ចង់ដឹងអត់? តើក្រុមហ៊ុន SpaceX ផ្ទុករបស់អ្វី​ក្នុងគ្រាប់​រ៉ុក្កែតថ្មីនេះ រួចបាញ់បង្ហោះ​ទៅ​ទីអវកាស?
Connect with us

គួរដឹង

ចង់ដឹងអត់? តើក្រុមហ៊ុន SpaceX ផ្ទុករបស់អ្វី​ក្នុងគ្រាប់​រ៉ុក្កែតថ្មីនេះ រួចបាញ់បង្ហោះ​ទៅ​ទីអវកាស?

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាសឯកជន​អាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់​រ៉ុក្កែតដ៏ខ្លាំងជាងគេ​បង្អស់ ទៅកាន់លំហ​អាកាស ដោយ​នាំ​យករបស់​ដែលនាំយកវត្ថុនឹកស្មាន​មិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីន​ហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

គ្រាប់រ៉ុក្កែត​ទម្ងន់ធ្ងន់​ Falcon Heavy ​បានហោះឡើងចាកចេញ​ពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុ​ម៉្យាង​​គ្រាន់សម្រាប់​ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិក​សិប្បនិម្មិត ដែលជិះ​នៅលើ​នោះ ខណៈរថយន្តនោះ​ជាកម្មសិទ្ធិផ្ទាល់របស់​​ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺ​មហាសេដ្ឋី​លោក Elon Musk។

ក្រោយពីទៅដល់​លំហអាកាសរ៉ុក្កែតជំនួយ​ទាំងពីរគ្រាប់ ដែលនៅសងខាង​រ៉ុក្កែតធំ បានវិលត្រឡប់មក​ចុះចតនៅផែនដី ដោយ​​ជោគជ័យ​តំណាលគ្នា ខណៈគ្រាប់រ៉ុក្កែតធំ បានព្យាយាម​តម្រង់ទិស​រថយន្ត Roadster ឲ្យទៅនៅគន្លង​អវកាស ក្បែរ​ភពអង្គារ (Mars) មុនពេលបក​ត្រឡប់ចុះមក​វិញដូច្នេះ​។ បើតាមលោក Musk រថយន្ត និងអវកាសយានិក​សិប្បនិម្មិត ត្រូវគេរំពឹងថា ​នឹង​ស្ថិត​នៅ​​​គន្លង​នោះ ​សម្រាប់រយៈពេល​រាប់រយលានឆ្នាំ​ទៅមុខទៀត ឬក៏ប្រហែលជា​​រហូតដល់មួយពាន់លានឆ្នាំ​ផងមើលទៅ។

គួរជម្រាបថា Falcon Heavy មានសមត្ថភាព​នាំយកវត្ថុទម្ងន់​ ៦៣,៥០០គីឡូក្រាម​ ទៅកាន់គន្លង​កម្រិតទាបរបស់​ភពផែនដី ដែល​ប្រការនេះ​ធ្វើឲ្យវា​គឺជាគ្រាប់រ៉ុក្កែត​ ដែលមានសមត្ថភាពខ្លាំង​ជាងគេ​បំផុតលើកលោក ជាពិសេស​សម្រាប់ការបាញ់​បង្ហោះ​ផ្កាយ​រណប​ធំៗ ព្រមទាំងស្ថានីយ​អវកាសនា​ពេលអនាគត ទៅកាន់​ទីអវកាស។ ខណៈការធ្វើតេស្ត​នាសប្តាហ៍នេះ​របស់វា គឺជាការ​ស្ទាប​ស្ទង់មើល​ក៏ដូចជាការបង្ហាញ​ពី សមត្ថភាព​របស់គ្រាប់​រ៉ុក្កែតនេះ៕

មតិយោបល់

ពេញនិយម