ក្តៅ! កែវយឺតប្រមាញ់​ភពអេលៀន TESS មកដល់កន្លែងត្រៀមបាញ់​បង្ហោះហើយ! តើវាមានអ្វី​ពិសេសខ្លះ…?
Connect with us

ថ្មីៗ

ក្តៅ! កែវយឺតប្រមាញ់​ភពអេលៀន TESS មកដល់កន្លែងត្រៀមបាញ់​បង្ហោះហើយ! តើវាមានអ្វី​ពិសេសខ្លះ…?

(អាមេរិក)៖ បងប្អូនពិតជាមិនធ្លាប់​ដែលដឹងលឺ ឬក៏ទទួលព័ត៌មានច្រើន​អំពីវានោះឡើយ ប៉ុន្តែពេលនេះ​កែវយឺតអវកាស TESS របស់​អង្គការ NASA ដែលមាន​តួនាទីប្រមាញ់ និងវិភាគទៅលើភពអេលៀន​រាប់ពាន់រាប់ម៉ឺនភព ត្រូវបានបញ្ជូនទៅដល់ទីកន្លែង​បាញ់បង្ហោះ នៃមជ្ឈមណ្ឌល​អវកាស Kennedy ក្នុងរដ្ឋផ្លូរីដា​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ Florida Today នាព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

បើនិយាយឲ្យជាក់​ស្តែងទៅ TESS ឬកែវយឺតអវកាស-ផ្កាយរណប មានតួនាទីអង្កេត​ឲ្យដឹង​ច្បាស់ថា ភពចំនួនរាប់ពាន់រាប់ម៉ឺន ដែលកែវយឺតអវកាស​មុនៗមិនអាចអង្កេតបាន ហើយវានឹងគណនាឲ្យដឹងថា ពិតជាមាន​វត្តមាន​ភពគោចរនៅជុំវិញផ្កាយ​ភ្លឺៗ និងកម្រិតតូចទាំងនោះមែន ទើបភព​ទាំងអស់នោះ អាចក្លាយជា​​ភពផ្លូវការ ដែលត្រូវបាន​រកឃើញ និងត្រូវកត់ចូលក្នុង​បញ្ជីតែម្តង។

បន្ថែមពីនេះ​ទៀត TESS នឹងមានតួនាទី​អង្កេតផ្ទៃមេឃ ឲ្យបាន​ទូលំទូលាយ ៣៥០ដង ធំជាងអ្វីដែល​កែវយឺត​អវកាស NASA និង K2 របស់​អង្គការ NASA ធ្លាប់ធ្វើ ដែលកាលណោះ គឺបានរកឃើញ​ភពចម្បងៗ​ចំនួន ២,៥០០ភព​ឯណោះ។ TESS នឹងត្រៀមខ្លួនហោះ​ទៅទីអវកាស ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលត្រូវបាន​ពន្យាពេល​រួចម្តងហើយ។

បើតាមការរំពឹងទុក TESS នឹងធ្វើការ​អង្កេត​ និងដាក់ឈ្មោះភព​​ប្រមាណជាង ២០,០០០ភព​​ទៀត ហើយតេឡេស្កូបលើ​ផែនដី នឹងធ្វើការវិភាគ​បន្តក្រោយទទួល​បានទិន្នន័យ​បឋមពី TESS។ សម្រាប់ការ​បាញ់បង្ហោះ អាចនឹងធ្វើឡើង​នៅឯ​មូលដ្ឋានទ័ព​អាកាស Cape Canaveral នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះហើយ ប៉ុន្តែការពន្យាពេលយ៉ាងណាទៀតនោះ គឺអាស្រ័យលើការពិភាក្សារវាង NASA និង SpaceX។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មាន​​លម្អិតបន្ថែមពី TESS យើងនឹងមាន​ការចេញផ្សាយ​នាពេល​បន្តបន្ទាប់ទៀត ដោយបូករួមទាំង​ការប្រៀបធៀប​គ្នា​ ជាមួយនឹង​កែវយឺត​អវកាស James Webb ផងដែរ។ អ្វីដែលគួរឲ្យ​កត់​សម្គាល់នោះ គឺ TESS មានតួនាទីស្វែងរក​​ភព​បន្ថែម ដែលទូលំទូលាយ​​ជាង Kepler និង K2។

ចំណែក​​ឯកែវយឺត​អវកាស James Webb គឺនឹងអាច​គណនាដឹង អំពីសមាសធាតុផ្សំ នៃបរិយាកាស​ភពអេលៀន​មួយបាន ដែលនាំឲ្យគេអាច​សន្និដ្ឋានបានថា ភពណាមួយនោះ​​ អាចមានជីវិតរស់នៅ​ដែរ ឬទេ។ កែវយឺត​អវកាស James Webb គឺត្រូវបានប្តូរពេល​បាញ់បង្ហោះ ទៅចុងឆ្នាំ២០១៨វិញ ក្រោយពីមាន​ការពន្យា​ពេលជា​ច្រើនដង និងរុះរើតួរបស់វា​ឡើងវិញ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម