ចូលឆ្នាំចិន តើដឹងថាអោយអាំងប៉ាវយ៉ាងម៉េចទើបត្រឹមត្រូវ និងទទួលបានលាភហេងៗទេ?
Connect with us

គួរដឹង

ចូលឆ្នាំចិន តើដឹងថាអោយអាំងប៉ាវយ៉ាងម៉េចទើបត្រឹមត្រូវ និងទទួលបានលាភហេងៗទេ?

សម្រាប់មនុស្សមួយចំនួន រដូវកាលចូលឆ្នាំចិនជាពេលដែលពួកគេសប្បាយចិត្តបំផុតមួយ ដោយសារតែពួកគេនឹងទទួលបានអាំងប៉ាវពីបងប្អូនសាច់ញាតិរបស់គេ។ ការជូនអាំងប៉ាវទៅមនុស្សមា្នក់គឺដើម្បីអោយសំណាងទៅដល់អ្នកជូនអាំងប៉ាវ និងអ្នកទទួលអាំងប៉ាវតែម្តង។

ថ្វីបើពិតដូច្នេះមែន មានរឿងមួយចំនួនដែលអ្នកគួរតែដឹងមុននឹងជូនអាំងប៉ាវ ព្រោះវាមិនត្រឹមតែមិនអាចផ្តល់សំណាង និងពរជ័យដល់ភាគីទាំងសងខាងនោះទេ ប៉ុន្តែវាបែរជានាំរឿងមិនល្អអោយទៅវិញ។ រឿងដែលអ្នកត្រូវដឹងនេះមានដូចតទៅ៖

១. ហាមជូនអាំងប៉ាវដល់មនុស្សដែលមិនទាន់ងើបពីគេង

ការជូនអាំងប៉ាវដល់អ្នកដែលមិនទាន់ក្រោកពីដំណេកត្រូវបានចាត់ទុកជារឿងដែលអពមង្គលបំផុត ដោយសារតែការធ្វើបែបនេះគឺប្រៀបដូចជាដាក់ទំនាញអោយបុរសដែលទទួលនោះអោយឈឺគេងនៅនឹងពូក រឺកន្ទេលអញ្ចឹងដែរ។

២. លុយដែលនៅក្នុងអាំងប៉ាវនោះត្រូវចាត់ចែងខុសៗគ្នា

មនុស្សណាម្នាក់ក៏អាចទទួលអាំងប៉ាវបានដែរ តួយ៉ាងដូចជាកូនចៅ ក្មួយ មិត្តភក្តិ រឺមិត្តរួមការងារជាដើម។ ប៉ុន្តែថ្វីត្បិតតែនរណាម្នាក់ក៏អាចទទួលបានអាំងប៉ាវក៏ពិតមែន លុយដែលនៅក្នុងនោះត្រូវដាក់ក្នុងចំនួនផ្សេងៗគ្នា អាស្រ័យទៅតាមឋានះ និងភាពជិតស្និទរបស់អ្នកជូន និងអ្នកទទួល។

៣. លុយដែលដាក់ត្រូវតែល្អ

មិនមែនអោយតែមានលុយសុទ្ធតែអាចដាក់ជាលុយអាំងប៉ាវ នោះទេ ពោលគឺលុយនោះត្រូវតែថ្មីស្អាត រឺក្រដាសមិនរហែកជាដើម។ បើនៅប្រទេសចិន សាំងហ្គាពួរ រឺមាឡេស៊ីជាដើម នៅពេលចូលឆ្នាំចិននេះ ប្រជាជនយ៉ាងច្រើនរយនាក់បានទៅតម្រង់ជួរនៅធនាគារដើម្បីចាំដូរលុយថ្មីនេះ។

៤. ជៀសវាងលេខ៤

តាមជំនឿរបស់ចិន លេខ៤គឺជាលេខអាក្រក់ឥតហុងស៊ុយមួយ ព្រោះសម្លេងរបស់វាដូចជាពាក្យ “ស្លាប់” របស់ចិនដែរ។ ដូច្នេះហើយគេច្រើនតែជៀសវាងការដាក់អាំងប៉ាវដែលមានលេខបួននៅក្នុងនោះ ឧទាហរណ៍ចំនួន ៤ ៤០ ១៤ ២៤ជាដើម។ លេខដែលសំណាងរបស់ចិនគឺលេខ ៨ ព្រោះវាតំណាងអោយភាពសប្បាយរីករាយ។

៥. មិនគួរបើអាំងប៉ាវនៅមុខអ្នកជូន

តាមពិតទៅទម្លាប់នេះច្រើនពាក់ព័ន្ធសីលធម៌ និងការគោរពដល់អ្នកអោយអាំងប៉ាវច្រើនជាង តួយ៉ាងគឺពេលទទួលអាំងប៉ាវ អ្នកដែលទទួលនោះត្រូវទទួលដៃពីរ ហើយមិនត្រូវបើកអាំងប៉ាវនៅចំពោះមុខអ្នកដែលអោយនោះទេ ពោលគឺត្រូវតែចាំអោយពួកគេទៅបាត់សិនសឹមមើល៕

អត្ថបទល្អផ្សេងទៀត៖ មើលគេឡកម៉ុងសាយរាល់ពេលចូលឆ្នាំចិន មានដឹងវាមានប្រវត្តិពីណាអត់?

រៀងរាល់ពេលចូលឆ្នាំប្រពៃណីជាតិចិន គេតែងតែសង្កេតឃើញពីផ្នែកមួយនៃការប្ររព្ធពិធីនេះដែលមានលក្ខណះប្លែក និងគួរអោយចាប់អារម្មណ៍បំផុត ពោលគឺការឡកម៉ុងសាយ។ អោយតែពេលណាមានម៉ុងសាយឡកនៅផ្ទះនរណាម្នាក់ មនុស្សជាច្រើនតែងតែចោមរោមមើលដោយសារតែឃើញពីភាពប៉ិនប្រសព្វ និងក្រមិចក្រមើមរបស់សត្វតោក្រណាត់ដែលពាក់ដោយមនុស្សនេះ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ម៉ុងសាយមានប្រវត្តិមកពីណា?

ថ្វីត្បិតតែមានប្រភពជាច្រើនបាននិយាយរៀបរាប់ពីប្រវត្តិរបស់ម៉ុងសាយ រឺបកប្រែពីថាជារបាំសត្វតោ មានប្រភពមួយដែលច្បាស់ការជាងគេបំផុតនោះគឺ ម៉ុងសាយមានដើមកំណើតមកពី ប្រទេសចិនតាំងពីសម័យបុរាណមកម្ល៉េះ។

រឿងដែលចម្លែកនោះគឺ ម៉ុងសាយកាលសម័យនោះមិនបានផលិតឡើងមកដើម្បីសម្តែងទទួលយកលាភជ័យអ្វីនោះឡើយ ប៉ុន្តែគេបង្កើតវាឡើងគ្រាន់តែដើម្បីបំពេញចំនង់ភ្នែកតែប៉ុណ្ណោះ ដោយសារតែនៅពីជំនាន់ដើមៗ នៅប្រទេសចិនពុំមានសត្វតោនោះទេ។

ទើបតែរាជកាលហានទេ ដែលប្រទេសចិនចាប់ផ្តើមមានសត្វតោប៉ុន្មានក្បាលបញ្ជូនចូលមកតាមផ្លូវសូត្រដែលជាផ្លូវពាណិជ្ជកម្មដ៏ល្បីរបស់ចិន។ នៅពេលនោះប្រជាជនចិនមានចិត្តរំភើបជាខ្លាំងព្រោះមិនធ្លាប់ឃើញសត្វប្រភេទពីមុនមក ដូច្នេះហើយពួកគេក៏សង្កេតដំណើររបស់សត្វតោ ដោយបង្កើតជារបាំសត្វតោ រឺម៉ុងសាយ នៅសម័យនគរបីសាកកុក។

របាំឡកម៉ុងសាយនេះចាប់ផ្តើមល្បីខ្លាំងទៅៗ នៅពេលដែលព្រះពុទ្ធសាសនាបានពង្រីកខ្លួនចូលដល់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសចិន។ នៅរាជកាលតាង របាំនេះត្រូវបានគេយកសម្តែងជូនអោយព្រះមហាក្សត្រនៅក្នុងវាំងទៀតផង។

សព្វថ្ងៃនេះ របាំនេះមានពីរប្រភេទធំៗ ដោយមួយប្រភេទសម្តែងលក្ខណះក្រមិចក្រមើមមើលទៅអោយសើចសម្តែងរីករាយ ខណះដែលមួយទៀតគឺសម្តែងលក្ខណះជាក្បាច់គុនកុងហ្វូ។ ប្រភេទទាំងពីរនេះត្រូវបានសម្តែងនៅកន្លែងផ្សេងគ្នា ដោយប្រភេទទី១គឺច្រើនរកបាននៅទីក្រុងហុងកុង ម៉ាកាវ រឺខេត្តគ័ងតុងជាដើម ខណះដែលប្រភេទទីពីរអាចរកឃើញច្រើននៅឯភាគខាងជើងដូចជាទីក្រុងប៉េកាំង រឺតាមវិហារសៅលីងជាដើម៕

មតិយោបល់

ពេញនិយម