ប្រវត្តិខ្លះៗរបស់កុមារបក្សីចាំក្រុង ដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ
Connect with us

គួរដឹង

ប្រវត្តិខ្លះៗរបស់កុមារបក្សីចាំក្រុង ដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ

កាលណោះ ព្រះបាទចក្រព័ត្រ (ព្រះមហាក្សត្រខ្មែរទី១៦) មានមហេសីមួយអង្គព្រះនាម អ្នកម្នាងកែវ។ ព្រះនាងទ្រង់មានគភ៌នៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ដែលត្រូវនឹង គ.ស ១០០០ គឺនៅក្នុងសម័យកាល ដែលដំបងគ្រញូងបានបះបោរ លើកកងទ័ពមកវាយប្រហារដណ្ដើមយករាជ្យ។ ក្នុងឱកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេចភៀសខ្លួនចេញផុតពីមហានគរ ទៅរស់នៅតាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។

ព្រះនាងបានតាយាយពីរនាក់ប្ដីប្រពន្ធ តាគហេ និង យាយលក្ខណ៍ ទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សា ជួយលាក់បំពួនបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្ដេចដំបងគ្រញូង។ ខែមាឃ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវជាម.ស. ៩២៣ ច.ស ៣៦៣ និងគ.ស ១០០១ ព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ មានសម្បុរភ្លឺស្រស់បំព្រង ហើយមានសញ្ញាកងចក្រលើបាតដៃ និងបាតជើង ដែលបញ្ជាក់លក្ខណៈជាអ្នកមានបុណ្យ។

តាគហេ និងយាយលក្ខណ៍ បានស្រឡាញ់ថ្នាក់ថ្នមទំនុកបម្រុងព្រះនាងកែវ និងទារកដូចជាកូន និងចៅបង្កើត។ សម័យថ្ងៃមួយ ប្ដីប្រពន្ធតាគហេ យាយលក្ខណ៍ និងព្រះនាងកែវបាននាំព្រះរាជបុត្រទៅច្រូតស្រូវជាមួយ។ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់ឲ្យផ្ទុំក្រោមម្លប់ឈើ។ ដោយរវល់ជាប់ជក់នឹងការងារពេក ម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៍ដល់ទារកដែលកំពុងតែត្រូវស្ថិត នៅក្រោមកម្ដៅកាំរស្មីព្រះអាទិត្យឡើយ។

ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យ ដែលគេមិនធ្លាប់ឃើញ ហើយដែលមិនធ្លាប់កើតមាននោះបានកើតឡើង គឺទេពឥន្ទ្រី និងបក្សាបក្សីជាច្រើនទាំងហ្វូងបានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារកមិនឲ្យត្រូវកម្ដៅថ្ងៃទេ។ តាគហេឃើញដូច្នេះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿនស្លេវទៅដេញបង្អើលហ្វូងសត្វបក្សាបក្សី។

ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថ្នាក់ ឬមានរបួសស្លាកស្នាម តែគាត់មើលមិនឃើញមានអ្វីដែលជាការគួរឲ្យភ័យព្រួយបារម្ភឡើយ។ ផ្ទុយទៅវិញទារកហាក់បីដូចជាបានទទួលនូវសេចក្ដីសុខ និងការថ្នាក់ថ្នមឥតហ្មងពីហ្វូងបក្សាបក្សីទាំងនោះ។ បាតុភូតដ៏សែនអស្ចារ្យនេះ បានបណ្ដាលឲ្យព្រះនាងកែវ តាគហេ និងយាយលក្ខណ៍ដាក់ឈ្មោះទារកនោះថា «បក្សីចាំក្រុង» តរៀងរហូតមក៕

ផ្តល់សិទ្ធិដោយ : មនោវិជ្ជា

មតិយោបល់

ពេញនិយម