វិធីឆ្លើយសំនួរត្រិះរិះក្នុងវិញ្ញាសារប្រលង ដើម្បីអោយបានពិន្ទុខ្ពស់!
Connect with us

គួរដឹង

វិធីឆ្លើយសំនួរត្រិះរិះក្នុងវិញ្ញាសារប្រលង ដើម្បីអោយបានពិន្ទុខ្ពស់!

នៅក្នុងវិញ្ញាសារប្រលងនានា ពិសេសគឺនៅពេលដែលអ្នករៀនដល់ថ្នាក់ខ្ពស់ សំនួរដែលគ្រូនិយមដាក់អោយឆ្លើយយកពិន្ទុច្រើនជាងគេនោះគឺ ប្រភេទសំនួរត្រិះរិះ។ គ្រូប្រើប្រាស់សំនួរត្រិះរិះនៅក្នុងពេលប្រលង ដើម្បីស្ទុងមើលពីស្ថានភាពនៃការសិក្សា និងការយល់ដឹងរបស់សិស្ស ថាតើពួកគេចេះបានដល់កម្រិតណា។

សម្រាប់សិស្សមួយចំនួន ការឆ្លើយសំនួរប្រភេទត្រិះរិះគឺជារឿងមិនងាយស្រួលឡើយ ព្រោះជួនកាលមិនថាពួកគេព្យាយាមឆ្លើយប៉ុណ្ណាឡើយ ពួកគេនៅតែមិនអាចទទួលបានពិន្ទុខ្ពស់ទាល់តែសោះ។

ប្រសិនជាអ្នកត្រូវតម្រូវអោយឆ្លើយប្រភេទសំនួរត្រិះរិះនៅក្នុងពេលប្រលង អ្នកគួរតែប្រើវិធីទាំងនេះ៖

១. គ្រោង រឺព្រាងចំនុចដែលខ្លួនត្រូវសរសេរសិន

នៅក្នុងការឆ្លើយសំនួរប្រភេទនេះអោយបានល្អ អ្នកត្រូវតែមើលសំនួរនេះអោយបានយ៉ាងតិច៣ដង ដើម្បីអោយយល់ច្បាស់ថាតើគេចង់សួរពីអ្វីអោយពិតប្រាកដសិន។ បន្ទាប់ពីយល់សំនួរហើយនោះ ជៀសវាងកាន់ប៊ិចចាប់សរសេរចម្លើយ អ្នកគួរតែធ្វើការព្រៀងចម្លើយនៅលើក្រដាសផ្សេងសិន។

ការព្រៀងចម្លើយមុនពេលចាប់ផ្តើមសរសេរអាចធ្វើអោយអ្នករៀបចំចម្លើយរបស់អ្នកអោយមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ល្អនៅពេលសរសេរ។ ដូច្នេះនៅពេលដែលគ្រូអានចម្លើយនោះ គាត់នឹងងាយស្រួលនៅក្នុងការយល់ពីអ្វីដែលអ្នកព្យាយាមឆ្លើយ។

២. រៀបចំចំនុចនីមួយអោយប្រទាក់ក្រឡាគ្នា

នៅពេលដែលអ្នកមានចម្លើយនៅក្នុងដៃរួច អ្នកអាចចាប់ផ្តើមសរសេរបាន។ ប៉ុន្តែនៅក្នុងការសរសេរ អ្នកត្រូវតែចេះរៀបចំថាតើចំនុចមួយណានៃចម្លើយនោះត្រូវសរសេរមុន ហើយចំនុចមួយណាគួរតែសរសេរតាមក្រោយ។

