះរាជា​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៀត។ ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​នៅ​កម្ពុជា ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ អាច​បង្រួប​បង្រួម​នគរ​ខ្មែរ​អោយ​ទៅ​ជា​មួយ​ឡើង​វិញ។

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។ ពិធី​រាជាភិសេក​ក្នុង​ការ​ឡើង​គ្រងរាជ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះរាជ​គ្រូ​ព្រាហ្មណ៍​បុរោហិត​ទិវាករ​បណ្ឌិត​ដដែល។

ព្រះអង្គ និងកងទាហានចេញច្បាំងនឹងប្រទេសចំប៉ា

លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិនឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។

សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ “ហរិទេវៈ” អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។

រូបតំណាង ការប្រកបការងារចិញ្ចឹមជីវិតរបស់ប្រជារាស្ត្រ​ខ្មែរ

ច្បាំង​នឹង​យួន​ដៃ​វៀត ដែល​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន​ផង។ ច្បាំង​នឹង​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាមផង ហើយ​ច្បាំង​ជាមួយ​ពួក​មន នៅ​ហរិបុញ្ជ័យ ថែម​ទៀត​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិនថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា “គិនពីវពិនចេង” ដែល​ប្រហែល​ជា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា “កម្រតេង” នោះ​ឯង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ប្រទេស​ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន គឺ​ពី​កូថារ៉ា (បច្ចុប្បន្ន​ញ៉ាត្រាង ក្នុង​ប្រទេស​វៀតណាម) រហូត​ដល់​ឈូង​សមុទ្រ​បានឌុង (នៅ​ម៉ាឡេស៊ី)។ ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា។ ម្យ៉ាង​ទៀត ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌាផង និង​នៅ​កោះ​ជ្វាផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ “ព្រះបាទ​សូរ្យវរ្ម័នទី២” ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា ​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង ​ប្រាសាទ​ព្រះវិហារ។ ឯ​សំណង់​ថ្មី​មាន ​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែ និង ​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។  ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។

នៅ​ភាគ​ខាង​ចុង​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១១៤៩ ពួក​ចាម បាន​បះបោរ រួច​បាន​ធ្វើ​គត់ ហរិទេវៈ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ​សោយរាជ្យ​នៅ​ក្រុង​វិជ័យ ហើយ​រំដោះ​ប្រទេស​ចំប៉ា បាន​ពី​កម្ពុជាវិញ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា “បរមវិស្ណុលោក” ៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម