ថ្មីៗ
កប់សារី Lexus ចេញឡានថ្មី Black Panther ស៊េរី ០១៨ ភ្លាមយកមកថតរឿងហូលីវូដភ្លែត!
ទីបំផុត Lexus បានកែប្រែឡាន Lexus LC 500 ពណ៌រាងខៀវក្រមៅរលើប ដោយដាក់ឈ្មោះ Lexus LC Black Panther ដើម្បីយកមកថតរឿងហូលីវូដ Black Panther តែម្តង។
LC 500 ស៊េរី ២០១៨ បំពាក់ម៉ាស៊ីន V8 ទំហំ ៥ លីត្រ កម្លាំងម៉ាស៊ីនដល់ទៅ ៤៧១ សេះ និងមានចង្កឹះលេខស្វ័យប្រវត្តិ ១០ វគ្គ ដែលអាចប្រើជាលេខដៃផងនិងស្វ័យប្រវត្តិផង។ វាត្រូវបានរចនាពី Lexus LC 500 ពណ៌លឿងខ្ចី ដោយខុសតែពណ៌ប៉ុណ្ណោះ ដើម្បីយកមកថតរឿង Black Panther។
ល្បឿនអតិបរមាគឺ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលតែ ៤,៣ វិនាទីតែប៉ុណ្ណោះ។ រថយន្តនេះ អាចដាក់មនុស្សបាន ៤ នាក់ ត្បិតអីមើលពីក្រៅឃើញតែទ្វារពីរក៏ពិតមែន។
ផ្តល់សិទ្ធដោយ៖ អង្គរប៉ុស្ត៌
អត្ថបទល្អផ្សេងទៀត៖ តើគួរធ្វើយ៉ាងណា នៅពេលដែលអ្នកខូចឡានតាមផ្លូវ???
តើអ្នកធ្លាប់រឿងតាមផ្លូវដែរឬទេ? ធ្លាប់ខូចរថយន្តតាមផ្លូវដែរឬទេ? តើអ្នកមានដែលយល់អារម្មណ៏មនុស្សនៅពេលដែលជួបបញ្ហាតាមផ្លូវដែរឬទេ? យើងជឿថាមានមនុស្សមិនតិចទេ ដែលធ្លាប់ជួបរឿងបែបនេះ ហើយពួកគេប្រាកដជាមានបទពិសោធន៏ថាត្រូវធ្វើយ៉ាងណាពេលដែលជួបរឿងដូច្នោះ ក៏ប៉ុន្តែក៏នៅមនុស្សមួយចំនួនតូចដែលមិនទាន់បានជួប ហើយក៏មិនទាន់ដឹងពីបញ្ហានេះ មិនដឹងថានឹងដោះស្រាយតាមវិធីណាពេលដែលជួបបញ្ហាខូចឡានតាមផ្លូវនេះ។ ខាងក្រោមគឺជាដំបូន្មានខ្លះៗដែលអ្នកគួរពិចារណា។
១. ឈប់តាមផ្លូវ
បើសិនជាភ្លាមៗនោះ ឡានអ្នកមានបញ្ហា ឬត្រូវរលត់ អ្នកត្រូវធ្វើយ៉ាងណាចតឡានអ្នកទៅខាងស្តាំដៃនៃផ្លូវម្ខាងសិន ឬអាចរុញវាទៅខាងអែបខាងស្តាំដៃនៃផ្លូវ ដើម្បីកុំឱ្យស្ទះចរាចរដល់អ្នកដទៃ ឬកុំមានរឿងដល់អ្នកដទៃដែលជិះមកពីក្រោយអ្នក។
២. ស្គាល់កន្លែងដែលមានបញ្ហានោះឱ្យច្បាស់
បើអ្នកមានបញ្ហាតាមផ្លូវអ្នកត្រូវតែស្គាល់កន្លែងនោះឱ្យច្បាស់ ថាអ្នកកំពុងនៅចំណុចណាមួយ កន្លែងច្បាស់លាស់ណាមួយ ដោយមើលតាម អ៊ីនធឺណែតរបស់អ្នក ឬមើលផែនទីក្នុងទូរស័ព្ទដៃអ្នក។ វាក៏ងាយស្រួល បើសិនជាអ្នកហៅគេមកជួយ ងាយស្រួលនឹងគេរកឃើញ ងាយស្រួលនឹងប្រាប់ទីតាំងទៅគេ។
៣. បើសិនជាម៉ាស៊ីនឡានសុខៗមិនដំណើរការ អ្នកកុំចុះពីឡាន
បើសិនជាម៉ាស៊ីនលែងដំណើរការតែម្តង អ្នកកុំចុះពីលើឡាន ចុះពីលើឡានភ្លាមៗ អាចឱ្យអ្នកមានគ្រោះថ្នាក់ ជាពិសេសនៅលើផ្លូវហាយវេរ ដែលមានឡានបើកបរឆ្លងកាត់លឿនៗ ប៉ុន្តែអ្នកត្រូវព្យាយាមយ៉ាងណា អែបឡានរបស់អ្នកទៅកៀនមួយឡែកសិន។
៤. ប្រើសញ្ហាសម្គាល់
បន្ទាប់ពីអស់ជម្រើស អ្នកត្រូវធ្វើសញ្ញាសម្គាល់មួយ ដើម្បីឱ្យអ្នកជិះកាត់នោះបានឃើញ និងបានដឹងពីអ្នក ថាអ្នកកំពុងត្រូវការជំនួយ។
៥. ខលហៅអ្នកមកជួយ
បើអស់សមត្ថភាពហើយអ្នកត្រូវតែខលហៅអ្នកដទៃមកជួយ ឬជាងឡានមកជួយភ្លាម ដោយឈប់ឡានទៅមួយឡែក រួចចុះមកធ្វើការខលចេញហៅអ្នកជួយ។ ក្នុងករណីបែបនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ជានិច្ច កុំឆេវឆាវ។
៦. កុំបកឡានបញ្ច្រាសទិសគេ
មិនត្រូវបកឡានបញ្ច្រាសគេ គឺខ្លាចមានាការកកស្ទះចរាចរដល់អ្នកដទៃ អ្នកដែលកំពុងធ្វើដំណើរពីក្រោយអ្នក។
៧. បើខូចពេលយប់ អ្នកត្រូវមានសញ្ញាសម្គាល់
នៅពេលយប់ អ្នកត្រូវតែមានសញ្ញាសម្គាល់ដាក់តាមខ្លួន ឬភ្លើងសម្គាល់អ្វីមួយ ដើម្បីដាក់បង្ហាញដើម្បីឱ្យអ្នកដទៃ មើលឃើញអ្នក និងឡានរបស់អ្នកដែលកំពុងមានបញ្ហា ដើម្បីឱ្យគេជួយ។
៨. បើពេលថ្ងៃ អ្នកក៏ត្រូវមានសញ្ញាសម្គាល់ផងដែរ
បើនៅពេលថ្ងៃ អ្នកក៏ត្រូវតែមានអ្វីសម្គាល់ដែរ ដូចជា ផ្លាកសញ្ញា ឱ្យបន្ថយល្បឿន ឬផ្លាកសម្គាល់ថាត្រូវការជំនួយ ឬអ្នកកំពុងមានបញ្ហា។
៩. បែកកង់តាមផ្លូវ
បើបែកកង់តាមផ្លូវ អ្នកត្រូវតែព្យាយាមយ៉ាងណាគ្រប់គ្រងស្ថានភាពឱ្យបាន ដោយទាញឡានរបស់អ្នកទៅខាងម្ខាងនៃផ្លូវ ចៀសវាងប៉ះទង្គិចអ្នកដទៃ ហើយត្រូវបន្ថយល្បឿនភ្លាមៗ កុំស្លន់ស្លោរ។
១០. អ្នកត្រូវរក្សាទំនាក់ទំនងរបស់ជាងឡានជានិច្ច
អ្នកត្រូវតែមាន និងរក្សាលេខជាងឡានឱ្យជាប់តាមខ្លួនជានិច្ច អ្នកត្រូវស្គាល់ជាងឡានយ៉ាងហោចណាស់ម្នាក់ទៅពីរនាក់ ដើម្បីងាយស្រួលទាក់ទងពេលមានបញ្ហាតាមផ្លូវភ្លាមៗ ហើយអ្នកត្រូវប្រាប់គេឱ្យច្បាស់ពីទីតាំងរបស់អ្នក៕