ចង់អោយឪពុកម្តាយរបស់អ្នកជឿជាក់មកលើខ្លួនឯងទេ សាកល្បងវិធីទាំង៥នេះទៅអាចជួយបាន!
Connect with us

បែបផែនជីវិត

ចង់ឪពុកម្តាយទុកចិត្តឡើងវិញបន្ទាប់ពីធ្វើខុស សាកល្បងវិធីទាំង៥នេះទៅអាចជួយបាន!

ការទុកចិត្តពីសំណាក់ឪពុកម្តាយគឺជារឿងសំខាន់ ព្រោះជួនកាលអ្នកអាចនឹងមានអារម្មណ៍ថាហាក់ដូចជាគ្មានសេរីភាព ដោយសារតែពួកគាត់មិនទុកចិត្តអោយអ្នកធ្វើអ្វី រឺចេញទៅណាតាមប្រាថ្នា។ នេះមិនមែនដោយសារតែពួកគាត់ស្អប់អ្នករឺយ៉ាងណានោះទេ ប៉ុន្តែដោយសារពួកគាត់មិនទុកចិត្តនឹងសង្គមខាងក្រៅ រឺគិតថាអ្នកប្រហែលជាមិនទាន់ចេះការពារខ្លួន ថ្លឹងថ្លែងត្រូវខុសបាននៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកបង្ហាញអោយពួកគាត់ឃើញថាអ្នកចេះគិត និងមានគំនិតចាស់ទុំគ្រាន់បើហើយ ពួកគាត់នឹងលែងសូវហាមឃាត់ រឺបារម្ភពីអ្នកច្រើនដូចមុនទៀតហើយ។ តែត្រូវធ្វើយ៉ាងណាដើម្បីអោយពួកគាត់ទុកចិត្តថាអ្នកអាចចេះគិត និងគួរអោយទុកចិត្តក្នុងការបណ្តោយអោយធ្វើអ្វីមួយដោយខ្លួនឯង? វិធីទាំង៥ខាងក្រោមនេះអាចជួយបាន៖

១. មានភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជាកត្តាសំខាន់បំផុតប្រសិនជាអ្នកចង់អោយពួកគាត់ទុកចិត្តមកលើអ្នក។ ពួកគាត់ជាឳពុកម្តាយរបស់អ្នក ដូច្នេះហើយពួកគាត់សុទ្ធតែអាចដឹងថាពេលណាអ្នកនិយាយពិត ហើយពេលណាអ្នកនិយាយកុហក ដូច្នេះហើយអ្នកត្រូវតែមានភាពស្មោះត្រង់ជាមួយពួកគាត់។

២. និយាយ និងធ្វើអ្វីមានហេតុផល

ត្រូវបង្ហាញទៅពួកគាត់ថា អ្នកជាមនុស្សដែលចេះដឹងហេតុផលទាំងក្នុងការនិយាយស្តី និងសកម្មភាព។ ធ្វើដូច្នេះទើបពួកគាត់អាចទុកចិត្តបណ្តោយអោយអ្នកទទួលបានសិទ្ធិសេរីភាពច្រើនជាងមុន ព្រោះពួកគាត់ជឿថាអ្នកចេះគិតបានត្រឹមត្រូវច្រើនហើយ។

៣. បើកចំហរជាមួយឪពុកម្តាយ

ការបើកចំហរជាមួយនឹងឪពុកម្តាយជារឿងសំខាន់មួយ ព្រោះថានៅពេលដែលអ្នកធ្វើបែបនេះ ពួកគាត់នឹងយល់ថាអ្នកមិនមានរឿងអ្វីលាក់បាំងពួកគាត់នោះឡើយ ដូច្នេះនៅពេលដែលអ្នកមានសំណើរអ្វីមួយនៅថ្ងៃក្រោយ ពួកគាត់មិនសួវបារម្ភនោះទេ ព្រោះពួកគាត់ដឹងថា ពួកគាត់នៅតែអាចនិយាយសួរអ្នកប្រសិនជាពួកគាត់មានចម្ងល់អ្វីទាក់ទងនឹងរឿងរបស់អ្នក។

៤. ស្តាប់តាមពាក្យរបស់ពួកគាត់ រឺពន្យល់ពួកគាត់បើអ្នកគិតថាមិនត្រូវ

ការស្តាប់តាមដំបូន្មានរបស់ឪពុកម្តាយ គឺជារឿងដែលធ្វើអោយពួកគាត់សប្បាយចិត្ត និងជឿថាអ្នកជាកូនដែលដើរតាមគន្លងធម៌ ដូច្នេះហើយពួកគាត់នឹងស្រលាញ់ជឿទុកចិត្តមកលើអ្នក។ ប៉ុន្តែប្រសិនជាមានចំនុចអ្វីមួយដែលគាត់និយាយមកកាន់អ្នក ហើយអ្នកគិតថាវាមិនត្រូវនោះ អ្នកអាចព្យាយាមពន្យល់ប្រាប់គាត់វិញបាន ដោយប្រើប្រាស់ហេតុផលដ៏សមរម្យដើម្បីអោយពួកគាត់បានយល់។

៥. សុំទោសនៅពេលធ្វើខុស ហើយកែប្រែកំហុស

គ្មាននរណាម្នាក់ដែលកើតមកគ្មានកំហុសនោះទេ មានតែអ្នកធ្វើខុសមិនចេះសុំទោស។ ដូច្នេះហើយដើម្បីអោយឪពុកម្តាយអ្នកមានទំនុកចិត្តលើអ្នក អ្នកគួរតែមានទម្លាប់សុំទោស និងកែប្រែកំហុសរបស់ខ្លួនកុំអោយមានលើកក្រោយទៀត៕

អត្ថបទល្អផ្សេងទៀត៖ ទម្លាប់មិនល្អទាំង ៧ ដែលឪពុកម្តាយគួរជៀសវាង បើមិនចង់បង្កបញ្ហាដល់កូនៗនាពេលអនាគត!!

កូនក្មេង ប្រៀបបានទៅនឹងក្រដាសសមួយសន្លឹក។ របៀបដែលគ្រួសារ សង្គម មិត្តភក្តិ មានទំនាក់ទំនង និងអំពើទៅលើពួកគេ ប្រៀបបានទៅនឹងការផាត់ពណ៌ គូររូប ទៅលើក្រដាសមួយសន្លឹកនោះ។ ហេតុនេះហើយ ដូចដែលបានរៀបរាប់ ទំនាក់ទំនងរវាងម្តាយ ឪពុក និងកូនតូចនៅក្នុងគ្រួសារ ជះឥទ្ធិពលធំធេងណាស់សម្រាប់ការលូតលាស់ផ្នែកសតិអារម្មណ៏ ប្រាជ្ញា ស្មារតី របស់ពួកគេ។ 

ខាងក្រោមនេះ ជាបញ្ហាដែលមាតា​ បិតា មួយចំនួនធំធ្វេសប្រហែស មើលរំលង ប៉ុន្តែអាចនឹងបង្កជាឥទ្ធិពលមិនល្អសម្រាប់កូនៗរបស់ពួកគេទៅថ្ងៃខាងមុខ៖

១. ឪពុកម្តាយ ដែលយកចិត្តទុកដាក់កូនហួសហេតុ

អាចថាជាក្តីស្រលាញ់ចំពោះកូនៗ ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យកូនៗតូចរបស់ពួកគេ បាត់បង់នូវភាពម្ចាស់ការ បាត់បង់នូវការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ហើយងាយនឹងធ្វើឱ្យកូនរបស់ពួកគេបាត់បង់នូវការសមត្ថភាពធ្វើការសំរេចចិត្តលើបញ្ហាអ្វីមួយដោយខ្លួនឯង ដោយសារគេតែងតែត្រូវការសួរនាំ និងខ្លាចថាអ្វីដែលគេធ្វើមិនត្រឹមត្រូវ។

២. កុំប៉ិនដៃភ្លើង ជើងមាន់ពេក

ជារឿងធម្មតា ដែលឪពុកម្តាយ ស្តីប្រដៅឱ្យកូន នៅពេលពួកគេបង្កនូវកំហុស ធ្វើអ្វីមិនបានល្អ ឬនាំមកនូវបញ្ហាដល់ពួកគាត់ជាញឹកញយនោះ។ ប៉ុន្តែបើសង្កេតបន្ថែមទៅ ការដែលស្តីបន្ទោសជះឥទ្ធិពលទៅលើការគិតរបស់ពួកគាត់ចំពោះខ្លួនឯងផងដែរ។ គាត់អាចនឹងមានអារម្មណ៏គិតថា គាត់ជាមនុស្សដែលតែងតែនាំមកនូវបញ្ហា មិនល្អសម្រាប់អ្នកផងទាំងពួងជុំវិញខ្លួន។ ការគិតបែបនេះ នឹងធ្វើឱ្យគាត់ក្លាយជាមនុស្សឆាប់ចាញ់ច្រាល ឆាប់ចុះចាញ់ចំពោះបញ្ហាចំពោះមុខ។

៣. កុំធ្វើចរិតដូចកូនក្មេង

“នែ កុំលេងច្រើនពេក” ! “ធំៗអស់ហើយ កុំធ្វើឬកដូចកូនក្មេងទៀត” !! ពាក្យសម្តីទាំងនេះ សុទ្ធតែជាពាក្យទូន្មានប្រៀនប្រដៅ ដែលមានគោលបំណងល្អធ្វើយ៉ាងណាឱ្យកូនៗ ឆាប់ទៅជាមនុស្សចាស់ទុំចិត្តគំនិត។ ប៉ុន្តែផ្ទុយទៅវិញ វាអាចធ្វើឱ្យក្មេងៗប្រែទៅជាខំប្រឹងសកម្មហួសពីសមត្ថភាព ពេលខ្លះដែលអាចប៉ះពាល់សុខភាពផ្លូវកាយ ដ៏ដូចជាផ្លូវចិត្តផងដែរ។ លើសពីនេះទៀត វាអាចបណ្តុះនូវគំនិតស្អប់ចំពោះការលេងសើច ឬស្អប់ក្មេងជាទូទៅផងដែរ។

៤. កូនឯង មើលទៅកូនគេនោះ !!

ការប្រៀបធៀប អាចមិនមែនជាការជម្រុញទឹកចិត្តនោះទេ តែផ្ទុយទៅវិញ វាអាចជាការវាយបំបាក់ទឹកចិត្ត និងស្មារតីរបស់ក្មេងទៅវិញ។ វាអាចធ្វើឱ្យក្មេងគិតថា ខ្លួនមិនល្អដូចគេ បើទោះជាមិនទាន់បានតស៊ូ ឬខំប្រឹងឱ្យអស់ពីសមត្ថភាពក៏ដោយ ឬអាចថាកូនរបស់អ្នក អាចនឹងទៅជាកងទ័ពដែលចុះចាញ់ ទាំងមិនទាន់ឈានជើងចូលសមរភូមិ។

៥. កុំជឿអ្វី ក្រៅពីប៉ា និងម៉ាក់ !!

 

អាចថាជាវិធីការពារកុំឱ្យពួកគេ ងាយស្រួលចាញ់បោកជនបោកប្រាស់ ប៉ុន្តែវាក៏អាចធ្វើឱ្យក្មេងៗ បណ្តុះនូវគំនិតអវីជ្ជមាន បាត់បង់ទំនុកចិត្តទៅលើអ្នកជុំវិញខ្លួន មានបញ្ហាមិនជឿទុកចិត្តអ្នកដទៃជាដើម។ 

៦. កុំស្រម៉ៃច្រើនពេក !!

ការធ្វើដូចនេះ ជាការកម្រិត និងបិទផ្លូវនៃការគិតរបស់កុមារចំពោះអនាគតរបស់ពួកគេ។ ឪពុក ម្តាយ កំពុងតែធ្វើឱ្យក្មេង បាត់បង់នូវការស្រមើស្រមៃ គំនិតមហិច្ឆិតា និងគំនិតផ្តួចផ្តើមរបស់ខ្លួនផងដែរ។

៧. ការបំបិទអារម្មណ៏

ពេលខ្លះ អ្នកជាឪពុក ម្តាយ​ អាចជាមនុស្សដែលមិនសូវចេះសម្តែងចេញនូវអារម្មណ៏ ហើយក៏មិនចូលចិត្តនូវការបញ្ចេញអារម្មណ៏មនោសញ្ចេតនានោះដែរ។ ប្រសិនបើពួកគេធ្វើបែបនេះដាក់កូនតូចៗនោះ វាអាចនឹងធ្វើឱ្យពួកគេកាន់តែមានគម្លាតរវាងគ្រួសារ ឪពុកម្តាយ កាន់តែធំ និងធ្វើឱ្យកុមារតូចៗ នៅពេលពេញវ័យបន្តក្លាយជាមនុស្សដែលលាក់ មិនបញ្ចេញអារម្មណ៏របស់ខ្លួនដល់អ្នកដទៃ។

មតិយោបល់

ពេញនិយម