ចង់ឃើញអត់? រូបភាព​ឆ្ងាយបំផុត នៃចុងប្រព័ន្ធ​ព្រះអាទិត្យ ថតដោយ​យានអវកាស New Horizon បំបែកកំណត់ត្រា…
Connect with us

ថ្មីៗ

ចង់ឃើញអត់? រូបភាព​ឆ្ងាយបំផុត នៃចុងប្រព័ន្ធ​ព្រះអាទិត្យ ថតដោយ​យានអវកាស New Horizon បំបែកកំណត់ត្រា…

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បាន​ប្រកាស​ឲ្យដឹងថា យានអវកាស New Horizon របស់ខ្លួន ទើបតែបាន​ថតយក​រូបភាព​ ដែលឆ្ងាយបំផុតពី​ផែនដី ដែលបំណែក​កំណត់ត្រា​​កាលពីមុន ដោយ​​រូបភាព Pale Blue Dot របស់យានអវកាស Voyager 1 ដែលថត​កាលពី​ឆ្នាំ១៩៩០។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​អង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ​២០១៨។

បើតាមសេចក្តីថ្លែងការណ៍​របស់ NASA យានអវកាស​ខាងលើ បានថតយករូបភាព​មួយសន្លឹក​ នៃ​ដួងតារាមួយក្រុម ដែលគេ​ស្គាល់ថា «Wishing Well» កាលពី​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ស្របពេលដែលវា​ស្ថិតនៅចម្ងាយ ៦.១២ពាន់លាន​គីឡូម៉ែត្រ​ពីភពផែនដី តាម​គន្លង​ផ្លូវឆ្ពោះ​ទៅកាន់​តំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ​ទីពីរ នៅខាងចុង​ប្រព័ន្ធព្រះអាទិត្យ គឺខ្សែក្រវាត់​ខៃភើ (Kuiper Belt)។

គួរជម្រាបថា សម្រាប់កំណត់ត្រា​កាលពីមុន នៃរូបភាពដែលមាន​ចម្ងាយឆ្ងាយបំផុត គឺ​ត្រូវបានបង្កើត​​ឡើង​ដោយយាន Voyager 1 របស់ NASA ដែលបានថត​យករូបភាពដ៏ល្បី «Pale Blue Dot» នៃផែនដី កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ ស្របពេល​ដែលវា​ស្ថិត​នៅចម្ងាយ​ប្រមាណ ៦.០៦ពាន់លានគីឡូម៉ែត្រ​ពីផែនដី។

ក្រោយពីបាន​ហោះក្រឡឹង ភពបម្រុង ភ្លុយតូ (Pluto) និងព្រះច័ន្ទទាំង ០៥ របស់ភព​តូចនេះ យាន New Horizon កំពុងរង់ចាំ​ការចាប់ផ្តើម​បេសសកម្ម​បន្ទាប់របស់ខ្លួន ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នាពេលវានឹង​ហោះឆ្វែល​ដុំថ្មអវកាសមួយដុំ​ឈ្មោះ 2014 MU69 ដែលស្ថិត​នៅ​តំបន់ Kuiper Belt។

ចំណុចពិសេស៖ យានអវកាស New Horizon ក៏បានបំបែកកំណត់ត្រា​មួយទៀត​ផងដែរ នោះគឺការធ្វើ​ដំណើរក្នុងទីអវកាស ដោយល្បឿន​ដ៏លឿនបំផុតមួយ រហូតដល់ទៅ ៤០គីឡូម៉ែត្រ​ ក្នុងមួយវិនាទី ដែលលឿន​ជាងគ្រឿងយន្តអវកាស Voyager ទាំងពីរ​គ្រឿង​ទៅទៀត ហើយវាកំពុងតែ​ព្យាយាមបំបែក​អាថ៌កំបាំង នៃវត្ថុអវកាស​ធំៗ នៅចុងបំផុត នៃប្រព័ន្ធផ្កាយ​យើង ដែលគ្មានយានណាធ្លាប់ទៅផ្តិតយកឡើយ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម