គួរដឹង
អរិយធម៌ដ៏ចំណាស់បំផុសទាំង៤ របស់ពិភពលោក អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន
រដ្ឋនិងអារ្យធម៌ បានចាប់កំណើតឡើងមុនគេនៅតាមតំបន់ដែលមនុស្សចាប់ផ្តើមបង្កើតរបរកសិកម្ម គឺតំបន់ទាំង៤ ដែលជាប់នឹងទន្លេសំខាន់ៗរួមមាន អេហ្ស៊ីប ជាប់នឹងទន្លេនីល មេសូប៉ូតាមី ជាប់នឹងដងទន្លេអឺហ្រ្វាត និងទន្លេទីហ្រ្គីស ឥណ្ឌា ជាប់នឹងដងទន្លេឥណ្ឌុស និងចិន ជាប់នឹងដងទន្លេលឿង។
ដោយសារតែសកម្មភាពដាំដុះនិងចិញ្ចឹមសត្វ ជាសកម្មភាពដែលអាចផ្តល់ផល បានយ៉ាងច្រើនលើសពីតម្រូវការប្រចាំថ្ងៃ រដ្ឋត្រូវមានភារៈដ៏សំខាន់មួយទៀត គឺចាត់ចែងស្តុកផលិតផលកសិកម្មដើម្បីបម្រុងទុកចំពោះឆ្នាំណាដែលការដាំដុះមិនសូវផ្តល់ផលច្រើន។ ដើម្បីចាត់ចែងស្តុកផលិតផលដ៏ច្រើន និងក្នុងរយៈពេលដ៏យូរអង្វែងបែបនេះ គេចាំបាច់ត្រូវការឲ្យមានបញ្ជីកត់ត្រាចំណាំឲ្យបានច្បាស់លាស់ ហើយដើម្បីអាចកត់ត្រាបានគេចាំបាច់ត្រូវបង្កើតអក្សរ។
ការបង្កើតអក្សរត្រូវគេចាត់ទុកថាជាដែនកំណត់រវាងសម័យបុរេប្រវត្តិ និងសម័យប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែដែនកំណត់នៃបុរេប្រវត្តិ មិនដូចគ្នាទាំងអស់នៅគ្រប់ទីកន្លែងទូទាំងពិភពលោកឡើយ ពីព្រោះថាក្រុមមនុស្សដែលនៅកន្លែងផ្សេងៗគ្នា មិនបានចាប់ផ្តើមបង្កើតអក្សរក្នុងពេលព្រមគ្នាឡើយ។ នៅកន្លែងណាដែលមិនទាន់មានការបង្កើតអក្សរ មនុស្សនៅតែបន្តរស់នៅក្នុងសម័យបុរេប្រវត្តិដដែល ហើយក្នុងពេលជាមួយគ្នានោះ នៅកន្លែងផ្សេងទៀតដែលមានការបង្កើតអក្សរ មានន័យថា គឺមនុស្សបានចាប់ផ្តើមបោះជំហានចូលក្នុងសម័យកាលនៃប្រវត្តិសាស្រ្តហើយ។
នៅអេហ្ស៊ីប មនុស្សចាប់ផ្តើមបង្កើតអក្សរនៅប្រមាណជា៣ពាន់ ទៅ៤ពាន់ឆ្នាំមុនគ្រិស្តសករាជ (៥ពាន់ ទៅ៦ពាន់ឆ្នាំមុនសម័យបច្ចុប្បន្ន) ហើយទម្រង់រដ្ឋដំបូងបង្អស់ក្នុងប្រវត្តិមនុស្សជាតិបានចាប់កំណើតឡើងនៅ “អេហ្ស៊ីប” នេះឯង។
អេហ្ស៊ីប នៅក្នុងសម័យកាលនោះ គឺជាអាណាចក្រដែលមានប្រជាជនយ៉ាងច្រើន គឺប្រមាណពី ៧ ទៅ ៨លាននាក់ ហើយអាណាចក្រអេហ្ស៊ីប បានស្គាល់ភាពរុងរឿង និងឯករាជ្យអស់រយៈពេលប្រមាណជា ២៥សតវត្ស។ គឺនៅក្នុងអាណាចក្រអេហ្ស៊ីបសម័យបុរាណ និងសម័យកាលរុងរឿងនេះហើយដែលមានការសាងសង់ពីរ៉ាមីតជាច្រើនបន្សល់ទុកជាអច្ឆរិយវត្ថុរបស់មនុស្សជាតិរហូតមកទល់នឹងពេលបចុប្បន្ន។
ឯករាជ្យអាណាចក្រអេហ្ស៊ីប បានបញ្ចប់នៅឆ្នាំ៥២៥មុនគ.ស. នៅពេលអេហ្ស៊ីប ត្រូវអាណាចក្រ ពែក្ស វាយដណ្តើមកាន់កាប់។ ចាប់ពីពេលនោះមក អេហ្ស៊ីបក៏ត្រូវធ្លាក់ដុនដាបលែងស្គាល់ឯករាជ្យ រហូតទាល់តែដល់អំឡុងឆ្នាំ១៩៥០ថ្មីៗនេះប៉ុណ្ណោះ ទើបអេហ្ស៊ីបសម័យទំនើប និងឯករាជ្យបានចាប់កំណើតឡើងវិញ។
បន្ទាប់ពី អេហ្ស៊ីប រចនាសម្ព័ន្ធរដ្ឋក៏បានចាប់ផ្តើមលេចចេញជារូបរាងឡើងដែរ នៅមេសូប៉ូតាមី (អ៊ីរ៉ាក់បច្ចុប្បន្ន)។ នៅតាមដងទន្លេអឺហ្វ្រាត និងទីហ្គ្រីស គេឃើញមានអាណាចក្រជាច្រើនបានចាប់កំណើតឡើងជាបន្តបន្ទាប់ ក្នុងនោះអាណាចក្រមួយដែលត្រូវគេស្គាល់ទូទៅច្រើនជាងគេគឺ “បាប៊ីឡូន”។ អាណាចក្របាប៊ីឡូន មានរាជធានីនៅក្បែររដ្ឋធានីបាកដាដ របស់អ៊ីរ៉ាក់នាពេលបច្ចុប្បន្ន ហើយអាណាចក្របាប៊ីឡូនសម័យបុរាណ មានមហាក្សត្រមួយអង្គ គឺព្រះចៅហាមូរ៉ាប៊ី (Hammourabi) មានព្រះនាមល្បីក្នុងការយកមាត្រាច្បាប់មកចងក្រងធ្វើជាក្រមច្បាប់ដ៏ពេញលេញមួយ ដែលគេស្គាល់ជាទូទៅថាជា “ក្រមហាមូរ៉ាប៊ី” បង្កើតឡើងតាំងពីប្រមាណជា ១៧៥០ឆ្នាំមុនគ.ស ហើយជាក្រមច្បាប់ដ៏ពេញលេញដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
អាណាចក្រនៅក្នុងតំបន់មេសូប៉ូតាមី ក៏ជាអាណាចក្រដែលមានស្ថាបត្យកម្មដ៏រុងរឿងមិនចាញ់អេហ្ស៊ីប ប៉ុន្មានដែរ ក៏ប៉ុន្តែនៅមេសូប៉ូតាមី សំណង់ភាគច្រើនសង់ពីដីឥដ្ឋដែលមិនអាចនៅគង់វង្សបានយូរដល់ពេលបច្ចុប្បន្ន ដូចសំណង់នៅអេហ្ស៊ីបដែលសង់ពីថ្មឡើយ។
កាលពីសម័យដើម អេហ្ស៊ីបនិងមេសូប៉ូតាមី ដែលមានព្រំប្រទល់ដែនជាប់គ្នានៅប៉ាឡេស្ទីន គឺជាគូប្រជែងនឹងគ្នាយ៉ាងស្រួចស្រាវបំផុត។
ចេញពីមេសូប៉ូតាមី បើគេធ្វើដំណើរឆ្ពោះទៅទិសខាងកើត ហើយធ្វើដំណើរឆ្លងកាត់ពេលវេលាប្រមាណជា ១៥០០ ឆ្នាំក្រោយមកទៀត គេនឹងឃើញមានអារ្យធម៌ពីរទៀត គឺឥណ្ឌា នៅតាមដងទន្លេឥណ្ឌុស (Indus) និងចិន នៅតាមដងទន្លលឿង។
ហេតុអ្វីបានជា១៥០០ឆ្នាំក្រោយមកទើបរដ្ឋចាប់កំណើតនៅឥណ្ឌានិងចិន?
