តើភាពជោគជ័យស្ថិតលើទ្រព្យសម្បត្តិរឺ?
Connect with us

បែបផែនជីវិត

តើភាពជោគជ័យស្ថិតលើទ្រព្យសម្បត្តិរឺ?

មនុស្សជាច្រើនតែងតែនិយាយពីភាពជោគជ័យ ហើយពួកគេក៏តែងតែសង្ឃឹមថានៅពេលអនាគត ពួកគេនឹងក្លាយជាបុគ្គលដែលជោគជ័យម្នាក់។ តើអ្វីទៅជាភាពជោគជ័យនោះ? តើវាជាការដែលយើងអាចរកប្រាក់ចំណូលបានច្រើនរឺ? ឬក៏ជា​ការដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ? មានកេរ្ដិ៍ឈ្មោះល្បីល្បាញ? មានកិត្តិយសខ្ពង់ខ្ពស់?

មនុស្សម្នាក់ៗតែងមានគំនិតខុសគ្នា ជាហេតុធ្វើឲ្យពួកគេមានការយល់ឃើញទៅលើពាក្យពីរម៉ាត់នេះខុសៗគ្នាផងដែរ។ លោក Albert Einsten បាននិយាយផងដែរថា​ “ចូរធ្វើជាមនុស្សម្នាក់ដែលមានតម្លៃ ជាជាងមនុស្សដែលគ្រាន់តែជោគជ័យ”។

លើសពីនេះទៅទៀត លោក Jim Carrey បានលើកឡើងថា គាត់ចង់ឲ្យមនុស្សគ្រប់គ្នាក្លាយជាអ្នកមាននិងមានភាពល្បីល្បាញ ដើម្បីឲ្យពួកគេដឹងថា របស់ទាំងនេះមិនមែនជាភាពជោគជ័យក្នុងជីវិតនោះទេ។

បើទោះជាយ៉ាងណាក្ដី នៅពេលដែលត្រូវបានសួរថា តើគួរធ្វើបែបណាដើម្បីទទូលបានភាពជោគជ័យ លោក Oleg Vishnepolsky ប្រធានផ្នែកបច្ចេកវិទ្យាសកលនៅ DailyMail Online បានឆ្លើយយ៉ាងសាមញ្ញថា “ធ្វើឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានក្នុងជីវិតនរណាម្នាក់”។

លោកបានបន្ថែមទៀតថា លោក Steve Jobs មិនបានជោគជ័យដោយសារគាត់មានទ្រព្យសម្បត្តិច្រើននោះទេ ប៉ុន្ដែដោយសារគាត់ធ្វើឲ្យមនុស្សជាច្រើនមានបច្ចេកវិទ្យានៅក្នុងដៃនិងបង្កើតឱ្យមានការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងជីវិតរបស់មនុស្សរាប់ពាន់លាននាក់។ទន្ទឹមនឹងនេះដែរ Google មិនទទួលបានជោគជ័យដោយសារតែតម្លៃដ៏ថ្លៃនៃភាគហ៊ុននោះទេ ប៉ុន្ដែដោយសារវាបានផ្លាស់ប្តូរជីវិតរបស់យើង ហើយវាដូចគ្នាទៅនឹងផែនទីហ្គូហ្គល ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត Android​ និងរឿងរ៉ាវជាច្រើនទៀត។

ដូច្នេះហើយ ការរស់នៅមិនគួរផ្ដោតតែលើការរកប្រាក់ឲ្យបានច្រើននោះទេ ប៉ុន្ដែយើងគួរតែប្រើជីវិតមួយនេះឲ្យមានន័យនិងមានតម្លៃដោយព្យាយាមនាំមកនូវការផ្លាស់ប្ដូរបែបវិជ្ជមានទៅលើបុគ្គលណាម្នាក់ លើសង្គមដែលយើងកំពុងតែរស់នៅ រឺ​ លើពិភពលោកនេះទាំងមូល៕

អត្ថបទល្អផ្សេងទៀត៖ មុននឹងគិតថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរសំណួរទាំង៤ នេះមកកាន់ខ្លួនឯងសិន!

គោលបំនងរបស់មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងមួយជីវិតរបស់ខ្លួន គឺធ្វើយ៉ាងណាអោយពួកគេអាចដើរដល់ចំនុចមួយដែលខ្លួនគេអាចនិយាយបានថា ពួកគេជោគជ័យនៅក្នុងជីវិតហើយ ប៉ុន្តែភាពជោគជ័យមិនមែនជារឿងដែលអាចសម្រេចបាននៅក្នុងពេលត្រឹមតែមួយយប់នោះឡើយ។

ប្រសិនជាអ្នកចង់ដឹងថាខ្លួនឯងជោគជ័យឬក៏នៅឡើយ អ្នកគួរតែសួរខ្លួនឯងសំនួរទាំង ៤នេះសិន៖

១. តើអ្នកអោយនិយមន័យពាក្យថា “ជោគជ័យ” របៀបណា?

មនុស្សជាច្រើនសុទ្ធតែមានវិធីរាងៗខ្លួននៅក្នុងការអោយនិយមន័យពាក្យថា “ជោគជ័យ” នេះ។ មនុស្សមួយចំនួនគិតថាខ្លួនឯងនឹងជោគជ័យ នៅពេលដែលពួកគេមានប្រាក់ច្រើន អ្នកផ្សេងទៀតអោយនិយមន័យនេះថានៅពេលដែលគេមានអ្នកដទៃទៀតគោរពជាដើម។

២. តើអ្នកបានសម្រេចភាពជោគជ័យ តាមនិយមន័យរបស់អ្នកនេះហើយរឺនៅ?

អ្នកត្រូវតែដឹងពីនិយមន័យនៃភាពជោគជ័យរបស់ខ្លួនសិន ទើបអាចដឹងថាតើអ្នកជោគជ័យរឺក៏អត់? បន្ទាប់ពីអោយនិយមន័យហើយនោះ អ្នកអាចចាប់ផ្តើមពិនិត្យមើលហើយថា តើអ្វីដែលអ្នកកំពុងតែមានសព្វថ្ងៃនេះគឺវាត្រូវនឹងនិយមន័យដែលអ្នកអោយរឺក៏អត់?

៣. តើអ្នកសប្បាយចិត្តឬនៅ?

ប៉ុន្តែក្រៅពីប្រៀបធៀបស្ថានភាពប្រចាំថ្ងៃទៅនឹងនិយមន័យនៃភាពជោគជ័យដែលអ្នកមានដាក់នោះ អ្នកត្រូវសួរសំនួរសំខាន់មួយទៀតមកកាន់ខ្លួនឯង ដែលសំណួរនោះគឺ “តើអ្នកសប្បាយចិត្តឬនៅ?”។ ជួនកាលមិនថាអ្នកមានអ្វីគ្រប់យ៉ាងសមស្របតាមនិយមន័យដែលអ្នកបានដាក់អោយខ្លួនឯងនោះក៏ដោយ អ្នកជួនកាលនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ប្រសិនជាអ្នកនៅមិនទាន់សប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅឡើយ។

៤. តើអ្នករៀនបានអ្វីខ្លះហើយ?

នៅក្នុងជីវិតរបស់មនុស្សម្នាក់គឺរៀនមិនចេះចប់នោះទេ មិនថានៅក្នុងរឺក៏ក្រៅសាលានោះឡើយ។ មុននឹងសម្រេចថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរខ្លួនឯងសិនថាតើអ្នករៀនបានអ្វីខ្លះហើយ? នៅមានអ្វីទៀតដែលអ្នកខ្វះខាត? សំនួរនេះមិនត្រឹមតែអាចធ្វើអោយអ្នកជោគជ័យនោះទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកកើនខ្លាំងសមត្ថភាពខ្លាំងជាងអ្វីដែលអ្នករំពឹងទុកទៀត៕

មតិយោបល់

ពេញនិយម