វិធីបង្កើនការចងចាំនៅពេលមើលមេរៀនច្រើន យ៉ាងមានប្រសិទ្ធិភាព!
Connect with us

គួរដឹង

វិធីបង្កើនការចងចាំនៅពេលមើលមេរៀនច្រើន យ៉ាងមានប្រសិទ្ធិភាព!

មានអារម្មណ៍ព្រួយបារម្ភព្រោះត្រូវមើលមេរៀនច្រើន ប៉ុន្តែអ្នកមិនទាន់មើលមេរៀនអ្វីមួយចាំសោះមែនទេ? ការទន្ទិញមេរៀន មិនមែនគ្រាន់តែអានហើយទន្ទិញនោះឡើយ។

ប្រសិនជាអ្នកចង់អោយអ្នកទន្ទិញមេរៀនបានលឿន និងឆាប់ចាំ អ្នកត្រូវតែចេះវិធីនៅក្នុងការទន្ទេញ។ ខាងក្រោមនេះគឺជាគន្លឺះយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការទន្ទិញមេរៀន៖

១. ដឹងមេរៀនណាដែលត្រូវទន្ទិញ

ប្រសិនជាអ្នកទន្ទិញមេរៀនសម្រាប់ប្រឡង អ្នកត្រូវតែឆ្លាត និងចេះសន្សំពេលវេលា ពោលគឺអ្នកត្រូវដឹងថាតើមេរៀនណាដែលគួរទន្ទិញ។ នៅក្នុងការប្រឡងខ្លះ គ្រូរបស់អ្នកអាចនឹងប្រាប់ជាមុនថាមានមេរៀនអ្វីខ្លះដែលនៅក្នុងវិញ្ញាសារ ដូច្នេះហើយអ្នកគួរអោយចំនាយពេលអោយច្រើនជាមួយមេរៀនដែលចេញ ច្រើនជាងមេរៀនដែលមើលទៅមិនអាចចេញ ព្រោះវាអាចនឹងធ្វើអោយខាតបង់កម្លាំង និងពេលវេលា។

២. សរសេរលំដាប់មេរៀន

ដើម្បីទន្ទិញអោយមានប្រសិទ្ធិភាព បន្ទាប់ពីចែកមេរៀនដែលត្រូវទន្ទិញហើយ អ្នកត្រូវបែងចែក រឺសរសេរវាជាចំនុចគោលៗដាក់លើក្រដាស ដើម្បីធ្វើការទន្ទិញម្តងមួយៗអោយមានសណ្តាប់ធ្នាប់ និងកុំអោយមានការភ័នច្រលំគ្នា។

៣. ចំណាំតែចំនុចសំខាន់

បើអ្នកចង់សន្សំពេលវេលា និងកម្លាំង អ្នកមិនគួរទន្ទិញគ្រប់ពាក្យគ្រប់តួអក្សរនោះឡើយ ព្រោះអ្នកប្រហែលជាមានមេរៀនច្រើនណាស់ ដូច្នេះដំណោះស្រាយគឺអ្នកគួរតែទន្ទិញតែចំនុចសំខាន់ទៅ ខណះដែលចំនុចរាយរងផ្សេងៗ អ្នកអាចសរសេរបន្ទាប់ពីយល់ចំនុចសំខាន់នោះ។

៤. បង្កើតមេរៀនអោយចេញជារូបភាពនៅក្នុងខួរក្បាល

វិធីមួយទៀតដែលជួយអោយចាំមេរៀនបានល្អ គឺតាមរយះការបង្កើតមេរៀនទាំងនោះអោយចេញជារូបភាព ពោលគឺពេលទន្ទិញ អ្នកអាចស្រមៃ រឺប្រដូចវាទៅនឹងអ្វីដែលអ្នកបានដឹង ឬស្គាល់ ព្រោះវានឹងធ្វើអោយអ្នកមិនងាយភ្លេចពីការចងចាំឡើយ។

៥. រៀបកាលវិភាគទន្ទិញ ជៀសវាងផ្ទុកទន្និន័យច្រើនពេក

មិនថាអ្នកជាមនុស្សឆា្លត ឬខំប្រឹងយ៉ាងក៏ដោយ ខួរក្បាលមនុស្សយើងគឺមានដែនកំនត់របស់វា ពោលគឺថាកាលណាដែលអ្នកព្យាយាមបញ្ចូលគ្រប់បែបយ៉ាងអោយចូលទៅក្នុងនោះក្នុងពេលតែមួយ វានឹងធ្វើអោយខួរក្បាលមិនអាចចាប់បានល្អនោះទេ។ ដូច្នេះអ្នកគួរតែរៀបកាលវិភាគអោយបានល្អ ដើម្បីមានពេលអោយខួរក្បាលសម្រាកខ្លះ៕

អត្ថបទល្អផ្សេងទៀត៖ វិធីឆ្លើយសំនួរត្រិះរិះក្នុងវិញ្ញាសារប្រលង ដើម្បីអោយបានពិន្ទុខ្ពស់!

នៅក្នុងវិញ្ញាសារប្រលងនានា ពិសេសគឺនៅពេលដែលអ្នករៀនដល់ថ្នាក់ខ្ពស់ សំនួរដែលគ្រូនិយមដាក់អោយឆ្លើយយកពិន្ទុច្រើនជាងគេនោះគឺ ប្រភេទសំនួរត្រិះរិះ។ គ្រូប្រើប្រាស់សំនួរត្រិះរិះនៅក្នុងពេលប្រលង ដើម្បីស្ទុងមើលពីស្ថានភាពនៃការសិក្សា និងការយល់ដឹងរបស់សិស្ស ថាតើពួកគេចេះបានដល់កម្រិតណា។

សម្រាប់សិស្សមួយចំនួន ការឆ្លើយសំនួរប្រភេទត្រិះរិះគឺជារឿងមិនងាយស្រួលឡើយ ព្រោះជួនកាលមិនថាពួកគេព្យាយាមឆ្លើយប៉ុណ្ណាឡើយ ពួកគេនៅតែមិនអាចទទួលបានពិន្ទុខ្ពស់ទាល់តែសោះ។

ប្រសិនជាអ្នកត្រូវតម្រូវអោយឆ្លើយប្រភេទសំនួរត្រិះរិះនៅក្នុងពេលប្រលង អ្នកគួរតែប្រើវិធីទាំងនេះ៖

១. គ្រោង រឺព្រាងចំនុចដែលខ្លួនត្រូវសរសេរសិន

នៅក្នុងការឆ្លើយសំនួរប្រភេទនេះអោយបានល្អ អ្នកត្រូវតែមើលសំនួរនេះអោយបានយ៉ាងតិច៣ដង ដើម្បីអោយយល់ច្បាស់ថាតើគេចង់សួរពីអ្វីអោយពិតប្រាកដសិន។ បន្ទាប់ពីយល់សំនួរហើយនោះ ជៀសវាងកាន់ប៊ិចចាប់សរសេរចម្លើយ អ្នកគួរតែធ្វើការព្រៀងចម្លើយនៅលើក្រដាសផ្សេងសិន។

ការព្រៀងចម្លើយមុនពេលចាប់ផ្តើមសរសេរអាចធ្វើអោយអ្នករៀបចំចម្លើយរបស់អ្នកអោយមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ល្អនៅពេលសរសេរ។ ដូច្នេះនៅពេលដែលគ្រូអានចម្លើយនោះ គាត់នឹងងាយស្រួលនៅក្នុងការយល់ពីអ្វីដែលអ្នកព្យាយាមឆ្លើយ។

២. រៀបចំចំនុចនីមួយអោយប្រទាក់ក្រឡាគ្នា

នៅពេលដែលអ្នកមានចម្លើយនៅក្នុងដៃរួច អ្នកអាចចាប់ផ្តើមសរសេរបាន។ ប៉ុន្តែនៅក្នុងការសរសេរ អ្នកត្រូវតែចេះរៀបចំថាតើចំនុចមួយណានៃចម្លើយនោះត្រូវសរសេរមុន ហើយចំនុចមួយណាគួរតែសរសេរតាមក្រោយ។

នៅពេលដែលចាប់ផ្តើមសរសេរចំនុចមួយនៃចម្លើយ អ្នកត្រូវធ្វើការរៀបចំល្បះទាំងឡាយដែលនៅក្នុងកថាខណ្ឌដែលអ្នកសរសេរនោះអោយមានភាពប្រទាក់ក្រឡាគ្នាល្អ។ នេះមានន័យថា អ្វីក៏ដោយដែលអ្នកលើកឡើយគួរតែជាចំនុចគាំទ្រចម្លើយរបស់អ្នក។ ការសរសេរចាកឆ្ងាយពីចំនុចដែលអ្នកមានគឺស្មើរនឹងសរសេរចាកប្រធាន ហើយអ្នកនឹងមិនទទួលបានពិន្ទុល្អឡើយ។

៣. ប្រើប្រាស់ឧទាហរណ៍ រឺភស្តុតាងមកគាំទ្រ

ប្រសិនជាអ្នកចង់អោយការឆ្លើយសំនួរត្រិះរិះរបស់អ្នកទទួលបានពិន្ទុល្អ អ្នកដាច់ខាតត្រូវតែមានភ្ជាប់អ្វីដែលអ្នកលើកឡើងជាមួយនឹងឧទាហរណ៍។ ការប្រើប្រាស់ឧទាហរណ៍ រឺភស្តុតាងមកគាំទ្រ គឺធ្វើអោយគោលជំហរដែលអ្នកលើកឡើងនោះកាន់តែខ្លាំង ហើយវាក៏បង្ហាញអោយគ្រូរបស់អ្នកដឹងថាអ្នកយល់ច្បាស់ពីសំនួរនោះដល់កម្រិតណាដែរ។

៤. ធ្វើតាមការបង្គាប់

ជាទូទៅ ការសរសេររបស់អ្នកទាមទារអោយមានការអនុវត្តន៍តាមគោលការណ៍ដែលដាក់ចេញមក ដែលក្នុងនោះអាចមានដូចជាចំនួនពាក្យ រឺទំព័រដែលត្រូវសរសេរ និងប្រភេទកថាខណ្ឌជាដើម។ ចំនុចទាំងអស់នេះគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ប្រសិនជាអ្នកមិនចង់បានពិន្ទុតិចនោះទេ។

៥. សរសេរខ្លីៗ តែច្បាស់អស់ន័យ

នៅពេលដែលអ្នកឆ្លើយសំនួរប្រភេទនេះ សុំកុំគិតតែឆ្លើយបានវែង ប៉ុន្តែមិនត្រូវន័យដែលអ្នកត្រូវការ។ អ្នកគួរតែព្យាយាមសរសេរវាអោយបានច្បាស់ល្អ ហើយចំចំនុច។ ការអូសបន្លាយយូរច្រើន អាចធ្វើអោយអ្នកភ្លេចនូវអ្វីដែលអ្នកត្រូវសរសេរទៅវិញ។

គួរបញ្ជាក់ថា នេះគ្រាន់តែចំនុចខ្លីៗមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែពួកវាអាចជួយពង្រឹងការឆ្លើយសំនួរប្រភេទត្រិះរិះនេះដល់អ្នកបាន ប្រសិនជាអ្នកអាចអនុវត្តតាមវា៕

មតិយោបល់

ពេញនិយម