ហេតុអ្វីបានជាតែងតែដាក់ផ្កាអង្គារសីល ផ្កាស្បៃរឿង និងដើមក្រូចនៅពេលចូលឆ្នាំចិនអញ្ចឹង?
Connect with us

គួរដឹង

ហេតុអ្វីបានជាតែងតែដាក់ផ្កាអង្គារសីល ផ្កាស្បៃរឿង និងដើមក្រូចនៅពេលចូលឆ្នាំចិនអញ្ចឹង?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអោយតែដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនម្តងៗ ជនជាតិចិន រឺខ្មែរដែលកាត់ចិនជាច្រើនសុទ្ធតែបានទៅជាវយកដើមផ្កាស្រស់ៗជាច្រើនដូចជាផ្កាអង្គារសីល ផ្កាស្បៃរឿង និងដើមក្រូចមកដាក់នៅតាមផ្ទះ ឬកន្លែងរកស៊ីអញ្ចឹង? តើពួកវាមានន័យយ៉ាងដូចម្តេច?

ទាក់ទងនឹងជាមួយនឹងបញ្ហា ហេតុផលធំបំផុតដែលធ្វើអោយមនុស្សជាច្រើនមានទម្លាប់ក្នុងការដាក់ដើមទាំងអស់នេះ គឺដើម្បីទទួលបានលាភសំណាងនៅក្នុងឆ្នាំថ្មី។ តួយ៉ាងដើមនីមួយៗខាងលើនេះសុទ្ធតែមានអត្ថន័យល្អៗខ្លាំងណាស់ បើតាមជំនឿរបស់ជនជាតិចិន។

សម្រាប់ដើមផ្កាអង្គារសីល និងផ្កាស្បៃរឿង ពណ៌របស់វាត្រូវបានគេចាត់ទុកជាតំណាងអោយពណ៌មាស ដែលពណ៌មួយនេះ សម្រាប់ជនជាតិចិន ពួកគេជឿថាអាចនាំអោយពួកគេទ្រព្យសម្បត្តិ និងភាពចម្រើនរុងរឿង។

កាលណាផ្កាទាំងពីរនេះ ជាពិសេសគឺថាអង្គារសីលរីកមានផ្កាកាន់តែច្រើន វាតំណាងថាកាន់តែល្អ និងទ្រព្យហូរចូលច្រើន។

ក្រៅពីនេះ សម្រាប់ដើមក្រូចខ្វិចតូចនោះវិញ គឺមានបែងចែកជាធាតុទាំង៥ដោយក្នុងនោះមានផ្លែ ស្លឹក ផ្កា មែកធាង និងឬស ដែលពួកវាគឺតំណាងអោយទ្រព្យសម្បត្តិ និងសុភមង្គលនៅក្នុងឆ្នាំថ្មី។

ក្នុងការរើសដើមក្រូចនេះ វាត្រូវតែមានផ្លែខ្ចីខ្លះ ទុំខ្លះ ខណះដែលស្លឹកវាត្រូវតែមានសភាពចំនាស់បន្តិច ហើយវាមានកញ្ចុំផ្លែថ្មី ដែលនេះមានន័យថាជាលុយ និងសំណាងហូរចូលគ្រួសារនៅក្នុងឆ្នាំថ្មី៕

អត្ថបទល្អផ្សេងទៀត៖ មើលគេឡកម៉ុងសាយរាល់ពេលចូលឆ្នាំចិន មានដឹងវាមានប្រវត្តិពីណាអត់?

រៀងរាល់ពេលចូលឆ្នាំប្រពៃណីជាតិចិន គេតែងតែសង្កេតឃើញពីផ្នែកមួយនៃការប្ររព្ធពិធីនេះដែលមានលក្ខណះប្លែក និងគួរអោយចាប់អារម្មណ៍បំផុត ពោលគឺការឡកម៉ុងសាយ។ អោយតែពេលណាមានម៉ុងសាយឡកនៅផ្ទះនរណាម្នាក់ មនុស្សជាច្រើនតែងតែចោមរោមមើលដោយសារតែឃើញពីភាពប៉ិនប្រសព្វ និងក្រមិចក្រមើមរបស់សត្វតោក្រណាត់ដែលពាក់ដោយមនុស្សនេះ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ម៉ុងសាយមានប្រវត្តិមកពីណា?

ថ្វីត្បិតតែមានប្រភពជាច្រើនបាននិយាយរៀបរាប់ពីប្រវត្តិរបស់ម៉ុងសាយ រឺបកប្រែពីថាជារបាំសត្វតោ មានប្រភពមួយដែលច្បាស់ការជាងគេបំផុតនោះគឺ ម៉ុងសាយមានដើមកំណើតមកពី ប្រទេសចិនតាំងពីសម័យបុរាណមកម្ល៉េះ។

រឿងដែលចម្លែកនោះគឺ ម៉ុងសាយកាលសម័យនោះមិនបានផលិតឡើងមកដើម្បីសម្តែងទទួលយកលាភជ័យអ្វីនោះឡើយ ប៉ុន្តែគេបង្កើតវាឡើងគ្រាន់តែដើម្បីបំពេញចំនង់ភ្នែកតែប៉ុណ្ណោះ ដោយសារតែនៅពីជំនាន់ដើមៗ នៅប្រទេសចិនពុំមានសត្វតោនោះទេ។

ទើបតែរាជកាលហានទេ ដែលប្រទេសចិនចាប់ផ្តើមមានសត្វតោប៉ុន្មានក្បាលបញ្ជូនចូលមកតាមផ្លូវសូត្រដែលជាផ្លូវពាណិជ្ជកម្មដ៏ល្បីរបស់ចិន។ នៅពេលនោះប្រជាជនចិនមានចិត្តរំភើបជាខ្លាំងព្រោះមិនធ្លាប់ឃើញសត្វប្រភេទពីមុនមក ដូច្នេះហើយពួកគេក៏សង្កេតដំណើររបស់សត្វតោ ដោយបង្កើតជារបាំសត្វតោ រឺម៉ុងសាយ នៅសម័យនគរបីសាកកុក។

របាំឡកម៉ុងសាយនេះចាប់ផ្តើមល្បីខ្លាំងទៅៗ នៅពេលដែលព្រះពុទ្ធសាសនាបានពង្រីកខ្លួនចូលដល់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសចិន។ នៅរាជកាលតាង របាំនេះត្រូវបានគេយកសម្តែងជូនអោយព្រះមហាក្សត្រនៅក្នុងវាំងទៀតផង។

សព្វថ្ងៃនេះ របាំនេះមានពីរប្រភេទធំៗ ដោយមួយប្រភេទសម្តែងលក្ខណះក្រមិចក្រមើមមើលទៅអោយសើចសម្តែងរីករាយ ខណះដែលមួយទៀតគឺសម្តែងលក្ខណះជាក្បាច់គុនកុងហ្វូ។ ប្រភេទទាំងពីរនេះត្រូវបានសម្តែងនៅកន្លែងផ្សេងគ្នា ដោយប្រភេទទី១គឺច្រើនរកបាននៅទីក្រុងហុងកុង ម៉ាកាវ រឺខេត្តគ័ងតុងជាដើម ខណះដែលប្រភេទទីពីរអាចរកឃើញច្រើននៅឯភាគខាងជើងដូចជាទីក្រុងប៉េកាំង រឺតាមវិហារសៅលីងជាដើម៕

មតិយោបល់

ពេញនិយម