នៅឥណ្ឌានិងចិន ថ្វីដ្បិតតែការប្រែប្រួលអាកាសធាតុបណ្តាលឲ្យបាត់បង់ព្រៃឈើ បង្កជាវាលខ្សាច់ច្រើន ក៏ប៉ុន្តែខុសពីអេហ្ស៊ីប និងមេសូប៉ូតាមី ព្រោះតំបន់ជុំវិញដងទន្លេឥណ្ឌុស និងទន្លេលឿង គឺជាតំបន់សម្បូរភ្លៀង។ ហេតុដូច្នេះហើយបានជាដំណើរវិវឌ្ឍឆ្ពោះទៅការបង្កើតរដ្ឋនៅឥណ្ឌា និងចិន បានធ្វើឡើងដោយសន្សឹមៗ ដោយសារតែមនុស្សនៅក្នុងតំបន់នេះមិនសូវជាមានតម្រូវការចាំបាច់ និងបន្ទាន់ខ្លាំងក្នុងការបង្កើតជារចនាសម្ព័ន្ធរដ្ឋដើម្បីគ្រប់គ្រងបែងចែកធនធានទឹកដូចជានៅអេហ្ស៊ីប និងមេសូប៉ូតាមីនោះឡើយ។
១ពាន់ឆ្នាំមុនគ.ស (ជាង៣ពាន់ឆ្នាំមុនសម័យកាលយើងបច្ចុប្បន្ន) អារ្យធម៌ចំនួន ៤ បានចាប់កំណើតនៅលើភពផែនដីគឺ អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន ដោយមួយៗ មានប្រជាជនសរុបប្រមាណជា ១០លាននាក់ ហើយមានទំនាក់ទំនងជាមួយគ្នាច្រើន ទាំងការធ្វើសង្រ្គាម និងការជួញដូរ។
សូត្រ ដែលពេលនោះមានផលិតតែនៅចិន ត្រូវគេនាំយកទៅលក់រហូតទៅដល់អេហ្ស៊ីប ដោយឆ្លងកាត់តាមផ្លូវគោកដ៏វែងឆ្ងាយដែលគេឲ្យឈ្មោះថា “ផ្លូវសូត្រ” ចេញពីឆាងអាន កាត់តាមឥណ្ឌានិងមេសូប៉ូតាមី រហូតទៅដល់អេហ្ស៊ីប។
និយាយពីសង្រ្គាមវិញ ចិននិងឥណ្ឌា ក្នុងសម័យបុរាណមិនសូវជាធ្វើសង្រ្គាមនឹងគ្នាដោយផ្ទាល់ច្រើនដូចជា អេហ្ស៊ីប និងមេសូប៉ូតាមីឡើយ ក៏ប៉ុន្តែរដ្ឋ និងបុរីនៅខាងផ្ទៃក្នុងអាណាចក្រចិនវិញ ធ្វើសង្រ្គាមស៊ីសាច់ហុតឈាមរវាងគ្នានិងគ្នាដោយឥតត្រាប្រណី រហូតដល់ជាប់ឈ្មោះថាជា “អាណាចក្រសង្រ្គាម” ទៀតផង។ រហូតដល់ឆ្នាំ២២០មុនគ.ស ទើបអាណាចក្រចិន ស្គាល់ការរួបរួមគ្នាក្រោមការដឹកនាំរបស់អធិរាជ “ឈីន” (Qin)។
នៅក្នុងប្រវត្តិសាស្រ្តចិនសម័យបុរាណ គេឃើញមានយុគសម័យកាលរួបរួម និងរុងរឿង គឺសម័យរាជវង្សហាន (ពីឆ្នាំ២០០មុនគ.ស ដល់ឆ្នាំ២០០គ.ស) រាជវង្សថាង (នៅអំឡុងសតវត្សទី៧ដល់ទី១០) រាជវង្សសុង (ចុងសតវត្សទី១០ដល់សតវត្សទី១៣) រាជវង្សមីង (ចន្លោះសតវត្សទី១៤ដល់ទី១៧) ដែលត្រូវគេចាត់ទុកថាជាសម័យកាលដ៏រុងរឿងបំផុតមួយក្នុងប្រវត្តិសាស្រ្តចិន ក៏ដូចជាប្រវត្តិមនុស្សជាតិដែរ។
នៅចន្លោះសម័យកាលដ៏រុងរឿងអស់ទាំងនេះ ចិនធ្លាក់ក្នុងសម័យកាលដ៏ខ្មៅងងឹត ដែលប្រជាជនស្គាល់នូវភាពបាក់បែក ប្រកាប់ប្រចាក់គ្នា និងភាពអនាធិបតេយ្យ ដូចជាសម័យកាលនគរទាំងបីជាដើម ដែលជាសម័យកាលមួយមានការបង្ហូរឈាមខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តចិន និងដែលគេច្រើនយកមកសរសេរជារឿង ជាល្ខោន ឬផលិតជាកុន ដូចជារឿង “សាមកុក” ជាដើម។
ក្រៅពីហេតុការណ៍បះបោរ រដ្ឋប្រហារ សង្រ្គាមផ្ទៃក្នុងគ្នាឯង អាណាចក្រចិនសម័យបុរាណក៏ប្រឈមមុខនឹងការគំរាមកំហែងដ៏ធំមួយទៀតដែរ គឺការឈ្លានពានពីសំណាក់ពួកក្រុមកុលសម្ព័ន្ធដែលបន្តរស់នៅតាមរបៀបសម័យបុរេប្រវត្តិ។ ដើម្បីការពារខ្លួនពីការឈ្លានពានពីសំណាក់ពួកទាំងនេះហើយ ទើបចិនសង់ជាមហាកំពែងដែលបន្តទុករហូតមកទល់នឹងសព្វថ្ងៃនេះ។
អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និងចិន នេះហើយ គឺជាអារ្យធម៌ដំបូងបង្អស់របស់មនុស្សជាតិ ជាទីកន្លែងចាប់កំណើតនៃកសិកម្មតាំងពីរាប់ពាន់ឆ្នាំមុន និងរបៀបរស់នៅដែលយើងនៅតែបន្តឃើញមានមកទល់នឹងពេលបច្ចុប្បន្ន។ គំនិតច្នៃប្រឌិត និងរបកគំហើញមួយចំនួនដូចជា ត្រីវិស័យ រំសេវផ្ទុះ ក្រមច្បាប់ជាដើម គឺសុទ្ធសឹងជាមរតកដែលបន្សល់ទុកដោយអារ្យធម៌ដ៏ចំណាស់ទាំង៤នេះ ឲ្យមនុស្សជាតិយើងបន្តប្រើប្រាស់រហូតមកទល់នឹងពេលបច្ចុប្បន្ន។
នៅពេលយើងអាន ស្តាប់ និងមើលព័ត៌មានជារៀងរាល់ថ្ងៃ យើងនៅតែឃើញចិន ឥណ្ឌា អេហ្ស៊ីប និងតំបន់ដើមបូព៌ា បន្តជាប្រធានរឿងធំៗដែលជាចំណុចចាប់អារម្មណ៍នៃមនុស្សជាតិសម័យបច្ចុប្បន្នដដែល៕
ផ្តល់សិទ្ធិដោយ : មនោវិជ្ជា
ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745មតិយោបល់

-
គួរដឹង4 days ago
ដែលមានអារម្មណ៍ឆក់ៗពេលប៉ះមនុស្សក្បែរខ្លួនអត់? នេះហើយជាមូលហេតុ!
-
ថ្មីៗ4 days ago
ល្បិចបោកអោយគេយក Like និង Shareយ៉ាងច្រើន បានកំឡុងតែកើតឡើងពេញលើ ! អ្នកមិនដឹងចេះតែជឿ!
-
ទាក់ទាញ2 days ago
មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!
-
គួរដឹង2 days ago
ចង់ចរចាឡើងប្រាក់ខែ តើគួរធ្វើបែបណា?
-
សុខភាព & សម្រស់2 days ago
ធ្លាប់តែលឺថ្នាំពន្យារកំណើតសម្រាប់ស្ត្រី ឥឡូវនេះប្រុសក៏មានថ្នាំពន្យារកំណើតបានដែរ!
-
ថ្មីៗ2 days ago
មិនគួរអោយជឿ ពេលនេះកូរ៉េខាងជើងសម្រេចចិត្តផ្អាកគម្រោងអាវុធនុយក្លេអ៊ែរហើយ!
-
បែបផែនជីវិត2 days ago
របស់ទាំង ៨ យ៉ាងដែលមានសារៈសំខាន់ជាងការងារអ្នកទៅទៀត
-
បែបផែនជីវិត1 day ago
មេរៀនទាំង ៥ អំពីការចិញ្ចឹមបីបាច់កូនដែលអ្នកអាចរៀនពីប្រទេសស៊ុយអ៊ែត