តើវិមានឯករាជ្យសង់ឡើងដើម្បីអ្វី? តំណាងឱ្យអ្វី? និងផ្ដើមកសាងតាំងពីឆ្នាំណា?
Connect with us

គួរដឹង

តើវិមានឯករាជ្យសង់ឡើងដើម្បីអ្វី? តំណាងឱ្យអ្វី? និងផ្ដើមកសាងតាំងពីឆ្នាំណា?

វិមានឯករាជ្យ (Independence Monument) ត្រូវបានកសាងនៅឆ្នាំ ១៩៥៨ ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣។​ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុងភ្នំពេញ។

Image result for វិមានឯករាជ្យ

វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ ៥ជាន់ លម្អដោយក្បាលពស់នាគរាជចំនួន ១០០ សង់តាមគំរូរចនាបរបស់ទអង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ (Vann Molyvann)។ នៅចុងឆ្នាំ២០០៧ សាលាក្រុងភ្នំពេញ បានស្ថាបនាកែលម្អរវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកំរិតទៀត គួរជាទីទាក់ទាញ ដែលការកែលំអរនេះចំនាយថវិការអស់ប្រហែល ៥០០លានរៀល។

សំណង់ដ៏ល្បីល្បាញនេះ គឺតំណាងឱ្យការទាមទារសេរីភាព និងឯករាជ្យជាតិពីបារាំងវិញ នៅឆ្នាំ ១៩៤៩ និងដើម្បីឧទ្ទិសដល់បុព្វបុរសខ្មែរ និងអ្នកស្នេហាជាតិជាច្រើនបានពលីជីវិតដើម្បីទាមទារឯករាជ្យជាតិ ជូនដល់កម្ពុជា។

Image result for វិមានឯករាជ្យ

Image result for វិមានឯករាជ្យ

ប្រវត្តិ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង

​នៅក្នុង​ឆ្នាំ​១៩៤៩ ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បានទាមទារ​ឱ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩​ ដដែល ព្រះអង្គ​ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ សន្ធិសញ្ញា​ដែល​ចុះ​នៅ​ឆ្នាំ​១៩៤៩ គឺ​ប្រើប្រាស់​សម្រាប់​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤ ។

​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ សម្ដេច​ព្រះបាទ​នរោត្តម សីហនុ ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរណ៍​ជូន​ជាតិ​មាតុភូមិ​ឱ្យបាន​ដាច់ខាត ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត ។ ក្នុងពេលនោះ ដោយ​មាន​សហការី ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​បារាំង ក្នុង​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​១៩៥៣ ដើម្បី​ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។

រូបភាពពាក់ព័ន្ធ

ព្រះអង្គ​បាន​ផ្ញើ​សារលិខិត ជូន​លោក វ៉ាំង​សង់ អូ​រី​យ៉ូល ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​ចំនួន​៣​លើក លើក​ទី​១ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​, លើក​ទី​២ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដដែល និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ ។ គ្រា​នោះ រដ្ឋាភិបាល​បារាំង​ពុំ​បាន​អើពើ​ទៅ​នឹង​សំណើ​នោះឡើយ ព្រះអង្គ​ទ្រង់​ក៏​សម្រេច​ព្រះទ័យ​យាង​ចាកចេញ​ទៅ​ធ្វើ​យុទ្ធនាការ​ទាមទា​រឯក​រាជ្យ នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​១៩៥៣ ។

​នៅ​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កាណាដា សម្ដេចព្រះ​នរោត្តម សីហនុ បាន​ថ្លែង​ទៅ​អ្នកសារព័ត៌មាន ដោយ​បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ពីរ ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា​និង​ប្រទេស​បារាំង ដែល​ជា​តំណាង​ប្រទេស​លោក​សេរី​ក្នុង​ឥណ្ឌូចិន ចំណុច​ទី​១ គឺ​បញ្ហា​ប្រយុទ្ធប្រឆាំង​នឹង​ពួកកុ​ម្មុយ​នី​ស និង​ចំណុច​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរណ៍​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។

លទ្ធផល​រូបភាព​សម្រាប់ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ

ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​ខ្មែ​រពុំ​ត្រូវការ​របប​កុ​ម្មុយ​នី​ស​ទេ ព្រោះថា​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ សុទ្ធតែ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​សម្រាប់​បង្កបង្កើន​ផលរ​បស់​ខ្លួន ។ បញ្ហា​ដែល​គេ​ចង់បាន​នោះ គឺ​ឯករាជ្យ​បរិបូរណ៍ សម្រាប់​ប្រទេសជាតិ ។ ចំណែក​ពួកកុ​ម្មុយ​នីស​គេ​មើលឃើញថា ប្រទេស​កម្ពុជា​ជា​ទីតាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ ។

​ដោយឡែក នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ក៏​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ ឈ្មោះ​ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​១៩៥៣ លាន់​ឮ​ខ្ទរខ្ទារ​ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មាន​ការភ្ញាក់ផ្អើល ។

លទ្ធផល​រូបភាព​សម្រាប់ cambodian fight for independence

ខ្លឹមសារ​នៃ​អត្ថបទ​នោះ​គឺ «… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ទេ នោះ នឹង​មាន​គ្រោះថ្នាក់​មួយ​យ៉ាង​ពិតប្រាកដ គឺ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួកកុ​ម្មុយ​និ​ស​» ។ ព្រះ​បរម​រតន​កោដ្ឋ​បាន​លើកឡើង​ថា ក្នុងករណី​មាន​ការគំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា «​ពួក​បារាំង​ទាំងអស់ ដែល​នៅក្នុង​ស្រុក​ខ្មែរ​នឹង​ត្រូវ​ឡោម​ព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ …» ។

ព្រះ​បញ្ញាញាណ​ខាងលើនេះ បាន​ធ្វើ​ឱ្យ​មតិ​សកលលោក ពិសេស​លោក​ខាងលិច តម្រូវ​ឱ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ឯករាជ្យ​បរិបូរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការចរចា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ឈាន​ទៅដល់​សំណើ​មួយ​ដែល​ធ្វើឡើង​ដោយ​មាន​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។

លទ្ធផល​រូបភាព​សម្រាប់ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ

ព្រះអង្គ​ទ្រង់​ក៏​យាង​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយក​រដ្ឋមន្ត្រី​របស់​ព្រះអង្គ ។ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៥៣ ព្រះអង្គ​ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើម​យក​ឯករាជ្យ​ឱ្យបាន​១០០ ភាគរយ​» ។ ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះអង្គ​ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវ​ពល និង​កងនារីក្លាហាន ។ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល​កម្ពុជា ។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ពោល​គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែ​វ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ទទួលឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង ។ បារាំង​ក៏​បាន​ធ្វើ​ពី​ធី​មួយ​នៅមុខ​ព្រះបរមរាជវាំង​ដែល​ឧទ្ធិស​ចំពោះ​ការដកថយ នៃ​អំណាច​របស់​បារាំង​ពី​កម្ពុជា ។ លោក​ឧត្តមសេនីយ៍ ឡ​ង់ ក្លាត បានប្រគល់​យ៉ាង​មហោឡារិក នូវ​អំណាច​បញ្ជាការ​របស់​ខ្លួន​ថ្វាយ​ព្រះរាជា ។

គ្រា​នោះ កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​កម្ពុជា ។ ពពក​ខ្មៅ​ចុងក្រោយ ​ដែល​បិទបាំង​មិត្តភាព​ខ្មែរ​-​បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង បន្ទាប់​ពី​ការទទួលស្គាល់​ទាំងស្រុង​ពី​ប្រទេស​បារាំង នៅ​ខែ​ធ្នូ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​ទាំងមូល​របស់​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​យ៉ាងណាមិញ តាមរយៈ​ការបំពេញ​តាម​សន្យា​របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា “ជា​ព្រះបិតា​ឯករាជ្យ​ជាតិ” ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ជាតិ​រដ្ឋាភិបាល បាន​លើក​ព្រះអង្គ​ជា​វីរៈបុរស​ជាតិ ស្រប​តាម​ព្រះ​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧត្តុងឧត្តម​របស់​ព្រះអង្គ៕

ផ្ដល់សិទ្ធិដោយ៖ Monovichea

អត្ថបទទាក់ទង៖ វណ្ណមូលីវណ្ណ៖ បោះបង់ជំនាញច្បាប់ស្រវាយកស្ថាបត្យកម្មរហូតអាចកែប្រែមុខមាត់កម្ពុជា!

ថ្ងៃនេះក្នុងផ្នែក “ពួកគេជានរណា” Anarchak សូមត្រឡប់មកមើលបុគ្គលខ្លាំងពូកែៗរបស់ប្រទេសកម្ពុជាវិញ ដោយមកផ្ដោតលើអតីតស្ថាបត្យករដ៏ល្បីល្បាញប្រចាំប្រទេសគឺលោក វណ្ណមូលីវណ្ណ។

លោក វណ្ណមូលីវណ្ណ កើតនៅឆ្នាំ 1926 នៅខេត្តកំពត ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​យ៉ាងធំធេង​ក្នុង​វិស័យ ស្ថាបត្យកម្ម​ខ្មែរ​ទំនើប ជាពិសេស​ក្នុង​សម័យសង្គមរាស្ត្រនិយម (1955–1970) ​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលកាលណោះកម្ពុជាកំពុងស្ថិតក្នុងសភាពជឿនលឿនក្នុងតំបន់។

លោក​បាន​បញ្ចប់ថ្នាក់​​​ទុតិយភូមិ​​ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ 1944 ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​ 1946។ បន្ទាប់​ពី​សិក្សា​ច្បាប់បាន​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​វិញហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យនិង​ត្រលប់​មក​មាតុប្រទេស​​វិញ​នៅ​ឆ្នាំ 1955។

ក្រោយ​មកលោក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា និង​ជា​ព្រឹទ្ធបុរសទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ។

លោកបានបន្សល់ទុកស្នាដៃស្ថាបត្យកម្មជាច្រើនដ៏គួរឱ្យកត់ស្ញប់ស្ញែងហើយល្បីទៅក្រៅប្រទេសទៀតផង ហើយស្នាដៃរបស់លោករួមមាន៖ សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិអូឡាំពិច វិទ្យាស្ថានភាសាបរទេស (IFL) និងសំណង់សំខាន់ៗជាច្រើនទៀត។

នៅទសវត្សន៍ឆ្នាំ 1970​លោកនិងគ្រួសារបានភៀសខ្លួនទៅប្រទេសស្វ៊ីសដើម្បីគេចពីសង្គ្រាម ហើយបានត្រឡប់មកកម្ពុជាវិញនៅទសវត្សន៍ឆ្នាំ 1990 និងធ្លាប់បានបម្រើការជារដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដែនដីនគររូបនីយកម្មមួយរយៈផងដែរ៕

ខាងក្រោមជារូបភាពមួយចំនួននៃស្នាដៃស្ថាបត្យកម្មរបស់លោកវណ្ណមូលីវណ្ណ៖

វិមានឯករាជ្យជាតិ

សាលមហោស្រពចតុមុខ

ពហុកីឡាដ្ឋានជាតិអូឡាំពិច

វិទ្យាស្ថានភាសាបរទេស (IFL)

និងសំណង់សំខាន់ៗជាច្រើនទៀត៖

ចុចអាន៖ ខ្លីៗអំពីសម្ដេច “ជួន ណាត” ធនធានដ៏កម្ររបស់កម្ពុជា

ចុចអាន៖ លោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្នឺរ៖ បុរសម្នាក់ដែលមន្ទីរពេទ្យគន្ធបុប្ផាមិនអាចខ្វះបានក្នុងរយៈពេល ២៥ ឆ្នាំនេះ!

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.