នៅពេលដែលចាប់ផ្តើមសរសេរចំនុចមួយនៃចម្លើយ អ្នកត្រូវធ្វើការរៀបចំល្បះទាំងឡាយដែលនៅក្នុងកថាខណ្ឌដែលអ្នកសរសេរនោះអោយមានភាពប្រទាក់ក្រឡាគ្នាល្អ។ នេះមានន័យថា អ្វីក៏ដោយដែលអ្នកលើកឡើយគួរតែជាចំនុចគាំទ្រចម្លើយរបស់អ្នក។ ការសរសេរចាកឆ្ងាយពីចំនុចដែលអ្នកមានគឺស្មើរនឹងសរសេរចាកប្រធាន ហើយអ្នកនឹងមិនទទួលបានពិន្ទុល្អឡើយ។

៣. ប្រើប្រាស់ឧទាហរណ៍ រឺភស្តុតាងមកគាំទ្រ

ប្រសិនជាអ្នកចង់អោយការឆ្លើយសំនួរត្រិះរិះរបស់អ្នកទទួលបានពិន្ទុល្អ អ្នកដាច់ខាតត្រូវតែមានភ្ជាប់អ្វីដែលអ្នកលើកឡើងជាមួយនឹងឧទាហរណ៍។ ការប្រើប្រាស់ឧទាហរណ៍ រឺភស្តុតាងមកគាំទ្រ គឺធ្វើអោយគោលជំហរដែលអ្នកលើកឡើងនោះកាន់តែខ្លាំង ហើយវាក៏បង្ហាញអោយគ្រូរបស់អ្នកដឹងថាអ្នកយល់ច្បាស់ពីសំនួរនោះដល់កម្រិតណាដែរ។

៤. ធ្វើតាមការបង្គាប់

ជាទូទៅ ការសរសេររបស់អ្នកទាមទារអោយមានការអនុវត្តន៍តាមគោលការណ៍ដែលដាក់ចេញមក ដែលក្នុងនោះអាចមានដូចជាចំនួនពាក្យ រឺទំព័រដែលត្រូវសរសេរ និងប្រភេទកថាខណ្ឌជាដើម។ ចំនុចទាំងអស់នេះគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ប្រសិនជាអ្នកមិនចង់បានពិន្ទុតិចនោះទេ។

៥. សរសេរខ្លីៗ តែច្បាស់អស់ន័យ

នៅពេលដែលអ្នកឆ្លើយសំនួរប្រភេទនេះ សុំកុំគិតតែឆ្លើយបានវែង ប៉ុន្តែមិនត្រូវន័យដែលអ្នកត្រូវការ។ អ្នកគួរតែព្យាយាមសរសេរវាអោយបានច្បាស់ល្អ ហើយចំចំនុច។ ការអូសបន្លាយយូរច្រើន អាចធ្វើអោយអ្នកភ្លេចនូវអ្វីដែលអ្នកត្រូវសរសេរទៅវិញ។

គួរបញ្ជាក់ថា នេះគ្រាន់តែចំនុចខ្លីៗមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែពួកវាអាចជួយពង្រឹងការឆ្លើយសំនួរប្រភេទត្រិះរិះនេះដល់អ្នកបាន ប្រសិនជាអ្នកអាចអនុវត្តតាមវា៕

អត្ថបទល្អផ្សេងទៀត៖ តើបរាជ័យក្នុងសាលាពិតជាមានន័យថាបរាជ័យក្នុងជីវិតមែនឬ???

វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយបានបង្ហាញពីបុរសម្នាក់កំពុងអានសំបុត្រមួយច្បាប់ដែលសរសេរដោយនាយកសាលាមួយរូបនៅប្រទេសសិង្ហបុរី។ ឃ្លោងឃ្លានៃសំបុត្របង្កប់អត្ថន័យយ៉ាងជ្រៅនិងហាក់ដូចជាសម្លេងជួងគងរំពងដាស់អារម្មណ៍សិស្សានុសិស្ស  លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាគ្រប់រូបនៅជុំវិញពិភពលោក ឱ្យផ្លាស់ប្ដូរគំនិតចំពោះពិន្ទុនៅសាលា។

