កុំមើលងាយអោយសោះ ជម្ងឺផ្លូវចិត្តក៏អាចធ្វើអោយមានជម្ងឺក្រពះធ្ងន់ធ្ងរផងដែរ
Connect with us

សុខភាព & សម្រស់

កុំមើលងាយអោយសោះ ជម្ងឺផ្លូវចិត្តក៏អាចធ្វើអោយមានជម្ងឺក្រពះធ្ងន់ធ្ងរផងដែរ

ជម្ងឺផ្លូវចិត្តត្រូវបានកំពុងក្លាយជាប្រធានបទមួយដែលគេចូលចិត្តពិភាក្សារនាពេលបច្ចុប្បន្ននេះ ដោយសារតែកំណើនជម្ងឺនេះបានកើនឡើងមិនឈប់ ដែលក្នុងនោះមានអ្នកជម្ងឺជាច្រើនបានឈានដល់សម្រេចចិត្តសម្លាប់ខ្លួនបញ្ចប់ជីវិតខ្លួនឯងទៀតផង។ប៉ុន្តែក្រៅពីផលប៉ះពាល់ដល់ផ្លូវចិត្ត ខួរក្បាល និងការរស់នៅប្រចាំថ្ងៃ វាក៏អាចជះឥទ្ធិពលដល់សរីរាង្គខាងក្នុងរបស់រាងកាយផងដែរ ពោលគឺវាអាចធ្វើអោយមានជម្ងឹក្រពះធ្ងន់ធ្ងរទៀតផង។

តាមការបកស្រាយពីលោកវិជ្ជបណ្ឌិត ឈឹម សុធារ៉ា ដែលមានជំនាញខាងវេជ្ជសាស្ត្រផ្លូវចិត្តមកពីប្រទេសអូស្ត្រាលី បានបង្ហាញអោយដឹងថាបញ្ហាផ្លូវចិត្តពិតជាអាចធ្វើអោយឈានទៅរកជម្ងឺក្រពះពិតមែន ដោយឧទាហរណ៍ជាក់ស្តែងគឺកើតមានលើអ្នកជម្ងឺរបស់លោកផ្ទាល់តែម្តង។

លោកបានដាក់ឈ្មោះអ្នកជម្ងឺរបស់ខ្លួនថា ចន្នី ដើម្បីតំនាងដល់អ្នកជម្ងឺនោះ។ “ប្អូនស្រី ចន្នី (ឈ្មោះដាក់អោយ) អាយុ ៣៩ ឆ្នាំ បានចូលមកពិគ្រោះជំងឺនៅគ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្ត ក្រោយពីបរាជ័យជាច្រើនលើកច្រើនសារក្នុងការព្យាបាលជំងឺក្រពះរបស់ប្អូន។ វេជ្ជបណ្ឌិតផ្នែកក្រពះពោះវៀនបានផ្តល់អនុសាសន៍អោយប្អូនមកពិគ្រោះជំងឺផ្លូវចិត្តម្តង ព្រោះវេជ្ជបណ្ឌិតបានឆ្លុះក្រពះ និងព្យាបាលអស់ពេលយ៉ាងយូរតែហាក់ដូចមិនមានប្រសិទ្ធិភាពអ្វីបន្តិចទេ។ ជំងឺក្រពះរបស់ប្អូនចន្នីបានកើតមានជាង៣ឆ្នាំមកហើយ គឺប្អូនតែងតែក្តៅក្រហាយនិងរមួលឆ្អល់នៅចុងដង្ហើមជាប់ជាប្រចាំ។

ប្អូនបានរំលឹកឡើងថា បញ្ហាក្រពះនេះកើតមានក្រោយពីប្អូនមានការពិបាកចិត្តដោយសារការខាតបង់ក្នុងជំនួញ។ នៅពេលនោះប្អូនមានអារម្មណ៍ពិបាកចិត្ត គិតច្រើន គេងមិនលក់និងមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ តាំងពីពេលនោះមកប្អូនចាប់អារម្មណ៍ថាហាក់ដូចជាបញ្ហាក្រពះបានកើតឡើងតំណាលគ្នាដែរ តែប្អូនមិនបានចាប់អារម្មណ៍ពីការពិបាកចិត្ត និងការអស់សង្ឃឹមឡើយ។ ‘

ការព្យាបាលផ្នែកក្រពះពោះវៀនទាំងនៅមន្ទីរពេទ្យស្រុកខ្មែរនិងទាំងនៅមន្ទីរពេទ្យខេត្តសុរិន បានត្រឹមតែធ្វើអោយប្អូនបានធូរស្រាលក្នុងពេលព្យាបាល តែពេលឈប់លេបថ្នាំប្អូនមានបញ្ហាក្រពះទៀតដ៏ដែល។ ជាមួយគ្នានេះដែរ ប្អូនស្រីចន្នី មានអារម្មណ៍ឆាប់ខឹង បាត់បង់បាត់បង់អារម្មណ៍សប្បាយ បាត់ចំណាប់អារម្មណ៍លើអ្វីៗដែលខ្លួនធ្លាប់ចូលចិត្តពីមុន ញញឹមមិនចេញ បើចង់យំក៏យំមិនដែលចេញទឹកភ្នែកសោះឡើយក្នុងរយៈពេល៣ឆ្នាំមកនេះ។ ប្អូនស្រីនិយាយថាគ្មាននរណាអាចយល់ពីអារម្មណ៍បែបនេះរបស់ស្រីឡើយ។

ការពិគ្រោះនិងការវាយតំលៃពិន្ទុដោយប្រើកំរងសំណួរ DASS បញ្ជាក់ថាប្អូនមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងក្រៃលែង។ ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីស្តាប់បញ្ហារបស់ប្អូនស្រីដោយការយល់ចិត្ត និងការយកចិត្តទុកដាក់បំផុត។ ហើយខ្ញុំក៏បានពន្យល់ពីបញ្ហារបស់ប្អូនទៅប្អូនវិញ ដែលបានធ្វើអោយប្អូនយល់ច្បាស់ពីជំងឺ ពីទំនាក់ទំនងគ្នារវាងផ្លូវកាយនិងផ្លូវចិត្ត និងយល់ថាជំងឺក្រពះរបស់ប្អូនកើតមានដោយប្អូនមានជំងឺធ្លាក់ទឹកចិត្ត។ កាយវិការបែបនេះបានធ្វើអោយប្អូនស្រីមានអារម្មណ៍ថាមានអ្នកយល់ចិត្ត ដែលជាហេតុធ្វើអោយប្អូនស្រីចាប់ផ្តើមយំយ៉ាងឮសូរខ្លាំងៗនិងរយៈពេលយ៉ាងយូរទៀតផង។

ខ្ញុំបានទុកឳកាសអោយប្អូនស្រីចន្នី បានបន្ធូរអារម្មណ៍តាមរយៈការយំ មិនរំខានប្អូន ហើយរង់ចាំហុចក្រដាស់ជូតទឹកភ្នែកពេលប្អូនត្រូវការ។ ប្អូនស្រីនិយាយថាខ្ញុំមិនដែលយំខ្លាំងៗនិងយំដោយចេញទឹកភ្នែកបែបនេះទេ ហើយខ្ញុំក៏មិនដែលញញឹមចេញដែរ។ ប្អូនស្រីចន្នីនិយាយថា គេគ្រប់គ្នាថា ”ខ្ញុំគឺជាមនុស្សកំណាញ់ការញញឹម” ព្រោះខ្ញុំមិនដែលញញឹមដាក់នរណាឡើយក្នុងរយៈពេល៣ឆ្នាំនេះ។

នៅពេលចប់ការពិគ្រោះហើយលាត្រលប់ទៅផ្ទះវិញ ប្អូនស្រីចន្នីនិយាយទាំងញញឹម ថានេះគឺជាលើកទីមួយក្នុងរយៈពេល៣ឆ្នាំដែលខ្ញុំបានញញឹមនិងយំចេញទឹកភ្នែក។ ខ្ញុំបានរកឃើញពីមូលហេតុជំងឺរបស់ខ្ញុំហើយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងជាដូចដើមវិញ។”

បន្ទាប់ពីដឹងពីបញ្ហានេះ ប្រសិនបើប្រីយមិត្តមានបញ្ហាដូចបងស្រីចន្នី សូមប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តដោយកុំខ្មាស់ស់អៀននិងអោយបានរួសរាន់។

ប្រភព៖ វេជ្ជសាស្ត្រផ្លូវចិត្ត – បណ្ឌិតឈឹម សុធារ៉ា – វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត

អត្ថបទល្អផ្សេងទៀត៖ សញ្ញា​ទាំង​ ៥ ​យ៉ាង​ដែលបញ្ជាក់ថាអ្នក​កំពុងតែមានជម្ងឺផ្លូវចិត្ត

អារម្មណ៍មនុស្សយើងមាន២បែបគឺសប្បាយចិត្ត និងក្រៀមក្រំចិត្ត ដែលវាបង្ហាញអោយឃើញតាមរយៈពាក្យសម្តីនិងកាយវិការដែលបានធ្វើ។ ពេលខ្លះទៀតព្យាយាមបន្លំចិត្តខ្លួនឯងផងដែរ ទាំងដែលកំពុងមានអារម្មណ៍ក្រៀមក្រំ។ យ៉ាងណាមិុញ ខាងក្រោមនេះជាសញ្ញាទាំង៥ដែលបញ្ជាក់ថាអ្នកកំពុងក្រោមក្រំចិត្ត និងមិនសប្បាយចិត្តខ្លាំង។ 

១) ព្យាយាមឃ្លាតឆ្ងាយពីអ្នកដទៃ

 អ្នកអាចដឹងថាអ្នកជាមនុស្សធ្លាក់ទឹកចិត្តបាន ដោយសារតែគម្លាតកាន់តែឆ្ងាយរវាងអ្នកនឹងអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនមិត្តភក្ដិក៏កាន់តែតិចតួច មិនសូវមានភាពសកម្មជាមួយអ្នកដទៃ មិនចង់ជួបមុខជាមួយនរណា ហើយតែងមានគំនិតអវិជ្ជមានផងដែរ។

២) គ្មានចំណាប់អារម្មណ៍នឹងអ្វីទាល់តែសោះ

សកម្មភាពណាដែលធ្លាប់ធ្វើឲ្យអ្នកសប្បាយរីករាយហើយអ្នកខ្វះមិនបាននោះ តែប្រែក្លាយទៅជាគ្មានន័យដូចមុនក៏ជាសញ្ញាបង្ហាញថាអ្នកកំពុងក្រៀមក្រំចិត្តដែរ។ 

៣) ផ្លាស់ប្ដូរចិត្តលឿន

អ្នកដែលមានការក្រៀមក្រំចិត្តតែងផ្លាស់ប្ដូរអារម្មណ៍ភ្លឹបភ្លែត ដែលពេលខ្លះក៏សប្បាយរួចប្រែទៅជាយំសោកវិញយ៉ាងឆាប់រហ័សក៏មាន។ ដូចនេះអ្នកក៏អាចដឹងថាខ្លួនឯងកំពុងពិបាកចិត្ត នៅពេលមានការផ្លាស់ប្ដូរអារម្មណ៍លឿនបែបនេះ។

៤) តែងតែនឿយហត់អស់កម្លាំង

 ការខ្វាយខ្វល់និងគិតច្រើនពីរឿងមិនសប្បាយចិត្តនានា ក៏បណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ហើយក៏មានអារម្មណ៍ថាខ្លួនគ្មានកម្លាំងកំហែងក្នុងការធ្វើអ្វីមួយ។ ដូចនេះអ្នកគួរចេះលើកទឹកចិត្តខ្លួនឯង ដើម្បីកុំឲ្យមានការធ្លាក់ទឹកចិត្តព្រោះ វាអាចប៉ះពាល់ខ្លាំងដល់សុខភាពផងដែរ។

៥) ការអត់ងងុយ

ជាការពិតណាស់ ការធ្លាក់ទឹកចិត្តគឺជាបញ្ហាផ្លូវចិត្តមួយ ដែលពេលខ្លះវាប៉ះពាល់ដល់ដំណេកប្រចាំថ្ងៃរបស់អ្នក។ នៅពេលដែលអ្នកចំណាយពេលច្រើនម៉ោងក្នុងការសំងំគេង ហើយវានៅតែមិនបានផល នោះបញ្ជាក់ថាអ្នកមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរហើយ៕

មតិយោបល់

ពេញនិយម