កូនខ្មែរដឹងទេ? ឧបករណ៍ខ្លុយ​ខ្មែរ​មានដើមកំណើតតាំងពី ១០០ ឆ្នាំមុនគ​.​ស​ មកម៉េ្លះ!!!
Connect with us

គួរដឹង

កូនខ្មែរដឹងទេ? ឧបករណ៍ខ្លុយ​ខ្មែរ​មានដើមកំណើតតាំងពី ១០០ ឆ្នាំមុនគ​.​ស​ មកម៉េ្លះ!!!

យើង​មិនដឹងថា តើ​ខ្លុយ​ខ្មែរ​មានកំណើត​តាំងពី​សម័យ​ណា​ទេ។ ក៏ប៉ុន្តែ​វត្តមាន​ដំបូងបង្អស់​នៃ​គ្រឿង​ភ្លេង​នេះ ​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ចម្លាក់​ក្បាច់​ផ្តែរ​រឿង​មួយចំនួន​តំណាង​ឲ្យ​របាំ​សិវៈ នា​ដើម​ស​.​វ​ទី​៧ ដោយមាន​ប្រើ​ខ្លុយ មកពី​ក្រុម​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុហ៍ ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។

បើ​យោងតាម​ប្រសាសន៍​របស់​អ្នកគ្រូ ហ្គី​តូ របាំ​សិវៈ​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ថ្ងៃ នៅ​ចំពោះមុខ​ព្រះភ័ក្ត្រ​របស់​ព្រះអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ ដោយ​ពួក​ព្រាហ្មណ៍​នោះ គឺជា​ដ​ង្វា​យ​មួយ​ដ៏​ថ្លៃថ្លា​បំផុត​។ ​ចម្លាក់​ផ្តែរ​ ដែល​សំខាន់​ជាងគេ ដែល​គេ​ឃើញ​វត្តមាន​របស់​ឧបករណ៍​ខ្លុយ​យ៉ាង​ជាក់ច្បាស់ គឺ ក្បាច់​ផ្តែរ​មកពី​អេង​ខ្នា ដែល​តំណាង​ឲ្យ​រាជា​អភិសេក​។

ដូចនេះ “ខ្លុយ” និង​ឧបករណ៍​ផ្សេងៗ​មួយចំនួនទៀត ដែល​ពួក​ព្រាហ្មណ៍​បាន​យកមក​លេង ឬ​ប្រគំ​ជាដ​ង្វា​យ​ថ្វាយ​ចំពោះ​ព្រះ​ឥសូរ ឬ​សិវៈ ដូចដែល​បាន​ឆ្លាក់​នៅលើ​ក្បាច់​ផ្តែរ​ខាងលើនេះ​នៅតាម​ប្រាង្គ​ប្រាសាទបុរាណ​នៃ​រាជធានី​ឥសាន​បុ​រៈ (​ឬ​សម្បូ​ណ៍​ព្រៃ​គុកហ៍) មិនមែន​សម្រាប់​ស្វាគមន៍​សាសនិកជន​នោះទេ ក៏ប៉ុន្តែ​ជា​ដ​ង្វា​យ​ដ៏​ពិសិដ្ឋ​ទៅវិញ​។​

រីឯ​សម័យ​ក្រោយ​អង្គរ (​ស​.​វ​ទី​១៥) វិញ ជាពិសេស​ក្នុង​រជ្ជកាល​របស់ ​ព្រះបាទ​អង្គ​ច័ន្ទ ឧបករណ៍​ខ្លុយ​នេះ​ក៏​នៅតែ​ពេញនិយម​នៅឡើយ នេះ​បើ​សំអាង​លើ​ចម្លាក់​ជញ្ជាំង​ប្រាសាទ​អង្គរ​។ ជាទូទៅ នៅក្នុង​ប្រទេស​កម្ពុ​ជានា​សម័យ​ទំនើប គេ​រមែងតែ​និយម​ខ្លុយ ដែល​គេ​ធ្វើ​អំពី​ឫស្សី ហើយ​មាន​រន្ធ​៧ ក្នុង​វង់ភ្លេង​ការ និង​អា​យ៉ៃ ព្រមទាំង​ក្នុង​វង់ភ្លេង​មហោរី​ជាដើម អមដោយ​ឧបករណ៍​ប្រគំ​ផ្សេងៗ​ទៀត​។ ឧបករណ៍​ផ្លុំ​នេះ ក៏​នៅ​ពេញនិយម​នៅតាម​ជនបទ​ផងដែរ សម្រាប់​ភាព​រីករាយ​ក្នុង​អារម្មណ៍ និង​រំសាយ​ពី​ការនឿយហត់​ពី​ការងារ​ជាដើម។​