យើងសូមធ្វើការបកប្រែអត្ថន័យសំបុត្រតាមលទ្ធភាពដូចតទៅ៖

“នៅពេលកូនៗរបស់អ្នកចាប់ផ្ដើមប្រឡង អ្នកនឹងមានអារម្មណ៍តានតឹងនិងចង់ឱ្យពួកគេទទួលបានលទ្ធផលល្អ។ តែសូមចងចាំថា ក្នុងចំណោមសិស្សដែលកំពុងអង្គុយប្រឡងទាំងនោះ មានអ្នកខ្លះជាអនាគតសិល្បករដែលមិនយល់អ្វីទៅដែលហៅថាគណិតវិទ្យាច្បាស់នោះទេ។ មានអ្នកខ្លះជាអនាគត សហគ្រិនដែលមិនដែលខ្វល់ខ្វាយពីមេរៀនប្រវត្តិវិទ្យាឡើយ។

មានអ្នកខ្លះជាអនាគតតន្រ្ដីករ ហើយពិន្ទុគីមីវិទ្យានឹងគ្មានប្រយោជន៍អ្វីសម្រាប់គេទេ។ មានអ្នកខ្លះមាននិស្ស័យជាអ្នកកីឡា ហើយដែលកម្លាំងនៃរូបរាងកាយរបស់គេ សំខាន់ជាងចំណេះទាក់ទងនឹងរូបវិទ្យា។ ហេតុនេះបើសិនកូនរបស់អ្នកទទួលបានពិន្ទុខ្ពស់គ្រប់មុខ នោះជារឿងល្អមួយ។ តែបើសិនគេទទួលបានពិន្ទុទាប ឬធ្លាក់មុខវិជ្ជាណាមួយនោះ សូមកុំគិតថាពួកគេគ្មានតម្លៃ និងបោះបង់ការទុកចិត្តលើពួកគេអី ព្រោះពួកគេនឹងភាពលេចធ្លោលើជំនាញនិងទេពកោសល្យរបស់ខ្លួននៅថ្ងៃអនាគត។ [..]”

អត្ថន័យនៃសំបុត្រនេះពិតជាសមហេតុផល។ តើអ្នកនឹងវាយតម្លៃថាអ្នកបានពិន្ទុទាបជាមនុស្សអន់យ៉ាងម៉េចកើត បើអ្នកយកគេទៅប្រកួតលើសង្វៀនដែលមិនមែនជាធម្មជាតិឬចំណង់ចំណូលចិត្តរបស់គេផង? យ៉ាងណាក៏ដោយយើងអាចសន្មតថា សំបុត្រនោះប្រហែលសម្ដៅទៅលើសិស្សនៅវិទ្យាល័យដែលជាទូទៅពួកគេមិនអាចជ្រើសរើសមុខវិជ្ជារៀនតាមជំនាញនិងចំណង់បានឡើយពោលគឺត្រូវសិក្សារាល់មុខវិជ្ជាទូទៅដែលកំណត់ដោយសាលា។ ម្យ៉ាងអត្ថន័យសំបុត្រគឺដើម្បីតែលើកទឹកចិត្តដល់អ្នកដែលមានជំនាញផ្សេងក្រៅពីការសិក្សា បើលោកអ្នកជាអ្នកដែលចូលចិត្តការសិក្សាស្រាប់សូមបន្តការប្រឹងប្រែងរបស់អ្នក។

សូមទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖ គ្រូគណិតម្នាក់ប្រើសមីការដ៏សមញ្ញបង្រៀនសិស្សពីមេរៀនជីវិតដ៏ភ្លឺភ្នែក!

ចុចអាន៖ គ្រូម្នាក់ប្រើតែធុងសម្រាម និងក្រដាសអាចបង្រៀនសិស្សពីមេរៀនជីវិតមិនអាចកាត់ថ្លៃបាន!

មតិយោបល់

ពេញនិយម