អនិច្ចារសីលធម៌​យុវវ័យ​ខ្មែរ ក្នុង​សម័យទំនើប​ Facebook! តើសេចក្ដីថ្លៃថ្នូរបាត់ទៅណាអស់?
Connect with us

បែបផែនជីវិត

អនិច្ចារសីលធម៌​យុវវ័យ​ខ្មែរ ក្នុង​សម័យទំនើប​ Facebook! តើសេចក្ដីថ្លៃថ្នូរបាត់ទៅណាអស់?

វត្តមាន Facebook នៅ​ក្នុង​ប្រទេស​កម្ពុជាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បាន​ចូល​រួម​ចំណែក​អភិវឌ្ឍ​ការ​យល់​ដឹង​និង​សម្រួល​​ដល់​សេដ្ឋកិច្ច​គ្រួសារ​ជា​ច្រើនតាមរយៈ​ការ​រកស៊ី​​អនឡាញ តែ​ទន្ទឹម​នឹង​នោះបណ្តាញ​សង្គម​យក្ស​ដ៏​មាន​ឥទ្ធិពល​ទូទាំង​ពិភពលោក​មួយ​នេះ បាន​ផ្លាស់ប្តូរ​សីលធម៌ពលរដ្ឋខ្មែរ​តែ​មួយ​រំពេច​ភ្នែកពី​ល្អ​ផូរផង់ មក​​ជា​ការ​ជេរ​ប្រទិច​គ្នា​គ្មាន​ញញើត​មាត់។

ពលរដ្ឋ​ខ្មែរ ពិសេស​យុវវ័យ​សម័យ​ថ្មី ប្រើបណ្តាញ​សង្គម​ដើម្បី​ជេរប្រទិចគ្នា ហើយ​ពេល​ខ្លះគ្រាន់​​​ឃើញ​ព័ត៌មាន​អ្វី​មួយ ពួកគេ​មិន​បាន​គិត​ត្រិះរិះពិចារណា​ឲ្យ​សព្វជ្រុងជ្រោយ​ជាមុន​សិន​ឡើយ បែរ​ជា​នាំគ្នា​ខមមិនជេរប្រទិច​ហែកហួរ​គ្នា សូម្បី​តែ​តារាស្រីល្បី​ក៏ជេរបញ្ចោរ​គ្នា​មិន​ចេះ​ខ្មាស់​មហាជនបន្តិច​ឡើយ។

តើ​សីលធម៌​ខ្មែរ បាត់បង់ទៅ​ណា​អស់ហើយ?​ ពេល​ខ្លះ​ការ​ធ្វើ​បែប​នេះ​ អាច​នាំ​ឲ្យ​ភាគី​ទាំង​សង​ខាង​ខាតបង់ ឬ​ខ្លះ​សូម្បី​តែ​អាយុជីវិតនិង​អនាគត។

អាច​និយាយ​ដោយ​ត្រង់​ថា នេះ​ដោយ​សារ Facebook ជា​អ្នក​បំពុល​សង្គម គួប​ផ្សំ​និង​មនុស្ស​ខ្មែរ​សម័យ​ទំនើប​ចិត្ត​ភ្លើង​ចំបើង បញ្ឆេះ​ត្រង់​ណាបន្តិច​ ឆេះ​រោលរាល​ខ្ទិចខ្ទី​គ្មានសល់ តែ​ក៏​ឆាប់បាត់​មក​វិញ។ នេះ​ជា​ចំណុច​ខ្សោយ​ ងាយ​ស្រួល​ឲ្យ​ពួកគេ​ចាញ់​បោក និង​រងគ្រោះធ្ងន់​បំផុត។

កាន់តែ​អាក្រក់​លើស​នេះ​ទៅ​ទៀត ព័ត៌មាន​បោកប្រាស់ភូតកុហក់ វីដេអូ​និង​រឿង​ប្រលោមលោក​អាសអាភាស បញ្ឆេះដុំ កាន់​តែ​រីកស្គុះស្គាយ​បំពុល​ដល់​សង្គម​ខ្មែរ​គួរ​ឲ្យ​បារម្ភ។

ចំណែកយុវតីខ្លះ​វិញ ព្រោះ​តែការ​ចង់បាន​ Like និង Share សុខ​ចិត្ត​ថត​សិចស៊ី ស្ទើរ​តែ​បញ្ចេញ​អស់​កេរ្តិខ្មាស់ ដើម្បី​តែ​ចង់បាន​ប្រជាប្រិយភាព​ពី​បុរសៗ។ រួច​ហើយ​បាន​អ្វីមកវិញ? គឺ​មាន​តែ​កើត​ឡើង​នូវ​បទ​ល្មើស​រំលោភ សំលាប់ ធ្វើ​អត្តឃាត​ តែប៉ុណ្ណោះ។

ខ្មែរ​ជាង ៩០ភាគរយ​កាន់ព្រះពុទ្ធសាសនា តែ​ពុទ្ធសាសនិក​ខ្មែរតិចណាស់​យល់​ពីព្រះពុទ្ធសាសនា ថែម​ទាំង​ដើរ​ប្រាស់ចាក​ពី​ការទូន្មាន​របស់​ព្រះពុទ្ធ នាំ​ឲ្យ​សីលធម៌​កាន់​តែ​ធ្លាក់​ដុនដាប​គួរ​ជាទីសង្វេគ។

បើ​អ្នក​មិន​ផ្លាស់ប្តូរពីឥឡូវនេះ​ទេ អនាគត​កូនចៅអ្នក​នឹង​មិន​ខុស​ពី​អ្នកឡើយ៕

ផ្ដល់សិទ្ធិ៖ angkorpost

អត្ថបទទាក់ទង៖ សម្ដីសរជាតិ ស្លាប់រស់ដោយសារសម្ដី! ចេះ២០ចំណុចនេះដើម្បីចុះចូលមនុស្សគ្រប់ចំណោម!

“​សម្ដីសរជាតិ មាយាទសរពូជ” ពិតជាមិនខុសទេ។ សម្ដីជាអាវុធមុខពីរ អាចធ្វើឱ្យមនុសុ្សរស់ឬស្លាប់ដោយសារសម្ដី។ វាអាស្រ័យលើថាតើលោកអ្នកប្រើប្រាសវាដោយរបៀបណា។

តែបើលោកអ្នកអាចត្រងត្រាប់តាមចំណុចខាងក្រោម នោះយើងអាចធានាថាលោកអ្នកអាចនឹងចុះចូលចំណោមមនុស្សគ្រប់ប្រភេទគ្រប់កាលៈទេសៈ៖

​ ​១. ជាមួយ​ឪពុកម្តាយ៖

ត្រូវប្រើប្រាស់ពាក្យពេជន៍ជាមួយលោកទាំងពីរដោយ​សេចក្តីស្រឡាញ់​ និងក្ដីគោរព។

​ ​២. ជាមួយ​ភរិយា៖

ត្រូវសាសងជាមួយនាងដោយ​សេចក្តី​ស្មោះត្រង់ ផ្អែមល្ហែមនិងស្រឡាញ់អស់ពីចិត្ត។

៣. ជាមួយស្វាមី៖

ត្រូវពោលពាក្យស្រទន់ ផ្អែមល្ហែមជាមួយគាត់ប្រកបដោយកាយវិការរាក់ទាក់និងភាពស្មោះត្រង់។

៤. ជាមួយបងប្អូន៖

ត្រូវសន្ទនាជាមួយគ្នាដោយការស្រឡាញ់រាប់អានជ្រាលជ្រៅ មិនមានពុតត្បុតឡើយនិងចេះចែករំលែកគ្នាទៅវិញទៅមក។

៥. ជាមួយកូនៗ៖

ត្រូវពោលពាក្យសមរម្យជាមួយកូន ហាមប្រើពាក្យ “អា មី” និងពាក្យអសុរោះផ្សេងៗ និងត្រូវនិយាយរកពួកគេដោយក្ដីស្រឡាញ់ អប់រំប្រៀនប្រដៅ និងមិនត្រូវប្រៀបធៀបទៅកូនគេដាច់ខាត។

៦. ជាមួយសាច់ញាតិ៖

ត្រូវនិយាយរកពួកគេដោយការគោរព ចេះដឹងទុក្ខធុរៈ ពោលសរសើរនិងហាមនិយាយដើមគ្នាទៅវិញទៅមក។

៧. ជាមួយមិត្តភក្ដិ៖

Related image

ត្រូវសន្ទនាគ្នាដោយអស់ពីចិត្ត ដោយបើកចិត្តឱ្យទូលាយទទួលយកចំណុចល្អនិងអាក្រក់ពីគ្នានិងកែលម្អគ្នាទៅវិញទៅមក។

៨. ជាមួយអ្នកធំជាង៖

ត្រូវពោលពាក្យឱ្យលំទោន គោរពប្រណិបត្តិនិងមិនត្រូវនិយាយដើមចៅហ្វាយនាយដាច់ខាត។

៩. ជាមួយអ្នកតូចតាចជាង៖

ត្រូវចេះលើកសរសើរអ្នកក្រោមបង្គាប់ ចេះលើកទឹកចិត្ត ហាមនិយាយបណ្ដុះបង្អាប់នៅមុខគេមុខឯង។

១០. ជាមួយអតិថិជន៖

ត្រូវចេះយកចិត្ត រួសរាយរាក់ទាក់មិនត្រូវចោលកំហឹងនៅកន្លែងការងារដាក់អតិថិជនដាច់ខាត។

១១. ជាមួយគ្រូបាអាធ្យាយ៖

Related image

និយាយអ្វីក៏ដោយត្រូវចាំក្នុងចិត្តនូវគុណបំណាច់ពួកគាត់ជានិច្ច ដោយចាត់ទុកគាត់ជាឪពុកម្ដាយទីពីរ។​

១២. ជាមួយសិស្ស៖

ត្រូវចេះពោលពាក្យលើកទឹកចិត្ត បណ្ដុះស្មារតីគ្នាឱ្យចូលចិត្តការសិក្សា និងមិនអស់សង្ឃឹមពេលបានលទ្ធផលមិនល្អ៕

១៣. ជាមួយសង្សារ៖

ចេះពោលពាក្យផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក តែចាំថាបើមិនទាន់ជាប្ដីប្រពន្ធទេក៏កុំហ៊ានសួរនាំរឿងឯកជនគេច្រើនហួសហេតុពេក។

១៤. ជាមួយអ្នកនយោបាយ៖

និយាយត្រូវមានការប្រយ័ត្នសម្ដីកុំឱ្យគេចាប់ថ្នាក់យើងបាន តែក៏ត្រូវរក្សាសីលធម៌ដែរ។

១៥. ជាមួយអ្នកដទៃឬមនុស្សចម្លែក៖

បើយើងមិនដឹងគេច្បាស់ថាជាមនុស្សដូចម្ដេច គ្រាន់តែគិតក្នុងចិត្តថាគេជាមនុស្សល្អទៅដោយកុំខ្វល់ពីសម្បកក្រៅអី ពេលនោះសម្ដីអ្នកនឹងល្អតាមនោះដែរ។

១៦. ជាមួយព្រះសង្ឃ៖

ត្រូវដឹងពីពាក្យពេជន៍គួរសមជាមួយព្រះសង្ឃដូចជា “តេជគុណ” “ខ្ញុំកូណា” “ឆាន់” “និមន្ដ” ជាដើម។ បើពុំដឹងច្បាស់យកល្អស្ងៀមជាងស្រដី។

១៧. ជាមួយជនបរទេស៖

បើអាចនិយាយភាសាគេបាននោះល្អប្រសើរណាស់វានាំឱ្យគេកាន់តែចូលចិត្ត ហើយគួរប្រយ័ត្ននិយាយអ្វីប៉ះពាល់វប្បធម៌គេ ព្រោះជនជាតិនីមួយៗមានការប្រកាន់ខុសៗគ្នា។

១៨. ជាមួយជនពិការ៖

ត្រូវនិយាយគួរសមមិនត្រូវបញ្ចេញអាកប្បកិរិយាឬសម្ដីដែលនាំឱ្យប៉ះពាល់ទឹកចិត្តពួកគាត់ទេ។ 

១៩. ជាមួយអ្នកជម្ងឺ៖

បើអាចលាក់ឬស្ថានភាពជម្ងឺបានក៏គួរលាក់ខ្លះ ដើម្បីកុំឱ្យអ្នកជម្ងឺបាក់ទឹកចិត្តនឹងតស៊ូនឹងការព្យាបាល។

២០. ជាមួយសត្រូវ៖

បើចាំបាច់ត្រូវសន្ទនាជាមួយសត្រូវ ត្រូវប្រកាន់ខ្ជាប់ទីមួយក្រមសីលធម៌ដើម្បីបង្ហាញឱ្យគេឃើញពីភាពថ្លៃថ្នូររបស់យើង។ ក្រៅពីនោះត្រូវចេះដូចជារក្សាការសម្ងាត់ និងកុំបង្ករឿងមុន។

បើលោកអ្នកគិតថាមានប្រយោជន៍សូមជួយចែករំលែកបន្ត ហើយបើមានអ្វីចង់កែសម្រួលនិងបន្ថែមយើងខ្ញុំស្វាគមន៍ជានិច្ច៕

មតិយោបល់

ពេញនិយម