ចង់ដឹងអ្នកជាអ្នកដឹកនាំល្អឬអត់ មើលសិនថាអ្នកមានចំនុចទាំង៦នេះរឺទេ?
Connect with us

គួរដឹង

ចង់ដឹងអ្នកជាអ្នកដឹកនាំល្អឬអត់ មើលសិនថាអ្នកមានចំនុចទាំង៦នេះរឺទេ?

នៅក្នុងការដឹកនាំ នរណាៗក៏អាចធ្វើបានដែរ ព្រោះកាលណាដែលអ្នកមានអ្នកនៅពីក្រោមបង្គាប់ អ្នកត្រូវបានគេចាត់ទុកជាអ្នកដឹកនាំទៅហើយ ប៉ុន្តែការដឹកនាំល្អ រឺអ្នកដឹកនាំល្អ មិនមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

ចង់ដឹងថាអ្នកជាអ្នកដឹកនាំល្អរឺក៏អត់ អ្នកត្រូវមើលសិនថាអ្នកមានចំនុចទាំង៦ខាងក្រោមនេះហើយរឺនៅ? ចំនុចទាំងនេះមានដូចជា៖

១. ធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ

សម្រាប់អ្នកដឹកនាំដ៏ល្អម្នាក់ ពួកគេតែងតែជាមនុស្សខ្លាំងខាងការធ្វើការវិនិច្ឆ័យសម្រេចចិត្តលើការងារអ្វីមួយ។ មិនថាការសម្រេចរបស់គេត្រូវរឺក៏ខុស ពួកគេតែងតែមានគម្រោងផ្សេងទៀត ដើម្បីទុកទប់ប្រសិនជាមានបញ្ហាអ្វីកើតឡើងមកបន្ទាប់ពីពួកគេធ្វើការសម្រេចចិត្តខុសហើយ។

២. ទំនាក់ទំនងល្អ

មិនថាទំនាក់ទំនងជាមួយអ្នកដែលនៅក្រោមបង្គាប់ រឺអ្នកដែលពួកគេជួបជារៀងរាល់ថ្ងៃនោះទេ ពួកគេតែងតែមានទំនាក់ទំនងល្អជានិច្ច។ មេដឹកនាំដែលជោគជ័យគឺជាមនុស្សដែលអាចចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទគ្រប់កាលះទេសះ ព្រោះពួកគេច្រើនយកប្រយោជន៍ធំជាងការចងសត្រូវ។

៣. ធ្វើអោយអ្នកដទៃគិត ជាជាងប្រាប់អ្នកដទៃ

ការដឹកនាំ និងការបញ្ជាគឺខុសគ្នា។ នៅអ្នកបញ្ជានឹងប្រាប់អ្នកនៅក្រោមបង្គាប់គេថាគួរធ្វើអ្វីខ្លះ ខណះដែលអ្នកដឹកនាំល្អនឹងធ្វើអោយអ្នកនៅក្រោមបង្គាប់របស់ពួកគេចេះគិតថាតើពួកគេគួរតែធ្វើអ្វី និងមិនគួរធ្វើអ្វី។ ការធ្វើអោយអ្នកដទៃចេះគិតគូរច្បាស់លាស់ មិនត្រឹមតែអាចបង្រៀនអោយអ្នកដទៃជោគជ័យនោះទេ ប៉ុន្តែគេក៏អាចសន្សំពេលនោះទៅធ្វើការងារផ្សេងៗអោយរីកចម្រើនដល់ខ្លួនគេដែរ។

៤. ចេះលើកទឹកចិត្ត និងសរសើរ

មេដឹកនាំដ៏ល្អម្នាក់ គឺជាមនុស្សដែលដឹងត្រូវខុស ល្អអាក្រក់ និងមានការយកយល់ច្រើន។ ដូច្នេះពួកគេតែងតែមានការសរសើរអ្នកក្រោមបង្គាប់នៅពេលដែលពួកគេធ្វើត្រូវ ខណះដែលបង្រៀននិងពន្យល់នៅពេលដែលពួកគេធ្វើខុស។

៥. មិនលម្អៀង មើលតែរឿងមួយជ្រុង

ធ្វើជាអ្នកដឹកនាំម្នាក់ វាជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចេះថ្លឹងថ្លែង មិនលម្អៀងទៅខាងណា។ ជួនកាលអ្វីដែលពួកគេបានលឺ និងឃើញមិនដូចអ្វីដែលពិតជាកើតមានឡើងនោះឡើយ ដូច្នេះហើយអ្នកដឹកនាំល្អរមែងសិក្សាយ៉ាងច្បាស់មុននឹងធ្វើការវិនិច្ឆ័យ រឺសម្រេចចិត្តទៅលើរឿងអ្វីមួយ។

៦. មានទំនួលខុសត្រូវ

មិនមែនដោយសារតែអ្នកជាអ្នកដឹកនាំ ហើយអ្នកមិនចេះខុសទោះបីជាអ្នកធ្វើរឿងអ្វីនោះទេ។ អ្នកដឹកនាំល្អ គួរតែជាមនុស្សម្នាក់ដែលធ្វើជាគម្រូដល់មនុស្សរាល់គ្នាក្នុងការចាប់ផ្តើមអនុវត្តអ្វីមួយ។ ក្រៅពីនេះទៀត ពួកគេក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ទៅលើខ្លួនគេ និងមនុស្សជុំវិញខ្លួនដែលនៅក្រោមបង្គាប់ផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ

ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។

២. ប្រើប្រាស់មនុស្សតាមជំនាញ

ការប្រើប្រាស់មនុស្សតាមជំនាញគឺជារឿងដែលសំខាន់បំផុតមួយ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់គេត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។

៣. ធ្វើអោយគេស្រលាញ់ការងារច្រើនជាងប្រាក់ខែ

ប្រាក់បៀរវត្សអាចជាហេតុផលចម្បងមួយដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យគឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថាការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។ អ្នកត្រូវតែបង្ហាញអោយគេឃើញថាអ្នកកំពុងតែជួយគេ ជៀសជាងអោយគេយល់អ្នកកំពុងតែជួលគេ។

៤. ផ្តល់អារម្មណ៍ទុកចិត្តអោយអ្នកក្រោមបង្គាប់

នៅក្នុងនាមជាមេដឹកនាំដ៏ល្អម្នាក់ អ្នកគួរតែធ្វើអោយអ្នកដទៃមានអារម្មណ៍សុវត្ថិភាពមួយ ពោលគឺពួកគេអាចទុកចិត្តលើអ្នកបាន។ កាលណាដែលអ្នកបង្ហាញអ្នកជាមនុស្សដែលគួរអោយគោរពទុកចិត្ត ពួកគេនឹងធ្វើអោយអ្នកលើសពីអ្វីដែលអ្នករំពឹងទុកពីពួកគេទៀតផង។

៥. សរសើរ និងពេញចិត្តការងាររបស់អ្នកក្រោមបង្គាប់

ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ ថ្វីត្បិតតែពួកគេមិនបានសម្រេចអ្វីធំណាស់ណាក៏ដោយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញ។

៦. យកចិត្តទុកដាក់លើយោបល់ពួកគេ

មិនថាអ្នកពូកែខ្លាំងប៉ុណ្ណានោះទេ ពេលខ្លះអ្នកក៏ត្រូវការការជួយជ្រោមជ្រែងពីអ្នកដទៃដែរ ដោយការជ្រោមជ្រែងនោះអាចតាមរយះការបញ្ចេញមតិជាដើម។ ដូច្នេះប្រសិនអ្នកមនុស្សដែលនៅក្រោមបង្គាប់របស់អ្នកមានបានបញ្ចេញគំនិតអ្វីមួយនោះ អ្នកគួរព្យាយាមចំនាយពេលយកវាទៅគិត ក្រែងលោហ៍វាអាចមានប្រយោជន៍សម្រាប់អ្នក។ លើសពីនេះទៅទៀត វាក៏អាចធ្វើអោយពួកគេមានអារម្មណ៍ថាអ្នកអោយតម្លៃទៅពួកគេផងដែរ៕

មតិយោបល់

ពេញនិយម