សូមបញ្ជាក់​ផងដែរ​ថា បទ​ចម្រៀង​ប្រពៃណី ដែលមាន​ការនិយម​ខ្លុយ មានដូចជា “បទ​ចាបពូក​, សុ​រិ​ន្ទ្រ​ខ្នងភ្នំ​, បទ​ជ្រង​, បទ​បង្គង​ក្អែក និង​បទ​រំពេរ” នៅ​រក្សាបាន​នូវ​ប្រជាប្រិយ៍ភាព​ដដែល ទោះបីជា​យើង​មិន​ថាបទ​ទាំងនោះ​ត្រូវបាន​តែង​ឡើង​នៅក្នុង​សម័យកាល​ណា​ទេ​។​ ម្យ៉ាងវិញទៀត ជាការ​ពិតណាស់ “សហគមន៍​មន​-​ខ្មែរ” ឬ​ខ្មែរលើ​ក៏មាន​ការពេញនិយម​នូវ​ប្រភេទ​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ដែលមាន​រាង​ប្រហាក់ប្រហែល​និង​ខ្លុយ​ខ្មែរ ដែល​គេ​ហៅថា “​ភ្លយ​” តែ​ឧបករណ៍​នេះ​មាន​អាយុកាល​ចាស់ជរា​ជាង ព្រោះ​ត្រូវ​បានប្រសូត​ចេញពី​ខឿនវប្បធម៌​មន​-​ខ្មែរ នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ​។​

ទាក់ទង​ទៅ​និង​ប្រវត្តិ​ដើម​របស់​ខ្លុយ​នេះ មាន​ហេតុផល​មួយចំនួន​ដែល​អនុញ្ញាត​ឲ្យ​យើង​សន្និដ្ឋានបានថា ឧបករណ៍​នេះ​មាន​ប្រភព​ចេញពី​ឥណ្ឌា ហើយ​បាន​នាំចូល​អាណាចក្រ​ហ្វូណន ឬ​នគរ​ភ្នំ នា​ដើម​ស​.​វ​ទី​១​នៃ​គ​.​ស។ តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។ ឧទាហរណ៍​ជាក់ស្តែង យើង​បានឃើញ​មាន​ចម្លាក់​មួយ​នៅលើ​ស្តូប ឬ​ចេ​ត្យី​មួយ​យ៉ាង​ធំ កសាងឡើង​នៅ​រវាង ១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ ក្រោយ​គ​.​ស ក្នុង​រចនា​ប័​ថ្ម​អមរ​វ​តី ដែល​អធិប្បាយ​អំពី​ការគោរព​បូជា​ព្រះសម្មាសម្ពុទ្ធ​អង្គ នៅ​សម័យ​ពុទ្ធកាល នៅ​ប្រទេស​ឥណ្ឌា ដោយមាន​ការប្រគុំ​ភ្លេង​ផង ក្នុងនោះ​មាន​អ្នក​ផ្លុំ​ខ្លុយ​ផង​។​

រួម​សេចក្តី​មក ដូច​នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ដូនតា​ខ្មែរ​នា​សម័យ​ដើម ដែល​បាន​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា ជាពិសេស​និកាយ​ព្រះ​សិវៈ ក៏បាន​និយម​ឧបករណ៍​ភ្លេង​ខ្លុយ​នេះដែរ ដើម្បី​សំដែង​នូវ​ស្វាមី​ភ័​ក្ត​របស់ខ្លួន​ចំពោះ​ព្រះអាទិទេព​យ៉ាង​ប្រាកដ​។ យ៉ាងណាមិញ ឧបករណ៍​នេះ​ក៏​ត្រូវបាន​ពេញនិយម តាម​លំនាំ​ប្រពៃណី​ឥណ្ឌា នៅក្នុង​អតីត​ព្រះបរមរាជវាំង នៅក្នុង​ប្រទេស​ចម្ប៉ា ឬ​នៅក្នុង​បរិវេណ​ប្រាសាទ​នានា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។ ចំណុច​សំខាន់​មួយទៀត ដែល​យើង​ចង់​ជម្រាប​នៅទីនេះ​ផងដែរ គឺថាការសិក្សា​ប្រៀបធៀប​ឧបករណ៍​នេះ​ទៅ​និង​ភ្លយ​មន​-​ខ្មែរ ក៏​ជួយ​យើង​កាត់បន្ថយ​ទស្សនៈ​ដែលថា ខ្លុយ​ខ្មែរ​កើតចេញពី​ភ្លយ​នៃ​សហគមន៍​ខ្មែរ​ដើម​ភាគតិច​ផងដែរ​៕

ប្រភព៖ ខ្មែរអប្សរា/ មនោវិជ្ជា

អត្ថបទពិសេស៖ ប្រាសាទអង្គវត្តមិនមែនត្រឹមតែជាប្រសាទធម្មតាទេ តែអាចជាទីបញ្ជូនវិញ្ញាណស្ដេចទេវតាទៅកន្លែងអាថ៌កំបាំងអស្ចារ្យ!

យោងតាមការចុះផ្សាយរបស់សារពត៌មានបរទេសមួយ មានអ្នកជំនាញបានអះអាងថាប្រាសាទអង្គរវត្តរបស់កម្ពុជា មិនមែនត្រឹមតែជាប្រាសាទនោះទេ តែអាចជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយដ៍អស្ចារ្យ ។

Science Channel បានអោយដឹងថា ជារៀងរាល់ឆ្នាំពេលមានព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) កើតឡើង នោះព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) ជាព្រឹត្តិការណ៍បែបតារាសាស្ដ្រដែលកើតមានតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ មួយនៅខែមីនា មួយទៀតនៅខែកញ្ញា។

ពេលនោះពន្លឺព្រះអាទិត្យអាចបាញ់ទៅក្នុងរន្ធមួយនៅចំកំពូលកណ្តាលនៃប្រាសាទ ហើយរន្ធនោះនឹងទទួលពន្លឺព្រះអាទិត្យ ចាំងចុះទៅក្រោមចំចំនុច ផ្ចិតខាងក្រោមប្រាសាទ ។

ពន្លឺចែងចាងនៃព្រះអាទិត្យក្នុងព្រឹត្តិការណ៍នោះ អាចឱ្យថ្ងៃរះចំចំណុចកំពូលប្រាសាទ ហើយត្រូវបានគេជឿថាវាបានបញ្ជូនពន្លឺនៃព្រះអាទិត្យទៅបន្ទប់អាថ៍កំបាំងមួយ នៃជាន់ក្រោមដីនៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។

អ្នកជំនាញខ្លះបានជឿជាក់ថា ព្រះបាទ សូរិយាវរ្ម័ន ទី ២ រចនាកន្លែងសំងាត់នេះដើម្បីរក្សារអដ្ឋិធាតុ របស់ព្រះអង្គ។ បើសិនជារឿងនេះជារឿងពិតដូចជាអ្នកជំនាញគិតមែនប្រាសាទអង្គរវត្ត មិនមែនត្រឹមតែជាប្រាសាទនោះទេ តែអាចជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយអាថ៌កំបាងផ្សេងទៀតដ៍អស្ចារ្យ ៕

ប្រភព៖ science channel

មតិយោបល់

ពេញនិយម