ហេតុអ្វីបានជាប៉ូលីសអាចដឹងពីមូលហេតុនៃអគ្គីភ័យ បើឆេះអស់ទៅហើយនោះ?
Connect with us

គួរដឹង

ហេតុអ្វីបានជាប៉ូលីសអាចដឹងពីមូលហេតុនៃអគ្គីភ័យ បើឆេះអស់ទៅហើយនោះ?

តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាក្រោយពេលដែលមានអគ្គីភ័យឆេះម្តងៗ ប៉ូលីសដែលទៅធ្វើកោសល្យវិច្ច័យនោះ អាចប្រាប់បានថាអគ្គីភ័យនោះបង្កមកពីមូលហេតុបែបនេះ រឺបែបនោះ? តើពួកគាត់ប្រាប់មូលហេតុបានដោយរបៀបណា បើភាគច្រើននៅពេលដែលមានអគ្គីភ័យ អ្វីៗស្ទើរតែក្លាយទៅជាផេះអស់ទៅហើយ?

តាមការបកស្រាយពីប៉ូលីសជំនាញដែលជាអ្នកស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យខាងបញ្ហាអគ្គីភ័យនេះបានអោយដឹងថា វិធីធំបំផុតនៃការប៉ានស្មានមូលហេតុគឺធ្វើឡើង ដំបូងបំផុតតាមរយះការសួរសំណួរ។ ការសួរសំណួរជារឿងសំខាន់មួយ ព្រោះមានអគ្គីភ័យមួយចំនួន មូលហេតុគឺដោយសារតែម្ចាស់ផ្ទះភ្លេចបិទហ្គាស ដុតទានរឺធូបចោល រឺក៏ធ្វើការសាករបស់របរអេឡិចត្រូនិចជាដើម។ ករណីបែបនេះ ប៉ូលីសអាចយកតម្រុយពីចម្លើយនោះទៅស្រាវជ្រាវថាវាពិតជាមកពីបែបហ្នឹងមែនក៏អត់?

វិធីសាស្ត្រមួយទៀតដែលអាចប្រើបាន ប្រសិនជាម្ចាស់ទីតាំងដែលមានអគ្គីភ័យនោះមិនអាចចំណាំថាខ្លួនបានធ្វេសប្រហែសអ្វី គេចាប់ផ្តើមធ្វើការវិនិច្ច័យដោយស្វែងរកចំនុចណាដែលចាប់ផ្តើមអគ្គីភ័យនោះមុនគេ។

ដើម្បីរកចំនុចដែលអគ្គីភ័យនោះចាប់ផ្តើមមុនគេ ភាគច្រើនគេតែងតែកត់សម្គាល់ដោយរកមើលកន្លែងដែលឆេះខ្លាំងជាងគេបំផុត។ ភាគច្រើនគេប្រើវិធីនេះ ដើម្បីសិក្សាពីអគ្គីភ័យនៅប្រភេទផ្ទះដែលសាងសង់ពីឥដ្ឋ ជាជាងឈើ ព្រោះប្រសិនជាផ្ទះឈើ ពេលដែលឆេះ ភាគច្រើនណាស់ដែលអាចឆេះអស់។ សម្រាប់ផ្ទះឈើ គេអាចកំណត់ទីតាំងដែលឆេះបំផុតគេបង្អស់ដោយអាចពឹងលើសាក្សី ថាតើពួកគាត់បានឃើញភ្លើងឆេះកន្លែងណាមុនគេ?

ក្រៅពីនោះ គេអាចស្វែងរកកម្ទិចអ្វីមួយដែលនៅសល់ ដែលអាចជាសំណល់បណ្តាលមកពីមានការផ្ទុះ រឺយ៉ាងណា ដើម្បីសិក្សាបន្តទៀត។ ជួនកាល អគ្គីភ័យភាគច្រើនក៏អាចបណ្តាលមកពីបញ្ហាបច្ចេកទេសដូចជា ទុសេរខ្សែភ្លើងជាដើម៕

អត្ថបទល្អផ្សេងទៀត៖ រឿងស៊ើបអង្កេត៖ មិត្តស្រីបុរសម្នាក់ស្លាប់នៅបរទេស តែប៉ូលីសអាចវែករកឃាតករដោយគ្រាន់មើលសំបុត្រយន្ដហោះ!

តោះថ្ងៃនេះយើងមកអានរឿងស៊ើបអង្កេតដ៏ពិសេសមួយដែលអាចឱ្យប្រិយមិត្តដឹងពីក្បួនក្នុងការស៊ើបរកមុខឃាតករដែលយើងមិនដែលដឹងពីមុន។

ដំណាលរឿង៖ មានបុរសម្នាក់និងគូស្នេហ៍បានធ្វើដំណើរទៅលេងបរទេសដើម្បីជីះស្គីកំសាន្ដនៅភ្នំទឹកកកមួយ។ តែនៅថ្ងៃមកវិញគេឃើញមានតែភាគីខាងប្រុសទេដែលត្រឡប់មកផ្ទះវិញ។

លុះយូរបន្តិចគ្រួសារខាងស្រីក៏សួរបុរសនោះពីកូនស្រីពួកគាត់ ហើយបុរសនោះក៏ប្រាប់ថានាងបានធ្លាក់ពីលើភ្នំទឹកកកដែលពួកគេទៅលេងនោះ ហើយប្រហែលស្លាប់បាត់ហើយ តែគាត់ភ័យពេកទើបមិនហ៊ានប្រាប់ពួកគេភ្លាមៗ។

គ្រួសារនោះក៏បានទៅរាយការណ៍ប្រាប់ប៉ូលីសពីហេតុការណ៍នេះ ពេលនោះប៉ូលីសក៏ចាប់ផ្ដើមសហការជាមួយប៉ូលីសនៅបរទេសដើម្បីស៊ើបមើលរឿងក្ដីនេះ ដើម្បីចង់ដឹងថាតើនារីនោះស្លាប់ឬនៅ ហើយមាននរណានៅពីក្រោយហេតុការណ៍នេះឬទេ?

ក្រោយចុះទៅពិនិត្យគេបានស្វែងរកឃើញសាកសពនាង ហើយគេក៏បន្តស៊ើបថាមាននរណាជាអ្នកសម្លាប់ឬអត់។ ក្រោយពិនិត្យរាងកាយប៉ូលីសរកឃើញថាមានស្នាមវាយដំលើរាងកាយ ដូចនេះប្រាកដជាមានឃាតករសម្លាប់នាងហើយរុញទម្លាក់ភ្នំ។

ក្រោយការស៊ើបបន្ត ប៉ូលីសបានស្នើឆែកមើលការទិញសំបុត្រយន្ដហោះរបស់គូស្នេហ៍នោះ។ ពេលនោះប៉ូលីសបានដាក់ការសង្ស័យលើបុរសជាសង្សារនោះភ្លាមៗថាជាឃាតករ។

នេះក៏ព្រោះក្នុងសំបុត្រយន្ដហោះបានឱ្យដឹងថាបុរសនោះទិញសំបុត្រទៅ-មក សម្រាប់ខ្លួនឯង តែទិញតែសំបុត្រទៅមួយជើងសម្រាប់សង្សារតែប៉ុណ្ណោះ ដែលនេះមានន័យថាបុរសនោះដឹងមុនថានាងនឹងមិនអាចត្រឡប់មកវិញជាមួយខ្លួនឡើយ។ ពោលគឺគេមានគម្រោងសម្លាប់នាង។

នៅពេលប៉ូលីសរកឃើញដូច្នេះបុរសនោះក៏ចាប់ផ្ដើមភ័យស្លន់ស្លោរខ្លាំង ហើយក៏សារភាពតាមត្រង់ភ្លាមៗតែម្ដងថាខ្លួនពិតជាឃាតករមែន។

រឿងនេះចង់បង្ហាញឱ្យដឹងពីក្បួនស៊ើបអង្កេតដ៏ជំនាញរបស់ប៉ូលីសស៊ើបអង្កេត ដែលបើទោះបីវាជារឿងប្រឌិតក៏ដោយតែវាអាចត្រូវបានគេប្រើប្រាស់ជាក់ស្ដែងបានដែរ៕

មតិយោបល់

ពេញនិយម