ចង់រកស៊ីតែមិនដឹងរកអី? សាកអានអត្ថបទនេះលេងទៅ ក្រែងមានគំនិត!
Connect with us

គួរដឹង

ចង់រកស៊ីតែមិនដឹងរកអី? សាកអានអត្ថបទនេះលេងទៅ ក្រែងមានគំនិត!

មានមនុស្សជាច្រើនគិតថា ជីវិតនៃអ្នករកស៊ី គឺប្រសើរជាជីវិតនៃអ្នកធ្វើការ ព្រោះថាថ្វីត្បិតតែអ្នករកស៊ីត្រូវឈឺក្បាលនឹងវិធីធ្វើអោយអាជីវកម្មខ្លួនឯងបានល្អប្រសើរបន្តិចមែន ប៉ុន្តែប្រាក់ចំនូលរបស់អ្នករកស៊ី គឺបានច្រើនជាងអ្នកដែលធ្វើការឆ្ងាយណាស់។

ប៉ុន្តែទន្ទឹមនឹងនេះដែរ ការរកស៊ីមិនត្រឹមតែជារឿងមិនងាយស្រួលនោះឡើយ សូម្បីតែតើអ្នកគួររកស៊ីអ្វីនោះរឹតតែជារឿងដែលឈឺក្បាលទៀត។ ប្រសិនជាអ្នកចង់រកស៊ី ប៉ុន្តែមិនដឹងថាខ្លួនគួរតែរកស៊ីរបរអ្វី អ្នកអាចអាចចំនុចខាងក្រោមនេះ ព្រោះវានឹងជួយអោយអ្នកអាចរកឃើញរបរមួយដែលសមស្របនឹងខ្លួនអ្នក។ ចំនុចខាងក្រោមនេះមានដូចជា៖

១. តើអ្នករកស៊ីអ្វី?

ប្រាកដណាស់ អ្នកនឹងពិបាកឆ្លើយសំនួរនេះណាស់ ព្រោះថាអ្នកកំពុងតែមិនដឹងថារកអីស្រាប់ទៅហើយ ប៉ុន្តែអ្នកអាចបង្កើត រឺចាប់ផ្តើមខ្លះៗ ដោយមើលថាតើថាអ្នកពូកែ រឺមានចំណូលចិត្តខាងអ្វី។ លើសពីនេះទៅទៀត អ្នកអាចមើលថាតើទីផ្សារកំពុងតែខ្វះខាតអ្វី ឬកំពុងត្រូវការអ្វី។

២. ធ្វើការស្រាវជ្រាវ

បន្ទាប់ពីមានកូនគំនិតរួចមក អ្នកត្រូវមើលបន្តទៀតថាតើគំនិតរបស់អ្នកនេះអាចទៅរួចបានប៉ុណ្ណា។ ដើម្បីដឹងពីភាពទៅរួចរឺក៏អត់ អ្នកត្រូវចាប់ផ្តើមធ្វើការស្រាវជ្រាវ។ គោលបំនងនៃការស្រាវជ្រាវនេះគឺដើម្បីអោយដឹងថាតើអាជីវកម្មរបស់អ្នកអាចត្រូវជាមួយតម្រូវការទីផ្សារបានដល់កម្រិតណា។ លើសពីនេះទៅទៀត អ្នកត្រូវតែដឹងថាតើនរណាជាអតិថិជនគោលដៅរបស់អ្នក ព្រោះពួកគេគឺជាអ្នកដែលអ្នកធ្វើអោយអាជីវកម្មរបស់អ្នកមានជីវិតតទៅមុខ។

៣. ចាប់ផ្តើមគម្រោង

ប្រសិនជាអ្នកមើលឃើញថា អ្វីដែលអ្នកចង់ធ្វើនោះអាចត្រូវជាមួយអ្វីដែលទីផ្សារកំពុងសម្លឹងរក អ្នកអាចចាប់ផ្តើមព្រាវវាអោយចេញជារូបរាងបន្តិច ដោយចាប់ផ្តើមគិតពីវិធីនៅក្នុងការធ្វើ។ តើអ្នកមានសមត្ថភាពធ្វើវាផ្ទាល់រឺអត់? រឺក៏អ្នកត្រូវទទួលពីណាផ្សេង? តើអ្នកមានអ្វី និងខ្វះអ្វី?

៤. ពិនិត្យមើលទំហំ និងលទ្ធភាព

បន្ទាប់ពីអ្នករៀបចំគម្រោងរួច អ្នកត្រូវមើលពីលទ្ធភាពដែលអ្នកធ្វើវា ដែលលទ្ធភាពនេះគឺជាសម្រួលបានដោយការផ្លាស់ប្តូរ រឺកែតម្រូវទំហំនៃអាជីវកម្ម។ អ្នកអាចដឹងថាតើអ្នកអាចមានលទ្ធភាពសម្រាប់ដំណើរការអាជីវកម្មទំហំប៉ុណ្ណាបាន លុះត្រាតែអ្នកត្រូវពីទំហំហិរញ្ញវត្ថុរបស់ខ្លួន។

៥. រៀបគម្រោងហិរញ្ញវត្ថុ

បន្ទាប់ពីគិតគូរពីទំហំអាជីវកម្ម អ្នកអាចរៀបចំគម្រោងហិរញ្ញវត្ថុរបស់ខ្លួន។ ជាទូទៅ មូលធនដែលអ្នកអាចយកមកសម្រាប់ធ្វើអាជីវកម្មគឺមានមកពីប្រាក់ផ្ទាល់ខ្លួន កម្ចី រឺការចែករម្លែកហ៊ុនជាមួយនឹងអ្នកដទៃ។ ប្រសិនជាអ្នកមានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ អ្នកអាចសើរើឡើងវិញពីទំហំអាជីវកម្មដើម្បីធានាអោយបានថាវាអាចត្រូវជាមួយនឹងលទ្ធភាពដែលអ្នកអាចធ្វើបាន។

៦. រៀបចំដំណើរការអាជីវកម្ម

ប្រសិនជាអ្នកសម្រេចចំនុចទាំងអស់ខាងលើនេះហើយ អ្នកអាចចាប់ផ្តើមធ្វើអោយអាជីវកម្មមានរូបរាងពិតប្រាកដ។ ប៉ុន្តែប្រសិនជាអ្នកមិនអាចសម្រេចចំនុចណាមួយអោយបានជោគជ័យ អ្នកត្រូវមើលឡើងវិញទៅចំនុចមុន ហើយព្យាយាមធ្វើការលំដាប់វាមកដូចគ្នា។ គួរបញ្ជាក់ទៀតថា អាជីវកម្មនីមួយៗគឺទាមទារលើឳកាស និងសំណាងរបស់យើងផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងដែលធ្វើអោយគំនិតអស្ចារ្យជាច្រើនកើតឡើង

តើគំនិតអស្ចារ្យកើតមកពីណា? ទស្សនៈរបស់មហាជនគឺពួកគេគិតថាវាកើតមកពី​ការផុសគំនិតឡើងក្នុងមួយបប្រិចភ្នែក។ អ្នកប្រហែលជាឃើញបែបនេះក្នុងភាពយន្ត ទូរទស្សន៍ ដែលតារាសម្តែងទាំងនោះព្យាយាមធ្វើការងារអោយហើយតែមួយយប់ ស្រាប់​តែគំនិតក៏ផុសឡើង។

តែភាពជាក់ស្តែងវិញគឺវាស្មុកស្មាញជាងនេះឆ្ងាយណាស់។ គំនិតដែលពិតជាអស្ចារ្យមែន​នោះគឺជាជាសមិទ្ធិផលនៃដំណើរការជាច្រើន។ គំនិតទាំងនោះជាសមិទ្ធិផលដែលមនុស្សម្នាក់​បានឃើញ និងនៅជាមួយរាល់ថ្ងៃ ដែលជះឥទ្ធិពលដល់ការគិត។ ការគិតនេះហើយដែលកើតជាគំនិត ហើយគំនិតត្រូវបានកែច្នៃបន្តទៀតជាច្រើន។

ឧទាហរណ៍ជាក់ស្តែងនោះគឺ Twitter។ ដំបូងឡើយ Twitter មិនត្រូវបានចាត់ទុកថាជាបណ្តាញសង្គមនោះទេ តែគ្រាន់សម្រាប់ជំនួយការផ្ងើសារ SMS តែប៉ុណ្ណោះ។

Uber គឺកើតមកពីការសន្ទនារវាងមិត្តភក្តិ ២​ នាក់ដែលកំពុងជជែកគ្នា អំពីការលំបាកក្នុង​ការ​ស្វែងរក Taxi ដ៏ល្អគ្រាន់បើមួយ។

កាគិតពីគំនិតជាច្រើន

គំនិតទាំងអស់នេះគឺកើតមកដើម្បីផ្លាស់ប្តូរអ្វីដែលមានរួចអោយកាន់តែប្រសើរឡើង ហើយ​គំនិតទាំងអស់នេះមិនមែនកើតឡើងភ្លាមៗពីដំបូងទេ។ ដូច្នេះ​ហើយ​ទស្សនៈ​របស់​មហាជន​ដែលថា​គំនិតអស្ចារ្យកើតមកពី​ការផុស​គំនិតឡើងក្នុងមួយបប្រិចភ្នែក គឺពិតជាមិនត្រឹមត្រូវ​ហើយថែមទាំងអាចផ្តល់ផលប៉ះពាល់ថែមទៀតផង។

កុំបោះបង់ចោលគំនិតល្អៗដែលមិនទាន់កែច្នៃ

ពេលដែលយើងលឺពីគំនិតអស្ចារ្យៗខាងលើនេះ គឺនៅពេលដែលគំនិតទាំងអស់នេះល្បីខ្លាំង ហើយជោគជ័យបំផុតហើយ។ យើងមិនដែលដឹងថា គំនិតដំបូងផុសឡើងត្រូវចំណាយពេល​រាប់ខែឆ្នាំ ហើយមិនដែលដឹងពីការបរាជ័យដែលអាជីវកម្មនោះធ្លាប់ជួបប្រទះ។ ហេតុនេះយើង គិតថាគំនិតទាំងអស់នោះគឺអស្ចារ្យតាំងពីដំបូងមកម៉្លេះ។ ការសិក្សាមួយបានបង្ហាញថាខួរក្បាលមនុស្សគឺពេញចិត្តជម្រើសណាដែលត្រូវប្រើកម្លាំងតិចបំផុត​តាមដែលអាចធ្វើបាន។ ដូចេ្នះប្រសិនបើយើងអាចបង្កើតគំនិតចំនួន ១០ គឺវាពិតជាល្អណាស់។ តែដោយសារខួរក្បាលមនុស្សគិតតែអញ្ជឹង ទើបយើងគិតឃើញគំនិត​បានតែមួយ ហើយព្យាយាមធើ្វអោយវាអស្ចារ្យ។ទោះបីជាយើងមានគំនិតមួយពិតមែន តែយើងមិនដឹងថាគំនិតនេះល្អឬមិនល្អទេព្រោះថាវា​គ្មានហេតុផលច្បាស់លាស់ដែលអាចធានាបានឡើយ។ ប្រសិនបើយើងគ្មាន​ចំណាត់​ការ​ច្បាស់លាស់ទៅលើគំនិតមួយដែលយើងបានបង្កើតឡើងនោះ យើងនឹងមិនអាចធ្វើអោយវា​អស្ចារ្យបាននោះឡើយ ដែលយើងអាចនិយាយបានថាគំនិតនោះគឺបរាជ័យបាត់ទៅហើយ។

គំនិតអស្ចារ្យអាចមានច្រើន

ដូចឧទាហរណ៍ពីក្រុមហ៊ុនខាងលើ គំនិតនីមួយៗ គឹអ្នកបង្កើតចង់បំពេញតំរូវការ ចំពោះបញ្ហា​ដែលគេកំពុងជួបប្រទះ (ដូចជាការពិបាកក្នុងការស្វែងរក Taxi ដ៏ល្អមួយ ក្នុង​ករណី​របស់​ក្រុម​ហ៊ុន​ Uber)។ ពួកគេក៏បំផុសគំនិតមួយកើតឡើងពីរឿងនេះ ដែលទីបំផុតក្លាយជាដំណោះ​ស្រាយពីបញ្ហារបស់ពូកគេ។

គំនិតល្អៗកើតឡើងដោយចៃដន្យ

ពេលណាមួយអ្នកអាចរកឃើញ គំនិត ១០ ថ្មីៗ តែមានតែមួយប៉ុណ្ណោះរាងគ្រាន់បើជាងគេ​តែ​ភាគច្រើន ពេលយើងគិតថាគំនិតមួយនោះគ្រាន់តែគ្រាន់បើ មិនល្អណាស់ណាទេនោះ យើង​ប្រាកដជាបោះវាចោលហើយ។ ប៉ុន្តែយើងមិនដឹងថាគំនិតនោះអាចក្លាយជាគំនិតដ៏អស្ចារ្យ​មួយ ប្រសិនបើយើងចេះកែច្នៃ។ គំនិតដែលបងើ្កតឡើងមកអស្ចារ្យតាំងពីដំបូងកម្រមាន​ណាស់ ពោលគឺគ្មានតែម្តង។ វាក៏ដូចជាការតែងប្រលោមលោកដែរ។ សៀវភៅប្រលោម​លោកដ៏ល្អអស្ចារ្យត្រូវការខិតខំតាក់តែងរាប់ខែ រាប់ឆ្នាំ ត្រូវការសរសេរឡើងវិញរាប់រយដង ទើប​សម្រេចបានមូយក្បាលៗ។ តែដល់ពេលយើងយកមកអានផ្ទាល់យើងគិតថាវាល្អអស្ចារ្យតាំង ពីដំបូងមក ដោយមិនគិតពី​ការខំព្យាយាមច្រើនលើកច្រើនសារដើម្បីកែតម្រូវ និងសរសេរឡើងវិញ។

ត្រូវតែហ៊ានធ្វើការសាកល្បង

គំនិតដែលអស្ចារ្យកើតមកពីអ្វីដែលយើងឃើញ លឺផ្ទាល់ ពីមនុស្សដែលយើងប្រាស្រ័យទាក់​ទងជាមូយ ហើយអ្វីដែលសំខាន់គឺវាអាចជាដំណោះស្រាយសម្រាប់បញ្ហាណាមួយ។ នេះហើយជាការបង្កើតថ្មី។ ការបង្កើតអ្វីថ្មីៗ កើតចេញពីការដោះស្រាយចំណោទបញ្ហា។ ដូច្នេះហើយ នៅពេលអ្នកជួបប្រទះបញ្ហាអ្វីមួយ ព្យាយាមរកដំណោះស្រាយ ព្រោះវាជាឪកាស​ដ៏ល្អដែលយើងអាចបង្កើតអ្វីថ្មី។ ទោះបីជាបញ្ហានោះមានដំណោះស្រាយរួចក៏ដោយ ព្យាយាម​រកអ្វីដែលល្អជាងអ្វីដែលកំពុងមាន។

ត្រូវហ៊ានធ្វើការសាកល្បង

គំនិតរបស់អ្នកដំបូងឡើយអាចធម្មតាៗ ឬមិនល្អទាល់តែសោះ តែអ្នកចាំថា គំនិតទាំងនោះត្រូវ​ការកែច្នៃ។ អញ្ចឹងហើយបើអ្នកមានគំនិតអ្វីមួយ កុំបោះបង់វាចោលទោះបីអ្នកគិតថាវាអាក្រក់​យ៉ាងណាក៏ដោយ។ សាកល្បងយកវាមកកែច្នៃសិនទើបសម្រេចចិត្តព្រោះអ្នកអាចសម្រេច​ចិត្តខុសបានបើមិនទាន់បានសាកល្បងអោយអស់ចិត្ត៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.