អស្ចារ្យ! យានរុករក Mars Rover ផលិតសម្រាប់​បេសកកម្ម ៩០ថ្ងៃ តែពេលនេះ ៥,០០០ថ្ងៃ ហើយ​នៅតែ​មិនទាន់ខូច…
Connect with us

ថ្មីៗ

អស្ចារ្យ! យានរុករក Mars Rover ផលិតសម្រាប់​បេសកកម្ម ៩០ថ្ងៃ តែពេលនេះ ៥,០០០ថ្ងៃ ហើយ​នៅតែ​មិនទាន់ខូច…

(អាមេរិក)៖ យានរុករកដំបូង​របស់អង្គការ NASA គឺ Mars Rover ដែលបានចុះចត​នៅលើភពក្រហមនោះ​កាលពីឆ្នាំ២០០៤ តាមពិតទៅត្រូវបាន​ផលិតឡើង ដើម្បីតែការ​បំពេញប្រតិបត្តិការ​រយៈពេល ៩០ថ្ងៃប៉ុណ្ណោះ តែពេល​នេះ​​រយៈពេល ៥,០០០ថ្ងៃ ​​ទៅ​ហើយនៅតែ​អាច​ដំណើរការ​​ជាធម្មតា។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែងកាលពី​ពេលថ្មីៗនេះ យាន Mars Rover បានធ្វើការថតដុំ​ថ្មរាងឆ្នូតៗ ដែលស្ថិតនៅលើ​ផ្ទៃភព​ព្រះអង្គារ ដែលវាត្រូវបាន​ក្រុមអ្នកវិទ្យាសាស្ត្រ​អះអាងថា ជាដាម​នៃ​ទឹក ដែលធ្លាប់មានវត្តមាន​នៅលើភពនេះ កាលពីមិនទាន់បាត់​បង់បរិយាកាស ឬក៏អាចមានជីវិត​ក្នុងទម្រង់ណា​មួយផង ក៏ថាបានដែរ។

បន្ថែមពីនេះទៀត បើតាមទិន្នន័យ​ពីអង្គការ NASA Mars Rover ក៏បាន​ថតទីវាល​នៅជម្រាលភ្នំ ដែលមាន​លក្ខណៈ​ជារលក ដែលអាចត្រូវបាន​បង្កើតឡើង​ដោយខ្យល់បក់បោក មកជាមួយ​នូវធូលី និងសំណើម។ យាននេះត្រូវ​បានបង្កើតឡើង​ដើម្បីធ្វើការ​ចុះចត និងស្រាវជ្រាវ​នៅតំបន់ Perseverance Valley ដែល​ស្ថិតនៅ ភាគខាងលិច​នៃបឹង Endeavour Crater។

ការរកឃើញ​ជាច្រើនខាងលើនេះ គឺកំពុងតែទាក់ទាញ​ឲ្យក្រុមអ្នក​គ្រប់គ្រង Mars Rover មានការចាប់​អារម្មណ៍ និងបន្តធ្វើការ​សិក្សាបន្ថែម អំពីជ្រលង​ដងអូរនានា ដែលត្រូវបាន​ថតដោយយានរុករក​ដ៏មានវ័យ​ចំណាស់នេះ។ ជាក់ស្តែងថ្ម​ចំលែកៗខាងលើនេះ ពិតជា​ពិបាក​ឲ្យគេនឹកស្មាន​ដល់ អំពីរបៀបនៃ​ការកកើតវាណាស់ ប៉ុន្តែអ្នក​គ្រប់គ្រង​កម្មវិធី Ray Arvidson ជឿជាក់ថា គេនឹងអាច​ទម្លាយអាថ៌កំបាំង​ពីវាបាន។

ចំណុចពិសេស៖ ភពអង្គារ​កាលពីរាប់ពាន់​លានឆ្នាំមុន ប្រហែលជា​អាចមានលក្ខណៈ​ច្រើន ដូចជា​ភពផែនដី​ផងដែរ ដូចជាទឹកហូរ​នៅលើ​ផ្ទៃភព និងបរិយាកាស​ដ៏ក្រាស់ ឬក៏អាច​សូម្បីតែជីវិត​នៅក្នុងទម្រង់​ណាមួយផងដែរ។ អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា ការប៉ះទង្គិច​នឹងអាចម៍​ផ្កាយ ឬវត្ថុអវកាស​ដ៏ធំមួយ ជាហេតុនាំ​ឲ្យភពអង្គារ វិវឌ្ឍន៍​ទៅរកសេចក្តី​ស្លាប់៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម