រឿងទាំង៥ដែលអ្នកត្រូវដឹង ប្រសិនជាអ្នកស្គាល់មនុស្សដែលមានបញ្ហាគិតច្រើន!
Connect with us

បែបផែនជីវិត

រឿងទាំង៥ដែលអ្នកត្រូវដឹង ប្រសិនជាអ្នកស្គាល់មនុស្សដែលមានបញ្ហាគិតច្រើន!

ដោយសារតែសម្ពាធពីគ្រប់មជ្ឈដ្ឋាន និងបរិស្ថានដែលមនុស្សម្នាក់ៗរស់នៅ បញ្ហាផ្លូវចិត្តត្រូវបានក្លាយជាបញ្ហាមួយដែលគួរអោយបានការយកចិត្តទុកដាក់។ ខណះដែលអ្នកជម្ងឺផ្លូវកាយមានចំនួនកើនឡើងកាន់តែច្រើន អ្នកជម្ងឺផ្លូវចិត្តក៏បានកើនឡើងមិនឈប់មិនឈរដូចគ្នា។ ក្នុងចំនោមប្រភេទជម្ងឺផ្លូវចិត្តដែលមនុស្សជាច្រើនបានរងគ្រោះ បញ្ហាគិតច្រើនលើសកម្រិតគឺជាបញ្ហាមួយពេញនិយមគួរអោយគត់សម្គាល់។

ជាទូទៅ អ្នកជម្ងឺដែលរងគ្រោះដោយបញ្ហាគិតច្រើនលើសកម្រិតនេះច្រើនតែជាមនុស្សដែលមិនអាចទប់ស្កាត់ការគិតរបស់ខ្លួនឯងបាន ពោលគឺពួកគេគិតពីរឿងគ្រប់សព្វបែបយ៉ាង ពីរឿងដែលមិនអាចកើតឡើងក៏គិតទៅជាអាចបានដែរ។ អ្នកជម្ងឺប្រភេទនេះច្រើនធ្វើទុក្ខទោម្នេញដល់ខ្លួនឯង ព្រោះថាចុងក្រោយពួកគេតែងតែមានអារម្មណ៍សោកសៅ ពិបាកចិត្តខ្លាំង ឈឺចិត្ត រឺភ័យខ្លាចជាដើម។

អាការះទាំងអស់នេះហើយ ទើបធ្វើអោយពេលខ្លះអ្នកមិនអាចយល់ពីពួកគេបានច្បាស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកស្គាល់នរណាម្នាក់ដែលមានជម្ងឺបែបនេះ អ្នកគួរតែដឹងរឿងទាំង៥នេះ ព្រោះភាគច្រើនពួកគេសុទ្ធតែមានចំនុចទាំង៥នេះដូចៗគ្នា។ ចំនុចទាំងនេះមានដូចជា៖

១. ពួកគេយកចិត្តទុកដាក់ខ្លាំងទៅស្ទើរគ្រប់រឿង

ចំពោះមនុស្សដែលគិតច្រើន ពួកគេតែងតែយកចិត្តទុកដាក់ទុកដាក់ជាខ្លាំងទៅលើរឿងគ្រប់សព្វបែបយ៉ាងដែលនៅជុំវិញខ្លួនរបស់ពួកគេ មិនថារឿងនោះជារឿងតូចរឺធំឡើយ។ ប្រសិនជាគេបានសាងកំហុសអ្វីតូចមួយ គេនឹងចាប់ផ្តើមបារម្ភពីវាដោយជួនកាលពួកគេខ្លួនឯងជាអ្នកធ្វើអោយបញ្ហានោះក្លាយជារឿងធំក៏ថាបាន។

២. ពួកគេមិនមែនមនុស្សឆ្កួតនោះទេ

ថ្វីត្បិតតែពួកគេគិតច្រើនពិតមែន ប៉ុន្តែនេះមិនបានន័យថាពួកគេមានបញ្ហាខាងបញ្ញារបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបារម្ភច្រើន និងជ្រុលតែប៉ុណ្ណោះ ដោយសារតែពួកគេមិនអាចបិទខួរក្បាលរបស់ខ្លួនមិនអោយគិតពីអ្វីៗគ្រប់បែបយ៉ាងបានដោយងាយស្រួលនោះឡើយ។

៣. ពួកគេអាចនឹងសប្បាយចិត្តរយះពេលយូរ

មិនប្រាកដថាអោយតែមនុស្សគិតច្រើនជ្រុល សុទ្ធតែមិនសប្បាយចិត្តនោះឡើយ ព្រោះថាមានករណីខ្លះ ពួកគេអាចនឹងសប្បាយចិត្តដោយបំភ្លេចនូវរាល់ទុក្ខកង្វល់ដែលខ្លួនមានបានយ៉ាងល្អ ហើយធ្វើអោយពួកគេលេងកំសាន្តដូចជាមនុស្សធម្មតាអញ្ចឹងដែរ។ បញ្ហាត្រង់ថាបន្ទាប់ពីសប្បាយចិត្តហើយ ពួកគេអាចនឹងចាប់ផ្តើមបារម្ភ ហើយត្រឡប់មករកធាតុដើមបានមួយរំពេច។

៤. ពួកគេពិបាកនៅក្នុងការធ្វើការសម្រេចចិត្ត

ដោយសារតែនៅក្នុងខួរក្បាលរបស់ពួកគេមានរឿងជាច្រើនពេក អញ្ចឹងហើយមានពេលជាច្រើន ពួកគេមិនអាចធ្វើការសម្រេចចិត្តបានឡើយ ព្រោះពួកគេមានជម្រើសរាប់រយឯណោះដែលពួកគេបានបង្កើតនៅក្នុងខួរក្បាលរបស់ខ្លួន ដែលការណ៍នេះហើយធ្វើអោយពួកគេខ្លាចនៅក្នុងការសម្រេចចិត្ត។

៥. ពួកគេចូលចិត្តគេចពីការពិត

មនុស្សដែលគិតច្រើនតែងតែចូលចិត្តគេចចេញពីការពិតដែលនៅចំពោះមុខពួកគេ ដោយរួមមានការដើរកំសាន្ត រឺការព្យាយាមមិនរំលឹកបញ្ហាមកជាដើម។ ប្រសិនជាពួកគេអាចរកនរណាម្នាក់ដែលពួកគេចូលចិត្តចំនាយពេលជាមួយហើយនោះ ពួកគេនឹងមានអារម្មណ៍មិនចង់ចាកចេញពីម្នាក់នោះភ្លាមមួយរំពេច៕

អត្ថបទល្អផ្សេងទៀត៖ អប់រំផ្លូវចិត្ត៖ នេះជាជំងឺដ៏សាហាវដែលកើតចេញពីខ្លួនយើងហើយស៊ីបំផ្លាញទាំងយើងនិងអ្នកជុំវិញ!

ថ្ងៃនេះ Anarchak សូមបន្តលើកឡើងពីអត្ថបទអប់រំផ្លូវចិត្តជាប្រយោជន៍ដល់ការរស់នៅនិងប្រាស្រ័យទាក់ទងនឹងមនុស្សជំំុវិញក្នុងសង្គមជូនប្រិយមិត្តរបស់យើងដោយយើងផ្ដោតលើជម្ងឺដ៏សាហាវម្យ៉ាង។

វាមិនមែនជាជម្ងឺផ្នែកផ្លូវកាយអ្វីទេ តែជាជម្ងឺផ្នែកផ្លូវចិត្តដែលកម្រិតនៃភាពសាហាវរបស់វាបើប្រៀបទៅសឹងខ្លាំងជាជម្ងឺមហារីកទៅទៀត។ ព្រោះជម្ងឺមហារីកអាចបៀតបៀនបានតែអ្នកជម្ងឺផ្ទាល់ទេ តែជម្ងឺផ្លូវចិត្តនេះអាចបៀតបៀនអ្នកជុំវិញបានទៀតផង។

នោះគឺជម្ងឺ “ច្រណែនឈ្នានីស”។ ជម្ងឺនេះកើតចេញពីចិត្តដែលខ្វះការគ្រប់គ្រងបណ្ដាលឱ្យការដែលឃើញគេមានបានមានភាពល្អប្រសើរជាងខ្លួនឯងបង្កើតជាអារម្មណ៍តូចចិត្តនិងវាសនា អាក់អន់ស្រពន់ចិត្តរហូតដល់ក្ដៅក្រហាយខឹងនឹងអ្នកដែលប្រសើរជាងខ្លួននោះ។

ឧទាហរណ៍ក្នុងសង្គមមានមិនខ្វះដូចជា ឃើញគេមានទ្រព្យជាងខ្លួន ស្អាតជាងខ្លួន ខ្ពស់ជាងខ្លួន រៀនពូកែជាងខ្លួន មានគ្រួសារមានសុភមង្គលជាងខ្លួនជាដើម។ ជម្ងឺនេះនាំឱ្យបុគ្គលអាចឈានដល់ការបាត់បង់សុភមង្គលផ្ទាល់ខ្លួន ដោយរស់នៅតែជាមួយនឹងអារម្មណ៍មួរម៉ៅនិងចងអាឃាតនឹងអ្នកដទៃ។

មិនត្រឹមតែផ្ដល់ទុក្ខទោសដល់ខ្លួនឯងទេ តែនៅពេលដែលអារម្មណ៍ច្រណែនឈ្នានីសនេះលេចធ្លាយទៅអ្នកដទៃ នោះវានឹងអាចបង្កជាការមិនសប្បាយចិត្តដល់អ្នកដទៃនោះទៀតហើយចុះឡើងៗក៏បង្កចេញជាជម្លោះដោយគេចមិនផុត។

ពេលនោះអារម្មណ៍ដែលកើតចេញពីខ្លួនឯងក៏បង្កើតជាបញ្ហាទ្វេភាគីឬពហុភាគីដែលផ្ដល់ទុក្ខទោសទាំងសង្ខាង។ ពេលនោះជម្ងឺនេះនឹងធ្វើឱ្យបុគ្គលនោះត្រូវបាត់បង់កិត្តិយស តម្លៃនិងសេចក្ដីថ្លៃថ្នូរ និងត្រូវកសាងសត្រូវជុំទិសដោយមិនដឹងខ្លួន។

បើមិនធ្លាយទៅដល់គេទេ ក៏ត្រូវរងទុក្ខទោសតែឯងគ្មាននរណាខ្វល់ពីយើង ហើយអ្នកដែលយើងច្រណែននោះក៏គេនៅរស់ដោយមិនមានបញ្ហាអ្វីដែរ។

តែសំណាងល្អដែលជម្ងឺនេះ បើទោះជាសាហាវតែក៏នៅមានថ្នាំព្យាបាលដែរ។ ការព្យាបាលនោះក៏ចេញពីចិត្តទៅវិញដែរ។ បើសិនណាអ្នកឃើញរោគសញ្ញានៃជម្ងឺច្រណែនឈ្នានីសនេះហើយ អ្នកអាចព្យាយាមព្យាបាលរម្ងាប់វាទៅវិញដោយចាប់ផ្ដើមធ្វើអារម្មណ៍ខ្លួនឯងឱ្យរីករាយនឹងជោគជ័យរបស់អ្នកដទៃ។

បើសិនជាអាចទៅចូលរួមអបអរគេក្នុងពេលគេទទួលបានជោគជ័យទៀតនោះនឹងធ្វើឱ្យគេស្រឡាញ់ចូលចិត្តអ្នកជាខ្លាំងហើយអាចនឹងជួយអ្នកឱ្យមានសំណាងឬជោគជ័យដូចគេទៀតផង។ វាមិនត្រឹមតែធ្វើឱ្យចិត្តយើងរាងធូរស្បើយជាងការច្រណែនទេ តែវាក៏បង្កើនចំណងមិត្តភាពដល់យើងក្នុងសង្គម៕

មតិយោបល់

ពេញនិយម