លើលោកនេះមានពីរថ្ងៃក្នុងមួយឆាកជីវិតដែលយើងមិនអាចធ្វើអ្វីបាន តើជាថ្ងៃអ្វី? ចង់ដឹងអានទាំងអស់គ្នា!
Connect with us

បែបផែនជីវិត

លើលោកនេះមានពីរថ្ងៃក្នុងមួយឆាកជីវិតដែលយើងមិនអាចធ្វើអ្វីបាន តើជាថ្ងៃអ្វី? ចង់ដឹងអានទាំងអស់គ្នា!

ពាក្យដែលមនុស្សគ្រប់គ្នាចំណាំតែប្រើគឺ “ក្នុងមួយជីវិតមានដប់ឆ្នាំប៉ុន្មានដង?” ដែលពាក្យនេះច្រើនតែនិយាយឡើងនៅក្នុងន័យចង់ដាស់តឿន អោយខ្លួនឯង និងអ្នកដទៃណាម្នាក់ភ្ញាក់ខ្លួន ហើយស្វះសែ្វងនៅក្នុងការធ្វើអ្វីមួយ ជៀសវាងទុកពេលវេលាទុកចោលទៅដោយអសារបង់។

ប៉ុន្ទែទន្ទឹមនឹងនោះ មិនមែនថាអោយតែអ្នកចង់ធ្វើអ្វី អ្នកសុទ្ធតែអាចធ្វើជារៀងរាល់ថ្ងៃនោះទេ ព្រោះនៅក្នុងមួយជីវិតរបស់អ្នក មិនថាអ្នកអាចរស់នៅបានដល់អាយុប៉ុន្មានឆ្នាំក៏ដោយ អ្នកសុទ្ធតែមានថ្ងៃចំនួនពីរដែលអ្នកមិនអាចធ្វើអ្វីបានទាំងអស់។

មិនថាអ្នកមានសមត្ថភាព ឋានះបុណ្យស័ក្តធំប៉ុណ្ណាក៏ដោយ អ្នកនៅតែមិនអាចធ្វើអ្វីបាននៅថ្ងៃទាំងពីរនេះ។ ថ្ងៃទាំងពីរនេះគឺថ្ងៃម្សិលមិញ និងថ្ងៃស្អែក។

គ្រប់គ្នាសុទ្ធតែអាចមានថ្ងៃម្សិលមិញ និងថ្ងៃស្អែករាប់មិនអស់ ប៉ុន្តែថ្ងៃទាំងពីរនេះគឺជាថ្ងៃដែលអ្នកគ្មានសមត្ថភាពនៅក្នុងការធ្វើអ្វីទាំងអស់។ មានថ្ងៃតែមួយគត់ដែលអ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានគឺថ្ងៃនេះ។

ការលើកឡើងនេះគ្រាន់តែចង់ដាស់អារម្មណ៍អ្នកអោយយកចិត្តទុកដាក់ទៅពេលវេលាដែលខ្លួនកំពុងមាន ដើម្បីធ្វើអ្វីដែលខ្លួនចង់ គួរ និងត្រូវធ្វើ ព្រោះប្រសិនជាអ្នកមិនធ្វើវាថ្ងៃនេះទេ អ្នកមានតែចាំអោយដល់ថ្ងៃស្អែក ខណះដែលថ្ងៃស្អែកអាចធ្វើអោយអ្នកបាត់បង់ឳកាសដែលអ្នកមានបាត់ទៅហើយ។

ម្យ៉ាងវិញទៀត អ្នកក៏មិនគួរព្រួយបារម្ភពេកជាមួយនឹងថ្ងៃម្សិលមិញដែរ ព្រោះតែវាបានហួសទៅហើយ ហើយអ្នកក៏មិនអាចផ្លាស់ប្តូរពេលវេលាដូចគ្នា។

មនុស្សម្នាក់ៗសុទ្ធតែរស់នៅតែម្តងនោះទេ ដូច្នេះហើយរាល់ការចំនាយពេលវេលារបស់ខ្លួននៅក្នុងការធ្វើអ្វីម្យ៉ាង អ្នកត្រូវតែមានការប្រុងប្រយ័ត្នអោយបានត្រឹមត្រូវ ប្រសិនជាអ្នកមិនចង់អោយរឿងដែលត្រូវធ្វើថ្ងៃនេះ ក្លាយជារឿងដែលអ្នកស្តាយក្រោយនៅថ្ងៃស្អែក៕

អត្ថបទល្អផ្សេងទៀត៖ ប្រិយមិត្តជឿឬទេ? នេះជា រឿង ៤ យ៉ាងដែលមនុស្សភ័យខ្លាចបំផុតក្នុងជីវិត!

មនុស្សគ្រប់គ្នា តែងតែមានការភ័យខ្លាចជារៀងរាល់ថ្ងៃ ប្រសិនបើមិនអាចគ្រប់លើអារម្មណ៍របស់ខ្លួនឯងបានទេនោះ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញចំណុចខ្សោយរបស់មនុស្សទាំង ៤ចំណុច នោះមកបរិយាយដូចតទៅនេះ៖

១. ភ័យខ្លាចភាពទីទាល់ក្រ

ភាពក្រីក្រ អ្នកណាៗក៏ខ្លាច និងមិនចង់ជួបវាដែរ ព្រោះតែវាមកម្តងៗធ្វើឱ្យមនុស្សសឹងតែដាច់ខ្យល់ ដាច់បាយ ជាពិសេសពេលដែលគ្មានលុយកាក់ នៅបន្ថែមជំងឺដល់គ្រួសារទៀត នោះកាន់តែវីវរបំផុតហើយ។ ដូច្នេះត្រូវតែត្រៀមលក្ខណៈខ្លះៗ ដើម្បីទប់ទាល់នឹងស្ថាការណ៍អាក្រក់នោះមកដល់ យើងត្រូវតែមានលុយកាក់សម្រាប់ទុកដោះស្រាយ។

២. ភ័យខ្លាចការលំបាក 

ចំពោះការលំបាក គ្មាននរណាម្នាក់ចង់ជួបទេ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាសាធាតុមនុស្សចង់តែស្រណុកស្រួល ចង់ហូបចុកឆ្ងាញ់ មានផ្ទះធំស្កឹមស្កៃ និងមានទ្រព្យសម្បត្តិជាច្រើន ។ល។ ប៉ុន្តែមានមនុស្សមួយចំនួន បានយល់ថាការលំបាកបង្រៀនមនុស្សឱ្យចេះតស៊ូ និងរឹងមាំ។ ដូច្នេះបើសិនជួបការលំបាក ត្រូវតែចាត់ទុកវាថាជាមេរៀនជីវិតទៅចុះ!

៣. ភ័យខ្លាចការបាត់បង់

មនុស្សម្នាភាគច្រើន តែងចង់ឱបក្រសោបនូវអ្វីដែលជាទីពេញចិត្តរបស់ខ្លួន មិនថាជាទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្តិយស និងបុណ្យស័ក្តិជាដើម។ អ្វីៗទាំងអស់នេះ កើតឡើងបានមកពីចិត្តរបស់មនុស្សយើងលោភលន់ បើសិនធ្វើតាមសង្ឃដីការរបស់ព្រះពុទ្ធអង្គម្ចាស់ កម្ចាត់ភាពលោភលន់ចេញពីចិត្ត នោះគ្មានអ្វីត្រូវភ័យខ្លាចបាត់បង់ទៀតទេ មនុស្សកើតមកយ៉ាងណា គឺទៅវិញយ៉ាងនោះដូចគ្នាទេ ដូច្នោះហើយកុំលោភលន់ពេក។

៤. ភ័យខ្លាចសេចក្តីស្លាប់ (មរណៈ) 

ចំពោះសេចក្តីស្លាប់នេះវិញ មិនជាខ្ញុំ ឬជាអ្នកទេ គឺសុទ្ធតែមានការភ័យខ្លាចទាំងអស់ តែក៏គ្មានអ្នកណាម្នាក់អាចនឹងគេចរួច ឬដោះស្រាយបានឱ្យជីវិតរស់នៅជាអមតបានឡើយ មិនយូរមិនឆាប់នឹងមកដល់មិនខាន គ្រាន់តែមានអ្នកមុន និងអ្នកក្រោយប៉ុណ្ណោះ។ ដូច្នេះត្រូវគិតល្អ សាងល្អ ធ្វើអ្វីដែលល្អៗសម្រាប់ជីវិតនៅសល់ កុំចងពៀរ ធ្វើបាបអ្នកដទៃ ព្រោះថាអំពើអាក្រក់នឹងធ្វើឱ្យកេរ្តិ៍របស់យើងស្អុយជាងខ្មោចស្លាប់ទៅទៀត។ មានតែការកសាងល្អ ធ្វើអំពើសុច្ចរិតត្រឹមត្រូវ និងជួយដល់អ្នកដទៃទេ ដែលអាចបំពេញរសជាតិជីវិត និងធ្វើឱ្យមនុស្សម្នាគេចងចាំយើងគ្មានថ្ងៃបំភ្លេចបាន។

ប្រសិនបើការស្លាប់មិនអាចគេចបានទេ ហេតុអ្វីចាំបាច់ត្រូវគេចទៀត? ដូច្នេះយើងមិនបាច់ខំប្រឹងគេចទេ ហើយក៏ឈប់ភ័យខ្លាចទៀតទៅ បើវាមកដល់ពេលណា គឺពេលនោះចុះ! សំខាន់ពេលនេះ យើងពេញចិត្តនឹងជីវិតរបស់ខ្លួនយើងដែលកំពុងរស់នៅ មានសេចក្តីសុខ និងមានសុភមង្គល៕

មតិយោបល់

ពេញនិយម