ដឹងទេថា សាប៊ូនិងថ្នាំលាបផ្ទះបំពុលបរិស្ថានដូចឡានម៉ូតូដែរ?
Connect with us

គួរដឹង

ដឹងទេថា សាប៊ូនិងថ្នាំលាបផ្ទះបំពុលបរិស្ថានដូចឡានម៉ូតូដែរ?

បញ្ហាបរិស្ថានបានក្លាយជាកង្វល់ដ៏ធំមួយរបស់ពិភពលោកនៅក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ចុងក្រោយនេះ ហើយមនុស្សជាច្រើនជឿថា ប្រភពចម្បងនៃការបំពុលនេះគឺជាយានយន្ដដែលប្រើប្រាស់ប្រេងឥន្ធនៈ និងបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។

ដោយឡែក អ្នកវិទ្យាសាស្រ្ដបានអះអាងថា សារធាតុគីមីចេញពីសាប៊ូនិងថ្នាំលាបពណ៌ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃបានរួមចំណែកក្នុងការបំពុលបរិស្ថានស្មើនឹងយានយន្ដទាំងនោះផងដែរ។

តើវាប៉ះពាល់ដល់ភពផែនដីដោយរបៀបណា? សាប៊ូនិងថ្នាំពណ៌ទាំងនោះបញ្ចេញនូវចំហាយម្យ៉ាង ដែលមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យបង្កើតជាអូហ្សូនដែលមិនល្អនៅស្រទាប់ខាងក្រោមនេះ និងមានប្រតិកម្មជាមួយសារធាតុគីមីផ្សេងៗទៀតបង្កើតជាសារធាតុបំពុលបរិយាកាស។

ការបំពុលខ្យល់ពីផលិតផលទាំងនេះគឺមានលក្ខណៈប្រហាក់ប្រហែលនឹងយានយន្តធ្វើដំណើរដែរ។ ដូច្នេះហើយ បើទោះបីជាមនុស្សកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក៏ដោយ ប្រភពដទៃទៀតនៃការបំពុលបរិស្ថាននឹងនៅតែជាបញ្ហាចម្បង។

គួរបញ្ជាក់ផងដែរថា ផលិតផលដែលអាចបង្កឲ្យមានការបំពុលបរិយាកាសនោះរួមមាន ទឹកអប់ សាប៊ូ ថ្នាំលាបពណ៌ ព្រមទាំងប្រភេទថ្នាំកំប៉ុងបាញ់ដែលមានក្លិនផ្សេងៗទៀត៕

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ រឿងសំខាន់ទាំង ៤ យ៉ាងដែលអ្នកអាចធ្វើបានដើម្បីជួយដល់បរិស្ថាន

បញ្ហាបរិស្ថាន ដូចដែលអ្នកទាំងអស់គ្នាបានដឹង ជាបញ្ហាដ៏ចម្បងមួយរបស់ពិភពលោក ដែលទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការផ្ដើមចេញពីបុគ្គលគ្រប់រូប។ អ្នកប្រហែលជាចង់រឺបានព្យាយាមចូលរួមថែរក្សាភពផែនដីមួយនេះសម្រាប់មនុស្សជំនាន់ក្រោយ ដោយបានខិតខំកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រឺប្រេងឥន្ធនៈជាដើម។ ប៉ុន្ដែអ្នកក៏ប្រហែលជាមានអារម្មណ៍ថាអ្នកមិនបានធ្វើគ្រប់គ្រាន់នៅឡើយទេ។ ជាក់ស្ដែង អ្នកអាចចូលរួមការពារបរិស្ថានជុំវិញផែនដីមួយនេះ តាមរយៈសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតទាំង ៤ ខាងក្រោមនេះ បើទោះបីវិធីខ្លះអាចនឹងភាពហួសហេតុបន្ដិចមែន។

១. បរិភាគដោយទទួលខុសត្រូវ៖ ការទទួលទានអាហារដោយមានទំនួលខុសត្រូវមានន័យថា ការញ៉ាំសាច់តិចនិងផលិតផលសត្វដូចជាស៊ុតនិងផលិតផលទឹកដោះគោតិច។ ហេតុអ្វីបានជាមិនគួរញ៉ាំសាច់? នេះដោយសារតែកសិដ្ឋានសត្វបញ្ចេញឧស្ម័នមេតានដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់ នាំឲ្យមានការកើនឡើងកំដៅផែនដី ហើយការចិញ្ចឹមសត្វសម្រាប់ម្ហូបអាហារទាមទារដីនិងទឹកច្រើន។ ការចិញ្ចឹមសត្វជាមូលហេតុនៃការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការបំពុលដីដោយសារថ្នាំសម្លាប់សត្វល្អិតនិងជីគីមីផ្សេងៗ។ ម្យ៉ាងវិញទៀត ចូរកុំខ្ជះខ្ជាយអាហារដែលអ្នកបរិភោគ។

២. កាត់បន្ថយការប្រើប្រាស់ទឹក និងរក្សាវាឲ្យស្អាត៖ បើទោះបី ៧០ ភាគរយនៃផ្ទៃដីរបស់ភពផែនដីត្រូវបានគ្របដណ្ដប់ ភាគច្រើនគឺទឹកប្រៃដែលយើងមិនអាចប្រើប្រាស់បាន។ ដឹងទេថា​បច្ចុប្បន្ននេះ មួយភាគបីនៃប្រជាជននៅលើពិភពលោកកំពុងតែខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់? ដឹងទេថា  ៩៥ ភាគរយនៃទីក្រុងនៅទូទាំងពិភពលោកនៅតែបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពផ្គត់ផ្គង់ទឹករបស់ពួកគេ? ហើយដឹងទេថា ៨០ ភាគរយនៃជំងឺទាំងអស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍អាចបណ្ដាលមកពីទឹកដែលគ្មានអនាម័យ? ដូច្នេះហើយ ចូរកុំប្រើទឹកយ៉ាងខ្ជះខ្ជាយ ហើយចូរថែរក្សាអនាម័យប្រភពទឹករបស់អ្នកឲ្យបានស្អាត។

៣. ប្រើថាមពលតិច រឺប្ដូរប្រើថាមពលដែលកើតឡើងវិញ៖ ដើរ ជិះកង់ រឺប្រើប្រាស់មធ្យោបាយសាធារណៈដូចជាឡានក្រុង ជាជាងការប្រើប្រាស់ម៉ូតូរឺឡានពីរបីក្នុងមួយផ្ទះ។ បិទភ្លើងរាល់ពេលអ្នកចេញពីបន្ទប់។ ដកឧបករណ៍ប្រើប្រាស់នៅពេលដែលពួកគេមិនត្រូវបានប្រើ។ កុំបើកម៉ាស៊ីនត្រជាក់ រឺកង្ហារ បើមិនចាំបាច់។ អ្នកក៏គួរប្រើថាមពលផ្សេងដូចជាថាមពលពន្លឺព្រះអាទិត្យជាដើម បើសិនជាអាច។

៤. យកកូនតិច៖ វាប្រហែលជាជ្រុលបន្ដិចហើយ ប៉ុន្ដែតើអ្នកដឹងទេថាកំណើនប្រជាជនជាមូលហេតុចម្បងនៃបញ្ហាបរិស្ថានផ្សេងៗទៀត? ចំនួនប្រជាជនសកលលោកបានកើនឡើងទ្វេដងពី ៣ ពាន់លាននាក់ដល់ ៦ ពាន់លាននាក់ក្នុងរយៈពេលត្រឹមតែ ៤០ ឆ្នាំ (១៩៥៩ ដល់ ១៩៩៩) ប៉ុណ្ណោះ។ យោងតាមការប៉ាន់ប្រមាណនាពេលបច្ចុប្បន្នចំនួនប្រជាជនពិភពលោកនឹងកើនឡើងដល់ ៩ ពាន់លាននាក់នៅត្រឹមឆ្នាំ ២០៤០ ដែលនឹងដាក់សម្ពាធរឹតតែខ្លាំងទៅលើធនធានរបស់ពិភពលោក៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម