អបអរសាទរ! អណ្តើក​ហ្លួង​តំណាង​ជាតិ​ខ្មែរ​និង​កំពុង​ជិត​ផុត​ពូជ​លើ​លោក អ្នក​ជំនាញ​រក​ឃើញ​សំបុក​ហើយ!
Connect with us

ថ្មីៗ

អបអរសាទរ! អណ្តើក​ហ្លួង​តំណាង​ជាតិ​ខ្មែរ​និង​កំពុង​ជិត​ផុត​ពូជ​លើ​លោក អ្នក​ជំនាញ​រក​ឃើញ​សំបុក​ហើយ!

ជា​រឿង​មួយ​គួរ​ឲ្យ​ត្រេកអរ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល ជលផលអង្គការ WCS បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​ជា​សត្វ​តំណាង​ជាតិ និង​កំពុង​ផុត​ពូជ​លើ​ពិភព​លោក នៅ​ខេត្តកោះកុងនៅ​ថ្ងៃ ១៩ កុម្ភៈ​នេះ។

ក្រុមអ្នកអភិរក្សរបស់រដ្ឋបាល ជលផល អង្គការWCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន០១សំបុកមានពងចំនួន១៦គ្រាប់នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។ អង្គការWCS បានផ្តល់ការងារដល់សមាជិកសហគមន៍ចំនួន០៤នាក់ឲ្យយាមសំបុកអណ្តើកហ្លួងនេះ រហូតដល់កូនវាញាស់។ វាគឺជាសំបុកអណ្តើកហ្លួង ទី០១ដែលរកឃើញនៅក្នុង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។

អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុង រងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ការដាក់ឈ្មោះអណ្តើក ហ្លួងយ៉ាងដូច្នេះ ពីព្រោះកាលពីមុនមានតែគ្រួសាររាជ្យវង្សប៉ុណ្ណោះ ដែលអាចសោយពងវាបាន។ ព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានដាក់បញ្ចូលអណ្តើកហ្លួងជាប្រភេទ សត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា។

លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាលជលផល និងជាមន្ត្រីសមភាគីរបស់អង្គការ WCS បាននិយាយថា​​«ចាប់ពីពេលនេះរហូតដល់ខែមីនា គឺជារដូវការ ពងកូនរបស់សត្វអណ្តើកហ្លួង ដូច្នេះហើយក្រុមអ្នកអភិរក្សកំពុង តែស្វែងរកទីតាំងសំបុកពងកូនរបស់ពួកវា។ ប្រសិនបើរកឃើញ យើងនឹងធ្វើការជាមួយប្រជាជនសហគមន៍ ដើម្បីការពារ រហូតដល់កូនវាញាស់ ហើយយើងនឹងយកកូនអណ្តើកហ្លួង ទាំងនោះទៅកាន់មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង ដើម្បីចិញ្ចឹម និងថែរក្សា រហូតដល់ពួកវាធំពេញវ័យទើបលែងទៅក្នុង ធម្មជាតិវិញ»។

លោក ហ៊ុល បន្តថា៖ “យើងបានធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ រស់នៅតាមប្រព័ន្ធព្រែកស្រែអំបិលដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីសារៈសំខាន់សត្វអណ្តើកហ្លួង ដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា ហើយកំពុងតែរងគ្រោះជិតផុតពូជ។ ការប្រមូលយកពងកូន ឬចាប់យក មេអណ្តើកហ្លួងមកលក់ ឬហូប គឺជាសកម្មភាពខុសច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។”

អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមានរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០០១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាជន សហគមន៍រស់នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីត អ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិក គម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្តើកហ្លួងជំនួស ឲ្យការប្រមូលយកពងកូនទៅលក់៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម