កុំភ្លេចប្រាប់ខ្លួនឯង៦ចំនុចនេះ ប្រសិនជាអ្នករៀបនឹងសម្រេចចិត្តបោះបង់អ្វីមួយចោល!
Connect with us

បែបផែនជីវិត

កុំភ្លេចប្រាប់ខ្លួនឯង៦ចំនុចនេះ ប្រសិនជាអ្នករៀបនឹងសម្រេចចិត្តបោះបង់អ្វីមួយចោល!

តើអ្នកធ្លាប់ទេ? នៅពេលដែលធ្វើរឿងអ្វីមួយមិនបានសម្រេចដូចបំនង អ្នកតែងតែមានអារម្មណ៍មួយថាចង់បោះបង់វាចោល ឈប់ខ្វល់ពីវា ហើយយកខួរក្បាលទៅគិតពីអ្វីផ្សេងវិញ ដោយសារតែអ្នកគិតថាវាប្រហែលជាមិនអាចជួយអ្នកបានច្រើននោះទេ។ ប៉ុន្តែជាអ្នកចង់សម្រេចចិត្តបោះបង់ចោលអ្វីមួយ ដោយសារតែអ្នកពុំមានកម្លាំងចិត្តសម្រាប់បន្តវានោះ អ្នកគួរតែប្រាប់ចំនុចទាំង៦នេះមកកាន់ខ្លួនឯងសិន។ ចំនុចទាំង៦នេះមានដូចជា៖

១. នរណាៗក៏សុទ្ធតែធ្លាប់បរាជ័យដែរ

នៅក្នុងមួយជីវិតរបស់មនុស្សម្នាក់គឺប្រាកដជាប្រៀបដូចជាជួរភ្នំអញ្ចឹងដែរ ពោលគឺថាតែងតែមានឡើងមានចុះទៅបានពេលវេលា និងដំណាក់កាលរបស់វា ដោយវាមិនអាចមានការរាបស្មើ រឺក៏ចេះតែឡើងទៅលើរហូតនោះទេ។ គ្មានមនុស្សណាម្នាក់ដែលថាកើតមកជោគជ័យតែម្តងទេ ដូច្នេះហើយអ្នកមិនគួរបោះបង់វាចោលនោះឡើយប្រសិនជាអ្នកមិនទាន់បានសាកល្បងវា។

២. តើរឿងវានឹងដូចម្តេចបើអ្នកបានធ្វើនោះ និយាយនោះ សម្រេចចិត្តបែបនោះ?

នៅពេលដែលអំពូលភ្លើងក្នុងផ្ទះរបស់អ្នកដាច់ អ្នកប្រាកដជាផ្លាស់ប្តូរអំពូល ប៉ុន្តែអ្នកមិនផ្លាស់ប្តូរផ្ទះឡើយ។ ដូចគ្នានឹងជីវិតផងដែរ ប្រសិនជាអ្នកទទួលបរាជ័យរឿងមួយនៅក្នុងជីវិត អ្នកមិនផ្លាស់ប្តូរជីវិតរបស់អ្នកទៅជាមនុស្សម្នាក់ថ្មីឡើយ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរចំនុចខ្លះៗដែលអ្នកបានដើរ។ អ្នកអាចសួរខ្លួនឯងបាន ថាតើមានអ្វីកើតឡើងប្រសិនជាអ្នកផ្លាស់ប្តូរមកធ្វើរឿងនោះ និយាយពាក្យនោះ រឺសម្រេចចិត្តបែបនោះ? លទ្ធផលប្រហែលជាអាចប្រែប្រួលដូចគ្នា។

៣. ពេលវេលាដែលខ្លួនបានសន្សំមកលើវា

មុនពេលដែលអ្នកសម្រេចចិត្តបោះបង់អ្វីមួយចោល អ្នកគួរតែពិចារណាពីពេលវេលាដែលអ្នកបានសន្សំលើវា។ តើការបោះបង់វាចោលអ្នកធ្វើអោយអ្នកខាតបង់ពេលវេលាដែលអ្នកអាចយកទៅធ្វើរឿងផ្សេងបានដល់កម្រិតណា?

៤. ថាមិនត្រូវ បើអ្នកព្យាយាមតែបន្តិចទៀត អ្នកនឹងបានសម្រេច

មានករណីខ្លះ ភាពជោគជ័យគឺនៅក្បែរអ្នកជាទីបំផុត ប៉ុន្តែដោយសារតែអ្នកមិនហ៊ានដើរឆ្ងាយជាងនេះបន្តិច អ្នកនៅតែមិនអាចចាប់វាបាន។ ជួនកាល វាជារឿងសំខាន់ដែលអ្នកដឹងថាតើពេលណាដែលអ្នកគួរតែបោះបង់ចោល ហើយពេលណាដែលអ្នកត្រូវខាំមាត់បន្តដំណើរទៅមុខសិន។

៥. តើអ្នកធ្វើអស់ពីចិត្តហើយរឺនៅ?

ការសម្រេចចិត្តនីមួយៗអាចជារឿងដែលធ្វើអោយអ្នកមានវិប្បដិសារីអស់មួយជីវិត ប៉ុន្តែដើម្បីជៀសវាងវិប្បដិសារីដែលធ្វើអោយអ្នកមានស្នាមក្នុងចិត្តជារៀងរហូតនោះ មុននឹងបោះបង់អ្វីមួយចោល អ្នកត្រូវតែសួរខ្លួនឯងសិនថាតើអ្នកបានធ្វើវាអស់ពីចិត្តហើយរឺនៅ?

៦. ទុកពេលអោយខ្លួនឯងមួយរយះសិន

ជួនកាល អ្នកអាចនឹងសម្រេចចិត្តមិនត្រូវទាំងស្រុងនោះទេ នៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនសប្បាយចិត្ត រឺអស់សង្ឃឹម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុនពេលដែលអ្នកសម្រេចចិត្តក្នុងការបោះបង់ចោលអ្វីមួយដែលអ្នកកំពុងតែធ្វើ ឬមាន អ្នកគួរតែទុកពេលអោយខ្លួនឯងមួយរយះសិន រួចហើយសឹមសម្រេចចិត្តពេលក្រោយក៏មិនទាន់ហួសពេលដែរ៕

អត្ថបទល្អផ្សេងទៀត៖ នេះជាសារចាក់ដោត ទៅដល់មិត្តយុវវ័យមួយចំនួនដែលមានបំណងចង់បោះបង់ការសិក្សាចោល ថាវាជាជំរើសដ៏គម្រក់បំផុត

អ្នកសិក្សាគ្រប់រូបដឹងហើយថា ការសិក្សាមិនមានភាពងាយស្រួលនោះទេ ការងារសាលាច្រើន ហើយពេលខ្លះស្មុគស្មាញខ្លាំងណាស់។ ពេលយើងរៀនថ្នាក់ទាប​ ថ្នាក់តូចមធ្យមទេការងារមិនធ្ងន់ធ្ងរទេ តែនៅពេលរៀនដល់ថ្នាក់ធំទៅគឺថាការងារសាលាច្រើនមុខ ហើយពិបាកៗទៀត វាធ្វើឱ្យស្មុគស្មាញខ្លាំងណាស់ ហើយពេលខ្លះដោយសារបរិយាកាសជុំវិញខ្លួនយើង ជុំវិញជីវិតយើងគឺធ្វើឱ្យយើងកាន់តែពិបាកចិត្ត ដូចជាពេលខ្លះគឺមានរឿងជាន់គ្នា រឿងជីវិតផ្ទាល់ខ្លួនផង រឿងគ្រួសារ រឿងការងារ និងរឿងសិក្សាទៀត គិតទៅគឺ ដូចភ្នំមួយធ្លាក់លើខ្លួនយ៉ាងដូច្នោះដែរ។

Why should not quit school

ពេលខ្លះដោយសារតែជីវភាពយើងមិនសូវគ្រប់គ្រាន់ទៀត ធ្វើឱ្យសម្រេចចិត្តរកការងារធ្វើដើម្បីរកលុយចិញ្ចឹមខ្លួនឯងដោយសារតែមិនចង់សុំលុយម៉ាក់ប៉ាចាយទៀត។ ហើយពេលខ្លះពេលដែលធំចេះគិតគួរសមទៅធ្វើឱ្យយើងមានគំនិតចង់សន្សំលុយខ្លះសម្រាប់ខ្លួនឯង សម្រាប់ឱ្យខ្លួនឯងបានធ្វើអ្វីដែលខ្លួនចង់ធ្វើ ចង់ទិញរបស់ដែលខ្លួនស្រលាញ់ជាដើម។ នៅពេលដែលយើងមានការងារធ្វើបណ្តើរ ហើយត្រូវចំណាយពេលសិក្សាបណ្តើរ គឺមិនងាយស្រួលនោះទេ តែក៏មិនប្រាកដថាយើងត្រូវបោះបង់ការសិក្សាចោលពាក់កណ្តាលទីនោះដែរ មិនថាយើងស្រលាញ់ការងារយើងប៉ុណ្ណានោះទេ។ ក្នុងវ័យសិក្សាគឺការសិក្សាសំខាន់ខ្លាំងណាស់សម្រាប់សិស្ស និស្សិតទាំងអស់ ការសិក្សានៅតែជាឈ្នាន់នៃជីវិតរបស់យើង។

Why should not quit school

កំហុសដ៏ធំពេលខ្លះកើតមានឡើងដោយសារតែយើងសម្រេចចិត្តខុស ខុសដែលបោះបង់ការសិក្សាចោលលឿនពេក ហើយខំស្រវាចាប់អ្វីដែលខ្លួនស្រលាញ់ ចាប់ការងារធំជាងការសិក្សា ការងារដែលយើងគិតថាអាចផ្ដល់កំរៃដល់យើងគ្រប់គ្រាន់។ ប៉ុន្តែផ្ទុយទៅវិញ វាអាចធ្វើឱ្យយើងស្តាយក្រោយ ធ្វើឱ្យយើងមានវិប្បដិសារីក្នុងជីវិតអស់មួយជីវិត ចំពោះការសម្រេចចិត្តខុសនោះ។ ការរំពឹងទុកទាំងនោះដែលយើងមានវាខុសពីការពិតទាំងអស់ អ្វីៗវាខុសពីការចង់បានរបស់យើង ព្រោះមនុស្សយើងមិនអាចគិតអ្វីទុកមុនហើយត្រូវទាំងស្រុងនោះទេ វាដោយសារតែកត្តាច្រើនដែលអាចធ្វើឱ្យរឿងខ្លះទៅជាក្រឡាប់ចាក់យ៉ាងមិនគួរ​ឱ្យជឿ នឹកស្មានមិនដល់។ យើងជឿថា មានមនុស្សមិនតិចទេដែលបានឆ្លងកាត់រឿងទាំងនោះ។

Why should not quit school

ដូច្នេះ ចំពោះអ្នកដែលកំពុងតែចង់សម្រេចចិត្តឈប់រៀន ហើយសម្រេចចិត្តធ្វើអ្វីផ្សេង ចាប់យកការងារដែលខ្លួនចង់ធ្វើ ការងារដែលថាស្រលាញ់ ពេលខ្លះវាអាចជារឿងតែមួយឆាវ រឿងដែលមិនអាចព្រាងទុកបាន ដូច្នេះត្រូវតែសម្រេចចិត្តឱ្យច្បាស់លាស់។ ចង់លើកទឹកចិត្តដែរថា ការសិក្សានៅតែសំខាន់សម្រាប់យើង សម្រាប់មនុស្សគ្រប់រូប ការសិក្សាជាផ្លូវមួយដែលផ្ដល់ឱ្យមនុស្សលូតលាស់ទៅមុខ ការសិក្សាមិនមានភាពបញ្ចប់នោះទេ ការងារយើងអាចរកបានតាមក្រោយ វាមិនហួសពេលនោះទេ។

Why should not quit school

ពេលខ្លះការងារយើងបានរកបានល្អប្រសើរជាងនោះ នៅពេលដែលទទួលបានការសិក្សាខ្ពស់ ប្រាក់ខែអាចរកបានល្អជាងនេះទៅទៀត។ ហើយមួយវិញទៀត ក្រៅពីនេះយើងអាចរកអ្វីធ្វើផ្សេងបាន ក្រៅពីការឈប់រៀន យើងនៅអាចមានដំណោះស្រាយផ្សេងទៀតក្រៅពីបញ្ចប់ការសិក្សាទាំងវ័យក្មេង ទាំងកណ្តាលទី។ ធ្វើជាមនុស្សម្នាក់ត្រូវតែមានការតស៊ូខ្លាំង មានការអត់ធ្មត់ មិនងាយចុះចាញ់នឹងឩបសគ្គ មិនរាថយពីការលំបាក ព្រោះមនុស្សជាស្ដេចនៃពិភពលោក ស្ដេចនៃជីវិតនៃមនុស្សម្នាក់ៗ ដែលភាពខ្លាំងរៀងៗខ្លួន ភាពខ្លាំងខុសៗគ្នា៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK